ហេតុអ្វីអ្នកគួរចំណាយពេលស្ដាប់ និង ផ្ដោតលើសំឡេងវិជ្ជមានខាងក្នុងចិត្តអ្នក ជាជាងស្ដាប់សំឡេងបិសាចនៅខាងក្រៅ?
យើងម្នាក់ឯងមើលខ្លួនឯងមិនជុំឡើយ ដូច្នេះហើយទើបបានជាមនុស្សយើងម្នាក់ៗចាំបាច់ត្រូវស្ដាប់ការណែនាំពីអ្នកជុំវិញខ្លួនពីអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ។ ថ្នាំពូកែស័ក្ដិសិទ្ធិខ្លាំងប៉ុណ្ណាក៏ដោយ បើថ្នាំមួយនេះមិនត្រូវនឹងប្រភេទជំងឺរបស់អ្នកឈឺទេ នោះថ្នាំនេះក៏គង់តែឥតប្រយោជន៍ដដែលនោះទេ។
ដូចគ្នាដែរ មនុស្សជុំវិញអ្នកតែងតែណែនាំឲ្យអ្នកធ្វើបែបនេះទើបត្រូវឬធ្វើបែបនេះខុសយ៉ាងនេះយ៉ាងនោះ បើយើងយកដំបូន្មានគេមកពិចារណា យើងឃើញថាវាសុទ្ធតែជាពាក្យល្អៗ ដែលមានគោលដៅតម្រង់យើងទៅរកផ្លូវល្អតែប៉ុណ្ណោះ ក៏ព្រោះតែយើងម្នាក់ឯងមិនអាចមើលខ្លួនឯងជុំនេះឯង។ ប៉ុន្តែមនុស្សម្នាក់ៗតែងតែនិយាយអ្វីដែលផ្អែកទៅតាមស្ថានការណ៍របស់ខ្លួន ហើយស្ថានការណ៍មនុស្សម្នាក់ៗមិនដូចគ្នានោះឡើយ ថ្វីត្បិតតែពាក្យណែនាំរបស់ពួកគេអាចជាដំបូន្មានល្អ ប៉ុន្តែវាមិនប្រាកដថាអាចព្យាបាលមុខរបួសយើងឲ្យជាសះស្បើយនោះឡើយ ព្រោះវាមិនត្រូវនឹងប្រភេទជំងឺដែលអ្នកកំពុងឈឺ។ សំឡេងនៅខាងក្រៅអ៊ូអរនិងគួរឲ្យរំខានណាស់ ដូច្នេះអ្នកគួរតែចំណាយពេលខ្លះមកស្ដាប់សំឡេងនៅខាងក្នុងរបស់អ្នកវិញ។
តាមពិតទៅសំឡេងខាងក្នុងខ្លួនអ្នក តែងតែបន្លឺខ្សាវៗប្រាប់អ្នកជានិច្ចពីអ្វីដែលល្អបំផុតសម្រាប់អ្នកគួរធ្វើ ប៉ុន្តែដោយសារតែអ្នកមិនដែលយកចិត្តទុកដាក់ជាមួយវា ហើយដាក់ខ្លួនឯងទៅក្នុងស្ថានភាពរំខានពីសំឡេងខាងក្រៅ ដែលប្រាប់អ្នកឲ្យធ្វើនេះធ្វើនោះ។ បើអ្នកអត់ធ្មត់យកចិត្តទុកដាក់ផ្ដោតស្ដាប់សំឡេងខាងក្នុងរបស់អ្នក វាអាចផ្ដល់ចម្លើយដ៏ល្អបំផុតសម្រាប់ជាថ្នាំព្យាបាលមុខរបួសអ្នក ព្រោះវាដឹងច្បាស់ថាអ្នកកំពុងមានជំងឺអ្វី។ វាអាចមិនផ្ដល់ចម្លើយដល់អ្នកភ្លាមៗតាមចិត្តអ្នកចង់បាន ប៉ុន្តែបើអ្នកទុកពេលឲ្យវាបន្តិច នោះវានឹងស្វែងរកចម្លើយដ៏ល្អបំផុតឲ្យអ្នកមិនខាន។ ប៉ុន្តែនេះមិនមែនមានន័យថា អ្នកត្រូវចចេសរឹងរូសមិនស្ដាប់អ្នកដទៃនោះឡើយ។ ប៉ុន្តែអ្នកត្រូវចេះស្ដាប់អ្នកដទៃក្នុងគោលដៅមួយ ដើម្បីឆ្លុះកញ្ចក់ពិនិត្យមើលឡើងវិញថាគំនិតរបស់ខ្លួនមានកំហុសត្រង់ណាដែលគួរកែប្រែខ្លះទើបជាការប្រសើរ៕
ដោយ៖ ស្រីពៅ