សមត្ថភាពខួរក្បាលរបស់អ្នកអាចខ្លាំងក្លាឬទន់ខ្សោយ ពុំមែនជាបញ្ហាធម្មជាតិរបស់IQនោះឡើយ តែគឺអាស្រ័យទៅលើថាតើអ្នកប្រើប្រាស់វាយ៉ាងដូចម្ដេច ?
នៅក្នុងចក្រវាលដែលឥតមានដែនកំណត់នេះ មានរឿងរ៉ាវជាច្រើនដែលបង្កប់ទៅដោយអាថ៌កំបាំង ដែលធ្វើឲ្យមនុស្សលោកយើងជាច្រើនសតវត្សកន្លងមកតែងតែអន្ទះសាចង់ដឹងពីមូលហេតុនៃការចាប់កំណើតរបស់ខ្លួន និងវត្តមានរបស់មនុស្សលោកនេះកើតឡើងតាមរបៀបណា។
ពុំមានឡើយភាពអមត អ្វីៗតែងតែផ្លាស់ប្ដូរជានិច្ច និងមិនអាចរំពឹងទុកជាមុនបាន។ យើងក៏មិនអាចមើលឃើញថាតើអនាគតរបស់យើងម្នាក់ៗនឹងមានរូបភាពបែបណាឲ្យជាក់លាក់នោះដែរ ហើយយើងក៏មិនដឹងដែរថាតើជោគវាសនា ដែលមនុស្សជាច្រើនតែងជឿថាបានមកកំណត់មនុស្សម្នាក់ៗដែលមកចាប់កំណើតនៅលើលោកនេះរួចទៅហើយនេះ ពិតជាមានមែនឬអត់។ បើពិតថាជោគវាសនាត្រូវបានកំណត់មកដោយមិនអាចកែប្រែបានចំពោះបុគ្គលគ្រប់រូបហើយ ខ្ញុំក៏ជឿដែរថាភាពអំណត់អត់ធ្មត់របស់មនុស្សក៏អាចយកឈ្នះលើជោគវាសនានេះបានដែរ។
ធម្មជាតិតាក់តែងមកយ៉ាងដូចម្ដេចគឺបែបនោះហើយ ដូចខួរក្បាលរបស់អ្នកដូច្នោះ ដែលជាកេរ្តិ៍មរតកពីបុព្វបុរសតាំងពីការចាប់កំណើតដំបូងនៃមនុស្សជាតិដែលមនុស្សម្នាក់ៗពីជំនាន់មួយទៅជំនាន់មួយទទួលបានពីឪពុកម្ដាយ។ នេះមានន័យថា បើអ្នកសំណាង នោះខួរក្បាលរបស់អ្នកនឹងភ្ជាប់មកជាមួយនឹងប្រាជ្ញាឈ្លាសវៃឲ្យអ្នកស្រាប់រួចមកហើយ ឬជាអ្វីដែលគេសំដៅលើកម្រិតភាពឈ្លាសវៃ ឬIQនេះឯង។ យ៉ាងណាមិញ ខួរក្បាលរបស់អ្នកមិនមែនជាដុំថ្មនោះទេ វាគឺជាសាច់មួយដុំដែលអាចបត់បែនបាន ដោយអាស្រ័យទៅលើបរិយាកាសរបស់អ្នក និងទម្លាប់ឬសកម្មភាពរបស់អ្នក បើនិយាយឲ្យចំគឺលទ្ធផលនៃខួរក្បាលរបស់អ្នកបច្ចុប្បន្នអាចឲ្យគេដឹងថាតើអ្នកប្រើប្រាស់ធនធានធម្មជាតិមួយនេះដោយរបៀបណាបាន។
ចេញពីពោះម្ដាយមក ការវិវត្តរបស់ខួរក្បាលប្រព្រឹត្តទៅយ៉ាងរហ័សបំផុត។ ណឺរ៉ូននៅក្នុងខួរក្បាលរបស់ទារកនឹងបង្កើតនូវចំណងទំនាក់ទំនងជាមួយណឺរ៉ូនដទៃទៀតដែលមានរហូតដល់ទៅរាប់ពាន់លានចំណង។ រហូតដល់អាយុ២ឆ្នាំ ខួរក្បាលក្មេងនេះនឹងវិវត្តបាន៨៥%នៃខួរក្បាលរបស់មនុស្សជំទង់។ ថ្វីត្បិតតែ ទារកមិនទាន់អាចចេះដើរ និងចេះនិយាយអ្វីបានមែន ប៉ុន្តែខួរក្បាលរបស់ពួកគេមិនមែនចាប់ផ្ដើមដំបូងដោយគ្មានអ្វីសោះ ឬជាក្រដាសទទេស្អាតនោះឡើយ។ ខួរក្បាលរបស់ទារកនីមួយៗ មានភ្ជាប់មកដោយធម្មជាតិជាមួយនឹងជំនាញមូលដ្ឋានដែលអាចឲ្យពួកគេរៀនសូត្រពីអ្វីៗនៅជុំវិញខ្លួនពួកគេ។
អំឡុងវ័យកុមារភាព មុនពេលឈានចូលដល់អាយុខ្ទង់១០ ណឺរ៉ូនរបស់ខួរក្បាលក្មេងនេះបង្កើតចំណងច្រើនលើសពីខួរក្បាលរបស់មនុស្សជំទង់២ដងឯណោះ ដូច្នេះហើយទើបបានជាក្មេងក្នុងវ័យនេះតែងតែមានភាពបត់បែន រៀនសូត្រឆាប់ចេះនិងមានការចងចាំបានល្អ និងមានភាពច្នៃប្រឌិតដែលអាចឲ្យពួកគេរកឃើញនូវទំនាក់ទំនងរវាងរបស់មួយទៅនឹងរបស់មួយទៀត ដែលស្ទើរតែមិនមានភាពជាប់ពាក់ព័ន្ធអ្វីសោះ។
រហូតដល់អាយុខ្ទង់១០ ខួរក្បាលរបស់ក្មេងនេះនឹងវិវត្តបានជិតពេញលេញ ដែលមានទម្ងន់ជិត៣ផោនស្មើនឹងមនុស្សជំទង់។ នៅពេលអំឡុងអាយុខ្ទង់២០ ទើបខួរក្បាលពួកគេវិវត្តចេញជារូបរាងពេញលេញ ហើយក៏ជាវ័យនេះដែរដែលផ្នែកខាងមុខនៃខួរក្បាល ដែលមានសមត្ថភាពគិតហេតុផល ថ្លឹងថ្លែងរកល្អនិងអាក្រក់ និងជំនាញដោះស្រាយបញ្ហា វិវត្តក្រោយគេមកបំពេញខួរក្បាល។ ថ្វីត្បិតតែមុនពេលឈានចូលវ័យខ្ទង់១០ ណឺរ៉ូនក្នុងខួរក្បាលក្មេងបង្កើតចំណងរាប់ពាន់លានជាមួយណឺរ៉ូនដទៃទៀត ប៉ុន្តែនៅពេលពួកគេកាន់តែចម្រើនអាយុទៅ ចំណងទាំងនោះនឹងបាត់បង់ឬងាប់អស់ច្រើនដូចគ្នាដែរ។
ចំណងដែលងាប់គឺជាចំណងដែលក្មេងនេះមិនដែលប្រើប្រាស់ ឯចំណងដែលនៅសល់និងរឹងមាំគឺជាចំណងដែលក្មេងនេះឧស្សាហ៍ប្រើប្រាស់វាដើម្បីបញ្ជូនព័ត៌មានឆ្លងកាត់ទៅវិញទៅមក។ ត្រង់ចំណុចនេះហើយដែលបង្ហាញពីលក្ខណៈបត់បែនរបស់ខួរក្បាល។ នេះពុំមែនកើតឡើងតែពេលនៅវ័យក្មេងនោះទេ តែសូម្បីតែមនុស្សចាស់ហើយក៏ដោយ។ នៅពេលអ្នកមានធនធានធម្មជាតិក្នុងដៃដែលជាខួរក្បាលនេះហើយ វានឹងប្រែប្រួលទៅជាខួរក្បាលដ៏មានថាមពលឬទន់ខ្សោយគឺអាស្រ័យទៅលើរបៀបដែលអ្នកយកវាមកប្រើប្រាស់នេះឯង។
បើអ្នកខិតខំហ្វឹកហាត់លេងតន្ត្រី ឬគូររូប នោះណឺរ៉ូនក្នុងតំបន់នេះនឹងធ្វើដំណើរបញ្ជូនព័ត៌មានទៅវិញទៅមកជាញឹកញាប់ ដែលបានពង្រឹងចំណងណឺរ៉ូនក្នុងជំនាញនេះឲ្យរឹងមាំជាងផ្នែកដទៃ ហើយណឺរ៉ូននៅក្នុងតំបន់ផ្សេងទៀតដែលអ្នកមិនប្រើប្រាស់ នោះកោសិកាខួរក្បាលដែលមិនមានសកម្មភាពនឹងងាប់។ បើអ្នកប្រើប្រាស់ខួរក្បាលអ្នកដើម្បីលេងតន្ត្រីកាន់តែខ្លាំងប៉ុណ្ណា នោះចំណងទំនាក់ទំនងក្នុងផ្នែកនេះក៏នឹងកាន់តែរឹងមាំ ហើយអ្នកនឹងលេងតន្ត្រីបានកាន់តែល្អប៉ុននោះដែរ។ សំណួរសួរថាតើអ្នកប្រើប្រាស់ធនធានក្នុងដៃនេះយ៉ាងដូចម្ដេច ទើបជារឿងសំខាន់បំផុត ដែលពុំមែនជាបញ្ហារបស់ធម្មជាតិដែលជាIQនោះឡើយ។ អ្នកដែលកើតមកឆ្លាតស្រាប់ គឺជាសំណាងរបស់ពួកគេហើយ ប៉ុន្តែបើពួកគេមិនចេះប្រើប្រាស់និងទាញយកប្រយោជន៍ពីរបស់មានតម្លៃនេះ វាក៏អត់ប្រយោជន៍ដដែលនោះទេ។
ម្យ៉ាងទៀត នេះក៏មិនមែនមានន័យថា អ្នកដែលកើតមកគ្មានរបស់មានតម្លៃដែលជាភាពឈ្លាសវៃពីកំណើតនោះ ពុំមានឱកាសកែប្រែធម្មជាតិរបស់ខ្លួននោះដែរ។ គ្រប់យ៉ាងគឺអាស្រ័យទៅលើទម្លាប់របស់អ្នក។ ចូរអ្នកចាត់ទុកខួរក្បាលឲ្យដូចជាសាច់ដុំរបស់អ្នក ដែលនៅពេលដែលកាន់តែហ្វឹកហាត់វាយ៉ាងសកម្មប៉ុណ្ណា នោះវាក៏កាន់តែមានថាមពលរឹងមាំប៉ុននោះ។
ប៉ុន្តែដូចសាច់ដុំដូច្នោះ វាត្រូវការពេលវេលាសម្រាកគ្រប់គ្រាន់ដើម្បីបញ្ចូលថាមពល។ ការគេងឬសម្រាកមួយស្រលេត ប្រៀបដូចជាអ្នកមើលថែទាំផ្ទះដូច្នោះ គឺមានន័យថានៅពេលអ្នកគេង ផ្នែកខាងស្ដាំនៃខួរក្បាលនឹងសម្អាតតំបន់ដែលស្តុកទុកទិន្នន័យជាបណ្ដោះអាសន្នរបស់អ្នកចេញ ហើយបញ្ជូនវាទៅក្នុងការចងចាំរយៈពេលវែងវិញ។ ដូច្នេះនៅពេលភ្ញាក់ពីគេង អ្នកនឹងមានចន្លោះទំនេរទុកសម្រាប់បញ្ចូលទិន្នន័យថ្មីៗ ហើយទិន្នន័យចាស់ៗក៏បានស្តុកទុកក្នុងការចងចាំរយៈពេលវែងដែរ។
ក្រៅពីហ្វឹកហាត់ប្រើប្រាស់ខួរក្បាលឲ្យសកម្ម និងការគេងឬសម្រាកមួយស្រលេត នៅមានអាហារបំប៉នមានជីវជាតិ ការដើរស្រូបយកខ្យល់អាកាសក្នុងធម្មជាតិ ការហាត់ប្រាណ ការតាំងអារម្មណ៍ឲ្យស្ងប់ឬសមាធិ ការប្ដូរទម្លាប់ធ្វើការងារច្រើនក្នុងពេលតែមួយចេញហើយផ្ដោតលើការងារមួយក្នុងពេលតែមួយ ការចេញទៅក្រៅជួបជុំមិត្តភ័ក្ដិបង្កើតទំនាក់ទំនងល្អៗ និងការបណ្ដុះទម្លាប់គិតវិជ្ជមានសុទ្ធតែជាទម្លាប់ដែលនឹងសំលៀងខួរក្បាលអ្នកឲ្យមុតដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗប្រកបដោយភាពឈ្លាសវៃបាន៕
ដោយ៖ ស្រីពៅ