ខួរក្បាលរបស់អ្នកមាន «ប៊ូតុងសម្រាប់ចុចលុបចោលទិន្នន័យ» តើធ្វើបែបណាដើម្បីទាញយកប្រយោជន៍​ពី​វាបាន?​



កោសិកា​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​មាន​ប៊ូតុង​ពីរ ដែល​មួយ​សម្រាប់​ពង្រឹង​ចំណង​ទំនាក់ទំនង​រវាង​ណឺរ៉ូន​មួយ​ទៅ​ ណឺរ៉ូន​ដទៃ​ទៀត ដែល​គេ​ហៅ​ចំណង​នេះ​ថា ស៊ីណែប និង​មួយ​ទៀត​សម្រាប់​លុប​ចោល​នូវ​ស៊ីណែប​មួយ​ចំនួន​ចេញ។ ស៊ីណែប​នេះ​ឯង​ដែល​ជា​ផ្លូវ​ធ្វើ​ដំណើរ​របស់​ទិន្នន័យ​ទាំងឡាយ​ដែល​អ្នក​បញ្ជូន​មក។

ខួរក្បាល​របស់​អ្នក​ក៏​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ដែរ​ពី​អង្គ​ចងចាំ​ស្តុក​ទុក​ទិន្នន័យ​ ៨GB ហេតុនេះ​ហើយ​វា​ត្រូវតែ​ជម្រះ​ចោល​នូវ​ស៊ីណែប​មួយ​ចំនួន​ចោល​ដើម្បី​អាច​ឲ្យ​អ្នក​ស្តុក​ទុក​ទិន្នន័យ​ថ្មីៗ​បន្តបន្ទាប់​ទៀត។ ធម្មជាតិ​ដែល​កោសិកា​ក្នុង​ខួរក្បាល​មាន​ប៊ូតុង​ចុច​លុប​ចោល​អាច​ជា​រឿង​មិន​ល្អ ប៉ុន្តែ​តើ​យើង​អាច​ទាញ​យក​ប្រយោជន៍​ពី​ធម្មជាតិ​នេះ​យ៉ាង​ដូចម្ដេច​វិញ ?

អ្នក​អាច​នឹង​ឆ្ងល់​ថា ហេតុអ្វី​ក៏​ខួរក្បាល​មនុស្ស​យើង​ចាំបាច់​ត្រូវ​មាន​ប៊ូតុង​ចុច​លុប​ចោល​នូវ​ស៊ីណែប​ដែល​ស្តុក​ទុក​ទិន្នន័យ​ចងចាំ​ទាំងឡាយ​របស់​អ្នក​ដូច្នោះ ? នេះ​ក៏​ព្រោះ​តែ​ខួរក្បាល​មនុស្ស​ប្រៀប​ដូចជា​អង្គ​ចងចាំ​ស្តុក​ទុក​ទិន្នន័យ​៨GB​នេះ​ឯង។ វា​មាន​ដែន​កំណត់ ដូច្នេះ​ហើយ​វា​ត្រូវតែ​លុប​ចោល​នូវ​ស៊ីណែប​ណា​ដែល​ឥត​បាន​ការ ដើម្បី​អាច​ទុក​ចន្លោះ​ទំនេរ​នៅ​សល់​ឲ្យ​អ្នក​រៀន​សូត្រ​បញ្ចូល​ទិន្នន័យ​ថ្មីៗ​មក​ទៀត​បាន។ ប៉ុន្តែ​តើ​កោសិកា​ទាំងនោះ​អាច​ដឹង​យ៉ាង​ដូចម្ដេច​បាន​ថា​តើ​ស៊ីណែប​ណា​ដែល​ត្រូវ​លុប​ចោល​ឬ​សម្លាប់​ចោល ? ស៊ីណែប​ដែល​មិន​សូវ​ប្រើប្រាស់ ឬ​ជា​ទិន្នន័យ​ទាំងឡាយ​ណា​ដែល​អ្នក​បាន​ស្តុក​ទុក​ហើយ​ប៉ុន្តែ​មិន​សូវ​យក​វា​មក​ប្រើប្រាស់​ឡើង​វិញ ឬ​គិត​វា​ឡើង​វិញ ឬ​ហ្វឹកហាត់​វា​ឡើង​វិញ នោះ​ស៊ីណែប​ទាំងនេះ​នឹង​ត្រូវ​បាន​កំណត់​សម្គាល់​ដោយ​ប្រូតេអ៊ីន។

នៅ​ពេល​កោសិកា​ឃើញ​សញ្ញា​ដែល​ប្រូតេអ៊ីន​មាន​នៅ​លើ​ស៊ីណែប​ឥត​បាន​ការ​ទាំងនោះ​ហើយ កោសិកា​រួម​គ្នា​ជាមួយ​ប្រូតេអ៊ីន​សម្លាប់​ចោល​នូវ​ស៊ីណែប​ទាំងនោះ ឬ​ជម្រះ​វា​ចេញ​ពី​ខួរក្បាល​អ្នក នោះ​វា​នឹង​ទុក​ចន្លោះ​ទំនេរ​សម្រាប់​ទិន្នន័យ​ថ្មីៗ។ តើ​ធ្វើ​បែប​ណា​ទើប​អាច​ទាញ​យក​ប្រយោជន៍​ពី​ធម្មជាតិ​របស់​ប៊ូតុង​ចុច​លុប​ចោល​នេះ​បាន ? ចម្លើយ​ដ៏​សាមញ្ញ​បំផុត​គឺជា​មូលហេតុ​ដែល​មនុស្ស​ចាំបាច់​ត្រូវការ​ការ​គេង​នេះ​ឯង។ នៅ​ពេល​អ្នក​បង្ខំ​ស្តុក​ទុក​ទិន្នន័យ​ដ៏​ច្រើន​លើសលប់​នៅ​ក្នុង​ខួរក្បាល​៨GB​របស់​អ្នក នោះ​វា​នឹង​លើស​សមត្ថភាព​របស់​វា ដែល​ធ្វើឲ្យ​ការ​ចងចាំ​របស់​អ្នក​មិន​សូវ​មាន​ប្រសិទ្ធភាព​នៅ​ពេល​ត្រូវការ​វា​យក​មក​ប្រើប្រាស់​ឡើង​វិញ។ នៅ​ពេល​អ្នក​បញ្ចូល​ទិន្នន័យ​ថ្មីៗ ស៊ីណែប​នឹង​បង្កើត​ថ្មីៗ​បន្ត​បន្ទាប់​ដែរ សម្រាប់​ឲ្យ​អ្នក​ស្តុក​ទុក​ទិន្នន័យ​ទាំងនោះ។

ប៉ុន្តែ​ទិន្នន័យ​ទើប​តែ​បញ្ចូល​មក​ថ្មីៗ​ដំបូង​ស្ថិត​នៅ​ក្នុង​សភាព​ទន់​ខ្សោយ​នៅ​ឡើយ ទាល់តែ​អ្នក​បាន​គេង ដែល​ការ​គេង​នេះ​ឯង​គឺជា​ដំណើរការណ៍​ជួសជុល​កោសិកា​របស់​អ្នក ជម្រះ​ចោល​នូវ​ស៊ីណែប​ឥត​បាន​ការ​ចេញ រុញ​ទិន្នន័យ​ថ្មីៗ​ទាំងនោះ​ទៅ​ក្នុង​ផ្នែក​ដែល​មាន​សុវត្ថិភាព​ឬ​ជា​ផ្នែក​ដែល​ការ​ចងចាំ​រយៈពេល​វែង​របស់​អ្នក​ស្ថិត​នៅ។ នៅ​ពេល​នោះ អង្គ​ចងចាំ​ស្តុក​ទិន្នន័យ​បណ្ដោះ​អាសន្ន​របស់​អ្នក​នឹង​ស្រឡះ​ទំនេរ ដែល​ធ្វើឲ្យ​ទិន្នន័យ​បញ្ចូល​ថ្មីៗ​នឹង​មាន​ប្រសិទ្ធភាព​នៅ​ពេល​យក​មក​ប្រើប្រាស់​ពេល​ក្រោយ។

នៅ​ពេល​អ្នក​មាន​ប៊ូតុង​ចុច​លុប​ចោល​នេះ អ្នក​អាច​ប្រើប្រាស់​វា​សម្រាប់​លុប​ចោល​នូវ​ទិន្នន័យ​ទាំងឡាយ​ណា​ដែល​មិន​ចង់​ឲ្យ​ស្តុក​ទុក​ក្នុង​ខួរក្បាល​អ្នក​បាន ហើយ​ព្យាយាម​ហ្វឹកហាត់​យក​ទិន្នន័យ​ណា​ដែល​អ្នក​ចង់​ចងចាំ​មក​ប្រើប្រាស់​ឲ្យ​បាន​ញឹកញាប់ កាន់តែ​ប្រើប្រាស់​ប៉ុណ្ណា​នោះ​ស៊ីណែប​ដែល​ទទួល​បន្ទុក​បញ្ជូន​ទិន្នន័យ​មួយ​នោះ​ក៏​នឹង​កាន់តែ​រឹងមាំ​ដូច​គ្នា​ដែរ។ ដូច្នេះ​ហើយ​ទើប​មាន​ពាក្យ​មួយ​តែង​ពោល​ថា៖ "ការ​ហ្វឹកហាត់​បង្កើត​នូវ​ភាព​ល្អឥតខ្ចោះ"

អាញស្តាញ​ធ្លាប់​ពោល​ពាក្យ​មួយ​ថា៖ "ចំណេះដឹង​ត្រូវ​មាន​ការ​ពិនិត្យ​ពិច័យ​ជាប់​ជា​ប្រចាំ​ដោយ​មិន​មាន​ការ​ធុញទ្រាន់ ទើប​អាច​រក្សា​បែប​ផែន​នៃ​ការ​រៀន​សូត្រ​បាន ពុំ​នោះ​ទេ​វា​ប្រៀប​បាន​ទៅ​នឹង​វត្ថុ​អនុស្សាវរីយ៍​នៅ​កណ្ដាល​សមុទ្រ​ខ្សាច់ ដែល​ត្រូវ​សមុទ្រ​ខ្សាច់​កប់​បន្តិច​ម្ដងៗ​ជា​រៀងរាល់ថ្ងៃ។ ហេតុនេះ​គេ​ត្រូវ​ដុសខាត់​ជា​បន្តបន្ទាប់ ទើប​វត្ថុ​អនុស្សាវរីយ៍​ទាំងនោះ​ភ្លឺ​រលោង​ចែងចាំង​គួរ​ជាទី​គយគន់​បាន រីឯ​ចិត្ត​គំនិត​របស់​យើង​ក៏​ដូច្នោះ​ដែរ គឺ​ត្រូវ​តែ​ដុសខាត់​ជា​រៀងរាល់ថ្ងៃ"

ដោយ៖ ស្រីពៅ​

X
5s