តើអ្នកអាចទាញយកសក្ដានុពលពីខួរក្បាលដែលធ្វើការដូចប្រព័ន្ធបណ្ដាញទំនាក់ទំនងនេះយ៉ាងដូចម្ដេច ?
នៅពេលអ្នកដំណើរការណ៍ការគិតរបស់អ្នក មិនមែនមានតែតំបន់មួយនៅក្នុងខួរក្បាលដែលដំណើរការណ៍កិច្ចការមួយនេះឡើងនោះទេ ប៉ុន្តែខួរក្បាលរបស់អ្នកធ្វើការដូចជាប្រព័ន្ធបណ្ដាញទំនាក់ទំនងដ៏ធំទូលាយមួយដូច្នោះ។ ដោយយល់អំពីដំណើរការណ៍ធម្មជាតិរបស់ខួរក្បាលដែលជាប្រព័ន្ធបណ្ដាញទំនាក់ទំនងនេះ តើអ្នកអាចប្រើប្រាស់វាឲ្យអស់ពីសក្ដានុពលនិងមានប្រសិទ្ធភាពតាមរបៀបណា ?
ខួរក្បាលរបស់អ្នកធ្វើការយ៉ាងសស្រាក់សស្រាំគ្រប់វិនាទីដំបូងរហូតដល់វិនាទីចុងក្រោយនៃជីវិតរបស់អ្នក។ នេះមានន័យថា ទោះបីជាអ្នកគេងលក់ស្កប់ស្កល់និងមិនគិតអ្វីសោះក៏ដោយ ក៏ខួរក្បាលរបស់អ្នកធ្វើសកម្មភាពដែរ។ ហេតុអ្វី ? ចុះតើនរណាជាអ្នកទទួលខុសត្រូវទៅលើចង្វាក់បេះដូង ដំណកដង្ហើម សម្ពាធឈាម ដែលសុទ្ធតែជាដំណើរការណ៍ធម្មជាតិនិងស្វ័យប្រវត្តិទាំងនេះនោះ ?
គឺណឺរ៉ូននៅក្នុងខួរក្បាលរបស់អ្នកនេះហើយ ដែលធ្វើសកម្មភាពទាំងនេះគ្រប់វិនាទីដើម្បីទ្រទ្រង់អ្នកឲ្យមានជីវិតរស់នៅ។ តើអ្នកមានដឹងទេថាខួរក្បាលរបស់អ្នកអស្ចារ្យហួសពីអ្វីដែលអ្នកធ្លាប់ស្រមៃដល់ប៉ុណ្ណា ? ខួរក្បាលដែលមានទម្ងន់១.៣គីឡូក្រាមនេះ បង្កឡើងដោយណឺរ៉ូនប្រមាណ៨០ពាន់លាន ហើយណឺរ៉ូននីមួយៗភ្ជាប់ទំនាក់ទំនងជាមួយណឺរ៉ូនផ្សេងទៀតប្រមាណ១,០០០ចំណងទៅទៀត ដែលចំណងពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀតនេះមានឈ្មោះថា ស៊ីណែប។ គឺណឺរ៉ូននេះឯងដែលអ្នកត្រូវការដើម្បីដំណើរការណ៍ការគិត បញ្ជូនទិន្នន័យចេញនិងចូល ស្តុកទុកការចងចាំ និងសកម្មភាពគ្រប់បែបយ៉ាងទាំងអស់នៅលើផ្លូវធ្វើដំណើររបស់ស៊ីណែបនេះ។ បើណឺរ៉ូនមាន៨០ពាន់លាន ហើយណឺរ៉ូននីមួយៗបង្កើតទំនាក់ទំនងបាន១,០០០ចំណងទៀត នោះចំណងសរុបទាំងអស់នៅក្នុងខួរក្បាលមនុស្សម្នាក់មាន៨០ពាន់ពាន់លានហើយ។
ការសិក្សាមួយរបស់អ្នកវិទ្យាសាស្ត្រអាមេរិក បានរកឃើញថានៅក្នុងស៊ីណែបមួយផ្ទុកទិន្នន័យបានប្រហែល៤.៧ប៊ីត (bit) ដូច្នេះបើចំណងស៊ីណែបទាំងអស់មាន៨០ពាន់ពាន់លានចំណង នោះមានន័យថាខួរក្បាលមនុស្សម្នាក់ជាមធ្យមអាចផ្ទុកទិន្នន័យបាន១,០០០,០០០,០០០,០០០,០០០បៃ (byte) ឯណោះ។ តើណឺរ៉ូននីមួយៗប្រាស្រ័យទាក់ទងជាមួយគ្នាយ៉ាងដូចម្ដេច ? យោងតាមអ្នកជីវរូបវិទ្យា Bertil Hille របស់ University of Washington នៅក្នុងណឺរ៉ូនមួយអាចបង្កើតចរន្តអគ្គិសនីស្មើនឹង១ណាណូអំពែ។ ដូច្នេះ តាមការគណនារបស់គាត់ បើនៅក្នុងខណៈពេលមួយ ណឺរ៉ូនចំនួន៨០០លានបានធ្វើសកម្មភាពដើម្បីដំណើរការណ៍កិច្ចការណាមួយ នោះចរន្តអគ្គិសនីដែលបង្កើតបាននឹងមានថាមពលស្មើនឹង០,០៨៥វាត់។
ចាប់ពីវិនាទីដំបូងរហូតដល់វិនាទីចុងក្រោយនៃជីវិតអ្នក បន្ទុកអគ្គិសនីនៅក្នុងខួរក្បាលអ្នកនឹងបង្កើតចរន្តរបស់វាឡើងរហូត។ បន្ទុកអគ្គិសនីគឺជាអ្នកផ្ទុកទិន្នន័យទាំងឡាយរបស់អ្នក ហើយវានាំសារពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត មានន័យថាវាធ្វើដំណើរឆ្លងកាត់ពីណឺរ៉ូនបញ្ជូនទៅកាន់ណឺរ៉ូនឆ្លើយតប និងទៅកាន់កោសិកាគោលដៅផ្សេងទៀតដូចជាសាច់ដុំ និងបេះដូងជាដើម។ ដូច្នេះ នៅពេលអ្នកដំណើរការណ៍ការគិតអ្វីមួយ បន្ទុកអគ្គិសនីនឹងធ្វើដំណើរនៅលើស៊ីណែបឆ្លងកាត់តំបន់ផ្សេងគ្នាជាច្រើន មិនមែនតែតំបន់មួយដូចអ្នកធ្លាប់គិតនោះឡើយ។
ហេតុនេះហើយទើបបានជាវាគឺជាជំនឿខុសឆ្គងមួយដែលលើកឡើងថាបើអ្នកគិតបែបតក្កនោះអ្នកជាមនុស្សខួរក្បាលខាងឆ្វេង ហើយបើអ្នកគិតបែបច្នៃប្រឌិតនិងប្រើអារម្មណ៍នោះអ្នកជាមនុស្សខួរក្បាលខាងស្ដាំនោះ ពោលគឺការពិតអ្នកត្រូវការផ្នែកទាំងសងខាងដើម្បីដំណើរការណ៍ការគិតអ្វីមួយបាន។ បើវាធ្វើការដូចជាប្រព័ន្ធបណ្ដាញទំនាក់ទំនង ហើយណឺរ៉ូនមួយអាចបង្កើតទំនាក់ទំនងជាមួយណឺរ៉ូន១,០០០ទៀត នេះមានន័យថាការស្តុកទុកទិន្នន័យនៅក្នុងការចងចាំនឹងកាន់តែមានរឹងមាំនិងមានប្រសិទ្ធភាព ប្រសិនបើអ្នកអាចបង្កើតទំនាក់ទំនងច្រើនទៅលើការចងចាំចំពោះរឿងមួយ។ អ្នកអាចសាកគិតដូច្នេះក៏បានថា តើអ្វីទៅដែលធ្វើឲ្យអ្នកចងចាំមនុស្សម្នាក់បានងាយស្រួល ?
នៅពេលអ្នកព្យាយាមចងចាំមនុស្សម្នាក់ អ្នកនឹងប្រមូលយកព័ត៌មានពីរូបរាងរបស់គេ អត្តចរិត បទពិសោធន៍ជាមួយគ្នា និងអារម្មណ៍។ នេះហើយគឺជាទំនាក់ទំនងដែលភ្ជាប់គ្នាពីមួយទៅមួយដើម្បីបន្ថែមព័ត៌មានទៅលើមនុស្សម្នាក់ ដើម្បីឲ្យអ្នកចងចាំគេកាន់តែងាយស្រួល៕
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ ហេតុអ្វីព័ត៌មានត្រូវបានបញ្ជូនទៅកាន់ខួរក្បាលក្នុងទម្រង់ជាសញ្ញាណអគ្គិសនី ? តើរាងកាយមនុស្សបង្កើតអគ្គិសនីយ៉ាងដូចម្ដេច ? តើអ្នកជាមនុស្សខួរក្បាលខាងឆ្វេង ឬខាងស្ដាំ ?