ហេតុអ្វីទ្រឹស្ដីរបស់ញូតុនមិនអាចបកស្រាយពីរូបភាពពេញរបស់ចក្រវាលយើងនេះបាន ?
ទ្រឹស្ដីបែបបុរាណរបស់អ្នកវិទ្យាសាស្ត្រអ៊ីសាក់ ញូតុន ដែលមានអាយុកាលជាង៣សតវត្សមកហើយ នៅតែជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលអាចឲ្យអ្នកវិទ្យាសាស្ត្រសម័យទំនើបវិវត្តការស្រាវជ្រាវរបស់ពួកគេ ក្នុងដំណើរការណ៍ស្វែងរកការពិតអំពីចក្រវាលយើងនេះ។
ឧទាហរណ៍អំពីការបង្ហោះរ៉ុកកែតទៅកាន់លំហអាកាស និងបង្ហោះផ្កាយរណបជុំវិញភពផែនដី និងគណនារកចម្ងាយពីភពមួយទៅកាន់ភពមួយទៀត សុទ្ធតែជាការពិសោធន៍បញ្ជាក់ភស្តុតាងពីភាពត្រឹមត្រូវនៅក្នុងទ្រឹស្ដីរបស់ញូតុន។ ទោះជាយ៉ាងណាក៏ដោយ រយៈកាលជិត២២០ឆ្នាំក្រោយ ទ្រឹស្ដីរបស់ញូតុនត្រូវបានរកឃើញថាមិនអាចបកស្រាយរូបភាពពេញលេញនោះឡើយ។
នៅពេលញូតុនកំពុងអង្គុយក្រោមដើមផ្លែប៉ោមមួយ ផ្លែប៉ោមមួយផ្លែក៏ស្រាប់តែជ្រុះធ្លាក់មកលើដី។ ភាពចៃដន្យនេះបានជំរុញញូតុនឲ្យសញ្ជឹងគិតថា កម្លាំងដែលទាញផ្លែប៉ោមឲ្យជ្រុះធ្លាក់មកលើផែនដី និងកម្លាំងដែលទាញឲ្យព្រះចន្ទវិលជុំវិញភពផែនដីនៅក្នុងគន្លងរបស់វា គឺជាកម្លាំងតែមួយ ដែលញូតុនហៅកម្លាំងនេះថា ទំនាញសកល។
ទ្រឹស្ដីនិចលភាពរបស់ញូតុន បកស្រាយពីកម្លាំងទំនាញសកលដែលមានអំពើទៅលើភពនីមួយៗឲ្យមានចលនាវិលជុំវិញព្រះអាទិត្យក្នុងគន្លងរបស់វា។ ក៏ជាវណ្ណកម្មនៃទ្រឹស្ដីនិចលភាពនិងច្បាប់ទំនាញសកលនេះដែរដែលបានធ្វើឲ្យមនុស្សទូទាំងសកលលោកនៅគ្រប់ជំនាន់ទាំងអស់បានស្គាល់ថាតើអ៊ីសាក់ ញូតុនគឺជានរណា។ ញូតុនបានបង្ហាញថា គ្រប់វត្ថុទាំងអស់នៅតែនឹងថ្កល់រហូតទាល់តែមានកម្លាំងជំរុញពីខាងក្រៅមានអំពើមកលើវា។ វត្ថុដែលនៅនឹងថ្កល់ មានន័យថាល្បឿនរបស់វាថេរ ឬស្មើសូន្យ។ បើល្បឿនរបស់វាផ្លាស់ប្ដូរ នោះបញ្ជាក់ថាវត្ថុនេះរងកម្លាំងពីខាងក្រៅដែលមានអំពើឲ្យល្បឿនរបស់វាផ្លាស់ប្ដូរឬមានចលនា។ នៅពេលល្បឿនរបស់វត្ថុផ្លាស់ប្ដូរនៅក្នុងរយៈពេលជាក់លាក់មួយ នោះមានន័យថាវត្ថុនេះមានសំទុះ។
បើកាលណាវត្ថុមួយមានម៉ាសកាន់តែធំ នោះវាក៏ត្រូវការកម្លាំងកាន់តែខ្លាំង ដើម្បីរុញវាឲ្យមានសំទុះដែរ។ ទំនាក់ទំនងរវាងម៉ាស សំទុះ និងកម្លាំងនេះ ត្រូវបានបង្ហាញក្នុងរូបមន្តដ៏ល្បីល្បាញរបស់ញូតុន ដែល កម្លាំង F ស្មើនឹង ម៉ាស m គុណជាមួយសំទុះ a។ តើទំនាក់ទំនងនេះអាចបកស្រាយទៅលើទំនាញសកលយ៉ាងដូចម្ដេច ? វត្ថុដែលមានម៉ាសកាន់តែធំ នោះកម្លាំងទំនាញរបស់វាក៏កាន់តែខ្លាំងដែរ។ ព្រះអាទិត្យគឺជាដុំភ្លើងដ៏ធំមួយ ដែលនៅចំកណ្ដាលប្រព័ន្ធព្រះអាទិត្យ ហេតុនេះហើយកម្លាំងដ៏ខ្លាំងរបស់វាបានទាញភពដែលនៅក្បែរវាឲ្យមានចលនាវិលជុំវិញតាមគន្លងរបស់វា ដែលយើងហៅថាទំនាញសកលនេះឯង។
យ៉ាងណាមិញ F=ma របស់ញូតុន ពុំអាចបកស្រាយអ្វីៗគ្រប់យ៉ាងទាំងអស់នោះឡើយ ព្រោះវាមានដែនកំណត់របស់វា មានន័យថាវាអាចប្រើប្រាស់បានតែក្នុងស្ថានភាពជាក់លាក់មួយ ដែលម៉ាស រយៈពេល និងលំហនៅថេរមិនប្រែប្រួលប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលជិត២២០ឆ្នាំក្រោយ អាញស្តាញបានបង្ហាញថាចក្រវាលយើងនេះមិនមែនសាមញ្ញដូចអ្វីដែលយើងធ្លាប់គិតនោះឡើយ។
នៅក្នុងចក្រវាល គ្មានអ្វីដែលធ្វើដំណើរលឿនជាងពន្លឺនោះឡើយ សូម្បីតែទំនាញសកលក៏ដោយ។ ល្បឿនរបស់ពន្លឺស្មើនឹង២៩៩,៧៩២,៤៥៨ម៉ែត្រក្នុង១វិនាទី។ ទ្រឹស្ដីរបស់ញូតុនអាចបកស្រាយបានតែក្នុងស្ថានការណ៍តែមួយជាមួយគ្នាប៉ុណ្ណោះ ប៉ុន្តែនៅពេលម៉ាស ចម្ងាយ រយៈពេល និងចលនាផ្លាស់ប្ដូរ នៅពេលនេះឯងដែលទ្រឹស្ដីរបស់អាញស្តាញបានចូលមកបំពេញរូបភាពដែលខ្វះខាតនោះ៕
ដោយ៖ ស្រីពៅ