ហេតុ​ផល​បួន​យ៉ាង​ដែល​​ធ្វើ​ឱ្យ​សិង្ហបុរី​ជា​ប្រទេស​ទាក់ទាញ​បំផុត​សម្រាប់​អ្នក​វិនិយោគ​



នៅ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍​ ​​ឬ​នៅ​ទូទាំង​ទ្វីប​អាស៊ី​ សិង្ហបុរី​គឺ​ជា​ប្រទេស​ដែល​ទទួល​បាន​ការ​ទាក់ទាញ​បំផុត​​​ ​សម្រាប់​ការ​វិនិយោគ​ និង​វិស័យ​សហគ្រិនភាព។ ​ខាង​ក្រោម​នេះ​ជា​ ហេតុផល​បួន​យ៉ាង​ដែល​ធ្វើ​​ឱ្យ​ប្រទេស​ដែន​កោះ​មួយ​នេះ​មាន​​ភាព​ទាក់ទាញ៖

១) ​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋបាល​មូលដ្ឋាន ​អាជីវកម្ម​ខ្នាត​​តូច​​ភាគ​ច្រើន​​ ​ទទួល​បាន​ការ​ជួយ​គាំទ្រ​ពី​​​ក្រុម​អ្នក​ធ្វើ​នយោបាយ​ (រដ្ឋាភិបាល) របស់​ប្រទេស​នេះ។ ​​រដ្ឋាភិបាល​​បាន​ដាក់​ចេញ​​នូវ​មូលនិធិ​ "សហគ្រិនភាព​ផ្ដោត​លើ​បច្ចេកវិទ្យា (Technopreneurship) នៅ​ឆ្នាំ​១៩៩៩​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ ១​ពាន់​លាន​ដុល្លារ​ ​ដែល​ទឹក​ប្រាក់​ប្រហែល​ ២​លាន​ដុល្លារ​បាន​ធ្លាក់​ដល់​ដៃ​ក្រុមហ៊ុន​​នី​មួយ​ៗ។ មក​ដល់​ឆ្នាំ​២០១៣​ ​អនុ​នាយក​រដ្ឋមន្ត្រី​​សិង្ហបុរី​បាន​ប្រកាស​​​បន្ថែម​​ទឹក​ប្រាក់​ ៥០​លាន​ដុល្លារ​ដើម្បី​​គាំទ្រ​ដល់​ក្រុមហ៊ុន​​ថ្មី​ក្នុង​ស្រុក។ ​និយាយ​ដោយ​ខ្លី​ ​រដ្ឋាភិបាល​សិង្ហបុរី​​បាន​និង​កំពុង​គាំទ្រ​ដល់​​ក្រុមហ៊ុន​បង្កើត​ថ្មី​ទាំង​បែប​បទ​គតិយុត្តិ​ និង​ថវិកា។

២) ឱកាស​ដ៏​សម្បូរ​បែប​ ​​​ការ​វិនិយោគ​​​​ដល់​ការ​ដោះស្រាយ​​បញ្ហា​សហគមន៍​ គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​មែន​ទែន​ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ផង​ដែរ។ ​ការ​វិនិយោគ​​​ទៅ​លើ​វិស័យ​អប់រំ​ គ្រប់គ្រង​សន្និធិ​ ​សុខភាព​ ​គឺ​ស្ថិត​នៅ​ក្នុង​វិស័យ​ដែល​មាន​សក្ដានុពល។​​នេះ​បើ​តាម​ការ​​អះអាង​របស់​អ្នក​ជំនាញ​ផ្នែក​សហគ្រិន​ភាព​ និង​ហិរញ្ញវត្ថុ​ លោក​ Kuo-Yi Lim។

៣) អត្រា​​អ្នក​ប្រើ​ទូរស័ព្ទ​ និង​​អ៊ីនធឺណិត​​ច្រើន​លើស​លប់​ ៩០%​នៃ​​ប្រជាជន​សិង្ហបុរី​គឺ​ប្រើ​ប្រាស់​ទូរស័ព្ទ​ ​ដែល​​ជា​ចំនួន​ច្រើន​​ជាង​គេ​បំផុត​នៅ​ទ្វីប​អាស៊ី។ ​ទីផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ (e-commerce) បើ​បូក​បញ្ចូល​គ្នា​រវាង​ម៉ាឡេស៊ី​ និង​សិង្ហបុរី​ គឺ​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​ចំនួន​សរុប​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បើ​ទោះ​បី​ជា​ចំនួន​ជាក់​ស្ដែង​គឺ​ស្មើ​​ប្រមាណ​តែ​ ៨​%​ក៏​ដោយ។

៤) ​ក្រុមហ៊ុន​​មូលធន​ចាប់​អារម្មណ៍​ច្រើន ក្រុមហ៊ុន​មូលធន​ធំ​ៗ​ដែល​​ជំរុញ​ឱ្យ​មាន​ការ​​រក​ស៊ី​កាន់​តែ​សម្បូរ​បែប​​ គឺ​មាន​ច្រើន​នៅ​ប្រទេស​សិង្ហបុរី។​ ក្រុមហ៊ុន​ទាំង​នេះ​ជា​ប្រភព​ទុន​នៃ​បណ្ដា​ក្រុមហ៊ុន​ផ្សេង​ទៀត​ ហើយ​ជា​ផ្នែក​មួយ​ដែល​​ទាក់ទាញ​ការ​វិនិយោគ​ច្រើន​ផង​ដែរ៕​

ដោយ​៖ រតនៈ​វិភូ

X
5s