ជីវិតគ្មានភាពយុត្តិធម៌ទេ ប៉ុន្តែភាពអយុត្តិធម៌នេះមិនអាចយកឈ្នះចិត្តអំណត់តស៊ូរបស់មនុស្សរឹងមាំឡើយ​



អ្នក​ត្រូវ​ដឹង​ថា ឆាក​ជីវិត​គ្មាន​ភាព​យុត្តិធម៌​ចាប់​តាំង​ពី​ចំណុច​ចាប់ផ្ដើម​ដំបូង​មក​ម្ល៉េះ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​និង​ចងចាំ​ផង​ដែរ​នោះ​គឺ ភាព​អយុត្តិធម៌​គ្មាន​ថ្ងៃ​អាច​យក​ឈ្នះ​លើ​ភាព​អំណត់​អត់ធ្មត់​តស៊ូ​របស់​មនុស្ស​រឹងមាំ​បាន​នោះ​ឡើយ។ ភាព​ខុស​គ្នា​នៅ​ក្នុង​ស្ថានភាព​គ្រួសារ​និង​ស្ថានភាព​សង្គម​មាន​ឥទ្ធិពល​ទៅលើ​ឆាក​ជីវិត​របស់​មនុស្ស​ម្នាក់ៗ​ឲ្យ​ខុស​គ្នា មិន​ស្មើ​គ្នា ឬ​មិន​មាន​ភាព​យុត្តិធម៌​នេះ​ឯង ក៏​ព្រោះ​តែ​មនុស្ស​គ្រប់​គ្នា​មិនមែន​ចាប់ផ្ដើម​ចេញ​ពី​ចំណុច​ដូច​គ្នា ឬ​ស្ថានភាព​សុខភាព​ដូច​គ្នា​នៅ​ក្នុង​ទី​ប្រកួត​រត់​ប្រណាំង​នោះ​ឡើយ។

អ្នក​ខ្លះ​កើត​មក​នៅ​ក្នុង​ត្រកូល​គ្រួសារ​ស្ដុកស្ដម្ភ ស្រប​ពេល​ដែល​អ្នក​ខ្លះ​ទៀត​ក៏​កើត​មក​ជាមួយ​នឹង​ភាព​អត់ឃ្លាន​ក្រ​ខ្សត់​មក​រួច​ទៅ​ហើយ។ នៅ​ក្នុង​សង្គម​ខ្លះ ស្ត្រី​ត្រូវ​តែ​នៅ​ក្រោម​អំណាច​បុរស​និង​សង្គម។ ពួកគេ​ត្រូវ​បាន​គេ​មាក់ងាយ​មិន​ឲ្យ​តម្លៃ និង​មិន​ឲ្យ​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់​ដូច​បុរស​នោះ​ឡើយ។ ត្រង់​ចំណុច​នេះ​ហើយ គឺជា​ភាព​អយុត្តិធម៌​របស់​ជីវិត​មនុស្ស​ម្នាក់ៗ។ ប៉ុន្តែ​អ្វី​ដែល​គេ​គាំទ្រ​ច្រើន មិន​ប្រាកដ​ថា​សុទ្ធតែ​ជា​ការ​គិត​ត្រឹមត្រូវ​នោះ​ឡើយ។ យ៉ាងណាមិញ ចំណេះដឹង​គឺជា​អំណាច។ ខ្វះខាត​ការ​យល់​ដឹង​គឺជា​ការ​ខ្វះខាត​នូវ​អំណាច។ តើ​ជា​ការ​យល់​ដឹង​អ្វី ដែល​ជា​អំណាច ? នោះ​គឺជា​ការ​យល់​ដឹង​ថា​អំណាច​របស់​អ្នក​ស្ថិត​នៅ​ពី​លើ​អំណាច​ជោគវាសនា ឬ​កត្តា​ខាងក្រៅ​ទាំងឡាយ​មិន​ថា​សង្គម​ឬ​គ្រួសារ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​អ្នក។

អំណាច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​កំណត់​ជោគវាសនា​ជីវិត​របស់​ខ្លួនឯង គឺ​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​របស់​អ្នក ពុំ​មែន​ជា​អំណាច​ដែល​អ្វីៗ​នៅ​ខាងក្រៅ​ប្រគល់​សិទ្ធិ​មក​ឲ្យ​អ្នក​នោះ​ឡើយ។ អំណាច​គឺ​នៅ​ជិត​អ្នក​បំផុត វា​កំពុង​តែ​បញ្ចេញ​ពន្លឺ​មក​ពី​ខាងក្នុង​ខ្លួន​អ្នក តែ​មក​ពី​អ្នក​ចេះ​តែ​ស្វែងរក​សិទ្ធិ​អំណាច​របស់​ខ្លួន​ពី​ខាងក្រៅ​នេះ​ឯង ទើប​អ្នក​មិន​អាច​មាន​សេរីភាព​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ចង់​ធ្វើ មិន​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហើយ​មិន​អាច​ក្លាយ​ជា​មនុស្ស​អស្ចារ្យ​ដូច​នៅ​ក្នុង​ក្ដី​សុបិន​របស់​ខ្លួន​នេះ​ឯង។ ការ​ដែល​អ្នក​ស្វែងរក​សិទ្ធិ​អំណាច​ពី​ខាងក្រៅ ដើម្បី​សម្រេច​គោលដៅ​ដែល​ខ្លួន​ចង់​បាន វា​មានន័យ​ថា​អ្នក​អង្គុយ​រំពឹង​ចង់​ឲ្យ​ស្ថានការណ៍​ខាងក្រៅ​ផ្លាស់ប្ដូរ ដូច្នេះ​ហើយ​អ្នក​ក៏​ចាប់ផ្ដើម​គ្មាន​ទំនួល​ខុសត្រូវ​ទៅលើ​ជីវិត​ខ្លួនឯង ហើយ​បន្ទោស​ស្ថានការណ៍​ខាងក្រៅ បន្ទោស​គ្រួសារ មិត្តភ័ក្ដិ និង​សង្គម​ដែល​ធ្វើឲ្យ​អ្នក​ត្រូវ​ធ្លាក់​នៅ​ក្នុង​ស្ថានការណ៍​បែប​នេះ។

អ្នក​ចង់​ឲ្យ​ខាងក្រៅ​ផ្លាស់ប្ដូរ នោះ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​អ្នក​នឹង​ផ្លាស់ប្ដូរ​តាម​ការ​ប៉ង​ប្រាថ្នា​របស់​អ្នក។ វា​ក៏​មិន​ខុស​ពី​ការ​ដែល​អ្នក​ប្រគល់​សិទ្ធិ​អំណាច​ជា​ម្ចាស់​ជីវិត​របស់​ខ្លួន​ទៅ​ឲ្យ​របស់​ខាងក្រៅ​ជា​អ្នក​កំណត់​នោះ​ដែរ។ នៅ​ពេល​អ្នក​រស់នៅ​បែប​នេះ គឺ​អ្នក​រស់នៅ​ក្រោម​ព្រហ្មលិខិត​ដែល​បាន​មក​កំណត់​ជីវិត​អ្នក​មែន​ហើយ។ អ្វីៗ​នឹង​ផ្លាស់ប្ដូរ នៅ​ពេល​អ្នក​ចាប់ផ្ដើម​ផ្ដោត​ទៅលើ​អំណាច​ពី​ខាងក្នុង​ខ្លួន​របស់​អ្នក​វិញ ដើម្បី​ផ្លាស់ប្ដូរ​ជោគវាសនា​ជីវិត​អ្នក។ ភាព​អំណត់​អត់ធ្មត់​តស៊ូ​របស់​មនុស្ស​រឹងមាំ​នឹង​អាច​យក​ឈ្នះ​ទៅលើ​ភាព​អយុត្តិធម៌​ទាំងឡាយ​ដែល​បាន​មក​កំណត់​ជោគវាសនា​ជីវិត​ពួកគេ។

អ្វី​ដែល​អ្នក​ត្រូវ​ផ្លាស់ប្ដូរ​ចេញ នោះ​គឺ​ត្រូវ​ដក​ឫសគល់​នៃ​ជំនឿ​អន់ថយ ជំនឿ​បរាជ័យ ឬ​ជំនឿ​ដែល​កើត​ចេញ​ពី​កង្វះ​ការ​យល់​ដឹង​នេះ​ឲ្យ​អស់ រួច​បណ្ដុះ​នូវ​ជំនឿ​វិជ្ជមាន​ទាំងឡាយ​ណា​ដែល​ដឹកនាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ។ ឥទ្ធិពល​នៃ​ជំនឿ​ឬ​ការ​គិត​ដែល​អ្នក​តែង​មាន​ជារឿយៗ ប្រៀប​ដូចជា​ដែក​ឆក់​ដូច្នោះ បើ​អ្នក​គិត​បែប​ណា អ្នក​នឹង​ឆក់​ទាញ​របស់​បែប​នោះ​មក​ចូល​ក្នុង​ជីវិត​របស់​អ្នក​ដូច​គ្នា​ដែរ។ ឃ្លា​មួយ​របស់ Marie Curie បាន​ពោល​ថា៖ "បើ​អ្នក​មាន​ឆន្ទៈ​ពិត​ប្រាកដ នោះ​អ្នក​នឹង​រក​ឃើញ​ផ្លូវ​ដើម្បី​ទៅ​រក​អ្វី​ដែល​អ្នក​ចង់​បាន"

អ្វី​ដែល​សំខាន់​ស្ថិត​នៅ​ត្រង់​ថា តើ​អ្នក​ចង់​បាន​វា​ខ្លាំង​ប៉ុណ្ណា ? បើ​អ្នក​ចង់​បាន​វា​ខ្លាំង​ដូច​នឹង​ដង្ហើម​ដែល​អ្នក​ខ្វះ​មិន​បាន នោះ​អ្នក​នឹង​រំកិល​ភ្នំ​និង​ពុះពារ​រំលង​ឧបសគ្គ​ទាំង​ប៉ុន្មាន ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ បើ​អ្នក​បន្ទោស​ថា​មក​ពី​នេះ​ឬ​មក​ពី​នោះ ទើប​អ្នក​បោះបង់​មិន​ទៅ​ដល់​គោលដៅ​របស់​ខ្លួន អ្នក​គួរ​តែ​បន្ទោស​ខ្លួនឯង​វិញ​ទៅ គឺ​មក​ពី​អ្នក​ខ្វះ​ឆន្ទៈ​ប៉ុណ្ណោះ។ មនុស្ស​ដែល​មាន​ឆន្ទៈ​ពិត​ប្រាកដ ពួកគេ​គ្មាន​លេស​មក​ការពារ​ខ្លួនឯង​នោះ​ឡើយ។

កង្វះ​ការ​យល់​ដឹង​ដែល​ដឹង​ថា​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ជោគវាសនា​ជីវិត​របស់​ខ្លួន គឺ​ស្ថិត​នៅ​ខាងក្នុង​ខ្លួន​ពួកគេ នឹង​ធ្វើឲ្យ​មនុស្ស​ក្លាយ​ជា​ទាសករ​នៃ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​ពួកគេ។ ដែន​កំណត់​នៃ​សមត្ថភាព​របស់​អ្នក គឺ​កើត​ចេញ​ពី​ការ​ទទួល​យក​ជឿ​ពី​អ្នកដទៃ​រួច​ការ​គិត​របស់​អ្នក​ជា​អ្នក​កំណត់​ឲ្យ​ខ្លួនឯង​ប៉ុណ្ណោះ។ មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​អាច​ឈាន​ហួស​រំលង​ពី​ដែន​កំណត់​របស់​ខ្លួន ដរាប​ណា​អណ្ដាត​ភ្លើង​នៃ​ភាព​ជឿជាក់​លើ​ខ្លួនឯង​មិន​ចេះ​រលត់​សាបសូន្យ៕

ដោយ៖ ស្រីពៅ

X
5s