តើក្មេងដែលលូតលាស់ចេញពីមជ្ឈដ្ឋានដែលបង្រៀនពួកគេឲ្យស្វែងរកភាពល្អឥតខ្ចោះនឹងទទួលរងឥទ្ធិពលអ្វីខ្លះ ?​



ការណ៍​ដែល​អ្នក​ព្យាយាម​ស្វែងរក​ភាព​ល្អឥតខ្ចោះ​សម្រាប់​ខ្លួនឯង នោះ​វា​ប្រៀប​បាន​ទៅ​នឹង​ការណ៍​ដែល​អ្នក​យក​កាំបិត​មក​ចាក់​ខ្លួនឯង​ដូច្នោះ។ ភាព​ល្អឥតខ្ចោះ​គឺជា​រូបភាព​ដែល​ល្អ​មើល​សម្បក​ខាងក្រៅ តែ​បង្កប់​នូវ​អត្ថន័យ​គ្រោះថ្នាក់។ នៅ​លើ​លោក​នេះ​គ្មាន​ឡើយ​ភាព​ល្អឥតខ្ចោះ ហើយ​ក៏​គ្មាន​ដែរ​អ្នក​ដែល​ចេះ​សព្វ​គ្រប់យ៉ាង​ទាំងអស់។ បើ​អ្នក​ចង់​បាន​ភាព​ល្អឥតខ្ចោះ អ្នក​អាច​ទទួល​បាន​ដោយ​កុំ​ធ្វើអ្វី​ទាល់តែ​សោះ​ពេញ​មួយ​ឆាក​ជីវិត​អ្នក។

បើ​អ្នក​សាកល្បង​ធ្វើអ្វី​មួយ ទាំង​អ្នក​ទាំង​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​កំហុស​ដូច​គ្នា ព្រោះ​ជីវិត​គឺជា​ការ​រៀន​សូត្រ។ នេះ​ហើយ​គឺជា​ចំណុច​ចាប់ផ្ដើម​របស់​រាល់​ចំណេះដឹង​ទាំងឡាយ។ គ្រួសារ​គឺជា​ពំនឹង​ផ្អែក​ដ៏​កក់ក្ដៅ​បំផុត ដែល​ក្មេងៗ​អាច​ជឿ​ទុកចិត្ត​បាន ជាពិសេស​គឺ​ឪពុក​ម្ដាយ​នេះ​ឯង។ នៅ​ពេល​ឪពុក​ម្ដាយ​ទាមទារ​នូវ​ភាព​ល្អឥតខ្ចោះ​ពី​ពួកគេ ដាក់​ការ​រំពឹង​ខ្ពស់​ដោយ​ធ្វើ​យ៉ាងណា​ដើម្បី​រៀន​ឲ្យ​បាន​និទ្ទេស​ល្អ ពិន្ទុ​ខ្ពស់ ពូកែ​គ្រប់​រឿងរ៉ាវ​ទាំងអស់ និង​តែងតែ​ស្ដី​បន្ទោស​ពួកគេ​នៅ​ពេល​សាង​កំហុស​ឬ​ធ្វើ​នូវ​អ្វី​ដែល​មិន​ដូច​នឹង​ការ​កំណត់​ទុក នោះ​ក្មេង​ដែល​ប្រឈម​នឹង​ស្ថានការណ៍​ជុំវិញ​ខ្លួន​បែប​នេះ នឹង​លូតលាស់​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ​ពិភពលោក​ជា​កន្លែង​ដ៏​គួរ​ឲ្យ​ខ្លាច ការ​មើល​ឃើញ​របស់​ក្មេង​នេះ​ចំពោះ​កំហុស​តែ​ម្ដង​ពីរ​ដង​ប្រៀប​បាន​នឹង​ការ​បរាជ័យ​អស់​មួយ​ជីវិត​មិន​អាច​កែប្រែ​បាន​ដូច្នោះ។

ការ​គិត​របស់​ពួកគេ​មិន​សូវ​មើល​ឃើញ​បាន​ទូលំទូលាយ ស៊ីជម្រៅ និង​វែង​ឆ្ងាយ។ ពួកគេ​មើល​ឃើញ​ជម្រើស​សម្រាប់​ដើរ​ឆ្ពោះ​ទៅ​សម្រេច​គោលដៅ យ៉ាង​មាន​ដែន​កំណត់​បំផុត។ បើ​ជម្រើស​ទី​១​មិន​ដំណើរការណ៍​សម្រាប់​ពួកគេ នោះ​មានន័យ​ថា​ពួកគេ​ត្រូវ​ទទួល​យក​វាសនា​កំណត់​មក​បែប​នេះ​ហើយ គ្មាន​ជម្រើស​ណា​ផ្សេង​នោះ​ឡើយ។ នៅ​ពេល​សង្គម​គ្រួសារ​និង​សាលា​បង្រៀន​ឲ្យ​ពួកគេ​ស្វែងរក​ភាព​ល្អឥតខ្ចោះ និង​ស្ដី​បន្ទោស​នូវ​រាល់​កំហុស​ឬ​ភាព​ខ្ចោះ​ទាំងឡាយ​របស់​ពួកគេ នោះ​ពួកគេ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​បាត់បង់​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង។ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៅ​ទៀត ពួកគេ​នឹង​លាក់​ទុក​នូវ​បញ្ហា​ពិបាក​ទាំងអស់​នៅ​ក្នុង​ចិត្ត និង​មិន​បញ្ចេញ​ប្រាប់​ទៅ​កាន់​ក្រុម​គ្រួសារ​ឡើយ នេះ​ក៏​ព្រោះ​តែ​លទ្ធផល​គឺ​មាន​តែ​ជា​ការ​ស្ដីបន្ទោស។

ក្នុង​រយៈពេល​វែង ក្មេង​នេះ​នឹង​រស់នៅ​ក្រោម​សម្ពាធ​ធ្ងន់ធ្ងរ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ហើយ​សម្ពាធ​និង​ស្ត្រេស​ឥត​ឈប់ឈរ​នេះ​នឹង​បង្ក​ជា​រោគ​ផ្លូវចិត្ត​ដល់​ពួកគេ។ បើ​កាលណា​មាន​រោគ​ផ្លូវ​ចិត្ត​ហើយ​វា​នឹង​ប៉ះពាល់​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត​របស់​ពួកគេ ជាពិសេស​គឺជា​សេចក្ដី​សុខ​ពួកគេ​នេះ​ឯង។ នៅ​ពេល​ទទួល​រង​សម្ពាធ​ឲ្យ​ស្វែងរក​ភាព​ល្អឥតខ្ចោះ ពួកគេ​បាត់បង់​ជំនឿ​លើ​ខ្លួនឯង មិន​ហ៊ាន​ធ្វើ​នេះ មិន​ហ៊ាន​ធ្វើ​នោះ ព្រោះ​ខ្លាច​កំហុស ខ្លាច​ការ​ស្ដី​បន្ទោស ខ្លាច​ការ​មិន​ទទួល​ស្គាល់​ពី​សង្គម​ដែល​ស្គាល់​តែ​ភាព​ល្អឥតខ្ចោះ។ នេះ​មានន័យ​ថា​ពួកគេ​រស់នៅ​ជាមួយ​ភាព​ក្លែងក្លាយ កុហក​អារម្មណ៍​ខ្លួនឯង បង្វែង​ខ្លួនឯង​ពី​ការ​ពិត ឬ​អ្វី​ដែល​ខ្លួនឯង​ចង់​បាន​ពិត​ប្រាកដ ក៏​ដើម្បី​តែ​ផ្គាប់​ចិត្ត​មនុស្ស​ជុំវិញ​ខ្លួន។ សូម្បី​តែ​ផ្កា​ក៏​វា​ត្រូវការ​លក្ខខ័ណ្ឌ​ខុសៗ​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា​ដើម្បី​លូតលាស់​ចេញ​ផ្លែផ្កា​បាន​ល្អ​ដែរ ហេតុអី​មនុស្ស​មិន​ត្រូវការ​លក្ខខ័ណ្ឌ​របស់​ខ្លួន​ដែរ?

បើ​ក្នុង​នាម​ជា​អ្នក​ដាំដុះ​ផ្កា អ្នក​យល់​ថា​តើ​លក្ខខ័ណ្ឌ​បែប​ណា​ទើប​ផ្កា​នេះ​អាច​លូតលាស់​ល្អ​បាន ដោយ​មិន​ចេះ​តែ​ដាំដុះ​តាម​តែ​ចិត្ត​ចង់​របស់​ខ្លួន នោះ​វា​នឹង​លូតលាស់​បាន​ល្អ​ដោយ​ខ្លួន​វា​មិនខាន។ ដូច​គ្នា​ដែរ ក្មេងៗ​ដែល​តែងតែ​ត្រូវការ​ភាព​កក់ក្ដៅ​ពី​អ្នក​និង​សេចក្ដី​ស្រឡាញ់​អាណិត​មេត្តា​ដល់​ពួកគេ ក៏​ត្រូវការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ឲ្យ​ពួកគេ​មើល​ឃើញ​កំហុស​ជា​ការ​រៀន​សូត្រ​អភិវឌ្ឍ​ខ្លួន​ដើម្បី​កែប្រែ​អ្វីៗ​ឲ្យ​ល្អ​ប្រសើរ​វិញ ជាជាង​ទទួល​រង​សម្ពាធ​ពី​ការ​ស្ដី​បន្ទោស​របស់​អ្នក៕

ដោយ៖ ស្រីពៅ

X
5s