តើជោគវាសនាជីវិតអ្នកត្រូវបានចារទុកដោយហ្សែនពីជំនាន់មុនរបស់អ្នកមែនឬ ?​



ចំណេះដឹង​គឺជា​អំណាច ខ្វះ​ការ​យល់​ដឹង​នាំ​ឲ្យ​បាត់បង់​នូវ​អំណាច អំណាច​ជា​ម្ចាស់​គ្រប់គ្រង​ទៅលើ​ជីវិត​របស់​ខ្លួនឯង។ តើ​ជោគវាសនា​ជីវិត​អ្នក​ត្រូវ​បាន​ចារទុក​ដោយ​អ្វី​ដែល​ជំនាន់​មុន​របស់​គ្រួសារ​អ្នក​បន្សល់​ទុក​ឲ្យ ដែល​ជា​ហ្សែន​នេះ ដោយ​មិន​អាច​កែប្រែ​បាន​មែន​ឬ ? តើ​អំណាច​ជា​ម្ចាស់​កំណត់​វាសនា​ជីវិត​ត្រូវ​ស្ថិត​នៅ​ក្រោម​ហ្សែន​ដែល​គ្រប់គ្រង​ទៅលើ​រូបរាង​កាយ​និង​អត្តចរិត​អ្នក​ឬ ? បើ​ជំនាន់​មុន​របស់​អ្នក​មាន​អ្នក​កើត​ជំងឺ​មហារីក​និង​មាន​អត្តចរិត​ឃោរឃៅ ដូច្នេះ​តើ​អ្នក​នឹង​បន្ត​កេរ្តិ៍មរតក​ដែល​បន្សល់​ពី​ពួកគេ​មក ដោយ​មិន​អាច​ចៀស​ផុត​ឬ ?

កោសិកា​ប្រមាណ​ពី​៥០​ទៅ​៦៥​ពាន់​ពាន់​លាន បង្ក​ឡើង​នូវ​ជីវិត​របស់​មនុស្ស។ បើ​អ្នក​ចង់​ដឹង​ថា​តើ​កោសិកា​ដ៏​ច្រើន​មហិមា​នេះ​មាន​ទំហំ​ប៉ុណ្ណា​ទើប​អាច​នៅ​ក្នុង​ខ្លួន​អ្នក​បាន ដូច្នេះ​អ្នក​អាច​ស្រមៃ​១​មីលីម៉ែត្រ​នៅ​លើ​បន្ទាត់​ក្រិត ហើយ​យក​ទំហំ​ដ៏​តូច​ជាងគេ​នេះ​ចែក​ជា​១០០​ប្រឡោះ​បន្ត​ទៀត ១​ប្រឡោះ​ដែល​អ្នក​បាន​ចែក​នេះ​ហើយ​គឺជា​១​អង្កត់ផ្ចិត​របស់​កោសិកា​នៅ​ក្នុង​ខ្លួន​អ្នក។ នៅ​ក្នុង​កោសិកា​នីមួយៗ មាន​ណ្វៃយ៉ូ​របស់​វា​មួយ​ស្ថិត​នៅ​ចំ​កណ្ដាល។ នៅ​ក្នុង​ណ្វៃយ៉ូ​នេះ​ទៅ​ទៀត​បង្ក​ឡើង​ដោយ​ហ្សែន​និងDNA។ DNA មក​ពី​ពាក្យ​ពេញ​របស់​អង់គ្លេស Deoxyribonucleic Acid (អាស៊ីត​ដេអុកស៊ីរីបូនុយក្លេអិច) ដែល​បង្ក​ឡើង​ដោយ​បាស​ចំនួន​៤ ដែល​តាង​ដោយA,T,C,G

បាសA​គូ​ជាមួយ​បាសT រីឯ​បាសC​គូ​ជាមួយ​បាសG។ ទម្រង់​ដែល​បាស​១​គូៗ​បំពេញ​គ្នា អាច​ប្រដូច​នឹង​ប្រឡោះ​កាំជណ្ដើរ​១​កាំៗ​ដូច្នោះ។ ម្យ៉ាងទៀត បាស​ប្រភេទ​នីមួយៗ​នេះ​ទៅ​ទៀត ភ្ជាប់​ខ្លួន​វា​ទៅ​នឹង​ស្ករ​ដេអុកស៊ីរីបូស និង​អាស៊ីត​ផូស្វ័រិច។ គេ​ហៅ​ធាតុ​ផ្សំ​បញ្ចូល​គ្នា​ទាំងនេះ​ថា នុយក្លេអូទីត។ នៅ​ក្នុងDNA មាន​ហ្សែន។ ហ្សែន​ផ្ទុក​នូវ​ព័ត៌មាន​ទាំងឡាយ​ដែល​ប្រាប់​ពី​ដំណើរការណ៍​ខុសៗ​គ្នា​នៅ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​ព័ត៌មាន​របស់​ហ្សែន​ត្រូវ​បាន​សរសេរ​ទុក​ក្នុង​ទម្រង់​ជា​កូដ។

ហ្សែន​គ្រាន់តែ​មាន​ការ​ណែនាំ​ពី​របៀប​ដំណើរការណ៍​នីមួយៗ​យ៉ាង​ដូចម្ដេច​ប៉ុណ្ណោះ​ឯង រីឯ​អ្នក​ដែល​មាន​តួនាទី​ដំណើរការណ៍​ពិត​ប្រាកដ​នោះ​គឺជា​ប្រូតេអ៊ីន​នៅ​ក្នុង​កោសិកា​ទៅវិញ​ទេ។ ប៉ុន្តែ​មុន​នឹង​អាច​យក​ការ​ណែនាំ​ដែល​ហ្សែន​ប្រាប់​ថា​ត្រូវ​ដំណើរការណ៍​ដូចម្ដេច​បាន លុះត្រាតែ​វា​អាច​យល់​ពី​ភាសា​របស់​កូដ​ដែល​ហ្សែន​សរសេរ​ទុក​ជាមុន​សិន។ ហេតុនេះ ម៉ូលេគុល​នៅ​ក្នុង​ហ្សែន​បញ្ជូន​ព័ត៌មាន​ទាំងនោះ​ទៅ​កាន់​ផ្នែក​ផ្សេង​ទៀត​នៅ​ក្នុង​កោសិកា ហើយ​កោសិកា​មាន​រីបូសូម គឺជា​អ្នក​ចាំ​បកប្រែ​ភាសា​កូដ​របស់​ហ្សែន​ទៅជា​ទម្រង់​ប្រូតេអ៊ីន បន្ទាប់​មក​ទើប​ប្រូតេអ៊ីន​យក​ការ​ណែនាំ​ទាំងនេះ​ទៅ​ដំណើរការណ៍​ការងារ​រៀងៗ​ខ្លួន​នៅ​ក្នុង​រាងកាយ។

ហ្សែន​គឺជា​អ្នក​ផ្ទុក​នូវ​ព័ត៌មាន​ទាំងឡាយ​មិន​ថា​របៀប​ដំណើរការណ៍​រំលាយ​អាហារ ឬ​អត្តចរិត​និង​ឥរិយាបថ​របស់​អ្នក​ឡើយ ហើយ​វា​ស្ថិត​នៅ​ក្នុង​ណ្វៃយ៉ូ ដូច្នេះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ គេ​តែងតែ​យកចិត្តទុកដាក់​សិក្សា​ពី​ហ្សែន និង​ចាត់​ទុក​ណ្វៃយ៉ូ​ជា​ខួរក្បាល​របស់​កោសិកា។ ប៉ុន្តែ​អ្នក​ជីវវិទ្យា​ផ្នែក​កោសិកា លោក Bruce Lipton បាន​ផ្ងារ​ផែនដី​ឲ្យ​ក្រឡាប់​ចាក់​ជាមួយ​នឹង​ការ​ពិសោធន៍​របស់​គាត់ នៅ​ក្នុង​សៀវភៅ The Biology of Belief ដែល​បង្ហាញ​ថា​ជំនឿ​ដែល​មាន​ទៅលើ​ហ្សែន​កន្លង​មក គឺជា​ភាព​ខុស​ឆ្គង​ទាំងស្រុង។ 

បើ​យើង​ដក​ខួរក្បាល​ចេញ​ពី​មនុស្ស នោះ​មិន​សង្ស័យ​ឡើយ​ដែល​មនុស្ស​នេះ​នឹង​ស្លាប់។ ហេតុនេះ បើ​ណ្វៃយ៉ូ ដែល​ក្នុង​នោះ​មាន​ហ្សែន​និងDNA​របស់​វា ពិត​ជា​ខួរក្បាល​របស់​កោសិកា​មែន ហើយ​ត្រូវ​បាន​គេ​ដក​ចេញ​ពី​កោសិកា​របស់​វា នោះ​កោសិកា​ប្រាកដ​ជា​ងាប់​ដែរ​ហើយ។ ប៉ុន្តែ​គាត់​ពិសោធន៍​រក​ឃើញ​ថា អវត្តមាន​របស់​ណ្វៃយ៉ូ​មិន​បាន​ប៉ះពាល់​ដល់​ដំណើរការណ៍​របស់​កោសិកា​នៅ​ក្នុង​រាងកាយ​មនុស្ស​ឡើយ។ នេះ​ក៏​មានន័យ​ថា ទោះ​ជា​អត់​មាន​ហ្សែន​និងDNA កោសិកា​នៅ​តែ​អាច​មាន​ជីវិត​និង​បំពេញ​កិច្ចការ​របស់​វា​ដដែល គ្រាន់តែ​ថា​វា​មិន​អាច​ផលិត​ខ្លួនឯង​ឡើង​វិញ​ដូច្នេះ​ក៏​ងាប់​ប៉ុន្មាន​ខែ​បន្ទាប់​មក។

គាត់​ក៏​បន្ត​ការ​ពិសោធន៍​ដោយ​ដក​ចេញ​នូវ​ភ្នាស​ខាងក្រៅ​កោសិកា ក៏​សង្កេត​ឃើញ​ថា​នៅ​ពេល​អវត្តមាន​ភ្នាស​ខាងក្រៅ​នេះ កោសិកា​ក៏​ងាប់។ ដូច្នេះ​វា​ជា​ពេល​ដែល​យើង​ត្រូវ​ចាប់ផ្ដើម​មក​ចាប់​អារម្មណ៍​ពី​ភ្នាស​ខាងក្រៅ​កោសិកា ជាជាង​ហ្សែន។ ភ្នាស​ខាងក្រៅ​កោសិកា​មាន​ញាណ​សម្រាប់​ឆ្លើយតប​រំញោច​ពី​ខាងក្រៅ តួនាទី​របស់​វា​គឺ​ឆ្លើយតប​នឹង​សញ្ញាណ​ពី​ខាងក្រៅ​មក មិន​ថា​ជា​ប្រូតេអ៊ីន កម្ដៅ​ថ្ងៃ ឬ​សារធាតុ​ពុល​នោះ​ទេ។

ញាណ​សម្រាប់​ឆ្លើយតប​រំញោច​ពី​ខាងក្រៅ​នេះ នឹង​បញ្ចេញ​ប្រូតេអ៊ីន​ប្រភេទ​ណា​ដែល​សម្រប​តាម​ស្ថានភាព​ខាងក្រៅ​ដែល​បញ្ជូន​សញ្ញា​មក ប៉ុន្តែ​នៅ​ពេល​វា​មិន​មាន​ប្រភេទ​ប្រូតេអ៊ីន​ដែល​អាច​សម្រប​បាន នោះ​គឺជា​ពេល​ដែល​ហ្សែន​បើក​ចំហ​ខ្លួន​វា​ឡើង​មក ដើម្បី​បញ្ជូន​ការ​ណែនាំ​ប្រាប់​ទៅ​កោសិកា​ពី​របៀប​ផលិត​ប្រូតេអ៊ីន​ដែល​កំពុង​ត្រូវការ​នោះ។ ហ្សែន​មិន​ឆ្លាត​ដូច​អ្នក​គិត​នោះ​ឡើយ វា​មិន​អាច​បិទ​ឬ​បើក​ខ្លួនឯង ហើយ​នឹក​ឃើញ​ផលិត​ហ្សែន​ដែល​បង្ក​មហារីក​ឲ្យ​អ្នក​ឡើយ។

វា​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ពី​ស្ថានភាព​ខាងក្រៅ​របស់​អ្នក​ប៉ុណ្ណោះ ជាពិសេស​ជំនឿ​ឬ​របៀប​នៃ​ការ​គិត​របស់​អ្នក ដែល​ជឿ​ថា​ខ្លួនឯង​នឹង​កើត​ជំងឺ​នេះ​ជំងឺ​នោះ។ ដូច​បាន​បកស្រាយ​ហើយ​ថា កោសិកា​មាន​ញាណ​ឆ្លើយតប​នឹង​រំញោច​ខាងក្រៅ ដូច្នេះ​វា​ចាំ​តែ​ឆ្លើយតប​នឹង​សញ្ញាណ​ដែល​បាន​បញ្ជូន​មក​ទេ បើ​អ្នក​ជឿ​ថា​មាន​ជំងឺ អារម្មណ៍​ក្រោម​សម្ពាធ​និង​ស្ត្រេស​បែប​នេះ នឹង​ផលិត​នូវ​អរម៉ូន​របស់​ស្ត្រេស។

អរម៉ូន​នេះ​នឹង​ស្ថិត​នៅ​ក្នុង​កោសិកា​របស់​អ្នក បន្ទាប់​មក​វា​ក៏​បើក​ចំហ​ហ្សែន​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​អ្នក​នេះ​ឯង។ សរុប​មក គ្រប់​យ៉ាង​គឺ​ជា​ផលិតផល​ដែល​ផលិត​ចេញ​ពី​ការ​គិត​របស់​អ្នក​ប៉ុណ្ណោះ។ អ្នក​គ្រប់គ្រង​ទៅលើ​ជោគវាសនា​ជីវិត​របស់​អ្នក រួម​ទាំង​ហ្សែន​ផង​ដែរ ដរាប​ណា​អ្នក​គិត​វិជ្ជមាន​និង​ទទួលទាន​អាហារ​បំប៉ន​មាន​ជីវជាតិ​និង​វីតាមីន៕

ដោយ៖ ស្រីពៅ

X
5s