គ្រប់ពេលអ្នកធ្វើការងារច្រើន​មុខក្នុងពេលតែមួយ តើទម្លាប់នេះកំពុងតែលួចបំផ្លាញខួរក្បាលអ្នកដូចម្ដេចខ្លះ ?​



មនុស្ស​ជាច្រើន​តែង​មាន​ទម្លាប់​ធ្វើការ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ។ នៅ​ពេល​ដែល​ពួកគេ​យល់​ថា​ការ​ធ្វើ​បែប​នេះ​នឹង​ចំណេញ​ពេលវេលា និង​បង្កើន​ផលិតភាព​ការងារ​ឲ្យ​បាន​ច្រើន​ដោយ​ចំណាយ​រយៈពេល​តិច អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​កំពុង​តែ​នាំ​ពួកគេ​ទៅ​រក​លទ្ធផល​ដែល​បញ្ច្រាស​ទិស​ពី​លទ្ធផល​ដែល​ពួកគេ​រំពឹង​ទុក​ហើយ។

បើ​អ្នក​មាន​ទម្លាប់​ធ្វើ​ការ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ ដើម្បី​សម្រេច​ការងារ​ទាំងនោះ​ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ នោះ​អ្នក​កំពុង​យល់​ខុស​ហើយ អ្នក​កំពុង​ប្រើប្រាស់​ខួរក្បាល​របស់​អ្នក​នៅ​ក្នុង​ផ្លូវ​ខុស​ហើយ។ អ្នក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​នៅ​សាកលវិទ្យាល័យ MIT អ្នកស្រី Earl Miller បាន​លើកឡើង​ថា ធម្មជាតិ​នៃ​ខួរក្បាល​របស់​យើង​មិនមែន​សម្រាប់​ប្រើប្រាស់​ទៅលើ​ការងារ​ច្រើន​មុខ​ក្នុង​ពេល​តែ​មួយ​នោះ​ទេ។

នៅ​ពេល​ដែល​អ្នក​ទាំងនោះ​យល់​ថា ពួកគេ​កំពុង​តែ​ធ្វើការ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ តាម​ការ​ពិត​ទៅ​គឺ​ពួកគេ​កំពុង​តែ​ផ្លាស់ប្ដូរ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ​ទៀត​យ៉ាង​ឆាប់​រហ័ស​ប៉ុណ្ណោះ។ គ្រប់​ពេល​ដែល​ពួកគេ​ធ្វើ​បែប​នេះ គឺ​ពួកគេ​កំពុង​តែ​ធ្វើឲ្យ​សមត្ថភាព​ក្នុង​ការ​គិត​របស់​ពួកគេ​ខាតបង់​ហើយ។ អ្នក​មិន​អាច​តម្រង់​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​ទៅលើ​រឿង​ពីរ​ឬ​ច្រើន​ជាង​នេះ​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ឡើយ។ ម្ដង​ការងារ​មួយ​នេះ​ដណ្ដើម​យក​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​ទៅ ម្ដង​ទៀត​ការងារ​មួយ​ទៀត​ដណ្ដើម​យក​ទៅវិញ​ម្ដង។

នៅ​ពេល​ការ​គិត​របស់​អ្នក​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទៅវិញ​ទៅមក​បែប​នេះ វា​នឹង​ជំរុញ​ឲ្យ​ខួរក្បាល​អ្នក​ផលិត​ចេញ​នូវ​អ័រម៉ូន​របស់​ស្ត្រេស ដែល​ជា​ហេតុ​នាំ​ឲ្យ​អ្នក​មាន​អារម្មណ៍​ហត់នឿយ​ផ្លូវចិត្ត។ មួយវិញទៀត នៅ​ពេល​អ្នក​ផ្លាស់ប្ដូរ​ការ​យកចិត្តទុកដាក់​របស់​អ្នក​ពី​ការងារ​មួយ​ទៅ​មួយ​ក្នុង​ពេល​ដំណាល​គ្នា អ្នក​មិន​អាច​គិត​ទៅលើ​ការងារ​នីមួយៗ​យ៉ាង​ពេញ​ទំហឹង ថ្លឹងថ្លែង​វិនិច្ឆ័យ និង​រិះគិត​បាន​គ្រប់​ជ្រុងជ្រោយ​នោះ​ឡើយ។ លទ្ធផល​នឹង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​របស់​អ្នក បើ​ទោះ​ជា​អ្នក​អាច​ចំណេញ​ពេលវេលា​ពី​ទម្លាប់​ធ្វើការ​របៀប​នេះ ប៉ុន្តែ​ការងារ​របស់​អ្នក​គឺ​គ្មាន​គុណភាព​ដូច​គុណភាព​ការងារ​ដែល​ចេញ​ពី​ការ​ផ្ចង់​អារម្មណ៍​គិត​ធ្វើ​វា​តែ​មួយ​នោះ​ដែរ។

ការ​សិក្សា​របស់ University of London ដែល​ធ្វើការ​សិក្សា​ទៅលើ​មនុស្ស​មួយ​ក្រុម​នៅ​ពេល​ដែល​ពួកគេ​ធ្វើការ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ។ លទ្ធផល​បាន​បង្ហាញ​ថា ទម្លាប់​ធ្វើការ​របៀប​នេះ​បាន​ធ្វើឲ្យ​កម្រិតIQ​របស់​អ្នក​ទាំងនោះ​ធ្លាក់​ចុះ។ កម្រិតIQ​ដែល​ធ្លាក់​ចុះ​ប្រហាក់ប្រហែល​នឹង​មនុស្ស​ដែល​មិន​បាន​គេង និង​មនុស្ស​ដែល​ជក់​កញ្ឆា​ដូច​គ្នា​ដែរ។ រីឯ​ការ​សិក្សា​មួយ​ទៀត​របស់ University of Sussex បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ពី​ទម្លាប់​ធ្វើការ​ច្រើន​មុខ​ក្នុង​ពេល​តែមួយ ដែល​មាន​ទៅលើ​ការ​ខូចខាត​ទម្រង់​ខួរក្បាល​អស់​មួយ​ជីវិត។

ពួកគេ​បាន​ប្រើប្រាស់​ម៉ាស៊ីនMRI ដើម្បី​ស្កេន​សកម្មភាព​ខួរក្បាល​របស់​អ្នក​ដែល​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​ក្នុង​ពេល​តែមួយ។ លទ្ធផល​ក៏​បាន​បង្ហាញ​ថា នៅ​ត្រង់​តំបន់​មួយ​របស់​ខួរក្បាល ដែល​គ្រប់គ្រង​ទៅលើ​អារម្មណ៍​និង​ការ​អាណិតអាសូរ ត្រូវ​បាន​កាត់​បន្ថយ​ស្ដើង​ជាង​មុន។ ក្នុង​រយៈពេល​វែង ទម្លាប់​នេះ​ក៏​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ចងចាំ និង​សមត្ថភាព​ក្នុង​ការ​ផ្ចង់​អារម្មណ៍​ឲ្យ​អន់​ថយ​ជាង​មុន ព្រម​ទាំង​ចុះ​ខ្សោយ​នូវ​សមត្ថភាព​ក្នុង​ការ​រិះ​គិត​វិភាគ​ផង​ដែរ។

ហើយ​អ្វី​ដែល​រំខាន​ដល់​ខួរក្បាល​អ្នក​មិន​ឲ្យ​ដំណើរការណ៍​ដល់​សក្ដានុពល​ពេញ​ទំហឹង​របស់​វា នោះ​គឺជា​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​នេះ​ឯង៕

ដោយ៖ ​ស្រីពៅ

X
5s