កំពុងចង្អុលទៅអ្នកណា គឺអ្នកខ្លួនឯងនេះហើយដែលជាសត្រូវដ៏ធំបំផុតនៅក្នុងជីវិតអ្នកនោះ​



មាន​ឃ្លា​មួយ​បាន​ពោល​ថា បុគ្គល​ណា​ដែល​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន នោះ​ពួកគេ​នឹង​មិន​មាន​សេរីភាព​នោះ​ឡើយ។ តើ​អ្វី​ទៅ​ដែល​បុគ្គល​នេះ​ត្រូវ​គ្រប់គ្រង ? ហើយ​ថា​តើ​សេរីភាព​អ្វី​ទៅ​ដែល​បុគ្គល​នេះ​នឹង​ទទួល​បាន​នៅ​ពេល​អាច​គ្រប់គ្រង​អ្វី​មួយ​នោះ​បាន​ហើយ ? អ្វី​ដែល​ត្រូវ​គ្រប់គ្រង​នោះ​គឺជា​ចិត្ត​របស់​ពួកគេ​ខ្លួនឯង​នេះ​ហើយ ហើយ​សេរីភាព​ដែល​បុគ្គល​នេះ​នឹង​ទទួល​បាន​នោះ​គឺជា​ភាព​ជា​ម្ចាស់​ទៅលើ​ជោគវាសនា​ជីវិត​របស់​ខ្លួនឯង​នេះ​ឯង។

សកម្មភាព​ខាងក្រៅ​របស់​អ្នក​គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​ការ​គិត​នៅ​ខាងក្នុង​របស់​អ្នក។ តើ​អ្នក​កំពុង​ចង្អុល​ទៅ​អ្នក​ណា​ដែល​ជា​សត្រូវ​ដ៏​ធំ​បំផុត​នៅ​ក្នុង​ជីវិត​របស់​អ្នក ? មិន​បាច់​ចង្អុល​ទៅ​អ្នក​ណា​នោះ​ទេ តែ​ចូរ​ចង្អុល​មក​មនុស្ស​ដែល​នៅ​នឹង​មុខ​កញ្ចក់​អ្នក​ទៅ។ គឺ​ការ​គិត​នៅ​ខាងក្នុង​ខ្លួន​អ្នក​នេះ​ហើយ ទើប​ជា​សត្រូវ​ធំ​បំផុត​ដែល​អ្នក​ត្រូវ​កម្ចាត់​ចោល​នោះ។ មូលហេតុ​ដែល​អ្នក​មិន​អាច​មាន​សេរីភាព​ធ្វើ​ជា​ម្ចាស់​តម្រង់​ទិសដៅ​ជីវិត​របស់​ខ្លួន​បាន នេះ​ក៏​ព្រោះ​តែ​អ្នក​មិន​ដែល​ដឹង​ថា​សេរីភាព​ពិត​ប្រាកដ​គឺ​ស្ថិត​នៅ​ខាងក្នុង​ចិត្ត​របស់​អ្នក។ ការ​គិត ដែល​បង្គាប់បញ្ជា​ទៅលើ​រឿងរ៉ាវ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ជីវិត​អ្នក​នេះ គឺជា​របស់​អ្នក។

នៅ​ពេល​មាន​មនុស្ស​ណា​ម្នាក់​ធ្វើឲ្យ​អ្នក​ខឹង កុំ​បន្ទោស​គេ​ដែល​ធ្វើឲ្យ​អ្នក​ក្លាយ​ទៅ​ជា​បែប​នេះ តែ​បន្ទោស​ខ្លួនឯង​វិញ​ទៅ​ដែល​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​អ្នក​ដទៃ ជា​អ្នក​ខាងក្រៅ​មក​មាន​ឥទ្ធិពល​មក​លើ​ជីវិត​អ្នក​បាន។ បើ​នៅ​ខាងក្នុង​ចិត្ត​របស់​អ្នក​ល្អ​បរិសុទ្ធ នោះ​គ្មាន​របស់​កខ្វក់​ខាងក្រៅ​ឯណា​អាច​មក​ប្រឡាក់​ប្រឡូក​ជាមួយ​ចិត្ត​បរិសុទ្ធ​របស់​អ្នក​បាន​ឡើយ។ តើ​ចិត្ត​បរិសុទ្ធ​កើតឡើង​ចេញ​មក​ពី​ណា ? មូលហេតុ​នេះ​ហើយ​ទើប​ឃ្លា​ខាងលើ​បាន​ពោល​ថា បើ​អ្នក​មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​ទេ នោះ​អ្នក​ក៏​មិន​មាន​សេរីភាព​ដែរ។

ការ​គ្រប់គ្រង​ខ្លួនឯង គឺជា​ការ​យក​ឈ្នះ​ទៅលើ​ចិត្ត​របស់​ខ្លួនឯង ឈ្នះ​ចិត្ត​ទាំងឡាយ​ណា​ដែល​ដឹកនាំ​អ្នក​ទៅ​រក​ភាព​ខាតបង់​ប្រយោជន៍។ យ៉ាងណាមិញ បើ​អ្នក​ដុសខាត់​ខាងក្នុង​ចិត្ត​របស់​អ្នក​បរិសុទ្ធ​ហ្មត់ហ្មង​ហើយ នៅ​ពេល​នេះ​ឯង​ដែល​អ្នក​បាន​ក្លាយ​ជា​ម្ចាស់​គ្រប់គ្រង​ទៅលើ​ជីវិត​ខ្លួនឯង​យ៉ាង​ពិត​ប្រាកដ ដូច្នេះ​គ្មាន​អ្វី​ខាងក្រៅ​ណា​ដែល​អាច​មាន​ឥទ្ធិពល​មក​លើ​អ្នក ឬ​កាច់​ចង្កូត​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​បែប​នេះ​ឬ​បែប​នោះ​ឡើយ ក៏​ព្រោះ​តែ​អ្នក​បាន​ហាត់​ពត់​លត់​ដំ​ចិត្ត​របស់​អ្នក​បាន​បរិសុទ្ធ​និង​មាន​ភាព​នឹងន​ហើយ។ សេចក្ដី​សុខ​ក្ដី​សេចក្ដី​ទុក្ខ​ក្ដី គឺ​វា​អាស្រ័យ​ទៅលើ​អ្នក​ជា​អ្នក​កំណត់ ព្រោះ​អ្វីៗ​សុទ្ធតែ​ផ្ដើម​ចេញ​ពី​ចិត្ត​ខាងក្នុង​របស់​អ្នក​ទៅ​មុន។ រីឯ​គោលដៅ​ជីវិត ឬ​អាច​និយាយ​បាន​ថា​ជា​មូលហេតុ​ដែល​អ្នក​រស់នៅ​ដើម្បី​អ្វី ក៏​មិន​ខុស​គ្នា​ដែរ។

ហេតុអ្វី​ប្រគល់​សិទ្ធិ​អំណាច​នេះ​ទៅ​ឲ្យ​អ្នកដទៃ​ជា​អ្នក​កំណត់​ជួស​អ្នក ? អ្វី​ដែល​សំខាន់​បំផុត​គឺជា​ការ​ស្គាល់​ថា​ខ្លួន​អ្នក​ជា​នរណា ចូលចិត្ត​អ្វី ចង់​បាន​អ្វី។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន។ ប៉ុន្តែ​មិន​ប្រាកដ​ថា​ចំណុច​ពិសេស​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​នៅ​ក្នុង​កាលៈទេសៈ​មួយ តែ​កាលៈទេសៈ​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ដូច​គ្នា​ដែរ​នោះ​ទេ។ បើ​អ្នក​មាន​ទេពកោសល្យ​ខាង​បច្ចេកវិទ្យា ពិត​ប្រាកដ​ណាស់​នៅ​តាម​បណ្ដា​ប្រទេស​អភិវឌ្ឍ​ជឿនលឿន​ដែល​បច្ចេកវិទ្យា​គឺជា​ប្រេង​រំអិល​ដែល​ជំរុញ​ដំណើរការណ៍​រីកចម្រើន​របស់​សង្គមជាតិ​ទាំងនោះ នឹង​ឲ្យ​តម្លៃ​ទៅលើ​រូប​អ្នក​មិនខាន។

ប៉ុន្តែ​ទេពកោសល្យ​ខាង​បច្ចេកវិទ្យា​របស់​អ្នក​ដដែល​នេះ បើ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​ជឿនលឿន​យឺតយ៉ាវ​នៅ​ឡើយ គ្មាន​នរណា​ម្នាក់​គេ​មើល​ឃើញ​តម្លៃ​ទៅលើ​សមត្ថភាព​នេះ​នោះ​ឡើយ។ ដូច្នេះ​ចូរ​អ្នក​ទៅ​ទីណា​ដែល​អ្នក​អាច​ប្រើប្រាស់​ចំណុច​ពិសេស​របស់​អ្នក​ឲ្យ​ដល់​ចំណុច​កំពូល​របស់​អ្នក​យ៉ាង​ពេញ​ទំហឹង​បាន។ ការ​សិក្សា​ក៏​ដូច​គ្នា​ដែរ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​ចង់​មាន​សញ្ញាប័ត្រ​ទៅលើ​ជំនាញ​ណា​ដែល​មាន​ទីផ្សារ​ការងារ​ខ្ពស់ ទាំង​ដែល​ពេល​ខ្លះ​ជំនាញ​នោះ​ពុំ​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​ខ្លួន​ផង។ វា​ជា​រឿង​គ្រោះថ្នាក់​បំផុត​នៅ​ពេល​ដែល​អ្នក​ត្រូវ​រស់នៅ​ពេញ​មួយ​ជីវិត​ជាមួយ​នឹង​អ្វី​ដែល​ខ្លួនឯង​មិន​ចូលចិត្ត។ ព្រោះ​គ្មាន​បុគ្គល​ជោគជ័យ​ណា​ម្នាក់ ដែល​ដើរ​ផ្ទុយ​ពី​បេះដូង​របស់​ខ្លួន​នោះ​ឡើយ។

នៅ​ពេល​ជួប​ឧបសគ្គ គឺជា​អ្វី​ដែល​ខ្លួនឯង​ស្រឡាញ់​នេះ​ហើយ ដែល​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អ្នក​មិន​បោះបង់​ចោល​នូវ​គោលដៅ​របស់​ខ្លួន។ នេះ​គឺជា​តម្លៃ​ជីវិត​របស់​អ្នក​ហើយ។ ស្គាល់​ខ្លួនឯង​ថា​ចូលចិត្ត​អ្វី​ឲ្យ​ច្បាស់លាស់ បើ​ទោះ​ជា​អ្វី​ដែល​អ្នក​ចូលចិត្ត​ដែល​ចុងក្រោយ​នឹង​ក្លាយ​ជា​ជំនាញ​និង​សមត្ថភាព​ពិសេស​របស់​អ្នក​នេះ មិន​ត្រូវ​បាន​លើក​សរសើរ​ក្នុង​កាលៈទេសៈ​សង្គម​របស់​អ្នក​ក៏​ដោយ។ អ្វី​ដែល​សំខាន់​គឺ​ត្រូវ​ផ្ដោត​មក​ខាងក្នុង​របស់​អ្នក ដែល​ត្រូវ​ដុសខាត់​ពង្រឹង​សមត្ថភាព​និង​ចំណេះដឹង​របស់​អ្នក ធ្វើ​នូវ​អ្វី​ដែល​ហួស​ពី​ដែន​កំណត់​បច្ចុប្បន្ន​របស់​អ្នក ទោះ​យ៉ាងណា​ក៏​ដែន​កំណត់​នេះ​គឺ​អ្នក​ខ្លួនឯង​ជា​អ្នក​កំណត់​នោះ​ទេ។ នៅ​ពេល​ដែល​ជំនក់​ចិត្ត​ជា​អ្នក​ដឹកនាំ​ផ្លូវ​ជីវិត​អ្នក នៅ​ពេល​កាលៈទេសៈ​ត្រឹមត្រូវ​មក​ដល់ អ្នក​នឹង​មិន​ស្ដាយ​ក្រោយ​នោះ​ឡើយ​ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​នេះ។ ឃ្លាចុងក្រោយមួយរបស់ John Ruskin បាន​ពោល​ថា៖ "នៅ​ពេល​ដែល​សេចក្ដី​ស្រឡាញ់​និង​ជំនាញ​ធ្វើការ​ជាមួយ​គ្នា នោះ​ចាំ​រំពឹង​ទុក​នូវ​ស្នាដៃ​ឯក​ចុះ"

ដោយ៖ ស្រីពៅ

X
5s