ចំនួនច្រើនរបស់អ្នកគាំទ្រលើគំនិតមួយ មិនមែនសុទ្ធតែបញ្ជាក់ថាគំនិតនេះត្រឹមត្រូវនោះទេ
មិនមែនឲ្យតែផ្អែកទៅលើចំនួនច្រើនរបស់អ្នកគាំទ្រនូវគំនិតមួយ អាចកំណត់បានថាគំនិតមួយនោះគឺត្រឹមត្រូវហើយនោះទេ។ មិនប្រាកដថាថ្នាំឈឺក្បាលមួយប្រភេទអាចព្យាបាលអ្នកជំងឺឈឺក្បាលឲ្យជាគ្រប់គ្នានោះទេ។ ហើយក៏មិនប្រាកដថាមានទ្រព្យសម្បត្តិ មានការងារដែលមានមុខមានមាត់ ដឹងតែជាមនុស្សដែលមានតម្លៃយ៉ាងពិតប្រាកដនោះដែរ។
នៅក្នុងជីវិតយើងគ្រប់គ្នា តែងតែទទួលបាននូវការណែនាំពីអ្នកដទៃឲ្យធ្វើយ៉ាងនេះឬយ៉ាងនោះទើបជោគជ័យ។ ប៉ុន្តែតើពួកគេឲ្យនិយមន័យទៅលើភាពជោគជ័យយ៉ាងដូចម្ដេច ? មនុស្សម្នាក់ៗមានការយល់ឃើញមិនដូចគ្នានោះទេ។ ម្នាក់នេះត្រូវ ក៏មិនមែនមានន័យថាម្នាក់ទៀតនោះខុសដែរ។ ក្នុងចំណោមការយល់ឃើញរបស់មនុស្សម្នាក់ៗសុទ្ធតែអាចត្រូវនៅក្នុងស្ថានការណ៍ផ្សេងៗពីគ្នា។ ហើយក៏គ្មានគោលការណ៍គំនិតណាមួយដែលនឹងត្រូវគ្រប់ស្ថានការណ៍នោះដែរ។ ភាពជោគជ័យសម្រាប់មនុស្សខ្លះគឺជារបស់ខាងក្រៅ ដែលអាចបង្អួតអ្នកដទៃបាន ដើម្បីឲ្យគេគោរពកោតខ្លាច។
រីឯអ្នកខ្លះវិញ ភាពជោគជ័យគឺជាតម្លៃពីខាងក្នុង ដែលសំដៅលើអត្តចរិតខាងក្នុងរបស់បុគ្គលម្នាក់ៗ ដែលជាជោគជ័យនៅក្នុងការយកឈ្នះលើខ្លួនឯង។ ដូច្នេះ វាជាសំណួរដែលអ្នកត្រូវសួរខ្លួនឯង មិនមែនអ្នកដទៃនោះទេ ថាតើអត្ថន័យនៃភាពជោគជ័យសម្រាប់អ្នកគឺជាអ្វី ? ហើយកំណត់គោលដៅដោយមានអត្តសញ្ញាណទាំងនោះជាអ្នកដឹកនាំផ្លូវអ្នកចុះ។ កុំអាងទៅលើសម្ភារៈខាងក្រៅឬអំណាចខាងក្រៅ តែអាងលើខ្លួនឯង តម្លៃខាងក្នុងរបស់ខ្លួនឯង ព្រោះរបស់ខាងក្រៅគង់មានថ្ងៃមួយវានឹងសាបសូន្យមិនខាន។
នៅពេលដែលអ្នកអាងទៅលើវា ការណ៍ដែលវាបាត់បង់ តម្លៃរបស់អ្នកក៏នឹងបាត់បង់ទៅតាមរបស់ទាំងនោះដែរ។ នៅក្នុងសង្គម តែងតែមានចំនួនមនុស្សភាគច្រើនដែលគាំទ្រទៅលើភាពជោគជ័យដែលអាងលើរបស់ខាងក្រៅខ្លួនទាំងនេះ ឯមនុស្សដែលឲ្យតម្លៃមនុស្សដោយផ្អែកលើតម្លៃខាងក្នុងរបស់គេ មានតិចតួចបំផុត។ ប៉ុន្តែទ្រព្យសម្បត្តិច្រើន ការងារខ្ពង់ខ្ពស់ មានគេទទួលស្គាល់មិនធានាថាជីវិតអ្នកមានតម្លៃហើយនោះទេ។ បើគ្រាន់តែចង់បានការទទួលស្គាល់និងការកោតសរសើរពីអ្នកដទៃ ហើយបោះបង់ចោលនូវឧត្ដមគតិរបស់ខ្លួន ឬជាអ្វីដែលខ្លួនយល់ថាត្រឹមត្រូវ នោះគឺចុងក្រោយអ្នកខ្លួនឯងធ្វើបាបខ្លួនឯងនេះហើយ។ ព្រោះចុងក្រោយគឺមានតែអ្នកខ្លួនឯងដែលទៅផ្គាប់ចិត្តគេ ឬធ្វើអ្វីដែលគេភាគច្រើនយល់ថាត្រូវ ដោយមិនបានយកមកគិតវិភាគសារឡើងវិញដោយខ្លួនឯង គឺជាអ្នកដែលត្រូវរស់នៅជាមួយស្ថានភាពដែលខ្លួនឯងមិនពេញចិត្តទាំងនោះ និងបាត់បង់សេចក្ដីសុខរបស់ខ្លួនឯង។
បុគ្គលដែលអាងលើរបស់ខាងក្រៅ ដើម្បីបញ្ជាក់ភស្តុតាងពីតម្លៃរបស់ខ្លួន គឺមកពីគេមិនទុកចិត្តលើតម្លៃខាងក្នុងរបស់ខ្លួនឯងនេះហើយ មកពីគេមិនមានភាពល្អបរិសុទ្ធពីខាងក្នុងទើបពួកគេត្រូវការរបស់ខាងក្រៅដើម្បីអួតអាងឲ្យអ្នកដទៃគេគោរពខ្លួន៕
ដោយ៖ ស្រីពៅ