តើអត្ថន័យនៃការស្ដាប់ដោយក្តីគោពគឺជាអ្វី ?​



បើ​អ្នក​និយាយ អ្នក​គ្រាន់តែ​រំលឹក​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្លួនឯង​ចេះ​ហើយ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​អ្នក​ស្ដាប់​វិញ អ្នក​ប្រហែល​ជា​អាច​រៀន​បាន​អ្វី​ដែល​អ្នក​មិន​ទាន់​ចេះ​ទាល់តែ​សោះ។ យ៉ាងណាមិញ ការ​ស្ដាប់​មិន​ត្រឹមតែ​បង្កើន​ការ​ចេះដឹង​របស់​អ្នក​ពី​មនុស្ស​ជុំវិញ​ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការ​បង្ហាញ​ពី​ការ​គោរព​របស់​អ្នក​ចំពោះ​បុគ្គល​ម្នាក់​នោះ​ផង​ដែរ។

ប្រភពរូប៖ Freepik

មនុស្ស​ម្នាក់ៗ​ច្រើន​តែ​ចូលចិត្ត​និយាយ​អួតអាង​ពី​ការ​ចេះដឹង​របស់​ខ្លួន​ទៅ​កាន់​អ្នកដទៃ ប៉ុន្តែ​បើ​អ្នក​សាក​ចំណាយ​ពេលវេលា​បន្តិច​ដើម្បី​អត់ធ្មត់​ស្ដាប់​អ្នកដទៃ នោះ​អ្នក​នឹង​ទទួល​បាន​របស់​មាន​តម្លៃ​មក​វិញ​ជា​មិនខាន។ ដូច​គ្នា​នឹង​ការ​ផ្ដល់​ដំបូន្មាន​ចំពោះ​អ្នកដទៃ ឬ​ជា​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ជា​មិត្តភ័ក្ដិ​ក៏​ដោយ ពេល​ខ្លះ​អ្វី​ដែល​មនុស្ស​ត្រូវការ​បំផុត សុំ​ត្រឹមតែ​ជា​ត្រចៀក​ចាំ​ស្ដាប់ ដើម្បី​ឲ្យ​យល់​ពី​បញ្ហា​ក្នុង​ចិត្ត​ពួកគេ​ប៉ុណ្ណោះ។

អ្នក​ត្រូវ​ចាំ​ថា ថ្នាំ​ស័ក្ដិសិទ្ធិ​ពូកែ​ប៉ុណ្ណា​ក៏​ដោយ បើ​ថ្នាំ​នេះ​មិន​ត្រូវ​នឹង​ប្រភេទ​ជំងឺ​របស់​អ្នក​ជំងឺ​ម្នាក់​នោះ​ទេ ថ្នាំ​ដ៏​ស័ក្ដិសិទ្ធិ​នេះ​នៅ​តែ​ឥត​ប្រយោជន៍​ដូច​តែ​គ្នា​ទេ។ នេះ​មានន័យ​ថា ស្ថានការណ៍​អ្នក​និង​ស្ថានការណ៍​មនុស្ស​ម្នាក់​ទៀត​មិន​ដូច​គ្នា​នោះ​ឡើយ។ ថ្វីត្បិតតែ​អ្វី​ដែល​គេ​និយាយ​ប្រាប់​អ្នក អាច​ស្រដៀង​នឹង​ស្ថានការណ៍​ដែល​អ្នក​ធ្លាប់​ជួប និង​ឆ្លងកាត់ តែ​ចូរ​អ្នក​ស្ដាប់​គេ​ឲ្យ​ចប់​សិន សាកសួរ​ដេញដោល​គេ​ឲ្យ​អស់​សិន សឹម​គិតគូរ​ថា​តើ​បើ​និយាយ​ពី​បទពិសោធន៍​របស់​ខ្លួនឯង​និង​ផ្ដល់​ដំបូន្មាន​ទៅ​កាន់​ម្នាក់​នោះ​អាច​នឹង​ជួយ​ពួកគេ​បាន​ឬ​អត់។ នៅ​ពេល​អ្នក​ជជីក​សួរ​ឲ្យ​ដឹង​ឫសគល់​ហើយ ការ​ពិត​និង​ស្ថានភាព​ជាក់ស្ដែង​របស់​បុគ្គល​ម្នាក់​នោះ​អាច​ហួស​ពី​អ្វី​ដែល​អ្នក​អាច​រំពឹង​ទុក​ទៅ​ទៀត​ក៏​ថា​បាន។

ការ​ស្ដាប់​បង្ហាញ​ពី​ការ​គោរព និង​សេចក្ដី​ស្រឡាញ់ ប៉ុន្តែ​របស់​ដែល​មិន​អស់​ប្រាក់កាស​នេះ​បែរ​ជា​ពិបាក​សម្រាប់​មនុស្ស​ភាគច្រើន​នៅ​ក្នុង​សង្គម​ទៅវិញ។ ចង់​ស្គាល់​មនុស្ស​ម្នាក់​ឲ្យ​ច្បាស់ មិនមែន​ជួប​គេ​តែ​ម្ដង​ពីរ​ដង អ្នក​នឹង​ស្គាល់​អត្តចរិត​ពិត​របស់​មនុស្ស​ម្នាក់​បាន​នោះ​ឡើយ។ ពេល​ខ្លះ មនុស្ស​ដែល​នៅ​ក្បែរ​អ្នក​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​ទៅ​ហើយ តែ​អ្នក​ក៏​នៅ​តែ​មិន​អាច​ស្គាល់​ពី​អត្តចរិត​ពិត​របស់​ពួកគេ​ដែរ។ មនុស្ស​ដែល​អង្គុយ​ក្បែរ​អ្នក​និង​ជិតដិត​នឹង​អ្នក​បំផុត អាច​គ្រាន់តែ​ជា​ផ្ទាំង​ទឹកកក​ផ្នែក​ខាងលើ​តូច​មួយ​នៅ​លើ​មហាសមុទ្រ​ដ៏​ជ្រៅ​ហួស​ប្រមាណ​តែ​ប៉ុណ្ណោះ។ បើ​សិន​ជា​ពួកគេ​មក​រក​អ្នក​តែ​ពេល​ជួប​ទុក្ខ​លំបាក អ្នក​មិន​គួរ​អន់ចិត្ត​នោះ​ឡើយ តែ​គួរ​តែ​សប្បាយ​ចិត្ត​វិញ​ទៅ។ មនុស្ស​ទាំងនេះ​មិន​ងាយ​នឹង​ប្រាប់​ទុក្ខ​លំបាក​ទៅ​នរណា​ម្នាក់​នោះ​ឡើយ តែ​បើ​គេ​ប្រាប់​អ្នក​មានន័យ​ថា​គេ​ទុកចិត្ត​អ្នក​ជាង​គេ​ហើយ។ ទំនុក​ចិត្ត​សំខាន់​ជាង​ក្ដី​ស្រឡាញ់​ទៅ​ទៀត។

ពេលវេលា​ត្រឹមត្រូវ កាលៈទេសៈ​ត្រឹមត្រូវ ពួកគេ​នឹង​ប្រាប់​រឿង​ក្នុង​ចិត្ត​ដល់​អ្នក​ជា​មិនខាន។ ការ​ផ្ដល់​ដំបូន្មាន​ដល់​គេ​ទាំង​ដែល​អ្នក​មិន​ទាន់​បាន​សិក្សា​លម្អិត​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​គេ​ផង​នោះ ដំបូន្មាន​អ្នក​អាច​ល្អ​និង​មាន​តម្លៃ ប៉ុន្តែ​បើ​ដំបូន្មាន​ឬ​ដំណោះស្រាយ​របស់​អ្នក​មិន​ត្រូវ​នឹង​បញ្ហា​របស់​គេ​ទេ អ្នក​អាច​នឹង​បាត់បង់​ទំនុក​ចិត្ត​ពី​គេ​ក៏​ថា​បាន ដូច​អ្នក​ជំងឺ​ដែល​ឈប់​ទៅ​រក​ពេទ្យ​ដែល​ព្យាបាល​ជំងឺ​ខ្លួន​មិន​ត្រូវ​ដូច្នោះ​ដែរ។ ដូច្នេះ អ្នក​ត្រូវ​ស្ដាប់​ដោយ​ការ​គោរព​និង​យកចិត្តទុកដាក់ ដើម្បី​ឲ្យ​បញ្ហា​ត្រូវ​បាន​បក​មួយ​ស្រទាប់​ៗ​រហូត​ចូល​ទៅ​ដល់​ឫសគល់​នៃ​បញ្ហា​របស់​មនុស្ស​ពិត​ប្រាកដ លុះ​ដំបូន្មាន​នឹង​មាន​ប្រសិទ្ធភាព​មិនខាន៕

ដោយ៖ ស្រីពៅ

X
5s