ឫសគល់៤យ៉ាង ដែលធ្វើឲ្យមនុស្សសឹងគ្រប់គ្នាមានការគិតលម្អៀង ដោយមិនដឹងខ្លួន
នៅពេលដែលនិយាយអំពីប្រាជ្ញាឈ្លាសវៃ សត្វដែលមានវិចារណញ្ញាណដូចជាមនុស្សយើងនេះ តែងតែឈ្នះពានរង្វាន់លើពពួកសត្វដទៃទៀតទាំងអស់។ ដោយមានខួរក្បាលដ៏ឈ្លាសវៃនិងអាចគិតស្រមៃនូវគំនិតដ៏ស្មុគស្មាញបាន និងជាខួរក្បាលដែលបានបង្កើតនូវស្នាដៃរបស់កំពូលមនុស្សដ៏អស្ចារ្យយ៉ាងច្រើននៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ពួកយើងតែងតែគិតថារូបភាពដែលអ្នករស់នៅជាមួយរាល់ថ្ងៃដោយមានញាណទាំង៥របស់អ្នកជាអ្នកប្រមូលយកព័ត៌មាននេះ គឺជាការពិត។
ប៉ុន្តែ តើអ្នកធ្លាប់កត់សម្គាល់ទេថា ហេតុអ្វីបានជាសត្វបក្សីអាចធ្វើដំណើរបានចម្ងាយជាច្រើនមៃល៍ ហើយអាចត្រឡប់មកកាន់ទីកន្លែងដើមរបស់វាវិញបានដូច្នោះ ? ហេតុអ្វីក៏វាអាចស្គាល់ផ្លូវធ្វើដំណើររបស់វា និងអាចនាំផ្លូវខ្លួនឯងបាន ? ដើម្បីនាំផ្លូវ មនុស្សយើងចាំបាច់ត្រូវប្រើត្រីវិស័យជាឧបករណ៍ជំនួយ។ សមត្ថភាពអស្ចារ្យដែលមនុស្សមិនអាចធ្វើបាន តែសត្វបក្សីអាចធ្វើបាន គឺមកពីសត្វបក្សីមានញាណដែលជាភ្នែកដែលអាចទទួលដឹងពីដែនម៉ាញេទិចរបស់ផែនដីបាន។
ម្យ៉ាងទៀត ហេតុអ្វីច្រមុះមនុស្សមិនមានលក្ខណៈពិសេស ដែលអាចហិតដឹងក្លិនបានចម្ងាយឆ្ងាយដូចច្រមុះសត្វឆ្កែដូច្នោះ ? ចុះហេតុអ្វីភ្នែកមនុស្សមិនអាចមើលឃើញអ្វីនៅក្នុងទីងងឹតដូចភ្នែករបស់សត្វឆ្មារដែរ ? សរុបមកមានន័យថា ញាណរបស់មនុស្ស និងសត្វដទៃទាំងអស់ គឺមានដែនកំណត់របស់វា។ ហើយដែនកំណត់នេះ គឺជាលទ្ធផលមកពីដំណើរវិវឌ្ឍរបស់ប្រភេទសត្វនីមួយៗ ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់ តាំងពីជំនាន់ដំបូងរបស់បុព្វបុរសមកម្ល៉េះ។
រស់នៅក្រោមចក្រវាលតែមួយ រាល់សត្វទាំងអស់រួមទាំងមនុស្សផងដែរ មើលឃើញចក្រវាលតែមួយនេះមិនដូចគ្នានោះឡើយ ការមើលឃើញរបស់សត្វនីមួយៗចំពោះពិភពលោករបស់ពួកគេគឺត្រូវបានកំណត់ដោយដំណើរវិវឌ្ឍនៅក្នុងហ្សែនរបស់សត្វប្រភេទនីមួយៗ ដែលជីវវិទ្យាគេហៅថា ជម្រើសដោយធម្មជាតិ។ មូលហេតុដែលធម្មជាតិជ្រើសឲ្យមនុស្សនិងសត្វមានញាណពិសេសផ្សេងៗពីគ្នា គឺជាគោលដៅនៃការបន្តពូជ និងការរស់រានមានជីវិតប៉ុណ្ណោះ។ ទាំងអ្នកទាំងខ្ញុំ ក៏ដូចគ្នាដែរ។ ពិភពលោកដែលអ្នកមើលឃើញគឺមិនដូចគ្នាជាមួយនឹងពិភពលោកដែលខ្ញុំមើលឃើញនោះឡើយ។ មានក្រុមមនុស្សមួយចំនួន មានហ្សែនខុសពីហ្សែនរបស់មនុស្សទូទៅ ដែលធ្វើឲ្យញាណទាំង៥របស់ពួកគេលាយឡំបញ្ចូលគ្នា ដែលគេហៅថា synesthesia។
ឧទាហរណ៍ថាពួកគេអាចមើលឃើញអក្សរ លេខ ឬឈ្មោះរបស់មនុស្ស មានទំនាក់ទំនងជាមួយញាណផ្សេងទៀតដូចជាក្លិន ពណ៌ ឬរសជាតិជាដើម។ អ្វីៗទាំងអស់នេះបានបង្កប់នូវការពិតមួយថា ពិភពលោកដែលយើងមើលឃើញមិនប្រាកដថាការពិតគឺដូចនឹងអ្វីដែលយើងមើលឃើញមែននោះទេ។ ការមើលឃើញរបស់យើងនិងសត្វផ្សេងទៀតត្រូវបានកំណត់ដោយដំណើរវិវឌ្ឍ ដែលជាជម្រើសដោយធម្មជាតិ។ ដូច្នេះ ការយល់ឃើញរបស់យើង ដែលជាសត្វមានវិចារណញ្ញាណនេះ ក៏មិនមែនមានវិចារណញ្ញាណពិតប្រាកដនោះដែរ ឬក៏អាចថ្លឹងថ្លែងបានសព្វគ្រប់ជ្រុងជ្រោយឥតចន្លោះនោះដែរ។ នរណាម្នាក់ក៏មានភាពលម្អៀងនៅក្នុងការគិតដែរ។ គ្មាននរណាម្នាក់ដែលមានការគិតដ៏បរិសុទ្ធ ឬអាចចែកនំធំមួយទៅមនុស្ស៤នាក់ស្មើគ្នាឥតលម្អៀងនោះឡើយ។ ហេតុអ្វី ?
ភាពលម្អៀងទី១ នៅពេលអ្នកកាន់តែយល់ដឹងអំពីពិភពលោកនេះប៉ុណ្ណា នោះអ្នកនឹងដឹងថាអ្នកនឹងកាន់តែល្ងង់ប៉ុននោះ។ ក្នុងចក្រវាលយើងនេះ អ្វីដែលអ្នកត្រូវដឹងឥតមានដែនកំណត់ ច្រើនហួសប្រមាណ ឥតគណនានោះឡើយ។ បើទោះជាអ្នកអាចរស់នៅអមតមិនចេះស្លាប់ក៏ដោយ ក៏មិនប្រាកដថាអ្នកអាចដឹងសព្វយ៉ាងទាំងអស់ពីអ្វីៗនៅលើលោកនេះដែរ។ តើមនុស្សយើងមានដើមកំណើតកើតចេញពីណា ? តើចក្រវាលនេះកើតឡើងយ៉ាងដូចម្ដេច ? ហេតុអ្វីក៏ខួរក្បាលអ្នកអាចឲ្យអ្នកធ្វើការងារដែលអ្នកធ្វើជាប្រចាំថ្ងៃនេះបានដោយមិនចាំបាច់គិត ? ហេតុអ្វីក៏បែបនេះ ឬបែបនេះ មិនចេះចប់នោះឡើយ។
ភាពលម្អៀងទី២ ទិន្នន័យដែលអ្នកទទួលបានថ្មីៗបន្តបន្ទាប់រហូតមក បង្កបង្កើតជាចំណេះដឹងជារូបភាពធំឲ្យអ្នក ដោយផ្អែកលើចំណេះដឹងចាស់ៗដែលអ្នកមាន ឬជាបទពិសោធន៍ចាស់ៗរបស់អ្នក។ អ្នកបង្កើតទំនាក់ទំនងរវាងទិន្នន័យថ្មីជាមួយទិន្នន័យចាស់ដែលអ្នកមាន និងបង្កើតជារូបភាពធំមួយ ដែលជាចំណេះដឹងរបស់អ្នក។ ប៉ុន្តែ បទពិសោធន៍របស់ម្នាក់ៗមិនដូចគ្នានោះទេ ដូចនេះបើទោះជាខ្ញុំនិងអ្នកទទួលបានទិន្នន័យថ្មីមួយដូចគ្នា ក៏មិនប្រាកដថារូបភាពធំចុងក្រោយឬជាចំណេះដឹងដែលអ្នកទទួលបាន ដូចគ្នាជាមួយខ្ញុំដែរ។ ព្រោះបទពិសោធន៍ជីវិតរបស់យើងម្នាក់ៗមិនដូចគ្នា ដូចនេះការផ្សារភ្ជាប់ទំនាក់ទំនងពីទិន្នន័យថ្មីទៅចាស់ក៏មិនដូចគ្នាដែរ។
ភាពលម្អៀងទី៣ មនុស្សយើងម្នាក់ៗរវល់មមាញឹកជាមួយជីវិតការងារ ជីវិតផ្ទាល់ខ្លួន និងរឿងផ្សេងៗជាច្រើនទៀតដែលត្រូវទទួលខុសត្រូវ។ ដូច្នេះ អ្នកសាកគិតតែប៉ុននេះក៏បានដែរ នៅពេលអ្នកអានសារព័ត៌មាន អ្នកប្រាកដជាមិនអានគ្រប់តែតួអក្សរនោះទេ អ្នកប្រាកដជាអានរំលងតម្រង់យកតែព័ត៌មានណាដែលសំខាន់និងចាំបាច់សម្រាប់ជីវិតនិងសំខាន់សម្រាប់អនាគតអ្នកប៉ុណ្ណោះ។
ភាពលម្អៀងទី៤ចុងក្រោយ គឺថាខួរក្បាលអ្នកមិនអាចស្តុកទុកទិន្នន័យច្រើនរាប់មិនអស់បាននោះឡើយ។ ខួរក្បាលអ្នកមានកោសិកាដែលសម្លាប់ចោលនូវស៊ីណែបណាដែលអ្នកមិនប្រើប្រាស់ដើម្បីបញ្ជូនទិន្នន័យ ដូចជាបើសិនអ្នកមិនប្រើប្រាស់ខួរក្បាលអ្នកដើម្បីនិយាយភាសាចិនទេ នោះកោសិកានេះនឹងសម្លាប់ស៊ីណែបដែលមិនប្រើប្រាស់នេះចោល ពុំនោះទេអ្នកនឹងគ្មានចន្លោះសម្រាប់បញ្ចូលទិន្នន័យថ្មីជាបន្តបន្ទាប់មកទៀតឡើយ។ ភាពលម្អៀងឬជាការពិត៤យ៉ាងនេះ បង្ហាញថាយើងម្នាក់ៗមិនអាចមើលឃើញរូបភាពរួមសព្វគ្រប់ជ្រុងទាំងអស់នោះឡើយ។ ក្រោមដែនកំណត់មួយ យើងគ្រាន់តែអាចប្រៀបធៀបដឹងនេះល្អជាងនោះ និងប្រើប្រាស់ទៅមានប្រយោជន៍សម្រាប់យើងតែប៉ុណ្ណោះឯង។ ប៉ុន្តែការណ៍ដែលយល់ដឹងពីការយល់ឃើញរបស់អ្នកដទៃបានច្រើន ដូចជាតាមរយៈការអាន ការស្ដាប់ជាដើម នឹងអាចពង្រីកការយល់ឃើញរបស់អ្នកឲ្យទូលំទូលាយជាងមុន ហើយការគិតនិងការសម្រេចចិត្តរបស់អ្នកក៏បានល្អជាងមុនដែរ៕
ដោយ៖ ស្រីពៅ