​ការ​ទស្សន៍ទាយ​របស់​​នីកូឡា តេស្លា​ ​​​​​ប្រហែល​​១០០​ឆ្នាំ​មុន​​ ឥឡូវ​​ក្លាយ​ជា​ការ​ពិត​​



បិតា​អគ្គិសនី​របស់​ពិភពលោក នីកូឡា តេស្លា ធ្លាប់​ទស្សន៍ទាយ​ថា នៅ​ពេល​អនាគត​មនុស្សលោក​យើង​នឹង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​ដោយ​ពុំ​មាន​របាំង​រារាំង​ពី​ចម្ងាយ​នោះ​ឡើយ។ ឥឡូវ​នេះ ការ​ទស្សន៍ទាយ​របស់​គាត់​មិន​ត្រឹមតែ​ក្លាយ​ជា​ការ​ពិត​នោះ​ទេ តែ​ថែមទាំង​មាន​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​ជាច្រើន​កំពុង​តែ​ផ្លាស់ប្ដូរ​របៀប​នៅ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្សលោក​ឲ្យ​កាន់តែ​ងាយស្រួល​និង​ឈ្លាសវៃ ដែល​មាន​មូលដ្ឋាន​ចេញ​ពី​គំនិត​តែ​មួយ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្វី​ទៅ​ដែល​អាច​ឲ្យ​អ្នក​ទំនាក់ទំនង​ទៅ​កាន់​មនុស្ស​ម្នាក់​ទៀត ដែល​នៅ​ឆ្ងាយ​ពី​អ្នក​រាប់​គីឡូ​ដី ហាក់​ដូចជា​មាន​វេទមន្ត​ដូច្នោះ​បាន ? វេទមន្ត​នេះ​គឺជា​រលក​វិទ្យុ​នេះ​ឯង។

ប្រភពរូប៖ Pinterest

រលក​វិទ្យុ​គឺជា​បាតុភូត​ធម្មជាតិ​មួយ ដែល​កើត​ចេញ​ពី​ដុំ​ភ្លើង​ដ៏​ធំ​មួយ​ដែល​មាន​ចម្ងាយ​ជាង​១៤៩​លាន​គីឡូម៉ែត្រ​ពី​ភព​ផែនដី​របស់​យើង​នេះ ដែល​ជា​ព្រះអាទិត្យ​នេះ​ឯង។ អ៊ីសាក់ ញូតុន គឺជា​រូបវិទូ​និង​គណិតវិទូ​ដំបូង​បង្អស់​ដែល​បាន​រក​ឃើញ​ធម្មជាតិ​នៃ​ពន្លឺ។ ពន្លឺ​ពណ៌​ស​របស់​ព្រះអាទិត្យ​ដែល​បំភ្លឺ​ភព​ផែនដី​យើង​ទាំងមូល​នេះ គឺជា​ការ​ផ្គុំ​បញ្ចូល​គ្នា​របស់​ពន្លឺ​៧ពណ៌ ដូច​ដែល​យើង​ឃើញ​នៅ​ពេល​មាន​ឥន្ទធនូ។ ពន្លឺ​របស់​ព្រះអាទិត្យ​ដែល​អាច​ឲ្យ​យើង​មើល​ឃើញ​បាន​នេះ គឺជា​កាំរស្មី​អេឡិចត្រូម៉ាញេទិច​មួយ​ប្រភេទ​នៅ​ក្នុង​ចំណោម​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​ទាំងអស់​ដែល​ព្រះអាទិត្យ​បាន​បញ្ចេញ។ ហេតុនេះ​ទើប​កាំរស្មី​ពន្លឺ​នេះ​ត្រូវ​បាន​គេ​ហៅថា ពន្លឺ​មើល​ឃើញ

រលក​វិទ្យុ​គឺជា​សមាជិក​ក្នុង​គ្រួសារ​តែ​មួយ​ជាមួយ​នឹង​ពន្លឺ​មើល​ឃើញ។ រលក​វិទ្យុ​អាច​ធ្វើ​ដំណើរ​ចាប់​ពី​១​ម៉ែត្រ​ទៅ​១០,០០០​ម៉ែត្រ។ លក្ខណៈ​ដែល​រលក​វិទ្យុ​អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ឆ្ងាយ​ជាង​គេ​បង្អស់​ក្នុង​ចំណោម​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច ដែល​បង្ក​ឡើង​ពី​កាំរស្មី​ចំនួន​៧ប្រភេទ​នេះ ធ្វើឲ្យ​វា​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រើប្រាស់​បញ្ជូន​រលក​សញ្ញា​ក្នុង​អាកាស​ទៅវិញ​ទៅមក និង​ឆ្លងកាត់​ជម្រៅ​ទឹក ដែល​ធ្វើឲ្យ​មនុស្ស​នៅ​ចម្ងាយ​ខុស​គ្នា​ដូច​មេឃ​និង​ដី​មាន​អារម្មណ៍​ហាក់​ដូចជា​នៅ​ក្បែរ​ខ្លួន​នេះ​ឯង។ វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​របស់​ព្រះអាទិត្យ បង្ក​ឡើង​ពី​កាំរស្មី​៧ប្រភេទ។ អ្វី​ដែល​កំណត់​ភាព​ខុស​គ្នា​រវាង​ប្រភេទ​កាំរស្មី​នីមួយៗ ស្ថិត​នៅ​ត្រង់​ជំហាន​រលក (តាង​ដោយ λ) ប្រេកង់ (តាង​ដោយf) និង​ថាមពល។ ពន្លឺ​គឺជា​រលក។

ទោះបីជា​ប្រភេទ​កាំរស្មី​ទាំង​៧​នេះ​ខុស​ពី​គ្នា​អាស្រ័យ​លើ​ចំណុច​ទាំង​៣​នោះ​ក៏​ដោយ ប៉ុន្តែ​ពន្លឺ​ទាំងនោះ​សុទ្ធតែ​ធ្វើ​ដំណើរចម្ងាយ៣០០លានម៉ែត្រក្នុង១វិនាទី ជាល្បឿនដ៏លឿនបំផុតដែលគ្មានវត្ថុអ្វីនៅលើចក្រវាលលឿនជាង​ពន្លឺ​ទៀត​នោះ​ឡើយ។ ចុះ​តើ​អ្វី​ទៅ​គឺជា​AMនិង​FM ដែល​អ្នក​ធ្លាប់​ឃើញ​មាន​នៅ​ក្នុង​វិទ្យុ​របស់​អ្នក ? AM មក​ពី​ពាក្យ​ពេញ Amplitude Modulating មានន័យ​ថា​ដំណើរ​ផ្លាស់ប្ដូរ​របស់​អំព្លីទុត។ អំព្លីទុត​គឺជា​រយៈ​កម្ពស់​ឬ​ជា​រយៈ​ទទឹង​ដែល​រលក​ដាល​បាន។ នៅ​ពេល​គេ​ប្រើប្រាស់AM អំព្លីទុត​នឹង​ផ្លាស់ប្ដូរ​ឡើង​ចុះៗ ដោយ​រក្សា​ទុក​ប្រេកង់​ឬ​សំដៅ​ទៅលើ​ចំនួន​ដែល​រលក​ដាល​បាន​ក្នុង​១វិនាទី​ឲ្យ​នៅ​ថេរ។ FM មក​ពី​ពាក្យ​ពេញ Frequency Modulating មានន័យ​ថា​ដំណើរ​ផ្លាស់ប្ដូរ​របស់​ប្រេកង់។ FM ខុស​ពី​AM ម្ដង​នេះ​ប្រេកង់​ជា​អ្នក​ផ្លាស់ប្ដូរ ឯ​អំព្លីទុត​ឬ​រយៈ​កម្ពស់​ដែល​រលក​ដាល​បាន​រក្សា​នៅ​ថេរ​ដដែល​វិញ។

រលក​វិទ្យុ​អាច​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាង​គេ​បង្អស់ ដែល​មានន័យ​ថា​ជំហាន​រលក​របស់​វា​អាច​ដាល​បាន​វែង​ជាង​គេ​បង្អស់។ បើ​កាលណា​ជំហាន​រលក​កាន់តែ​វែង ប្រេកង់​និង​ថាមពល​កាន់តែ​ទាប​ជាង​គេ។ ដូច្នេះ​ហើយ​ទើប​គេ​អាច​ប្រើប្រាស់​រលក​វិទ្យុ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដើម្បី​បញ្ជូន​រលក​សញ្ញា​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​និង​មាន​សុវត្ថិភាព។ បើ​ទោះ​ជា​គុណភាព​នៃ​ការ​បញ្ជូន​សញ្ញា​របស់​រលក​វិទ្យុ​មាន​ភាព​ខ្សោយ ក្រៅ​ពី​ប្រើប្រាស់​នៅ​ក្នុង​វិទ្យុ ទូរទស្សន៍ និង​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​រាប់​មិន​អស់​ទៀត ក៏​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ការ​ទាក់ទង​នៅ​ក្នុង​ជម្រៅ​ជ្រៅ​ដូច​ក្រោម​ទឹក​ផង​ដែរ៕

ដោយ៖​ ​ស្រីពៅ

X
5s