ហេតុអ្វី យុវជនត្រូវតែរកភាពខ្លាំង និង អ្វីដែលខ្លួនពេញចិត្តឲ្យឃើញកាន់តែឆាប់កាន់តែល្អ?
ស្វែងរកភាពខ្លាំងរបស់ខ្លួនឯង គឺជាពាក្យដែលងាយនិយាយ ងាយសរសេរ និង ងាយសូត្រឲ្យចាំមាត់។ ប៉ុន្តែវាជារឿងដែលពិបាកធ្វើ។ ដោយហេតុថា វាពិតជាមានការលំបាកបែបនេះហើយ ទើបធ្វើឲ្យមនុស្សជាច្រើនចំណាយពេលអស់ជាច្រើនទម្រាំរកឃើញ ហើយអ្នកខ្លះទៀតរស់សឹងពាក់កណ្ដាលជីវិតរបស់ខ្លួនទៅហើយ នៅតែមិនទាន់រកឃើញទៀត។ ហេតុអ្វីបានជាវា ពិបាកបែបនេះ? តើគួរធ្វើយ៉ាងណាទើបល្អ ហើយហេតុអ្វីបានជាយុវជនគួរព្យាយាមរកភាពខ្លាំងរបស់ខ្លួនឲ្យឃើញ ទាន់ខ្លួននៅក្មេង?
មានមនុស្សមិនតិចនោះទេ ដែលរៀនពីជំនាញមួយទៅជំនាញមួយទៀត ដោយមិនដឹងថា ខ្លួនឯងខ្លាំងផ្នែកអ្វីឲ្យប្រាកដ ហើយនៅពេលចូលធ្វើការវិញ គឺ ចូលធ្វើពីផ្នែកមួយ ហើយក៏ផ្លាស់ទៅផ្នែកមួយផ្សេងទៀតយ៉ាងលឿន ព្រោះមិនដឹងថា ខ្លួនឯងខ្លាំងផ្នែកអ្វី ហើយចូលចិត្តអ្វីឲ្យប្រាកដ។ មនុស្សភាគច្រើនគឺ ធ្លាប់ឆ្លងកាត់បទពិសោធន៍បែបនេះ ដោយសារតែពួកគេខ្វះការណែនាំពីគ្រួសារ ឬ រៀមច្បងដែលធ្លាប់ឆ្លងកាត់មុន ហើយវាក៏អាចបណ្ដាលមកពីពួកគេខ្លួនឯងផ្ទាល់ដែល បណ្ដែតបណ្ដោយពេលវេលាឲ្យកន្លងផុតទៅ ដោយមិនខិតខំព្យាយាមស្វែងរកភាពខ្លាំងរបស់ខ្លួនឯងឲ្យឃើញ។ ដូច្នេះហើយ ទាន់ខ្លួននៅក្មេងអ្នកត្រូវតែចំណាយពេលឲ្យបានច្រើន ដើម្បីស្វែងយល់ពីខ្លួនឯង។ តម្រុយដំបូងបំផុតនោះ អ្នកគួរព្យាយាមឆ្លើយសំនួរមួយចំនួនដូចជា៖
១)តើអ្នកជានរណា?
២) ខ្លួនឯងចូលចិត្តអ្វី និង ចូលចិត្តធ្វើអ្វី ហើយកំពុងធ្វើអ្វី?
៣) កំពុងស្ថិតក្នុងស្ថានភាពណា?
៤) តើអ្វីជាសុបិនរបស់អ្នក?
គ្រាន់តែឆ្លើយសំនួរនៅមិនទាន់គ្រប់គ្រាន់នោះទេ អ្នកត្រូវតែព្យាយាមប្រឡូកក្នុងសង្គមជាក់ស្ដែងបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់ ព្រោះពេលខ្លះគ្រាន់តែគិត គឺមិនទាន់អាចយកជាសាច់ការបាននៅឡើយ។ អ៊ីចឹងហើយ ត្រូវចំណាយពេលទៅចូលរួមក្នុងសង្គម តាមរយៈការងារស្ម័គ្រចិត្ត សិក្ខាសាលា និង កម្មវិធីសង្គមជាច្រើនទៀត។ ប្រឡូកកាន់តែច្រើននោះអ្នកនឹងដឹងច្បាស់ថា ខ្លួនឯងខ្សោយអ្វី និង ខ្លាំងអ្វី ហើយចូលចិត្តអ្វីឲ្យប្រាកដ។ នៅពេលដែលអ្នកដឹងច្បាស់ហើយថា ខ្លួនឯងខ្លាំងផ្នែកអ្វី និង ចូលចិត្តអ្វីនោះ វានឹងជួយឲ្យអ្នកឆាប់ជោគជ័យ និង រស់នៅប្រកបដោយភាពរីករាយ។
ឆាប់ជោគជ័យ ព្រោះអ្នកកំពុងធ្វើការងារមួយដែល ត្រូវនឹងភាពខ្លាំង និង ចំណង់ចំណូលចិត្តរបស់ខ្លួន។ ជាក់ស្ដែង ប្រសិនបើអ្នកពូកែខាងផ្នែកទំនាក់ទំនង ដូច្នេះហើយ អ្នកអាចចូលធ្វើការជាអ្នក ទីផ្សារ ឬ ផ្នែកលក់ អ្នកសារព័ត៌មាន ឬ ការងារផ្សេងៗទៀតដែលតម្រូវឲ្យជួបមនុស្សជាប្រចាំ។ ប៉ុន្តែបើខ្លាំងផ្នែកទំនាក់ទំនង ហើយបែរជាទៅធ្វើការផ្នែកគណនេយ្យដែលមួយថ្ងៃៗនៅតែជាមួយកុំព្យូទ័រ និង លិខិតចំណូលចំណាយនោះ វានឹងធ្វើឲ្យការងាររបស់អ្នកមិនអាចដំណើរការបានល្អនោះឡើយ។
មួយវិញទៀត វាជួយឲ្យអ្នកមានភាពរីករាយ ព្រោះអ្នកកំពុងធ្វើការងារដែលខ្លួនពេញចិត្ត ដូច្នេះហើយមិនថាការងារនោះ មានការលំបាកប៉ុណ្ណាទេ អ្នកនៅតែអាចញញឹមបានដដែល ព្រោះវាជាអ្វីដែលអ្នកពេញចិត្ត។ និយាយរួមទៅ ក្នុងលោកនេះវាគ្មានការងារណាមួយដែលមិនមានការលំបាកនោះទេ ប៉ុន្តែ សាកប្រៀបធៀបគ្នាទៅមើល រវាងការងារដែលខ្លួនពេញចិត្ត និង ការងារដែលខ្លួនមិនពេញចិត្ត ហើយអ្នកអាចស៊ូធ្វើបានយូរជាមួយប្រភេទការងារមួយណាជាង៕
ដោយ៖ រតនា វិចិត្រ