តិចនិកក្នុងការរៀបចំប្រវត្តិរូបការងារឲ្យបានល្អបើទោះបីជាអ្នកគ្មានបទពិសោធន៍ការងារក៏ដោយ
ការរៀបចំប្រវត្តិរូបការងារឲ្យមានភាពទាក់ទាញគឺជារឿងសំខាន់ខ្លាំងណាស់ព្រោះនេះជាអ្វីដែលអ្នកចង់ឲ្យអ្នកដទៃស្គាល់ពីអ្នក។ ប៉ុន្តែ ដើម្បីរៀបចំប្រវត្តិរូបការងារឲ្យបានល្អគឺមានការលំបាកតិចតួច ហើយវាកាន់តែលំបាកសម្រាប់អ្នកដែលដាក់ពាក្យធ្វើការលើកដំបូងឬអ្នកដែលគ្មានបទពិសោធន៍ការងារសោះ។ ដូច្នេះហើយ អត្ថបទថ្ងៃនេះនឹងនាំយកនូវគន្លឹះដែលជួយឲ្យប្រវត្តិរូបការងាររបស់អ្នកកាន់តែមានភាពទាក់ទាញបើទោះបីជាអ្នកគ្មានបទពិសោធន៍ការងារក៏ដោយ៖
១) ងាយស្រួលក្នុងការអាន៖ នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវ អ្នកទទួលបន្ទុកជ្រើសរើសបុគ្គលិកថ្មីចំណាយពេលត្រឹមតែ៦វិនាទីប៉ុណ្ណោះក្នុងការអានប្រវត្តិរូបការងាររបស់បេក្ខជន។ ដូច្នេះហើយ វាមានសារៈសំខាន់សម្រាប់អ្នកក្នុងការបង្ហាញព័ត៌មានសំខាន់ៗដែលអ្នកចង់ប្រាប់ទៅកាន់អ្នកទទួលបន្ទុកជ្រើសរើសបុគ្គលិក។ ហើយវិធីតែម៉្យាងដែលជួយឲ្យពួកគាត់បានឃើញព័ត៌មានក្នុងរយៈពេលខ្លីបានគឺអ្នកត្រូវចេះជម្រើសម៉ូតនិងទំហំអក្សរដែលងាយស្រួលនិងធំគ្រប់គ្រាន់ក្នុងការអាន។
២) កំណត់គោលដៅឲ្យបានច្បាស់៖ បើទោះបីជាអ្នកគ្មានបទពិសោធន៍ការងារក៏ដោយ នោះមិនមានន័យថាអ្នកគ្មានសមត្ថភាពក្នុងការធ្វើការនោះទេ។ ដូច្នេះហើយ ដើម្បីបញ្ចុះបញ្ចូលនិងបង្ហាញថាអ្នកជាមនុស្សដែលមានការតាំងចិត្តនិងមានគោលដៅក្នុងជីវិត អ្នកត្រូវប្រាប់ដល់និយោជកអំពីក្ដីសុបិនដែលអ្នកមាន។ ម៉្យាងវិញទៀត អ្នកក៏គួរតែប្រាប់ពីការសិក្សារបស់អ្នកដែលត្រូវនឹងមុខតំណែងការងារដែលអ្នកចាប់អារម្មណ៍ផងដែរ។
៣) បង្ហាញពីចំណុចខ្លាំងរបស់អ្នក៖ ប្រវត្តិរូបការងារដែលល្អមិនអាស្រ័យទៅលើបទពិសោធន៍ច្រើននោះទេ។ កុំគិតថាអ្នកចាំបាច់ត្រូវមានការងារទើបអ្នកអាចបង្ហាញពីភាពខ្លាំងឬសមត្ថភាពរបស់អ្នកបាន។ សម្រាប់អ្នកដែលគ្មានបទពិសោធន៍ការងារ អ្នកអាចរៀបរាប់អំពីស្នាដៃដែលអ្នកធ្លាប់មាននៅសាលាបាន។ ឧទាហរណ៍ថាអ្នករៀនបានចំណាត់ថ្នាក់ទី១ អ្នកជាមនុស្សដែលមិត្តភ័ក្ដិពឹងពាក់ឲ្យជួយពន្យល់មេរៀនរាល់ពេលដែលពួកគេមិនយល់ជាដ់ើម។ នេះនឹងជួយអ្នកមើលទៅជាបេក្ខជនដែលលេចធ្លោ។
៤) អ្នកដែលផ្តល់ព័ត៌មានបន្ថែមអំពីអ្នក៖ មនុស្សមួយចំនួនយល់ច្រឡំថាអ្នកអះអាងចាំបាច់ត្រូវតែជាថៅកែចាស់របស់ពួកគេ។ នេះមិនត្រឹមត្រូវនោះទេ។ អ្នកអះអាងគឺជាមនុស្សដែលថៅកែថ្មីរបស់អ្នកអាចទាក់ទងសាកសួរថាតើអ្នកជាមនុស្សបែបណា។ល។ ដូច្នេះហើយ សម្រាប់អ្នកដែលមិនធ្លាប់ធ្វើការសោះ អ្នកអាចដាក់គ្រូរបស់អ្នកជាអ្នកផ្តល់ព័ត៌មានបន្ថែមអំពីអ្នកបាន៕
ប្រែសម្រួល៖ អឹុង មុយយូ ប្រភព៖ lifehack.org