តើធម្មជាតិរបស់ពន្លឺគឺជាអ្វី ?​



នៅ​ពេល​អ្នក​បិទ​ភ្នែក​គេង ពិភពលោក​របស់​អ្នក​ក៏​ប្រែ​ជា​ងងឹត។ ខណៈ​ពេល​ដែល​អ្នក​ភ្ញាក់​ពី​គេង​ភ្លាម ភ្នែក​របស់​អ្នក​ក៏​បាន​ផ្ដល់​នូវ​ទិដ្ឋភាព​ចម្រុះ​ពណ៌​អំពី​អ្វីៗ​ដែល​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក។ ធម្មជាតិ​របស់​ពន្លឺ គ្រាន់តែ​ជា​រឿងរ៉ាវ​ធម្មជាតិ​ដែល​មនុស្ស​ទូទៅ​ចាត់​ទុក​ថា​ធម្មតា ដែល​អ្នក​ប្រាជ្ញ​ដ៏​អស្ចារ្យ​ជាច្រើន​រូប​ចាប់​តាំង​ពី​អ៊ីសាក់ ញូតុន ត​មក​ដល់​អាល់ប៊ឺត អាញស្តាញ រហូត​មក​ទល់​បច្ចុប្បន្ន មិន​ទាន់​អាច​បកស្រាយ​បាន​ថា​ពន្លឺ​ជា​អ្វី​ឲ្យ​ពិត​ប្រាកដ។ តើ​ពន្លឺ​គឺជា​អ្វី ?

នៅ​ក្នុង​សតវត្ស​ទី​១៧ កំពូល​អ្នក​ប្រាជ្ញ​វិទ្យាសាស្ត្រ​របស់​អង់គ្លេស អ៊ីសាក់ ញូតុន គឺជា​អ្នក​វិទ្យាសាស្ត្រ​ដំបូង​គេ​បង្អស់​ដែល​បាន​ចាប់ផ្ដើម​ប្រវត្តិសាស្ត្រ​នៃ​រឿងរ៉ាវ​របស់​ធម្មជាតិ​នៃ​ពន្លឺ។ ក្នុង​ពេល​មួយ គាត់​បាន​ព្យាយាម​ឆ្លើយ​នឹង​សំណួរ​ដ៏​អាថ៌កំបាំង​អំពី​ធម្មជាតិ​មួយ​នេះ ដោយ​ធ្វើការ​ពិសោធន៍​ដោយ​ប្រើប្រាស់​ព្រីស​ចំណាំង​ផ្លាត​ជាមួយ​នឹង​ពន្លឺ​ពណ៌​ស​របស់​ព្រះអាទិត្យ​ដែល​បាន​ចាំង​មក។

នៅ​ពេល​នោះ​គាត់​ក៏​ទទួល​បាន​ពន្លឺ​៧ពណ៌​ដូច​ដែល​ជា​បាតុភូត​ឥន្ទធនូ​ដែល​យើង​ធ្លាប់​ឃើញ។ ការណ៍​នេះ​ក៏​នាំ​ញូតុន​ទៅ​រក​ការ​សន្និដ្ឋាន​ថា ពន្លឺ​ពណ៌​ស​គឺជា​ការ​រួម​បញ្ចូល​គ្នា​នៃ​ពន្លឺ​៧ពណ៌​មាន ក្រហម ទឹកក្រូច លឿង បៃតង ផ្ទៃមេឃ ខៀវ និង​ស្វាយ។

តើ​ពន្លឺ​គឺជា​អ្វី ? ព្រះអាទិត្យ​បញ្ចេញ​ពន្លឺ​ឬ​កាំរស្មី​ដ៏​ខ្លាំងក្លា និង​មាន​រូបរាង​ជា​រលក​ដែល​ដាល​ឡើង​ដាល​ចុះ​ដូច​រលក​នៅ​ក្នុង​ទឹក​សមុទ្រ​ដូច្នោះ​ដែរ ហើយ​ពន្លឺ​ក៏​មាន​លក្ខណៈ​ជា​អគ្គិសនី​និង​ដែន​ម៉ាញេទិច​ផង​ដែរ ដូច្នេះ​ហើយ​ទើប​ពន្លឺ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា កាំរស្មី​អេឡិចត្រូម៉ាញេទិច។ ពន្លឺ​ដែល​បញ្ចេញ​ពី​ព្រះអាទិត្យ​មក​កាន់​ភព​ផែនដី​និង​អាច​ឲ្យ​យើង​មើល​ឃើញ​ពិភពលោក​ជាមួយ​ពណ៌​ដ៏​ចម្រុះ​គ្នា​នេះ គ្រាន់តែ​ជា​ចំណែក​ដ៏​តូច​មួយ​នៅ​ក្នុង​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​ទាំងអស់​របស់​ព្រះអាទិត្យ​ប៉ុណ្ណោះ។

វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច គឺជា​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​៧នាក់។ សមាជិក​៧នាក់​នេះ​គឺជា​កាំរស្មី​ទាំង​៧ប្រភេទ​ដែល​រួម​បញ្ចូល​គ្នា​ជា​គ្រួសារ​តែ​មួយ​នៅ​ក្នុង​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច។ អ្វី​ដែល​កំណត់​នូវ​ភាព​ខុស​គ្នា​រវាង​កាំរស្មី​ប្រភេទ​នីមួយៗ គឺជា​លក្ខណៈ​៣យ៉ាង​ដែល​មាន ជំហាន​រលក ប្រេកង់ និង​ថាមពល​របស់​វា។

តើ​ជំហាន​រលក​ជា​អ្វី ? បើ​អ្នក​ធ្លាប់​សង្កេត​ទៅលើ​រលក​ដែល​ដាល​នៅ​ក្នុង​ទឹក​សមុទ្រ អ្នក​នឹង​សង្កេត​ឃើញ​មាន​កំពូល​នីមួយៗ​ដែល​រលក​ដាល​បាន។ ចន្លោះ​ពី​កំពូល​របស់​រលក​មួយ​ទៅ​កំពូល​របស់​រលក​មួយ​ទៀត​គឺជា ជំហាន​រលក។ ចុះ​អ្វី​ទៅ​ជា​ប្រេកង់ ? ប្រេកង់​សំដៅ​ទៅលើ​ចំនួន​ដែល​រលក​ដែល​ដាល​បាន​នៅ​ក្នុង​រយៈពេល​១វិនាទី។

កាំរស្មី​ទាំង​៧​ប្រភេទ​មាន រលក​វិទ្យុ (radiowave) រលក​មីក្រូ (microwave) កាំរស្មី​ក្រហម​អាំងប្រា IR (infrared light) ពន្លឺ​មើល​ឃើញ (visible light) កាំរស្មីUV (UV light) កាំរស្មីX (X-ray) និង​កាំរស្មី​ហ្កាម៉ា (Gamma ray)។ គេ​តែងតែ​ប្រើប្រាស់​រលក​វិទ្យុ​ដើម្បី​បញ្ជូន​រលក​សញ្ញា​ក្នុង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ ដោយសារ​តែ​លក្ខណៈ​របស់​វា​ដែល​មាន​ជំហាន​រលក​វែង​ជាងគេ​បង្អស់។

បើ​កាលណា​ជំហាន​រលក​កាន់តែ​វែង ចំនួន​រលក​ដែល​ដាល​បាន​ក្នុង​១វិនាទី​ឬ​សំដៅ​លើ​ប្រេកង់​របស់​វា​នឹង​មាន​កាន់តែ​ទាប ហើយ​ថាមពល​ដែល​វា​បញ្ចេញ​បាន​ក៏​មាន​ខ្សោយ​ដែរ។ ឬ​អាច​និយាយ​បាន​ថា រលក​ដែល​ដាល​កាន់តែ​ញាប់ មាន​ថាមពល​កាន់តែ​ខ្លាំង ប្រេកង់​កាន់តែ​ខ្ពស់ និង​ចន្លោះ​ពី​រលក​មួយ​ទៅ​មួយ​ឬ​ជំហាន​រលក កាន់តែ​ខ្លី។

នៅ​ក្នុង​វិសាលភាព​នៃ​កាំរស្មី​អេឡិចត្រូម៉ាញេទិច​របស់​ព្រះអាទិត្យ កាំរស្មី​ទាំង​៧ប្រភេទ​នេះ​បណ្ដេញ​គ្នា​ចាប់​ពី​រលក​វិទ្យុ​ដែល​មាន​ជំហាន​រលក​វែង​ជាងគេ ឯ​ប្រេកង់​និង​ថាមពល​ទាប​ជាងគេ រហូត​ដល់​កាំរស្មី​ហ្កាម៉ា​ដែល​មាន​ជំហាន​រលក​ខ្លី​ជាងគេ​បង្អស់ និង​មាន​ប្រេកង់​និង​ថាមពល​ខ្ពស់​ជាង​គេ​បង្អស់ ជាហេតុនាំឲ្យ​វា​ជា​កាំរស្មី​ដែល​ផ្ដល់​ភាព​គ្រោះថ្នាក់​ជាង​គេ​បង្អស់​ដែរ។

ក្នុង​ចំណោម​កាំរស្មី​ទាំង​៧​ប្រភេទ កាំរស្មី​ដែល​ផ្ដល់​ពន្លឺ​ឲ្យ​យើង​មើល​ឃើញ​ពណ៌​នៅ​លើ​ភព​ផែនដី​នេះ​គឺជា​ចំណែក​ដ៏​តូច​មួយ​នៃ​ពន្លឺ​មើល​ឃើញ (visible light) ដែល​មាន​ឈ្មោះ​របស់​វា​ពី​លក្ខណៈ​ដែល​វា​អាច​មើល​ឃើញ​ដោយ​ភ្នែក​របស់​មនុស្ស​នេះ​ឯង។ ប៉ុន្តែ​បើ​ការ​វិវត្ត​របស់​មនុស្ស មិន​បាន​ផ្ដល់​ឲ្យ​អ្នក​នូវ​ភ្នែក​មួយ​គូ​ដែល​អាច​ចាប់​យក​ពន្លឺ​ដែល​ចាំង​មក​បាន ក៏​អ្នក​នៅ​តែ​មិន​អាច​មើល​ឃើញ​ដែរ។ នៅ​ខាងក្រោយ​គ្រាប់​ភ្នែក​របស់​អ្នក មាន​រ៉េទីន​ដែល​មាន​តួនាទី​ចាប់​យក​ពន្លឺ​ដែល​ចាំង​មក​ប៉ះ​នឹង​ភ្នែក ដើម្បី​បញ្ជូន​ទៅ​កាន់​ខួរក្បាល​អំពី​ព័ត៌មាន​ដែល​វា​ទទួល​បាន​ពី​ខាងក្រៅ។

នៅ​ក្នុង​រ៉េទីន​មាន​កោសិកា​២ប្រភេទ​សម្រាប់​ចាប់​យក​ពន្លឺ។ កោសិកា​កោណ មាន​តួនាទី​ចាប់​យក​ពន្លឺ​ខ្លាំង រីឯ​កោសិកា​ដំបង​មាន​តួនាទី​ទៅលើ​គំហើញ​ស​ខ្មៅ​ឬ​ពន្លឺ​ខ្សោយ ដែល​យើង​ប្រើប្រាស់​នៅ​ពេល​យប់។ កោសិកា​កោណ​មាន​កោសិកា​ចំនួន​៣ប្រភេទ​ទៀត ដែល​មាន​មួយ​សម្រាប់​ឆ្លើយតប​នឹង​ពណ៌​ក្រហម មួយ​ទៀត​ឆ្លើយតប​នឹង​ពណ៌​បៃតង និង​មួយ​ទៀត​ឆ្លើយតប​នឹង​ពណ៌​ខៀវ។ ធម្មជាតិ​បាន​ផ្ដល់​ឲ្យ​ភ្នែក​របស់​យើង​ជាមួយ​នឹង​កោសិកា​ឆ្លើយតប​នឹង​ពណ៌​ចំនួន​៣​ប៉ុណ្ណោះ។ មូលហេតុ​ដែល​យើង​អាច​មើល​ឃើញ​ពណ៌​ចម្រុះ​ជាច្រើន​បាន នេះ​ក៏​ព្រោះ​តែ​ជា​ការ​សហការ​រវាង​កោសិកា​ឆ្លើយតប​ប្រភេទ​នីមួយៗ​នេះ​ឯង៕

ដោយ៖​​ ស្រីពៅ

X
5s