តើស្ត្រេសនឹងផ្លាស់ប្ដូរទម្រង់ខួរក្បាលរបស់អ្នក​យ៉ាងដូចម្ដេចខ្លះ ?​



វត្ថុ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធម្មជាតិ​បាន​ផ្ដល់​មក​ឲ្យ​មនុស្ស​យើង​គ្រប់​គ្នា នោះ​គឺជា​ខួរក្បាល​នេះ​ឯង។ រាល់​គំនិត​ទាំងឡាយ​គឺជា​ផលិតផល​ដែល​ផលិត​ឡើង​ដោយ​ម៉ាស៊ីន​ដ៏​ឈ្លាសវៃ​មួយ​នេះ។ មិន​ថា​ជា​គំនិត​ច្នៃប្រឌិត​របស់​បុគ្គល​ជោគជ័យ​ក្នុង​លោក​ក៏​ដោយ ឬ​ជា​គំនិត​វិជ្ជមាន​ដែល​ឆក់​ទាញ​យក​រឿង​វិជ្ជមាន​ចូល​ក្នុង​ជីវិត​ក៏​ដោយ ឬ​ជា​គំនិត​អវិជ្ជមាន​ក៏​ដោយ សុទ្ធតែ​មាន​ប្រភព​កំណើត​ចេញ​មក​ពី​រោងចក្រ​ម៉ាស៊ីន​ខួរក្បាល​នេះ​ទាំងអស់។

ដូច្នេះ បើ​អ្នក​ចំណាយ​ពេល​ជា​រៀងរាល់​ថ្ងៃ​ទៅលើ​ការ​បណ្ដុះ​ពូជ​នូវ​គំនិត​អវិជ្ជមាន តើ​ក្នុង​រយៈពេល​វែង​វា​នឹង​មាន​ផល​ប៉ះពាល់​អ្វីខ្លះ​ដល់​ខួរក្បាល​របស់​អ្នក ? នៅ​ក្នុង​ខួរក្បាល​របស់​អ្នក មាន​តំបន់​មួយ​ឈ្មោះ​ថា amygdala គឺជា​តំបន់​ដែល​ស្តុក​ទុក​នូវ​ការ​ចងចាំ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អារម្មណ៍​អវិជ្ជមាន​របស់​អ្នក ជា​បទពិសោធន៍​ទាំងឡាយ​ណា​ដែល​នាំ​មក​នូវ​អារម្មណ៍​អវិជ្ជមាន។ ប៉ុន្តែ​តំបន់​នេះ​មិន​ត្រឹមតែ​គ្រប់គ្រង​ទៅលើ​អារម្មណ៍​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ឆ្លើយតប​បែប​បន្ទាន់​ភ្លាមៗ​ដូចជា​ពេល​ដែល​អ្នក​ជួប​នឹង​ហេតុការណ៍​គ្រោះថ្នាក់​ផង​ដែរ។

នេះ​គឺជា​ហេតុផល​មួយ​ដែល​បង្ហាញ​អំពី​ទំនាក់ទំនង ដែល​នៅ​ក្នុង​សភាព​តានតឹង រង​សម្ពាធ កើត​ទុក្ខ ស្ត្រេស និង​ភាព​ភ័យខ្លាច មនុស្ស​យើង​នឹង​បាត់បង់​ភាព​ឈ្លាសវៃ​របស់​ខ្លួន​ជាង​មុន។ នៅ​ពេល​គិត​អវិជ្ជមាន ពួកគេ​ច្រើន​តែ​ជ្រើសរើស​ឆ្លើយតប​ចំពោះ​ស្ថានការណ៍​និង​មនុស្ស​ជុំវិញ​ខ្លួន​បែប​បន្ទាន់​ភ្លាមៗ ឬ​អារម្មណ៍​ដឹក​មុខ​នេះ​ឯង។ ការ​មើល​ឃើញ​បែប​សុទិដ្ឋិនិយម​របស់​ពួកគេ​ចំពោះ​អ្វីៗ​ដែល​អាច​ទៅ​រួច ប្រែ​ក្លាយ​ជា​រួម​តូច និង​មាន​ដែន​កំណត់។

សមត្ថភាព​ក្នុង​ការ​គិត​វិភាគ ថ្លឹងថ្លែង​និង​វិនិច្ឆ័យ​ហេតុផល​របស់​ពួកគេ ត្រូវ​បាន​គ្រប​ដណ្ដប់​និង​គ្រប់គ្រង​ដោយ​អារម្មណ៍​អវិជ្ជមាន ហើយ​វា​ថែមទាំង​រំខាន​ដល់​ដំណើរការណ៍​ទទួល​យក​ទិន្នន័យ​ថ្មីៗ​មក​ស្តុក​ទុក​ក្នុង​ការ​ចងចាំ​ផង​ដែរ។ រីឯ​តំបន់​thalamus​របស់​ខួរក្បាល​វិញ មាន​តួនាទី​បញ្ជូន​សញ្ញាណ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ធ្វើ​ចលនា​ទៅ​កាន់​រាងកាយ​ទាំងមូល​របស់​អ្នក។ នៅ​ពេល​អ្នក​គិត​អវិជ្ជមាន ឬ​ស្ថិត​នៅ​ក្នុង​សភាព​ស្ត្រេស តំបន់​នេះ​មិន​អាច​បែងចែក​ដាច់​ពី​ភាព​ខុស​គ្នា​រវាង​អារម្មណ៍​អវិជ្ជមាន​និង​សភាព​គ្រោះថ្នាក់​នោះ​ឡើយ។ នៅ​ពេល​អ្នក​ស្ថិត​នៅ​ក្នុង​សភាព​គ្រោះថ្នាក់ គឺ​តំបន់ thalamus​ នេះ​ឯង​ដែល​បញ្ជូន​សញ្ញាណ​ទៅ​កាន់​រាងកាយ​អ្នក​ឲ្យ​បេះដូង​អ្នក​លោត​ញាប់ ដក​ដង្ហើម​ញាប់​ជាង​មុន សម្ពាធ​ឈាម​ឡើង​ខ្ពស់ និង​បែក​ញើស ហើយ​អ្នក​ក៏​រត់​គេច​ចេញ​នេះ​ឯង។

នៅ​ពេល​វា​មិន​អាច​បែងចែក​បែប​នេះ បើ​អ្នក​គិត​អំពី​អ្វី​ដែល​អ្នក​ភ័យខ្លាច តើ​អ្នក​មាន​ធ្លាប់​ចាប់​អារម្មណ៍​ទេ​ថា រាងកាយ​របស់​អ្នក​ក៏​មាន​ប្រតិកម្ម​នៅ​ក្នុង​សភាព​ដូច​គ្នា​នឹង​ពេល​ជួប​គ្រោះថ្នាក់​ដែរ ? ស្ត្រេស​ម្ដង​ម្កាល គឺជា​រឿង​ធម្មតា​របស់​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​បើ​អ្នក​ទម្លាប់​គិត​បែប​នេះ​ជា​ប្រចាំ ក្នុង​រយៈពេល​វែង​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត​របស់​អ្នក​ក្នុង​ពេល​តែមួយ។ ជា​លទ្ធផល​អ្នក​នឹង​អាច​កើត​ជំងឺ​ផ្លូវចិត្ត បាក់​ទឹកចិត្ត ភាព​មិន​ប្រក្រតី​របស់​អារម្មណ៍​ជាដើម។ ផល​ប៉ះពាល់​ដ៏​ចម្បង​មួយ​ទៀត​ពី​ការ​គិត​អវិជ្ជមាន នោះ​វា​នឹង​ទៅ​បំផ្លាញ​កោសិកា​ណឺរ៉ូន​នៅ​ក្នុង​ខួរក្បាល​អ្នក​ឲ្យ​ងាប់ ដែល​វា​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ស្តុក​ទុក​ទិន្នន័យ​នៅ​ក្នុង​ការ​ចងចាំ​របស់​អ្នក។ ដូច្នេះ​វា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក ជាពិសេស​ការ​ចងចាំ​របស់​អ្នក​នឹង​អន់​ថយ​អាក្រក់​ជាង​មុន៕

ដោយ៖​ ស្រីពៅ

X
5s