ទ្រព្យសកម្មចំនួន៣ដែលអ្នកត្រូវវិនិយោគមុនការវិនិយោគទៅលើរបស់ខាងក្រៅណាទាំងអស់​



មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​គោលដៅ​ដូច​គ្នា​រួម​មួយ​នៅ​ក្នុង​ជីវិត នោះ​គឺជា​ការ​ក្លាយ​ជា​អ្នក​មាន។ ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដ៏​មាន​មហិច្ឆតា​មួយ​នេះ មាន​ផ្លូវ​ដើរ​ជាច្រើន​ដែល​អាច​ដឹកនាំ​មនុស្ស​ឲ្យ​ក្លាយ​ជា​អ្នក​មាន​បាន។ មនុស្ស​ខ្លះ​ដើរ​ផ្លូវ​ត្រូវ​ក៏​ទទួល​បាន​លទ្ធផល​នូវ​អ្វី​ដែល​ជា​ការ​ប៉ង​ប្រាថ្នា​របស់​ខ្លួន ឯ​អ្នក​ខ្លះ​ទៀត​ដើរ​ផ្លូវ​ខុស​ក៏​ជួប​នូវ​ភាព​បរាជ័យ។ ប៉ុន្តែ ហេតុអ្វី​ក៏​បរាជ័យ ? ហេតុអ្វី​គេ​ធ្វើ​បាន ហើយ​យើង​ធ្វើ​មិន​បាន ?

មនុស្ស​ភាគច្រើន នៅ​ពេល​ចាប់ផ្ដើម​ប្រមូល​យក​ចំណេះដឹង​អំពី​លុយ​មក​បញ្ចូល​ក្នុង​ខ្លួន ទាំង​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ស្ទុះស្ទា​ចាប់ផ្ដើម​ចាយ​លុយ​វិនិយោគ​ទៅលើ​ផ្សារ​ភាគហ៊ុន និង​អចលនទ្រព្យ​ជាដើម។ ដោយឡែក មាគ៌ា​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុង​ការ​មាន​សេរីភាព​ហិរញ្ញវត្ថុ​ជា​មូលដ្ឋាន​ដំបូង​បង្អស់​នោះ​គឺ​ត្រូវ​សួរ​ខ្លួនឯង​នូវ​សំណួរ​ថា តើ​អ្វី​គឺជា​ភាព​ខុស​គ្នា​រវាង "ទ្រព្យ​សកម្ម" និង "ទ្រព្យ​អកម្ម" ?

ការ​យល់​ច្រឡំ​ទៅលើ​គំនិត​ពីរ​ដែល​ដាច់​ដោយ​ឡែក​ពី​គ្នា​នេះ នឹង​រុញ​អ្នក​ឲ្យ​ធ្លាក់​ទឹក​នៅ​ពេល​មួយ​ដែល​អ្វីៗ​បាន​ហួស​ពេល​អស់​ទៅ​ហើយ​មិនខាន។ លំនៅឋាន​ដែល​អ្នក​កំពុង​រស់នៅ​ប្រកប​ដោយ​ភាព​សុខដុមរមនា​នេះ ពុំ​មែន​ជា​ទ្រព្យ​សកម្ម​នោះ​ឡើយ។ ដូច្នេះ​តើ​អ្វី​ជា "ទ្រព្យ​សកម្ម" ? រាល់​កម្មសិទ្ធិ​វត្ថុ​ទាំងឡាយ​ណា ដែល​នាំ​មក​នូវ​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ពេល​អនាគត​មក​ឲ្យ​អ្នក​វិញ នោះ​របស់​ទាំងនោះ​ហើយ​គឺជា​ទ្រព្យ​សកម្ម។

វា​ជា​ទ្រព្យ​ដែល​នឹង​បង្កើន​តម្លៃ​របស់​វា​ក្នុង​រយៈពេល​វែង​មួយ និង​ប្រមូល​យក​លុយ​បន្ថែម​មក​ដាក់​ក្នុង​ហោប៉ៅ​អ្នក។ ការ​វិនិយោគ​ទៅលើ​ផ្សារ​ភាគហ៊ុន និង​អចលនទ្រព្យ​គឺជា​ឧទាហរណ៍​អំពី​ទ្រព្យ​សកម្ម។ ដោយឡែក តើ​អ្វី​ជា "ទ្រព្យ​អកម្ម" ? ផ្ទះ​សម្បែង​របស់​អ្នក រថយន្ត​និង​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ទាំងនោះ រួម​ទាំង​ទូរស័ព្ទ​ដែល​អ្នក​តែង​អួត​សំញែង​គេ​នេះ​ហើយ​សុទ្ធតែ​ជា​ទ្រព្យ​អកម្ម ដែល​មិន​ត្រឹមតែ​មិន​បាន​នាំ​លុយ​មក​ចូល​ហោប៉ៅ​អ្នក​វិញ​ទេ តែ​ក្នុង​រយៈពេល​យូរ​តម្លៃ​របស់​វា​នឹង​កាន់តែ​ចុះ​ថយ​បន្តិច​ម្ដងៗ និង​ដក​លុយ​ចេញ​ពី​ហោប៉ៅ​អ្នក​វិញ។ បើ​អ្នក​មាន​ទ្រព្យ​អកម្ម​ច្រើន​ជាង​ទ្រព្យ​សកម្ម នៅ​ពេល​អ្នក​ជួប​នឹង​វិបត្តិ​ហិរញ្ញវត្ថុ ចង់​មិន​ចង់​ទ្រព្យ​អកម្ម​ទាំងអស់​នោះ​នឹង​ក្លាយ​ជា​បំណុល​វន្ត​ករ​ដល់​អ្នក។ បន្ទាប់​ពី​អាច​បែងចែក​គំនិត​ទាំងពីរ​នេះ​ដាច់​ពី​គ្នា​បាន​ហើយ តើ​អ្វី​ទៅ​ដែល​អ្នក​គួរ​វិនិយោគ​មុន​គេ​បង្អស់ ? មាន​ទ្រព្យ​សកម្ម​៣​យ៉ាង ដែល​មិន​ថា​អ្នក​ក្រ​ក៏​ដោយ​មាន​ក៏​ដោយ សុទ្ធតែ​មាន​ដូច​គ្នា​ទាំងអស់ ហើយ​ការ​វិនិយោគ​ទៅលើ​ទ្រព្យ​សកម្ម​ទាំង៣​នោះ​គឺជា​មាគ៌ា​នៃ​សេរីភាព​ហិរញ្ញវត្ថុ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​ផង​ដែរ។

១) អត្តសញ្ញាណ​របស់​អ្នក

ហេតុអ្វី​ជា​អត្តសញ្ញាណ ? ជា​ទ្រព្យ​ដ៏​សំខាន់​មួយ​ដែល​មនុស្ស​ប្រាថ្នា​ក្លាយ​ជា​អ្នក​មាន​ភាគច្រើន​តែង​មិន​សូវ​យកចិត្តទុកដាក់ ដែល​ទាល់តែ​បាត់បង់​ទើប​ដឹង​ពី​សារៈសំខាន់​របស់​វា។ នៅ​ពេល​អ្នក​ដក​ប្រាក់​ឬ​ដាក់​ប្រាក់​នៅ​ក្នុង​ធនាគារ ស្នើ​សុំ​ការងារ​ធ្វើ​ពី​ស្ថាប័ន​ការងារ​ណាមួយ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ទិញ​ឬ​លក់​ផ្ទះ បើ​សិន​ជា​អ្នក​មិន​មាន​ភាព​ប្រាកដ​ជាក់លាក់​ដែល​អាច​ផ្ដល់​នូវ​ជំនឿ​ទុកចិត្ត​ដល់​អ្នក​ដទៃ​បាន ដែល​ជា​អត្តសញ្ញាណ​សម្គាល់​ថា​តើ​អ្នក​ជា​នរណា​ទេ តើ​មាន​នរណា​ផ្ដល់​សិទ្ធិ​អនុញ្ញាត​ដល់​អ្នក​ឲ្យ​ធ្វើ​រឿង​ខាងលើ​ទាំងនោះ​បាន ? អ្នក​នឹង​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ ប្រសិន​ជា​មាន​អ្នក​លួច​បាន​ការ​សម្ងាត់​ពី​អត្តសញ្ញាណ​របស់​អ្នក រួច​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ជា​ប្រយោជន៍​របស់​ពួកគេ។ ដោយ​ប្រើប្រាស់​គណនី​របស់​អ្នក អ្នក​នឹង​ត្រូវ​បង់​ប្រាក់​ក្នុង​ចំនួន​ដ៏​ច្រើន​ទៅលើ​អ្វី​ដែល​ខ្លួនឯង​មិន​បាន​ចំណាយ​ទាល់តែ​សោះ។ បើ​បែប​នេះ​អាច​កើត​ឡើង​បាន​ហើយ បំណុល​ក៏​មិន​មែន​មិន​អាច​ទៅ​រួច​ដែរ ដែល​ថា​មិន​អាច​កើត​ឡើង​នោះ។

២) សម្ព័ន្ធភាព​របស់​អ្នក

ត្រង់​នេះ​មិនមែន​ចង់​បង្ហាញ​ថា ទាល់តែ​នរណា​មួយ​មាន​ប្រយោជន៍​ដល់​អ្នក​ចាំ​អ្នក​រាប់អាន​គេ​នោះ​ទេ។ ប៉ុន្តែ​សម្ពន្ធភាព​នៅ​ទីនេះ​គឺជា​សម្ពន្ធភាព​ទាំងឡាយ​ណា ដែល​គេ​អាច​ជួយ​អ្នក​បង្កើន​ចំណេះដឹង​អំពី​លុយ។ គឺជា​អ្នក​ដែល​អាច​ជា​ដៃគូ​សហការ​គ្នា​ដ៏​ល្អ​ក្នុង​ការ​វិនិយោគ​កិច្ចការ​រកស៊ី​ផ្សេងៗ​នៅ​ផ្លូវ​ដំណើរ​ខាង​មុខ​បាន។

៣) វិនិយោគ​ទៅលើ​ខ្លួនឯង

មហាសេដ្ឋី​គ្រប់​រូប​មិនមែន​ចាប់ផ្ដើម​ភ្លាម​ដោយ​ការ​វិនិយោគ​ទៅលើ​របស់​ខាងក្រៅ ក្រៅ​តែ​អំពី​ចិត្ត​គំនិត​របស់​ខ្លួនឯង​ជា​មុន​នោះ​ទេ។ ត្រង់​នេះ​គឺ​ចង់​សង្កត់​ធ្ងន់​សំខាន់​ទៅលើ​ចំណេះដឹង​ដែល​ក្នុង​សាលា​មិន​បាន​ផ្ដល់​ឲ្យ នោះ​គឺជា​ចំណេះដឹង​អំពី​លុយ។ អ្នក​ពុំ​ចាំបាច់​ព្រួយ​បារម្ភ​ជា​មុន​ថា​អ្នក​នឹង​ត្រូវ​ខាត​ពេល​អស់​ច្រើន​ទៅលើ​ការ​វិនិយោគ​ទៅលើ​ខ្លួនឯង​នេះ​ទេ។ ជា​រៀងរាល់​ថ្ងៃ អ្នក​អាច​ដុសខាត់​ការ​ចេះដឹង​របស់​អ្នក​ដោយ​គ្រាន់តែ​អាន​សារព័ត៌មាន​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​លុយ និង​រៀន​តាម​បណ្ដាញ​សង្គម​ដោយ​ឥត​គិត​ថ្លៃ​មួយ​ថ្ងៃ​បន្តិចៗ​ជា​ការ​ប្រសើរ​ទៅ​ហើយ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ richdad & accountingtools

X
5s