នៅពេលដែលយើងអស់កម្លាំងអាការៈនេះនឹងកើត ឡើងតែយើងមិនដឹងទេ គឺ....!
សាច់ទម្ងន់៣ផោន១ដុំស្រោបដោយលលាដ៍ក្បាល ដែលមានណឺរ៉ូនចំនួន១០០ពាន់លានបង្កវាឡើង ហើយក្នុងណឺរ៉ូនទាំង១០០ពាន់លាននីមួយៗផ្សារភ្ជាប់ទំនាក់ទំនងជាមួយណឺរ៉ូនដទៃទៀតប្រមាណ១០០០ឬលើសពីនេះ ដែលបើគិតជាសរុបមានរហូតដល់ទៅ១០០ពាន់ពាន់លាននេះ ហេតុអ្វីក៏ភាពអស្ចារ្យរបស់ខួរក្បាលមនុស្សមួយនេះបង្កប់នូវអាថ៌កំបាំងនៅក្នុងជម្រៅជ្រៅយ៉ាងដូច្នេះ ?
ហេតុអ្វីសូម្បីតែមនុស្សដែលមានខួរក្បាលខ្លាំងក៏មិនអាចដោះស្រាយចំណោទដ៏ស្មុគស្មាញរបស់ខួរក្បាលបាន ? តើការយល់ពីដំណើរការណ៍ខាងក្នុងរបស់ខួរក្បាល អាចជួយមនុស្សឲ្យចេះប្រើប្រាស់ខួរក្បាលរបស់ខ្លួនឲ្យឈានទៅដល់សក្ដានុពលខ្ពស់បំផុតរបស់ពួកគេបានដែរឬទេ ? ចុះការបកស្រាយមានយ៉ាងដូចម្ដេចវិញ នៅពេលអ្នកវិទ្យាសាស្ត្រអះអាងថា ខួរក្បាលរបស់អ្នកនឹងមានភាពច្នៃប្រឌិតខ្ពស់ នៅពេលអ្នកកំពុងអស់កម្លាំង ?
ការពិតមួយនេះហាក់ដូចជាផ្ទុយពីអ្វីដែលមនុស្សភាគច្រើនធ្លាប់យល់ឃើញកន្លងមក។ បើមិនដូច្នោះទេក៏មិនមែនមនុស្សជាច្រើនខំស្វែងយល់ពីខ្លួនឯងថា តើអំឡុងពេលណាមួយគឺជាពេលដែលពួកគេបំពេញការងារមានប្រសិទ្ធភាពខ្ពស់បំផុតនោះឡើយ។ មនុស្សដែលមានប្រសិទ្ធភាពការងារខ្ពស់នៅពេលព្រឹក ពួកគេនឹងទុកកិច្ចការសំខាន់ទាំងឡាយណាដែលទាមទារឲ្យខួរក្បាលមានសកម្មភាពគិតខ្លាំងធ្វើវានៅពេលព្រឹក នោះពួកគេនឹងអាចវិនិច្ឆ័យថ្លឹងថ្លែងល្អនិងអាក្រក់បានកាន់តែល្អ និងនាំទៅរកការសម្រេចចិត្តដ៏ឈ្លាសវៃ។ ឯមនុស្សដែលមានប្រសិទ្ធភាពខ្ពស់នៅពេលយប់ក៏មិនខុសគ្នាពីនេះដែរ។
ពិតណាស់ថារាល់កិច្ចការណាដែលជាប់ពាក់ព័ន្ធនឹងដំណើរការណ៍ប្រើប្រាស់ខួរក្បាលរបស់អ្នកខ្លាំង ទាមទារការផ្ចង់អារម្មណ៍ទៅលើកិច្ចការមួយ និងការគិតគូរវិភាគល្អិតល្អន់ នោះពេលវេលាណាដែលខួរក្បាលអ្នកមានភាពស្វាហាប់ និងស្រស់ស្រាយ ដែលសំដៅលើអំឡុងពេលដែលអ្នកមានប្រសិទ្ធភាពខ្ពស់បំផុតនេះ គឺជាពេលដែលអាចផលិតលទ្ធផលការងារប្រកបដោយផ្លែផ្កាមែនហើយ។ យ៉ាងណាមិញ អំឡុងពេលដែលអ្នកអាចផ្ចង់អារម្មណ៍បានល្អបំផុត អាចជាពេលវេលាដែលរំខានទៅដល់លំហូរនៃគំនិតច្នៃប្រឌិតរបស់អ្នកទៅវិញ។ អ្នកត្រូវដឹងថា ភាពច្នៃប្រឌិតគឺជាការគិតក្រៅប្រអប់ ឬជាការសម្លឹងមើលទៅលើបញ្ហាតាមវិធីថ្មីផ្សេងខុសពីមុន ដែលអាចនាំអ្នកទៅកាន់ដំណោះស្រាយប្លែកថ្មីខុសពីមុនដូចគ្នាដែរ។
ដោយឡែក នៅពេលអ្នកមានប្រសិទ្ធភាពបំផុត អ្នកនឹងប្រមូលអារម្មណ៍មកផ្ចង់គិតទៅលើការងារចំពោះមុខបានយ៉ាងល្អ ដែលគ្រឿងរំខានខាងក្រៅមិនងាយនឹងមានឥទ្ធិពលបំបែកអារម្មណ៍អ្នកបាន។ សាកគិតបន្តិច ខណៈពេលនេះ វាមិនខុសអ្វីពីពេលដែលអ្នកដឹងច្បាស់ថា ដើម្បីទៅឲ្យដល់ផ្សារ ខ្ញុំត្រូវដើរតាមផ្លូវ "ក"។ ដូច្នេះអ្វីដែលអ្នកដឹងច្បាស់បំផុតគឺដឹងថាអ្នកត្រូវដើរតាមផ្លូវ "ក" តែមួយគត់ ដើម្បីទៅឲ្យដល់គោលដៅដែលជាផ្សារនោះ។ ដូច្នេះអ្នកមិនបានចាប់អារម្មណ៍នឹងគំនិតអ្វីផ្សេងទៀតក្រៅពីទៅឲ្យដល់គោលដៅតាមផ្លូវ "ក" នោះទេ ដែលជាហេតុនាំឲ្យអ្នកគិតក្នុងប្រអប់ ជាជាងក្រៅប្រអប់ ដែលជាអ្វីដែលគេហៅថា "គំនិតច្នៃប្រឌិត" ហោះចូលមកក្នុងខួរក្បាលរបស់អ្នកនេះឯង។
ដោយឡែក នៅពេលអ្នកកំពុងអស់កម្លាំង ខួរក្បាលអ្នកមិនសូវធ្វើការបានល្អក្នុងការតម្រង់ការផ្ចង់អារម្មណ៍របស់អ្នកទៅលើការងារចំពោះមុខនោះឡើយ ម្យ៉ាងទៀតអ្វីដែលសំខាន់នោះគឺវាក៏ធ្វើការមិនសូវមានប្រសិទ្ធភាពក្នុងការផ្សារភ្ជាប់គំនិតមួយទៅនឹងគំនិតមួយទៀតឲ្យវាមានទំនាក់ទំនងគ្នានោះដែរ។ ស្ថិតក្នុងសភាពរវើរវាយដែលបណ្ដាលមកពីភាពហត់នឿយបែបនេះ ការគិតរបស់អ្នកនឹងមានទំនោរទៅរកវិធីគិតបែបថ្មីខុសពីមុន ជាលទ្ធផលបង្កើតនូវទំនាក់ទំនងរវាងគំនិតមួយទៅគំនិតមួយផ្សេងទៀតក្នុងរូបភាពផ្សេងខុសប្លែកពីមុន ដែលដុតបញ្ឆេះភ្លើងនៃភាពច្នៃប្រឌិតឲ្យឆេះឡើងមកដោយឥតរំពឹងទុកនេះឯង។ អ្នកអាចសង្កេតទៅលើខ្លួនឯងដើម្បីជាការពិសោធន៍ ដូចជាមានពេលខ្លះអ្នកព្យាយាមផ្ចង់អារម្មណ៍ឃុំការគិតខ្លួនឯងនៅក្នុងបន្ទប់មួយ ក៏ព្រោះតែយល់ថាដំណោះស្រាយនឹងអាចមកដល់ដៃអ្នកនៅពេលផ្ចង់គិតបែបនេះ។
ផ្ទុយពីការគិតរបស់អ្នក បើទោះជាអ្នកខំគិតយ៉ាងណា ក៏នៅតែមិនអាចឈានទៅដល់ដំណោះស្រាយដ៏ល្អមួយសម្រាប់បញ្ហាដែលកំពុងរំខានចិត្តអ្នក។ ប៉ុន្តែ ពេលខ្លះអ្នកបែរជាទទួលបានចម្លើយមកដោយឯកឯង នៅពេលអ្នកកំពុងធ្វើការអ្វីផ្សេង ឬខួរក្បាលកំពុងទទេស្អាតមិនរវល់គិតអ្វី ដែលចម្លើយដែលទទួលបានតាមរបៀបនេះច្រើនតែជាចម្លើយដែលអ្នកពេញចិត្ត និងអាចជាវិធីដោះស្រាយមួយដែលអ្នកមិនធ្លាប់គិតដល់។ នៅពេលមានចម្ងល់ថាតើខួរក្បាលពិតជាដំណើរការណ៍បែបនេះមែនឬ យើងក៏ចាប់ផ្ដើមយល់ថាហេតុអ្វីអ្នកប្រាជ្ញរូបវិទ្យា អាល់ប៊ឺត អាញស្តាញ តែងតែដើរលំហែឆ្ងាយៗ នៅពេលគាត់ព្យាយាមស្វែងរកដំណោះស្រាយចំពោះទ្រឹស្ដីទំនាក់ទំនងពិសេសរបស់គាត់៕
ដោយ៖ ស្រីពៅ