ទីផ្សារភាគហ៊ុន ទីកន្លែងសម្រាប់ស្វែងរកដើមទុន និងវិនិយោគ
ទីផ្សារភាគហ៊ុនគឺជាទីកន្លែងជួញដូរភាគហ៊ុន ឬប្រព័ន្ធដែលផ្ដល់មធ្យោបាយនៃការធ្វើសំណើរលក់ ផ្ទេរ ឬស្វីការទិញ-លក់ភាគហ៊ុនដែលក្រុមហ៊ុនបោះផ្សាយបានបោះផ្សាយលក់ជាសាធារណៈ។ ភាគហ៊ុន ត្រូវបានជួញដូរដោយការដេញថ្លៃ។ តម្លៃរបស់ភាគហ៊ុនត្រូវបានកំណត់ដោយយន្តការទីផ្សារ ពោលគឺការផ្គត់ផ្គង់ និងតម្រូវការក្នុងទីផ្សារ។
ទីផ្សារភាគហ៊ុន គឺជាសមាសភាគដ៏សំខាន់នៃសេដ្ឋកិច្ចទីផ្សារសេរីដោយវាអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវមូលធនបន្ថែមដោយលក់ចំណែកនៃភាពជាម្ចាស់នៅក្នុងក្រុមហ៊ុនទៅឱ្យវិនិយោគិន។ ទីផ្សារភាគហ៊ុនអាចធ្វើឱ្យចំនួនទឹកប្រាក់បន្តិចបន្តួចក្នុងពេលបច្ចុប្បន្នកើនចំនួនក្នុងពេលអនាគត ពោលគឺអាចធ្វើឱ្យវិនិយោគិនក្លាយជាអ្នកមានទ្រព្យសម្បត្តិ និងមិនចាំបាច់ទទួលយកការប្រឈមក្នុងការចាប់ផ្ដើមអាជីវកម្ម ដោយគ្រាន់តែធ្វើការវិនិយោគជាមួយភាគហ៊ុន។
ទីផ្សារភាគហ៊ុនអនុញ្ញាតឱ្យវិនិយោគិនចូលរួមដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន តាមរយៈភាគហ៊ុនដែលខ្លួនកាន់កាប់។ នៅពេលដែលក្រុមហ៊ុនទទួលបានប្រាក់ចំណេញ វិនិយោគិននឹងទទួលបានចំណែកនៃប្រាក់ចំណេញ តាមរយៈការទទួលភាគលាភដែលក្រុមហ៊ុនបែងចែកជូន។ វិនិយោគិនក៏អាចធ្វើការលក់ភាគហ៊ុននៅពេលដែលភាគហ៊ុនឡើងថ្លៃដើម្បីទទួលបានប្រាក់ចំណេញ/ចំណេញមូលធន។
វិនិយោគិនក៏អាចប្រឈមនឹងការខាតបង់ប្រាក់នៅពេលកាន់កាប់ភាគហ៊ុនដែលកំពុងធ្លាក់ថ្លៃ។ ទីផ្សារភាគហ៊ុនត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗគឺទីផ្សារដំបូង និងទីផ្សារបន្ទាប់។ ទីផ្សារដំបូង គឺជាដំណាក់កាលដែលភាគហ៊ុនត្រូវបានបោះផ្សាយ និងលក់ជាលើកដំបូងតាមរយៈការធ្វើសំណើរទិញ ឬដំណើរការដេញថ្លៃដោយមានការជួយសម្រួលពីក្រុមហ៊ុនធានាទិញមូលបត្រ។
ទីផ្សារបន្ទាប់ គឺជាដំណាក់កាលដែលភាគហ៊ុនត្រូវបានជួញដូរក្នុងចំណោមវិនិយោគិននៅក្នុងទីផ្សារភាគហ៊ុន។ ភាគហ៊ុន ត្រូវបានជួញដូរនៅក្នុងទីផ្សារភាគហ៊ុនជាច្រើន។ ជាក់ស្ដែង នៅសហរដ្ឋអាមេរិកមានទីផ្សារភាគហ៊ុនធំ២ គឺ ទីផ្សារភាគហ៊ុនញូវយ៉ក (The New York Stock Exchange) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៧៩២ និងទីផ្សារភាគហ៊ុន Nasdaq ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១។ សព្វថ្ងៃនេះ ការជួញដូរភាគហ៊ុនភាគច្រើនត្រូវបានធ្វើប្រតិបត្តិការដោយប្រព័ន្ធអេឡិចត្រូនិច និងសូម្បីតែការរក្សាទុកភាគហ៊ុនទៀតសោត គឺក្នុងទម្រង់អេឡិចត្រូនិចស្ទើរទាំងអស់ ពុំមែនជាទម្រង់រឹងដោយប្រើក្រដាសនោះទេ។
នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងក៏មានផ្សារភាគហ៊ុនមួយផងដែរ ដែលមានឈ្មោះជាផ្លូវការថា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange) ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១១ ដោយមានការរួមទុនរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនផ្សារមូលបត្រកូរ៉េ ដែលជាប្រតិបត្តិករទីផ្សារមូលបត្រដ៏ល្បីល្បាញនៅសាធារណរដ្ឋកូរ៉េ៕ អត្ថបទ៖ ណង សេរីវុធ, មន្ត្រីជំនាញនៃការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍ទីផ្សារមូលបត្រ គណៈកម្មការមូលបត្រកម្ពុជា