ស្វែងយល់អំពីបែបបទនៃការបង់ពន្ធប៉ាតង់ (Payment of Patent Tax)
ដូចដែលលោកអ្នកបានជ្រាបរួចមកហើយថា ពន្ធប៉ាតង់ គឺជាពន្ធប្រចាំឆ្នាំ ដែលត្រូវបានកំណត់លើសកម្មភាព អាជីវកម្ម ដោយផ្អែកលើប្រភេទអ្នកជាប់ពន្ធ (Taxpayer) និង កម្រិតផលរបរ (Turnover) ហើយការបង់ពន្ធនេះ ត្រូវធ្វើឡើងនៅក្នុងអំឡុងពេលចាប់ផ្តើមពីថ្ងៃទី ០១ ខែ មករា ដល់ ថ្ងៃទី ៣១ ខែ មីនា ជារៀងរាល់ឆ្នាំ នៅរដ្ឋបាលសារពើរពន្ធដែលអាជីវកម្មមានទីតាំងស្ថិតនៅ។ នៅក្នុងអត្ថបទនេះ លោកអ្នកនឹងបានស្វែងអំពីបែបបទ នៃការបង់ពន្ធប៉ាតង់ ព្រមទាំងអានុភាព និង ការប្រើប្រាស់ប័ណ្ណប៉ាតង់ផងដែរ។
ជាការពិតណាស់ ផ្អែកទៅលើប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លេខ ១៨២១ សហវ-ប្រក ចុះថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីវិធាននិងនីតិវិធីគ្រប់គ្រងប្រមូលពន្ធប៉ាតង់ ការបង់ពន្ធប៉ាតង់ត្រូវធ្វើឡើងតាមបែបបទដូច ខាងក្រោម៖
១. អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មច្រើន ត្រូវបង់ពន្ធប៉ាតង់ផ្សេងគ្នាទៅតាមសកម្មភាពអាជីវកម្មនីមួយៗ
ឧទាហរណ៍៖ អ្នកជាប់ពន្ធម្នាក់ដែលមានសកម្មភាពអាជីវកម្មនីហរ័ណ-អាហរ័ណ ដឹកជញ្ជូន និង សណ្ឋា គារ ត្រូវបង់ពន្ធប៉ាតង់សម្រាប់ ៣ សកម្មភាពអាជីវកម្មផ្សេងគ្នា។
២. សកម្មភាពជាឧបសម្ព័ន្ធនានានៃសកម្មភាពអាជីវកម្មត្រូវបានចាត់ទុកថាជាសកម្មភាពអាជីវកម្មតែមួយ។
ឧទាហរណ៍៖ សណ្ឋាគារមួយដែលមានក្លឹបកំសាន្ត ភោជនីយដ្ឋាន កន្លែងម៉ាស្សា ក្លឹបហាត់ប្រាណ ឬសកម្ម ភាពដទៃដែលជាឧបសម្ព័ន្ធនៃសកម្មភាពសណ្ឋាគារដែលស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នកជាប់ពន្ធតែមួយ និង ស្ថិតក្នុងទីតាំងរួមជាមួយសណ្ឋាគារ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
៣. អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់សកម្មភាពអាជីវកម្មតែមួយនៅក្នុងរាជធានី-ខេត្ត តែមួយ ត្រូវបង់ពន្ធប៉ាតង់តែមួយ។
៤. អ្នកជាប់ពន្ធដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានី-ខេត្តផ្សេគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមរាជធានី-ខេត្ត ដែលអាជីវកម្មនោះស្ថិតនៅ។
អានុភាពនិងការប្រើប្រាស់ប័ណ្ណប៉ាតង់
ប័ណ្ណប៉ាតង់មានតម្លៃតែចំពោះអ្នកជាប់ពន្ធដែលមានឈ្មោះក្នុងប័ណ្ណប៉ាតង់នោះតែប៉ុណ្ណោះ។ ករណីមានការផ្លាស់ ប្តូរទីកន្លែងទៅរាជធានី-ខេត្តផ្សេង ឬ ផ្លាស់ប្តូរមុខរបរអាជីវកម្មថ្មី ម្ចាស់អាជីវកម្មនោះត្រូវបង់ប្រាក់ពន្ធប៉ាតង់ថ្មីម្តង ទៀត។
ចំពោះអាជីវកម្មដែលផ្លាស់ប្តូរម្ចាស់ បើម្ចាស់ចាស់បានបង់ពន្ធប៉ាតង់ហើយ ម្ចាស់ថ្មីមិនបាច់បង់ពន្ធប៉ាតង់ជាថ្មីទៀត ទេ ប្រសិនបើមានគ្រប់លក្ខណៈពីរខាងក្រោមនេះ៖
១. មិនផ្លាស់ប្តូរសកម្មភាពអាជីវកម្ម។
២. ម្ចាស់ថ្មីជាឪពុក ម្តាយ ប្តី ប្រពន្ធ កូន ឬអ្នកស្នងស្របច្បាប់របស់ម្ចាស់អាជីវកម្មចាស់។
អ្នកជាប់ពន្ធត្រូវដាក់តាំងបង្ហាញប័ណ្ណប៉ាតង់ដែលមានសុពលភាពនៅតាមទីតាំងប្រកបអាជីវកម្មរបស់ខ្លួន។
ដោយ៖ ប៉ុម ទូច