តើភាពឈ្លាសវៃបែបណា ទើបសំខាន់សម្រាប់ភាពជោគជ័យរបស់អ្នក ?
នៅក្នុងសង្គម IQឬជាតេស្តសម្រាប់វាស់ស្ទង់កម្រិតភាពឈ្លាសវៃរបស់បុគ្គលម្នាក់ និងពិន្ទុGPAនៅក្នុងសាលា ត្រូវបានគេចាត់ទុកជាសកលលោក ជាម៉ែត្រដែលក្រិតសម្រាប់វាស់ថាតើម្នាក់នេះឈ្លាសវៃប៉ុណ្ណា នោះពួកគេនឹងជោគជ័យនៅក្នុងជីវិតប៉ុននោះដែរ។
ម៉ែត្រគឺជារង្វាស់ដ៏សុក្រឹតបំផុត បើវាស់ឃើញវត្ថុណាមួយស្មើ១ម៉ែត្រ នោះវត្ថុមួយនេះមានប្រវែង១ម៉ែត្រពិតប្រាកដដោយមិនអាចប្រកែកបានឡើយ។ ហេតុនេះ គ្រប់គ្នាតែងតែប្រើប្រាស់ម៉ែត្រដើម្បីស្វែងរកប្រវែងដ៏សុក្រឹតរបស់វត្ថុនៅក្នុងលោក។ យ៉ាងណាមិញតើអ្នកអាចនឹងដឹងដូចម្ដេចបានថា ម៉ែត្រដែលអ្នកតែងតែជឿជាក់យកមកប្រើប្រាស់ដើម្បីរកពីភាពសុក្រឹតរបស់ប្រវែងវត្ថុ ត្រូវបានក្រិតយ៉ាងសុក្រឹតមិនលម្អៀងហើយ ? តើអ្នកដឹងដូចម្ដេចបានថា ម៉ែត្រនេះនឹងអាចកំណត់រកភាពជាក់លាក់ទៅលើប្រវែងវត្ថុទាំងអស់នៅលើលោកបាន ?
តើអ្នកអាចនឹងប្រាកដក្នុងចិត្ត១០០%យ៉ាងដូចម្ដេចបានថា ពិន្ទុIQឬពិន្ទុGPAខ្ពស់របស់បុគ្គលម្នាក់អាចនឹងទស្សន៍ទាយអំពីភាពជោគជ័យដ៏អស្ចារ្យនៅក្នុងឆាកជីវិតនាពេលអនាគតរបស់បុគ្គលម្នាក់នេះបាន ? នៅក្នុងស្ថានភាពជាក់ស្ដែង ភាពជោគជ័យនិងតម្លៃជីវិតមានហួសពីភាពឈ្លាសវៃដែលបុគ្គលម្នាក់មានក្នុងក្រដាសដ៏មានឥទ្ធិពលមួយសន្លឹកដែលគេហៅថាសញ្ញាប័ត្រនេះទៅទៀត។ តេស្តប្រឡងនៅក្នុងសាលាមិនដូចគ្នានឹងតេស្តប្រឡងនៅក្នុងជីវិតជាក់ស្ដែងដែលអ្នកនឹងប្រឈមក្នុងពេលអនាគតឡើយ។ តេស្តប្រឡងនៅក្នុងសាលាមិនបានធ្វើតេស្តស្វែងរកពីសមត្ថភាពរបស់អ្នកក្នុងការដោះស្រាយបញ្ហាជាក់ស្ដែង សមត្ថភាពគិតវិភាគស៊ីជម្រៅនិងថ្លឹងថ្លែងរកល្អនិងអាក្រក់ ហើយតេស្តប្រឡងទាំងនោះក៏មិនបានជជីកសួររកភាពច្នៃប្រឌិតរបស់អ្នក និងភាពបត់បែនរបស់អ្នកក្នុងការដោះស្រាយបញ្ហាក្នុងស្ថានការណ៍លំបាកថ្មីៗនោះដែរ។
ប៉ុន្តែនេះគឺជាអ្វីដែលជីវិតជាក់ស្ដែងរបស់អ្នកនឹងជួប នៅពេលអ្នកតម្រង់ផ្លូវដើរឆ្ពោះទៅសម្រេចគោលដៅរបស់អ្នក។ នៅក្នុងសាលាតែងតែបង្រៀនឲ្យអ្នកស្វែងរកភាពប្រាកដប្រជា ភាពត្រឹមត្រូវ និងភាពល្អឥតខ្ចោះ។ ប៉ុន្តែភាពច្នៃប្រឌិតគឺជារបៀបនៃការគិតដែលបញ្ច្រាសទិសពីចំណុចទាំងនេះ ហើយសង្គមជាតិមួយអាចរីកចម្រើនទៅបាន តើមិនមែនដោយសារតែសេរីភាពនៃការគិតរបស់បុគ្គល ដែលជាបេះដូងនៃភាពច្នៃប្រឌិតនេះទេឬ ? នៅពេលនិយាយដល់សេរីភាពក្នុងការគិតរបស់បុគ្គល មិនមែនសំដៅទៅលើសេរីភាពឥតមានដែនកំណត់ ដែលផ្ដល់សិទ្ធិអំណាចអនុញ្ញាតឲ្យមនុស្សប្រព្រឹត្តអំពើផ្ដេសផ្ដាស សាហាវយង់ឃ្នងនោះឡើយ ប៉ុន្តែវាជាសេរីភាពមួយបែបដែលដាក់ក្រោមកំណត់ជាក់លាក់មួយ ហើយទុកចន្លោះសម្រាប់ការគិតរបស់បុគ្គលឲ្យមានសេរីភាព។ សេរីភាពដែលគ្មានសម្ពាធគាបសង្កត់បែបនេះហើយគឺជាភ្លើងដែលដុតបញ្ឆេះឲ្យមានគំនិតច្នៃប្រឌិតរបស់មនុស្សនោះ។
ប្រព័ន្ធអប់រំចាស់កម្រិលនៅក្នុងសាលាតែងមានទំនោរឃុំគ្រងសេរីភាពរបស់បុគ្គលក្នុងការគិតវិភាគ និងភាពងឿងឆ្ងល់ជជីកសួររកឫសគល់។ ភាពច្នៃប្រឌិតនៅមិនដាច់ពីគ្នានោះឡើយជាមួយនឹងការសាងកំហុសឆ្គង ព្រោះវាគឺជាការសាកល្បងជាមួយនឹងអ្វីដែលថ្មីនិងមានភាពប្រកួតប្រជែង ហើយការងឿងឆ្ងល់ជជីកសួរមានន័យថាអ្នកមិនចេះប្រាកដនោះឡើយ។ ប៉ុន្តែបើអ្នកមិនប្រាកដប្រជានោះទេ នោះអ្នកនឹងធ្លាក់ការប្រឡងមិនខាន ដូច្នេះអ្នកត្រូវតែតម្រង់ការគិតរបស់ខ្លួនឯងឲ្យស្វែងរកភាពល្អឥតខ្ចោះជានិច្ច និងជាអ្នកចេះច្បាស់លាស់ជានិច្ចទៅលើអ្វីដែលគ្រូបានបង្រៀន បើទោះជាការពិតគឺជាចំណេះដឹងបែបស្រាលៗ មានលក្ខណៈជាប្រធានបទចំហទូទៅទូលំទូលាយ និងចេះទាំងងងឹតងងល់មិនយល់ពីហេតុនិងផលក៏ដោយ និងច្រើនតែជាការទន្ទេញឲ្យចាំមាត់ ដោយគ្មានការយល់ពីជម្រៅនៃបញ្ហាអ្វីនោះឡើយ។
នៅពេលជួបប្រទះនឹងបញ្ហាប្រទាក់ក្រឡានៅក្នុងជីវិតយ៉ាងស្មុគស្មាញ វានឹងក្លាយជាបញ្ហាសម្រាប់សិស្សទាំងនោះ ក៏ព្រោះតែមិនដឹងថាអ្វីដែលខ្លួនធ្លាប់បានរៀនអស់ជាច្រើនឆ្នាំមកហើយ ព្រមជាមួយនឹងសញ្ញាប័ត្រដ៏ខ្ពង់ខ្ពស់នេះទៅទៀត បានផ្ដល់ចំណេះដឹងអ្វីខ្លះសម្រាប់ជាទុនសម្រាប់ឲ្យពួកគេយកទៅដោះស្រាយបញ្ហាក្នុងជីវិត។ នេះក៏ព្រោះតែខ្វះខាតបទពិសោធន៍ជាក់ស្ដែងនេះឯង។ ពិភពរស់នៅក្នុងសាលាមិនដូចគ្នានឹងពិភពរស់នៅជាក់ស្ដែងនោះឡើយ។ មានភាពឈ្លាសវៃក្នុងសាលាដែលមានលក្ខណៈជាទ្រឹស្ដីគឺជាការប្រសើរបំផុតហើយ ប៉ុន្តែភាពជោគជ័យនិងតម្លៃជីវិតទាមទារឲ្យអ្នកមានលើសពីនេះទៅទៀត។ ពូកែទ្រឹស្ដីបើបានទៅដំណាលគ្នាជាមួយពូកែអនុវត្តទៅទៀត នោះវានឹងប្រព្រឹត្តទៅយ៉ាងស៊ីចង្វាក់គ្នា ដើម្បីជួយអ្នកឲ្យទៅដល់គោលដៅបានយ៉ាងជោគជ័យ៕
ដោយ៖ ស្រីពៅ