តើខួរក្បាលបង្កើតរាល់វិនាទី​នៃដំណើរខ្សែជីវិតរបស់អ្នកតាំងពីដើមដល់ចប់យ៉ាងដូចម្ដេច ?​



ចាប់​ពី​វិនាទី​ដំបូង​បង្អស់​នៅ​ក្នុង​ជីវិត នៅ​ពេល​អ្នក​បើក​ភ្នែក​មើល​ឃើញ​ពិភពលោក​នេះ​រហូត​ដល់​វិនាទី​ចុងក្រោយ​បង្អស់​នៅ​ក្នុង​ជីវិត​អ្នក ណឺរ៉ូន​ប្រមាណ​រាប់​ពាន់​លាន​បាន​បង្កើត​ទំនាក់ទំនង​ចង​ភ្ជាប់​ជាមួយ​គ្នា​ទៅវិញ​ទៅមក​ចំនួន​រាប់​ពាន់​ពាន់​លាន​បន្តបន្ទាប់​ទៀត​យ៉ាង​សកម្ម ដើម្បី​បញ្ជូន​ព័ត៌មាន​ពី​ក្នុង​ទៅ​ក្រៅ ពី​ក្រៅ​ទៅ​ក្នុង ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ទៀត និង​បង្កើត​នូវ​ខ្សែ​រឿង​នៃ​ដំណើរ​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​នៅ​រាល់​វិនាទី​នេះ​ឯង។ នៅ​ពេល​អ្នក​បាន​កាន់​ខួរក្បាល​របស់​មនុស្ស​ស្លាប់​ម្នាក់ វា​ប្រៀប​បាន​ទៅ​នឹង​ខ្សែ​ជីវិត​ពី​ដើម​រហូត​ដល់​ចប់​របស់​ម្នាក់​នេះ ស្ថិត​នៅ​ក្នុង​ដៃ​របស់​អ្នក​ដូច្នោះ ទាំង​ការ​ចងចាំ​របស់​គេ អនុស្សាវរីយ៍ ជំនឿ គំនិត និង​អ្វីៗ​គ្រប់​យ៉ាង​នៅ​ក្នុង​ខួរក្បាល​ទម្ងន់​៣​ផោន​នេះ​ប៉ុណ្ណោះ។

ធម្មជាតិ​មនុស្ស​គឺជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ​បំផុត ក៏​ព្រោះ​តែ​អ្វីៗ​គ្រប់​យ៉ាង ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​មនុស្ស​ម្នាក់ៗ និង​រូបភាព​ដែល​យើង​មើល​ឃើញ​ខាងក្រៅ សុទ្ធតែ​ជា​ផលិតផល​ដែល​ខួរក្បាល​បាន​ផលិត មិន​ថា​ជា​ពណ៌ រូបភាព សំឡេង រសជាតិ ឬ​ពន្លឺ​នោះ​ឡើយ។ ប៉ុន្តែ​ខួរក្បាល​របស់​មនុស្ស​គឺជា​សរីរាង្គ​មួយ ដែល​ត្រូវ​បាន​ឃុំឃាំង​បិទ​ជិត​ដោយ​លលាដ៍ក្បាល គ្មាន​ពន្លឺ គ្មាន​ពណ៌ គ្មាន​សំឡេង​ដូច​បទពិសោធន៍​ខាងក្រៅ​ដែល​អ្នក​ទទួល​បាន​នោះ​ឡើយ។ យ៉ាងណាមិញ វា​គឺជា​អ្វីៗ​គ្រប់​យ៉ាង​របស់​អ្នក វា​គឺជា​ម៉ាស៊ីន​ដែល​ផលិត​នូវ​ការ​ពិត​នៃ​បទពិសោធន៍​ជីវិត​របស់​អ្នក។

ដូច្នេះ​ហើយ​ទើប​បាន​ជា​ខួរក្បាល​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​នឹង​ញាណ​ទាំង​៥​របស់​អ្នក ដែល​មាន​ត្រចៀក ភ្នែក ច្រមុះ អណ្ដាត និង​កាយ​របស់​អ្នក ដែល​មាន​តួនាទី​ចាប់​យក​និង​ប្រមូល​ព័ត៌មាន​ពី​ខាងក្រៅ និង​បញ្ជូន​ទៅ​ខាងក្នុង​ទៅ​ដល់​ខួរក្បាល ដែល​ជា​អ្នក​បកស្រាយ​ព័ត៌មាន​ទាំងនោះ​មក​ឲ្យ​អ្នក​ទទួល​ដឹង​ថា​មាន​អ្វី​ខ្លះ​កើត​ឡើង​នៅ​ខាងក្រៅ។ ក្នុង​ដំណើរការណ៍​ប្រមូល​យក​ព័ត៌មាន​ខាងក្រៅ​របស់​ញាណ​នីមួយៗ ដើម្បី​បញ្ជូន​ចូល​ទៅ​ខាងក្នុង​ប្រាប់​ខួរក្បាល​វិញ វា​ត្រូវការ​ពេលវេលា ហើយ​ពេលវេលា​ដែល​ញាណ​នីមួយៗ​ត្រូវការ​ក៏​មាន​រយៈពេល​មិន​ដូច​គ្នា​ដែរ។ បើ​ធៀប​នឹង​ត្រចៀក ព័ត៌មាន​ដែល​ប្រមូល​យក​ដោយ​ភ្នែក​ត្រូវ​ឆ្លងកាត់​ដំណើរការណ៍​យូរ​ជាង ក៏​ព្រោះ​តែ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង។

មុន​នឹង​ព័ត៌មាន​ត្រូវ​បញ្ជូន​ទៅ​កាន់​ខួរក្បាល រ៉េទីន​ដែល​ជា​ផ្នែក​ខាងក្រៅ​បង្អស់​នៃ​ចក្ខុ​ឬ​ភ្នែក​របស់​អ្នក​ត្រូវ​ចាប់​យក​រូបភាព​នៅ​ខាងក្រៅ ហើយ​ចុងក្រោយ​ផ្នែក​ខាងក្រោយ​នៃ​ខួរក្បាល​របស់​អ្នក ដែល​ជា​ចក្ខុប្រសាទ មាន​នាទី​សំយោគ​ទិន្នន័យ​ដែល​បាន​បញ្ជូន​មក​ដោយ​តំបន់​ផ្សេង​គ្នា​ដែល​ធ្វើការ​តាម​តួនាទី​របស់​ខ្លួន ដែល​មាន​ខ្លះ​ចាប់​យក​រូបភាព ខ្លះ​ចាប់​យក​ចលនា ខ្លះ​ចាប់​យក​ពណ៌​ជាដើម ដើម្បី​រួម​ចូល​គ្នា​ជា​រូបភាព​តែ​មួយ ទើប​បញ្ជូន​ទៅ​កាន់​ខួរក្បាល។ នេះ​មានន័យ​ថា ភ្នែក​របស់​អ្នក មិនមែន​ជា​កាមេរ៉ា ដែល​ចាប់​យក​រូបថត​មួយ​សន្លឹកៗ​ដូច​ទៅ​នឹង​រូបភាព​ពិត​ប្រាកដ​ដែល​មាន​នៅ​ខាងក្រៅ​នោះ​ឡើយ។ រូបភាព​ដែល​អ្នក​ទទួល​បាន គឺជា​ផលិតផល​ដែល​ចក្ខុប្រសាទ​បង្កើត​ឡើង​ដោយ​ដំណើរការណ៍​សំយោគ និង​ការ​បកស្រាយ​ពី​ខួរក្បាល​របស់​អ្នក​ប្រាប់​ទៅ​អ្នក​ពី​ហេតុការណ៍​ដែល​កំពុង​តែ​កើតឡើង។ ការ​ពិត​របស់​អ្នក គឺជា​អ្វី​ដែល​ខួរក្បាល​របស់​អ្នក​បង្កើត​ឡើង ដោយ​មិន​ប្រាកដ​ថា​ការ​ពិត​ខាងក្រៅ​ឬ​ពិភពលោក​ខាងក្រៅ​ពិត​ជា​ដូច​នឹង​អ្វី​ដែល​អ្នក​មើល​ឃើញ​មែន​នោះ​ឡើយ។

ម្យ៉ាងទៀត ដោយសារ​តែ​ញាណ​ប្រមូល​យក​ព័ត៌មាន​ទាំង​៥​របស់​អ្នក ត្រូវការ​ពេលវេលា​មុន​នឹង​ទៅ​ដល់​ខួរក្បាល ដូច្នេះ​ក្នុង​ចន្លោះ​ពេល​នេះ ខួរក្បាល​អ្នក​នឹង​ប្រើ​ការ​ទស្សន៍ទាយ​ទុក​មុន​អំពី​ព័ត៌មាន​ដែល​នឹង​បញ្ជូន​មក​ដល់ ដោយ​ផ្អែក​ទៅលើ​បទពិសោធន៍​ចាស់ៗ​ពី​មុន​របស់​អ្នក។ ប៉ុន្តែ​ធម្មជាតិ​មួយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ឥត​មាន​ការ​ដឹង​ខ្លួន​ពី​អ្នក​ឡើយ។ ដូច​ជា​ពេល​សកម្មភាព​ណា​មួយ​ប្រព្រឹត្ត​ទៅ​ដដែលៗ​ក្លាយ​ជា​ទម្លាប់ ដែល​ធ្វើឲ្យ​អ្នក​ត្រូវ​មាន​ឥរិយាបថ​បែប​ណា​ពេល​ជិះ​ម៉ូតូ។ នៅ​ពេល​អ្នក​ធ្វើ​វា​ដដែលៗ ឲ្យ​តែ​ជិះ​ម៉ូតូ​អ្នក​នឹង​ដឹង​ថា​ត្រូវ​មាន​ឥរិយាបថ​បែប​ណា​ហើយ ដោយ​មិន​ដឹង​ខ្លួន និង​ប្រព្រឹត្ត​ទៅ​យ៉ាង​រហ័សរហួន​និង​ស្វ័យប្រវត្តិ។ ប៉ុន្តែ​នេះ​មិនមែន​មានន័យ​ថា​អ្នក​មិន​ដឹង​ខ្លួន​គ្រប់​ពេល​ធ្វើ​សកម្មភាព​ដដែល​នោះ​ឡើយ។

នៅ​ពេល​ដែល​ការ​ទស្សន៍ទាយ​ពី​ខួរក្បាល​អ្នក មាន​លទ្ធផល​ខុស​ពី​ព័ត៌មាន​ដែល​បាន​បញ្ជូន​មក នោះ​អ្នក​នឹង​ភ្ញាក់​ដឹង​ខ្លួន​ថា​មាន​អ្វី​កើតឡើង។ ឧទាហរណ៍​ពេល​អ្នក​ជិះ​ម៉ូតូ ដែល​សកម្មភាព​នេះ​មាន​ដំណើរការណ៍​ដោយ​ស្វ័យប្រវត្តិ សុខៗ​ក៏​ស្រាប់តែ​មាន​ឡាន​ធំ​មួយ​មក​ស្កាត់​ពី​មុខ នោះ​អ្នក​នឹង​ភ្ញាក់​ឡើង​ហើយ​ក៏​ដឹង​ខ្លួន​ពី​ហេតុការណ៍​ជុំវិញ​ខ្លួន។ មនុស្ស​យើង​ម្នាក់ៗ​តែង​គិត​ថា​ខ្លួនឯង​គឺជា​អ្នក​សម្រេច​ចិត្ត​ទៅលើ​ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​រាល់ថ្ងៃ​របស់​ខ្លួន​គ្រប់​រឿង​ទាំងអស់។ ប៉ុន្តែ​តាម​ការ​ពិត​ទៅ​អ្នក​មាន​ចំណែក​ត្រឹមតែ​១០%​ប៉ុណ្ណោះ ចំពោះ​ការ​សម្រេច​ចិត្ត​ទាំងអស់​នៅ​ក្នុង​ជីវិត។ ចំណែក​ឯ​៩០%​ទៀត គឺជា​សកម្មភាព​របស់​ម៉ាស៊ីន​ដែល​ដំណើរការណ៍​បិទ​ជិត​នៅ​ខាងក្នុង ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ឥត​ដឹងខ្លួន​និង​ដោយ​ស្វ័យប្រវត្តិ ដែល​បាន​សម្រេច​ចិត្ត​ឲ្យ​អ្នក​មុន​អ្នក​ទទួល​ដឹង​អំពី​ការ​សម្រេច​ចិត្ត​ទាំងនោះ​ទៅ​ទៀត។

មាន​ការ​ពិសោធន៍​ដែល​ដឹកនាំ​ដោយ​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ពី Max Planck Institute for Human Cognitive and Brain Sciences បាន​ឲ្យ​អ្នក​ចូលរួម​ចុច​លើ​ប៊ូតុង​ខាង​ស្ដាំ​ក៏​បាន​ឬ​ខាង​ឆ្វេង​ក៏​បាន​ទៅ​តាម​ចិត្ត ដោយ​ដាក់​ពួកគេ​នៅ​ក្នុង​ម៉ាស៊ីន​ស្កេន​សកម្មភាព​ខួរក្បាល ដែល​គេ​ហៅ​ថា fMRI។ នៅ​ពេល​ពួកគេ​ចុច​លើ​ប៊ូតុង​ណាមួយ​ហើយ អ្នក​ពិសោធន៍​សង្កេត​ឃើញ​សញ្ញាណ​អគ្គិសនី​នៅ​ក្នុង​ខួរក្បាល​ពួកគេ​មាន​សកម្មភាព​៧​វិនាទី​មុន​ពេល​ដែល​ពួកគេ​ចុច​លើ​ប៊ូតុង​ទៅ​ទៀត។ នេះ​បញ្ជាក់​ថា ខួរក្បាល​ពួកគេ​បាន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ឥត​ដឹង​ខ្លួន​មុន​នឹង​ពួកគេ​ដឹង​ខ្លួន​ថា​សម្រេច​ចិត្ត​ចុច​លើ​ប៊ូតុង​ណាមួយ​ទៅ​ទៀត។ ម្យ៉ាងទៀត តើ​អ្នក​អាច​ដឹង​ដូចម្ដេច​បាន​ថា ខ្លួន​អ្នក​គឺជា​អ្នក ? ហើយ​ដឹង​ថា​រាងកាយ​នេះ​ជា​របស់​អ្នក ? មាន​ការ​ពិសោធន៍​មួយ​នឹង​ទាញ​ចំណាប់​អារម្មណ៍​អ្នក​ឲ្យ​ចាប់ផ្ដើម​ឆ្ងល់​ពី​ខ្លួនឯង​និង​ការ​ពិត​ដែល​អ្នក​មើល​ឃើញ។

ពួកគេ​បាន​យក​ដៃ​សិប្បនិម្មិត​មួយ ដែល​មាន​រូបរាង​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ដៃ​ធម្មជាតិ​របស់​មនុស្ស ហើយ​ឲ្យ​អ្នក​ចូលរួម​ដាក់​ដៃ​ពិត​ម្ខាង​របស់​ពួកគេ​នៅ​លើ​តុ ហើយ​ដាក់​ដៃ​ពិត​ម្ខាង​ទៀត​នៅ​ក្រោម​តុ ដោយ​ជំនួស​វា​ដោយ​ដៃ​សិប្បនិម្មិត​នេះ​វិញ។ ពេលវេលា​កន្លង​យូរ​បន្តិច​ទៅ អ្នក​ចូលរួម​នេះ​មាន​អារម្មណ៍​ថា​ដៃ​សិប្បនិម្មិត​នេះ​គឺជា​ដៃ​ពិត​របស់​ខ្លួន ហើយ​នៅ​ពេល​មាន​គេ​យក​កាំបិត​មក​ចាក់​ពី​លើ​ដៃ​សិប្បនិម្មិត​នេះ ប្រតិកម្ម​ពួកគេ​ក៏​ឆ្លើយតប​ភ្លាម​មួយ​រំពេច​ជាមួយ​នឹង​អារម្មណ៍​ភ័យ​តក់ស្លុត​ដូច​ជា​ដៃ​ពិត​របស់​ពួកគេ​ដូច្នោះ។ តើ​ការ​ពិត​គឺជា​អ្វី​ទៅ ? ឬ​អ្វីៗ​គ្រប់​យ៉ាង​គ្រាន់តែ​ជា​ការ​បំភ័ន្ត ?

ដោយ៖ ស្រីពៅ

X
5s