តើអ្នកជាមនុស្សខួរក្បាលខាងឆ្វេង ឬខាងស្ដាំ ?​



នេះ​គឺជា​មេរៀន​មួយ​ដែល​បង្ហាញ​ថា មុន​នឹង​ជឿជាក់​ថា​អ្វី​មួយ​ពិត អ្នក​ត្រូវ​ជជីក​រក​ឫសគល់​និង​សិក្សា​អំពី​វា​ឲ្យ​បាន​ជាក់​ច្បាស់​ជា​មុន​សិន។ តើ​អ្នក​ធ្លាប់​អាន​សៀវភៅ​ជំរុញ​ទឹកចិត្ត​មួយ​ចំនួន ដែល​រៀបរាប់​ថា​បើ​អ្នក​ជា​មនុស្ស​ច្នៃប្រឌិត នោះ​អ្នក​នឹង​មាន​ខួរក្បាល​ដែល​អឌ្ឍគោល​ខាង​ស្ដាំ​មាន​ឥទ្ធិពល​ជាង​អឌ្ឍគោល​ខាង​ឆ្វេង តែ​បើ​អ្នក​ជា​មនុស្ស​គិត​វិភាគ នោះ​អឌ្ឍគោល​ខាង​ឆ្វេង​របស់​អ្នក​មាន​ឥទ្ធិពល​ជាង​អឌ្ឍគោល​ខាង​ស្ដាំ ឬ​ជា​តេស្ត​កំណត់​រក​អត្តចរិត​ណា​ដែល​មាន​ទម្រង់​ស្រដៀង​ៗ​គ្នា​នេះ​ទេ ? យ៉ាងណាមិញ គ្មាន​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ណា​មួយ​បាន​បញ្ជាក់​ភស្តុតាង​ថា​អឌ្ឍគោល​នៃ​ខួរក្បាល​ណា​មួយ​មាន​ឥទ្ធិពល​ទៅលើ​មួយ​ទៀត​នោះ​ឡើយ។

តើ​មាន​បញ្ហា​អ្វី​កើតឡើង នៅ​ពេល​អ្នក​ជឿ​ថា​ខួរក្បាល​របស់​អ្នក​មាន​អឌ្ឍគោល​ម្ខាង​មាន​ឥទ្ធិពល​ជាង​ម្ខាង​ទៀត ? តាំង​ពី​ដើម​មក ជំនឿ​ខុស​ឆ្គង​មួយ​នេះ​តែងតែ​ត្រូវ​បាន​មនុស្ស​ទូទៅ​ជឿ​ថា បើ​អ្នក​ជា​មនុស្ស​ពូកែ​គូរ​រូប លេង​ដូរ្យតន្ត្រី ឬ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ទាមទារ​នូវ​ភាព​ច្នៃប្រឌិត នោះ​មានន័យ​ថា​ធម្មជាតិ​នៃ​ខួរក្បាល​របស់​អ្នក គឺ​មាន​អឌ្ឍគោល​ខាងស្ដាំ​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​ទៅលើ​អឌ្ឍគោល​ខាងឆ្វេង។ ដូចនេះ​អ្នក​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ទៅ​រក​ជំនាញ​ទាំងឡាយ​ណា ដែល​ទាមទារ​ការ​គិត​បែប​តក្ក មាន​ហេតុ​មាន​ផល និង​វិភាគ​ដូច​មនុស្ស​ដែល​ខួរក្បាល​របស់​ពួកគេ​មាន​អឌ្ឍគោល​ខាង​ឆ្វេង​មាន​ឥទ្ធិពល​ជាង​ខាង​ស្ដាំ​នោះ​ឡើយ។

ផ្នត់​គំនិត​ដ៏​ខុស​ឆ្គង​និង​មាន​លក្ខណៈ​អន់​ថយ​នេះ នឹង​ក្លាយ​ជា​ឫសគល់​នៃ​ការ​គិត​របស់​អ្នក​ជា​រៀង​រហូត ដែល​ធ្វើឲ្យ​អ្នក​យល់​ថា​អ្នក​មិន​អាច​ពូកែ​គណិតវិទ្យា​នោះ​ទេ បើ​អ្នក​ពូកែ​លេង​ដូរ្យតន្ត្រី​នោះ។ គេ​តែង​និយាយ​ថា អឌ្ឍគោល​ខាង​ឆ្វេង​គ្រប់គ្រង​ទៅលើ​ការ​គិត​ហេតុផល រីឯ​អឌ្ឍគោល​ខាងស្ដាំ​គ្រប់គ្រង​ទៅលើ​អារម្មណ៍​ឬ​ការ​ច្នៃប្រឌិត។ វា​មិន​ត្រឹមត្រូវ​នោះ​ទេ តាម​ពិត​ទៅ មិន​ថា​ជា​កិច្ចការ​ដែល​ទាមទារ​ការ​គិត​ច្នៃប្រឌិត​ឬ​ការ​គិត​បែប​តក្ក​នោះ​ទេ គ្រប់​តំបន់​ទាំងអស់​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​គឺ​ធ្វើការ​របស់​វា​យ៉ាង​សស្រាក់​សស្រាំ​ទាំងអស់ ដើម្បី​ដំណើរការណ៍​ការងារ​ទាំងនោះ​បាន។

ណឺរ៉ូន​គឺជា​ផ្លូវ​ធ្វើ​ដំណើរ​របស់​ទិន្នន័យ​ដែល​បញ្ជូន​មក​កាន់​ខួរក្បាល។ ដូចនេះ បើ​សិន​ជា​អ្នក​មាន​អឌ្ឍគោល​ខាង​ឆ្វេង​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​ខាង​ស្ដាំ នោះ​ក៏​មានន័យ​ថា​ណឺរ៉ូន​នៅ​ក្នុង​ផ្នែក​ខាង​ឆ្វេង​ក៏​មាន​ចំនួន​ច្រើន​ជាង​ផ្នែក​ខាង​ស្ដាំ​ដែរ។ យ៉ាងណាមិញ ការ​សិក្សា​មួយ​ក្រុម​របស់ University of Utah ដែល​បាន​សិក្សា​ទៅលើ​ខួរក្បាល​របស់​មនុស្ស​ជាង​១០០០​នាក់ មិន​រក​ឃើញ​ភស្តុតាង​ណា​មួយ​ឡើយ ដែល​បញ្ជាក់​ថា​ណឺរ៉ូន​នៅ​ក្នុង​ផ្នែក​មួយ​មាន​ចំនួន​ច្រើន​ជាង​ផ្នែក​មួយ​ទៀត។ ជា​លទ្ធផល​មធ្យម ណឺរ៉ូន​នៅ​ក្នុង​អឌ្ឍគោល​ទាំង​សងខាង​របស់​ខួរក្បាល​មាន​ចំនួន​ស្មើគ្នា។

ដូចនេះ វា​គ្មាន​នោះ​ឡើយ ជំនឿ​ដែល​អះអាង​ថា​អ្នក​មាន​ផ្នែក​នៃ​ខួរក្បាល​ម្ខាង​មាន​ឥទ្ធិពល​ជាង​ផ្នែក​ម្ខាង​ទៀត​នោះ។ ខួរក្បាល​មនុស្ស​មាន​ភាព​បត់បែន មិនមែន​ធម្មជាតិ​មក​បែប​ណា​ក៏​បែប​នោះ​មិន​អាច​ផ្លាស់ប្ដូរ​បាន​នោះ​ទេ។ នេះ​មានន័យ​ថា នៅ​ពេល​អ្នក​រៀន​សូត្រ​ជំនាញ​ថ្មីៗ វា​នឹង​ផ្លាស់ប្ដូរ​ទម្រង់​របស់​វា​ទៅ​តាម​នោះ​ដែរ។ សក្ដានុពល​របស់​អ្នក​មាន​ច្រើន​ហួស​ពី​អ្វី​ដែល​អ្នក​ធ្លាប់​គិត​ស្រមៃ​ដល់ ដូច្នេះ​ចូរ​គិត​វិជ្ជមាន ជឿជាក់​លើ​ខ្លួនឯង និង​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ឥត​មាន​ដែន​កំណត់​មួយ​នេះ​ឲ្យ​អស់​ពី​លទ្ធភាព​របស់​អ្នក៕

ដោយ៖ ស្រីពៅ

X
5s