ធាតុពីរដែលធ្វើឱ្យអ្នកមានបានបាន «ការសន្សំប្រាក់» និង «ការវិនិយោគ»!
ការសន្សំប្រាក់ និងការវិនិយោគ គឺជារឿងពីរផ្សេងគ្នា ហើយបម្រើឱ្យគោលដៅ ឬផែនការអនាគតខុសគ្នា។ វិនិយោគិន គប្បីមានការយល់ដឹងពីភាពខុសគ្នានេះ ដើម្បីអាចសម្រេចផែនការកសាងទ្រព្យសម្បត្តិរបស់ខ្លួនសម្រាប់ពេលអនាគត និងអាចជៀសផុតពីបញ្ហាដែលអាចបង្ការបានមួយចំនួនផងដែរ។
ការសន្សំប្រាក់ ក្នុងន័យសាមញ្ញ ការសន្សំប្រាក់គឺជាដំណើរការនៃការថែរក្សាប្រាក់នៅកន្លែងដែលមានសុវត្ថិភាព ហើយអាចយក ឬដកប្រាក់នោះ មកប្រើប្រាស់បានភ្លាមៗនៅពេលមានភាពចាំបាច់។ ឧទាហរណ៍ ការរក្សាទុកប្រាក់នៅផ្ទះ ការផ្ញើរប្រាក់ក្នុងគណនីចរន្ត ឬគណនីបញ្ញើតាមតម្រូវការនៅគ្រឹះស្ថានហិរញ្ញវត្ថុជាដើម។ អ្នកសន្សំប្រាក់ក៏អាចប្រឈមនឹងការបាត់បង់ប្រាក់ដែលខ្លួនខិតខំសន្សំក្នុងករណីរក្សា ឬទុកប្រាក់នៅកន្លែងដែលគ្មានសុវត្ថិភាព។
ការវិនិយោគប្រាក់ ការវិនិយោគប្រាក់ គឺជាដំណើរការនៃការប្រើប្រាស់ប្រាក់ ឬដើមទុនដើម្បីទិញទ្រព្យសកម្ម ឧទាហរណ៍ដូចជាមាស ភាគហ៊ុន មូលបត្របំណុល ជាដើម ហើយទុកក្នុងពេលវេលាជាក់លាក់ណាមួយ ដោយអ្នកទិញ ឬវិនិយោគិន រំពឹងថានឹងអាចទទួលបានមកវិញនូវអត្រាចំណេញដ៏សាកសមមួយ។ ជាទូទៅ រយៈពេលនៃការវិនិយោគត្រូវបានបែងចែកជាពីរប្រភេទ គឺការវិនិយោគរយៈពេលខ្លី និងការវិនិយោគរយៈពេលវែង។ រយៈពេលនៃការវិនិយោគបម្រើឱ្យគោលដៅផ្សេងគ្នា ដោយការវិនិយោគរយៈពេលខ្លី គឺសាកសមនឹងវិនិយោគិន ដែលមានតម្រូវការប្រាក់ក្នុងរយៈពេលខ្លី និងមិនចង់ប្រឈមនឹងហានិភ័យខ្ពស់។ ចំណែកឯការវិនិយោគរយៈពេលវែងវិញ គឺសាកសមនឹងវិនិយោគិនដែលមានតម្រូវការប្រាក់ក្នុងរយៈពេលវែងច្រើន ហើយរំពឹងថានឹងអាចចំណេញប្រាក់បានច្រើនពីការវិនិយោគរយៈពេលវែងរបស់ខ្លួន បើទោះបីជាអាចនឹងប្រឈមជាមួយអត្រាហានិភ័យខ្ពស់យ៉ាងណាក្ដី។
តើគួរសន្សំ និងវិនិយោគរបៀបណា? ពុំមានចម្លើយជាក់លាក់ឡើយព្រោះវិនិយោគិននីមួយៗមានគោលដៅ ឬផែនការអនាគតខុសៗគ្នា។ ក៏ប៉ុន្តែយើងអាចពិចារណាពីគោលការណ៍ទូទៅមួយចំនួនដូចជា៖
១. គួរសន្សំប្រាក់ដើម្បីមានលទ្ធភាពរ៉ាប់រងបានរយៈពេល ៦ ខែ លើការចំណាយផ្សេងៗរួមមាន ម្ហូបអាហារ សម្លៀកបំពាក់ ថ្លៃទឹកភ្លើង ថ្លៃធានារ៉ាប់រង ឬប្រាក់កម្ចីទិញផ្ទះជាដើម ដើម្បីបង្ការគ្រាអាសន្នណាមួយដែលអាចកើតឡើងជាយថាហេតុ។
២. គួរសន្សំប្រាក់ ជាជាងយកប្រាក់ទៅវិនិយោគក្នុងរយៈពេលខ្លី ប្រសិនបើមានតម្រូវការប្រាក់ក្នុងរយៈពេលខ្លី (ត្រឹមពី៣ ទៅ៥ឆ្នាំ) ក្នុងបរិមាណជាក់លាក់ណាមួយ ព្រោះការវិនិយោគក្នុងរយៈពេលខ្លី អាចធ្វើឱ្យវិនិយោគិនត្រូវប្រឈមនឹងការប្រែប្រួលថ្លៃច្រើន។
៣. នៅពេលមានលទ្ធភាពរ៉ាប់រងលើចំណាយទូទៅបាន និងមានប្រាក់សម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នហើយ វិនិយោគិនអាចលៃលកទុក ឬប្រើប្រាស់ប្រាក់ដែលនៅសល់សម្រាប់ការវិនិយោគរយៈពេលវែង។ ឧទាហរណ៍ វិនិយោគក្នុងទីផ្សារភាគហ៊ុនដែលជាទូទៅមានទំនោរកើនឡើងនៃថ្លៃ ដើម្បីអាចមានប្រាក់ច្រើនសម្រាប់ចាយវាយក្នុងពេលអនាគត ឬនៅពេលចូលវិវត្តឈប់ធ្វើការ៕
អត្ថបទ៖ លោក ណង សេរីវុធ មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ គណៈកម្មការមូលបត្រកម្ពុជា
ប្រភពអត្ថបទ៖ www.thebalance.com