តើគួរស្វែងរកដំណោះស្រាយបញ្ហាយ៉ាងណា នៅពេលការគិតដូចនឹងសៀវភៅដែលនៅរាយប៉ាយពាសពេញបន្ទប់ ?
សភាពមួយដែលអាចប្រដូចបានទៅនឹងនៅពេលមួយដែលអ្នកចង់ស្វែងរកសៀវភៅមួយក្បាល ដោយមិនដឹងថាជាសៀវភៅអ្វីដែលខ្លួនឯងកំពុងតែចង់រក នៅក្នុងបន្ទប់សៀវភៅមួយដែលសៀវភៅទាំងអស់មិនបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់ នៅរាយប៉ាយពាសពេញបន្ទប់យ៉ាងរញ៉េរញ៉ៃដូច្នោះ។
អ្នកចង់រកសៀវភៅមួយក្បាល ដោយមិនដឹងថាជាសៀវភៅអ្វី។ នៅពេលខ្លះអ្នកអាចនឹងធ្លាប់ស្ថិតនៅក្នុងសភាពបែបនេះ នៅក្នុងខួរក្បាលរបស់អ្នក។ អ្នកចង់ស្វែងរកចម្លើយចំពោះបញ្ហាមួយ នៅពេលការគិតរបស់អ្នកពោរពេញដោយភាពស្មុគស្មាញប្រទាក់ក្រឡា ដោយមិនដឹងថាជាបញ្ហាអ្វីឲ្យប្រាកដដែលខ្លួនឯងកំពុងតែស្វែងរកដំណោះស្រាយ។
នៅពេលនោះខួរក្បាលរបស់អ្នកប្រៀបដូចជាបន្ទប់ដាក់សៀវភៅនោះដូច្នោះ ដែលសៀវភៅប្រៀបបាននឹងការគិតរបស់អ្នក ដែលហោះហើរពាសពេញខួរក្បាលយ៉ាងឥតសណ្ដាប់ធ្នាប់និងរញ៉េរញ៉ៃ។ អ្នកគិតច្រើនក៏ព្រោះតែចង់បានដំណោះស្រាយទៅកាន់បញ្ហាមួយ ដែលមិនដឹងច្បាស់ថាវាជាបញ្ហាអ្វីឲ្យប្រាកដ។ នៅពេលស្ថានការណ៍បែបនេះកើតឡើង វានឹងបង្កជាភាពច្របូកច្របល់និងភាពស្មុគស្មាញដល់អ្នក ហើយវានឹងកាន់តែពិបាកទៅទៀតសម្រាប់ស្វែងរកដំណោះស្រាយ។ ខួរក្បាលដែលពោរពេញដោយភាពរញ៉េរញ៉ៃបែបនេះ មិនអាចឲ្យមនុស្សមើលឃើញការគិតរបស់ខ្លួនក្នុងរូបភាពជាក់លាក់នោះឡើយ។
ការណ៍ស្គាល់ច្បាស់ថាបញ្ហាជាអ្វី វាសំខាន់ជាងការណ៍ស្វែងរកដំណោះស្រាយទៅទៀត។ បើអ្នកមិនទាន់រកឃើញថាបញ្ហារបស់អ្នកជាអ្វីឲ្យច្បាស់ទេ នោះវាកាន់តែមិនអាចទៅរួចទៅទៀតក្នុងការស្វែងរកចម្លើយ។ នៅពេលអ្នកព្យាយាមគិតច្រើនដើម្បីរកចម្លើយទាំងមិនស្គាល់ច្បាស់អ្វីជាបញ្ហា នោះអ្នកនឹងបង្កើតភាពច្របូកច្របល់ឲ្យខ្លួនឯងកាន់តែច្រើនប៉ុននោះ។
ចិត្តច្របូកច្របល់ មិនអាចឲ្យអ្នកសម្រេចការងារអ្វីមានប្រសិទ្ធភាពបាននោះឡើយ។ វានឹងធ្វើឲ្យអ្នកពិបាកក្នុងការប្រមូលអារម្មណ៍មកផ្ចង់ទៅលើកិច្ចការចំពោះមុខ។ ភាពស្មុគស្មាញនឹងធ្វើឲ្យមនុស្សគិតបានខ្លីជាងមុន និងច្រើនតែជ្រើសរើសការឆ្លើយតបចំពោះអ្វីៗនៅជុំវិញខ្លួនដោយប្រើអារម្មណ៍ ដែលប៉ះពាល់ដល់ទំនាក់ទំនងជាមួយអ្នកដទៃនិងសេចក្ដីសុខទាំងមូលក្នុងជីវិតរបស់ពួកគេ។
នៅពេលការគិតពោរពេញដោយភាពច្របូកច្របល់បែបនេះ អ្នកក៏មើលឃើញអ្វីៗនៅក្នុងរូបភាពអវិជ្ជមាន ដូចជាវាមិនអាចទៅរួច ឬទាល់ច្រកហើយ។ ដូច្នេះហើយនៅពេលស្ថិតក្នុងសភាពបែបនេះ អ្នកមិនគួរធ្វើការសម្រេចចិត្តរឿងសំខាន់ៗនៅក្នុងជីវិតឡើយ។ អ្នកគួរតែជម្រះចោលឲ្យស្អាតនូវភាពរញ៉េរញ៉ៃទាំងប៉ុន្មានពីក្នុងខួរក្បាលអ្នក ព្រោះទាល់តែចិត្តអ្នកស្ងប់ទើបអ្នកអាចមើលឃើញអ្វីៗនៅក្នុងរូបភាពច្បាស់លាស់ និងមានការថ្លឹងថ្លែងវិនិច្ឆ័យបានសព្វជ្រុងជ្រោយ។ ចិត្តស្ងប់ក៏ធ្វើឲ្យអ្នកផ្ចង់អារម្មណ៍បានមូលល្អ ដែលអាចឲ្យអ្នកនឹកឃើញនូវគំនិតអ្វីដែលមិនធ្លាប់នឹកគិតដល់ទាល់តែសោះ ហើយវាក៏អាចជាចម្លើយសម្រាប់ដោះស្រាយបញ្ហាអ្នកដែរ។
អ្នកអាចផ្លាស់ប្ដូរបរិយាកាសខ្លួនឯងទៅកន្លែងថ្មីៗ ឬអង្គុយលំហែកាយនៅក្នុងធម្មជាតិ ដែលសម្បូរខ្យល់បរិសុទ្ធ ហើយទុកឲ្យការគិតរបស់អ្នករវើរវាយ ប៉ុន្តែមិនមែនគិតផ្ដោតទៅលើបញ្ហាដែលអ្នកកំពុងតែស្វែងរកដំណោះស្រាយនោះឡើយ។ ចម្លើយអាចរត់មករកអ្នកនៅពេលមួយដែលអ្នកមិនធ្លាប់រំពឹងទុកក៏ថាបានដែរ។ ម្យ៉ាងទៀតការគេងក៏កាន់តែសំខាន់ទៅទៀត។ នៅពេលគេង ទិន្នន័យឥតប្រយោជន៍នឹងត្រូវបានជម្រះចោលពីខួរក្បាល ដូច្នេះនៅពេលក្រោកពីគេងអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយនិងមានការគិតច្បាស់លាស់ជាងមុន៕
ដោយ៖ ស្រីពៅ