តើចំណេះដឹងបញ្ចប់ត្រឹមណា ?
នៅស្រទាប់ខាងលើ វាហាក់បីដូចជាគំនាបសង្កត់ពីសង្គមរបស់អ្នក គ្រួសាររបស់អ្នក ឬស្ថានការណ៍របស់អ្នក ដែលឃុំឃាំងអ្នកមិនឲ្យមានសេរីភាពធ្វើនូវអ្វីដែលខ្លួនឯងគិតថាត្រឹមត្រូវនិងចង់ធ្វើវាពិតប្រាកដ។ ប៉ុន្តែ បើអ្នកចូលទៅពិនិត្យមើលបញ្ហាឲ្យដល់ស្នូលខាងក្នុងរបស់វា នោះអ្នកនឹងរកឃើញថាគឺជាភាពល្ងង់ខ្លៅរបស់ខ្លួនឯងទៅវិញទេ ដែលដាក់គុកជីវិតអ្នកមិនឲ្យមានសេរីភាព។ បើភាពល្ងង់ខ្លៅផ្ទុយគ្នាជាមួយចំណេះដឹង ប៉ុន្តែហេតុអ្វីមនុស្សដែលទទួលបានការអប់រំខ្ពស់ក្នុងសាលា និងមានការងារល្អធ្វើ នៅតែមានអារម្មណ៍ថាពួកគេត្រូវបានឃុំឃាំងនៅក្នុងគុកដូច្នោះដែរ ? តើចំណេះដឹងមានអត្ថន័យយ៉ាងដូចម្ដេចទៅវិញទៅ ?
ពិភពលោកដែលអ្នកមើលឃើញនិងពិភពលោកដែលមនុស្សម្នាក់ទៀតមើលឃើញ គឺមិនដូចគ្នានោះឡើយ។ ការគិតរបស់អ្នកគឺជាអ្វីដែលបង្កើតការពិតរបស់អ្នក។ ប៉ុន្តែ មនុស្សយើងតែងតែព្យាយាមសម្លឹងមើលជ្រុងផ្សេងទៀត ដែលពួកគេជឿថាជាផ្លូវតែមួយគត់ដែលនាំពួកគេទៅកាន់ភាពជោគជ័យក្នុងជីវិត។ ផ្លូវនោះគឺជាការជឿជាក់ថា ជោគជ័យគឺជាការមានទ្រព្យសម្បត្តិច្រើនហូរហៀរ មានមុខមាត់ក្នុងសង្គម មានយសស័ក្ដិនិងការទទួលស្គាល់ពីមនុស្សជុំវិញខ្លួន។ មានមនុស្សជាច្រើនតែងតែជ្រើសរើសដើរនៅលើផ្លូវមួយនេះ ដើម្បីឈោងចាប់ភាពជោគជ័យ នៅពេលពួកគេមានរបស់ទាំងនេះហើយ ពួកគេនឹងមានសេរីភាពក្នុងជីវិតហើយ។ បើទោះជាមនុស្សម្នាក់ត្រូវបានឃុំឃាំងឲ្យជាប់នៅក្នុងគុកក៏ដោយ គេអាចឃុំឃាំងរាងកាយបុគ្គលម្នាក់នេះបាន ប៉ុន្តែគ្មានថ្ងៃណាដែលគេអាចឃុំឃាំងការគិតរបស់មនុស្សម្នាក់នេះបានឡើយ។
គ្រប់ពេលដែលអ្នកគិតថា អ្នកគ្មានសេរីភាពដោយសារតែសង្គមនិងគ្រួសាររបស់អ្នកមិនអនុញ្ញាតឲ្យអ្នកធ្វើនូវអ្វីដែលអ្នកគិតថាជារឿងត្រឹមត្រូវដែលអ្នកចង់ធ្វើ តាមការពិតទៅគឺអ្នកជាទាសករនៃការគិតរបស់ខ្លួនឯងប៉ុណ្ណោះ។ នៅពេលអ្នកយល់ពីច្បាប់ជីវិតមួយនេះ អ្នកនឹងដឹងថាសេរីភាពគឺស្ថិតនៅក្នុងការគិតរបស់អ្នកទៅវិញទេ មិនមែនជារបស់ខាងក្រៅដែលប្រគល់ឲ្យអ្នកនោះឡើយ។
Sean Stephenson ធ្លាប់និយាយនៅក្នុងបទបង្ហាញ TED Talk របស់លោកថា នៅពេលមនុស្សមិនមានទំនុកចិត្តលើខ្លួនឯង ពួកគេនឹងធ្វើរឿងឆ្កួតលីលា។ នៅពេលពួកគេយល់ថាខ្លួនឯងមិនទាន់គ្រប់គ្រាន់ ពួកគេនឹងរត់ដេញចាប់តាមរបស់ខាងក្រៅ ដើម្បីមកបំពេញចន្លោះខ្វះខាតរបស់ខ្លួនឲ្យគ្រប់គ្រាន់។ តើនេះពុំមែនជាភាពល្ងង់ខ្លៅរបស់ខ្លួនឯងទេឬ ? ចំណេះដឹងគឺជាអំណាច ហើយវាក៏មិនមែនជាអំណាចអ្វីក្រៅពីការដែលស្គាល់ថាខ្លួនឯងមានសិទ្ធិធ្វើជាអ្នកគូរវាសទិសដៅជីវិតរបស់ខ្លួនឯងនោះដែរ។ ចំណេះដឹងចាប់ផ្ដើមចេញពីការអប់រំការគិតរបស់អ្នកឲ្យគិតត្រឹមត្រូវ មិនមែនត្រឹមតែជាការទទួលបានការអប់រំក្នុងសាលានោះឡើយ។ ម្យ៉ាងទៀត មនុស្សដែលបញ្ចប់ការសិក្សាខ្ពស់ពីសាលាក៏មិនប្រាកដថាពួកគេមានចំណេះដឹងហើយនោះដែរ។ ហេតុអ្វី ? ចុះហេតុអ្វីនៅក្នុងចំណោមអ្នកទាំងនោះនៅតែមានអ្នកប្រព្រឹត្តអំពើមិនគប្បីទៅកាន់មនុស្សក្នុងសង្គមដូច្នោះ ? គ្រប់យ៉ាងកើតចេញពីការគិត ឯចំណេះដឹងក៏ត្រូវកើតចេញពីការអប់រំការគិត ឬចិត្តគំនិតរបស់ខ្លួនឲ្យបរិសុទ្ធនិងត្រឹមត្រូវជាមុនសិនដែរ។ ដោយសារតែសង្គមឲ្យតម្លៃលើសញ្ញាប័ត្រនិងលទ្ធផលល្អរបស់បុគ្គលក្នុងសាលាហួសហេតុពេក មនុស្សចាប់ផ្ដើមយល់ថាសញ្ញាប័ត្រនិងចំណេះដឹងគឺជារបស់តែមួយ។ ដូច្នេះ ការប្រឡងឲ្យបានលទ្ធផលល្អនិងសញ្ញាប័ត្របានក្លាយជាគោលដៅដែលមនុស្សគ្រប់គ្នាដាក់សម្ពាធលើខ្លួនឯងថាត្រូវតែយកឲ្យបាននៅក្នុងជីវិត បើមិនដូច្នោះទេពួកគេនឹងត្រូវបានគេពាក់ស្លាកថាមិនចេះដឹងនិងជាបុគ្គលបរាជ័យ។ ពិតណាស់មានរបស់ក្រៅខ្លួនទាំងនោះនៅក្បែរខ្លួន គឺជាភាពកក់ក្ដៅមួយ ប៉ុន្តែនៅពេលពួកគេយល់ខុសឆ្គងទៅលើអត្ថន័យនៃចំណេះដឹង វានឹងក្លាយជាបញ្ហាចម្បងនៅក្នុងជីវិតពួកគេ។
ជេកម៉ា ធ្លាប់ប្រាប់កូនរបស់គាត់ថា ឯងមិនចាំបាច់ក្លាយជាសិស្សកំពូលក្នុងថ្នាក់នោះទេ គ្រាន់តែនៅមធ្យមក៏បានដែរ កុំឲ្យតែនិទ្ទេសនោះអាក្រក់ពេកទៅបានហើយ ព្រោះមានតែមនុស្សប្រភេទនេះប៉ុណ្ណោះ ដែលអាចមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀនជំនាញថ្មីៗ។ ចំណេះដឹងមិនមែនមានត្រឹមតែជាភាពជោគជ័យនៅក្នុងសាលានោះទេ បើអ្នកយល់ឃើញបែបនេះ នោះនៅពេលអ្នកបញ្ចប់ការសិក្សាពីសាលាហើយ អ្នកនឹងយល់ច្រឡំថាខ្លួនឯងចេះអស់ហើយ។ ប៉ុន្តែចំណេះដឹងឥតមានដែនកំណត់នោះឡើយ។ ចំណេះដឹងកើតមានឡើងនៅពេលបុគ្គលម្នាក់ទទួលស្គាល់នូវភាពល្ងង់ខ្លៅរបស់ខ្លួន ខ្លាចអត់ចេះ ខ្លាចល្ងង់ខ្លៅ ស្រេកឃ្លាននូវចំណេះដឹងជារៀងរាល់ថ្ងៃរហូតដល់ដង្ហើមចុងក្រោយនៃជីវិត។ ចំណេះដឹងមិនមែនជាសមត្ថភាពដែលអាចឆ្លើយបានគ្រប់សំណួរនោះទេ តែគឺជាភាពស្រេកឃ្លាននូវការចង់ចេះចង់ដឹងនិងការចេះងឿងឆ្ងល់ឥតឈប់ឈរ នៅពេលអ្នកឈប់សួរ ឈប់ឆ្ងល់ពេលណា គឺដែនកំណត់នៃចំណេះដឹងរបស់អ្នកនៅត្រឹមហ្នឹងឯង។ អ្នកមិនអាចបិទជិតចំណេះដឹងរបស់ខ្លួនឯងជាមួយនឹងជំនឿដែលមានចំពោះចំណេះដឹងចាស់ៗដែលអ្នកធ្លាប់បានចេះមកហើយនោះទេ។
អ្នកត្រូវបើកចំហការគិតរបស់ខ្លួនឯងជាមួយចំណេះដឹងថ្មីៗបន្តបន្ទាប់រហូត កែសម្រួល ស្រាវជ្រាវបន្ថែម ភ្ជាប់ទំនាក់ទំនងគ្នា មិនមែនបញ្ឈប់នៅត្រឹមសាលានោះទេ។ មិនសំខាន់នៅត្រង់ថាអ្នកចេះដឹងរួចហើយប៉ុណ្ណានោះទេ អ្វីដែលសំខាន់ពិតប្រាកដគឺជាការដឹងថាតើអ្នកមិនចេះប៉ុណ្ណា ល្ងង់ខ្លៅប៉ុណ្ណា ដែលមានតែបែបនេះប៉ុណ្ណោះដែលអ្នកអាចចាកចេញពីភាពល្ងង់ខ្លៅបាន។ បើអ្នកមិនដឹងថាខ្លួនឯងមិនចេះអ្វីខ្លះនោះទេ អ្នកនឹងឈ្លក់វង្វេងជាមួយនឹងចំណេះដឹងបន្តិចបន្តួចដែលខ្លួនឯងមាន និងក្លាយជាមនុស្សល្ងង់ខ្លៅយ៉ាងពិតប្រាកដនេះឯង៕
ដោយ៖ ស្រីពៅ