សម្រាប់អ្នករៀនមិនចេះដោយការទន្ទេញ ទាំងនេះគឺជាវិធីសាស្ត្ររៀនសូត្រចំនួន៤ដែលមានប្រសិទ្ធភាពបំផុត
ខួរក្បាលមនុស្សគ្រប់គ្នា ថ្វីត្បិតតែទម្ងន់៣ផោនដូចគ្នាមែន ប៉ុន្តែការពិតមួយនេះមិនមែនអាចទាញទៅរកសេចក្ដីសន្និដ្ឋានពិតមួយថា វិធីដែលមនុស្សម្នាក់ៗទទួលយកចំណេះដឹងពីអ្វីៗនៅជុំវិញខ្លួនក៏ដូចគ្នាដែរនោះទេ។ មានកត្តាជាច្រើនដែលបង្ហាញថា មនុស្សម្នាក់ចេះដោយការទន្ទេញចាំមាត់ តែវិធីដដែលនេះបែរជាមិនអាចមានប្រសិទ្ធភាពទៅលើមនុស្សម្នាក់ផ្សេងទៀតបាន។ ភាពខុសគ្នាមាននៅក្នុងរចនាសម្ព័ន្ធខួរក្បាលមនុស្ស កត្តាស្ថានភាពគ្រួសារ កត្តាហ្សែន បរិយាកាសសង្គម និងកត្តាសំខាន់ៗផ្សេងជាច្រើនទៀត។ តើមិនល្អទេឬ ប្រសិនជាវិធីសាស្ត្ររៀនសូត្រចំនួន៤ខាងក្រោមអាចកែប្រែដំណើរជីវិតរៀនសូត្ររបស់អ្នក ឲ្យមានប្រសិទ្ធភាពខ្ពស់បាន ?
១) ការស្រមើស្រមៃច្នៃប្រឌិត៖ តើអ្នកធ្លាប់កត់សម្គាល់ដែរទេថា អ្វីដែលទាក់ទាញអ្នកឲ្យជក់ចិត្តចាប់អារម្មណ៍បំផុត តែងតែដក់ជាប់នៅក្នុងការចងចាំរបស់អ្នកបានក្នុងរយៈពេលយូរ ? ចុះហេតុអ្វីមិនទាញយកប្រយោជន៍មួយនេះរបស់ខួរក្បាលមកប្រើប្រាស់ ដើម្បីឲ្យដំណើរការណ៍រៀនសូត្រ បឺតស្រូបយកចំណេះដឹងប្រព្រឹត្តទៅដោយរលូន ? អ្នកអាចប្រើការច្នៃប្រឌិតរបស់អ្នក ស្រមើស្រមៃជារូបភាពនូវអ្វីដែលអ្នកទើបនឹងរៀនហើយ ដោយគូររូបភាពវាចេញមក ឬគូរដ្យាក្រាម ហើយប្រើប្រាស់ប៊ិចពណ៌ផ្សេងៗចម្រុះគ្នាដើម្បីឲ្យមានភាពទាក់ទាញ នោះអ្នកក៏នឹងងាយចងចាំវាទុកដែរ។
២) ប្រើប្រាស់ន័យប្រៀបធៀប៖ ចំណេះដឹងថ្មីអាចនឹងមានភាពស្មុគស្មាញ និងបង្កជាការលំបាកដល់អ្នកក្នុងការចងចាំវា។ ដូច្នេះបើសិនជាអ្នកផ្សារភ្ជាប់អ្វីដែលថ្មីសម្រាប់អ្នកទៅនឹងចំណេះដឹងណាដែលអ្នកមានស្រាប់រួចមកឲ្យមានទំនាក់ទំនងគ្នា ដោយស្វែងរកលក្ខណៈដូចគ្នាណាមួយយកមកប្រដូចគ្នា។ ទំនាក់ទំនងច្នៃប្រឌិតបែបនេះនឹងកាន់តែមានប្រសិទ្ធភាពសម្រាប់ខួរក្បាលអ្នក ក្នុងការរក្សាទុកទិន្នន័យ។
៣) បង្កើតទំនាក់ទំនងជាសាច់រឿង៖ អ្នកដែលពូកែចងចាំមួយចំនួន មិនមែនមកពីពួកគេឆ្លាតជាងអ្នកនោះទេ តែមកពីពួកគេចេះប្រើប្រាស់វិធីសាស្ត្ររៀនសូត្រដ៏ប្លែកពីគេមួយនេះឯង។ ឧទាហរណ៍ថាអ្នកទើបនឹងរៀនពាក្យអង់គ្លេសថ្មីៗបានចំនួន៥ អ្វីដែលអ្នកត្រូវធ្វើនោះគឺព្យាយាមរកនូវទំនាក់ទំនងរវាងពាក្យទាំង៥នោះ ច្នៃប្រឌិតគំនិតអ្វីដែលខុសស្រឡះពីគ្នាមកមានទំនាក់ទំនងជាមួយគ្នា ហើយបង្កើតជាខ្សែរឿងមួយដែលកើតចេញពីពាក្យខុសគ្នាទាំង៥។ លទ្ធផលអ្នកអាចនឹងឆ្ងល់ថាហេតុអ្វីអ្នកអាចចងចាំនូវអ្វីដែលខ្លួនឯងធ្លាប់តែគិតថាមិនអាចទៅរួចសោះ។ ទំនាក់ទំនងកាន់តែចម្លែកប៉ុណ្ណា អ្នកនឹងកាន់តែពិបាកនឹងភ្លេចវាប៉ុននោះ។
៤) គិតថាអ្នកនឹងពន្យល់វាទៅក្មេងអាយុ៥ឆ្នាំយ៉ាងដូចម្ដេច ? ៖ នៅពេលអ្នកគិតថាតើត្រូវពន្យល់គំនិតស្មុគស្មាញមួយទៅកាន់ក្មេងអាយុ៥ឆ្នាំបែបណា ដើម្បីឲ្យក្មេងនោះអាចយល់បាន នោះវានឹងជំរុញអ្នកឲ្យចេះបំបែកភាពស្មុគស្មាញនៅក្នុងគំនិតអ្វីមួយឲ្យទៅជាងាយស្រួលក្នុងការយល់ នោះអ្នកក៏អាចនឹងងាយចងចាំផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack