៤ចំណុចដែលគ្រូពេទ្យមិនដែលប្រាប់អ្នកពីការស្លាប់
កើត ចាស់ ឈឺ ស្លាប់គឺជាធម្មជាតិរបស់សត្វលោក បើទោះជាគ្មាននរណាម្នាក់ចង់និយាយពីការស្លាប់ក៏ដោយ ក៏ការដែលរត់គេចចេញពីវាមិនអាចកែប្រែផ្លាស់ប្ដូរធម្មជាតិនៃជីវិតមិនអមតមួយនេះដែរ។ តើមិនល្អទេឬបើដឹងថាយើងមិនអាចគេចចេញពីការស្លាប់បាន ហើយងាកមកទទួលយកវាតាមសម្រួលវិញនោះ ? ខាងក្រោមនេះគឺជារឿងរ៉ាវពិតមួយចំនួនដែលគ្រូពេទ្យមិនធ្លាប់ប្រាប់អ្នកអំពីការស្លាប់៖
១) ការស្លាប់មាន២ដំណាក់កាល៖ នៅពេលសម្ពាធឈាមចុះថយ ម្រាមដៃនិងទឹកមុខប្រែពណ៌ជាស្លេក ឬខៀវ ដំណកដង្ហើមប្រព្រឹត្តទៅយឺតជាងមុន អត្រាចង្វាក់បេះដូងចាប់ផ្ដើមថយចុះ បន្ទាប់មកបេះដូងរបស់អ្នកជំងឺនឹងបញ្ឈប់ ដែលនេះគឺជាលក្ខណៈនៃការស្លាប់ដំណាក់កាលទី១ហៅថា ការស្លាប់តាមវេជ្ជសាស្ត្រ។ វិវត្តចូលមកដំណាក់កាលទី២ កង្វះអុកស៊ីហ្សែនដែលនាំចូលទៅកាន់ខួរក្បាល នឹងធ្វើឲ្យកោសិកាខួរក្បាលស្លាប់ នោះហើយដែលជាដំណាក់កាលចុងក្រោយជាការស្លាប់រូបរាងកាយ។
២) ការសង្គ្រោះឲ្យរស់រានឡើងវិញអាចទៅរួចក្នុងដំណាក់កាលស្លាប់តាមវេជ្ជសាស្ត្រ៖ នៅពេលអ្នកជំងឺទើបនឹងវិវត្តចូលមកកាន់ដំណាក់កាលស្លាប់តាមវេជ្ជសាស្ត្រ ការសង្គ្រោះអាចមានសង្ឃឹម ដោយធ្វើឲ្យរូបរាងកាយរបស់អ្នកជំងឺត្រជាក់។ វាក៏ដូចគ្នាដែរ ប្រសិនបើមនុស្សលង់ទឹក ឬមនុស្សនៅក្នុងបរិយាកាសត្រជាក់ ព្រោះបរិយាកាសត្រជាក់នឹងបន្ថយល្បឿនរំលាយអាហារ ជាហេតុនាំឲ្យរាងកាយដែលកំពុងតែខ្វះអុកស៊ីហ្សែនដោយសារសម្ពាធឈាមថយចុះនោះ នឹងប្រើប្រាស់អុកស៊ីហ្សែនយឺតជាងមុន ដូច្នេះការសង្គ្រោះអាចមានសង្ឃឹមបាន។
៣) ក្រោយពីស្លាប់អ្នកជំងឺអាចនឹងបញ្ចេញកាកសំណល់ទាំងតាមទ្វារតូចនិងធំ៖ ជាធម្មតានៅពេលមនុស្សនៅរស់ ខួរក្បាលរបស់អ្នកនឹងបញ្ជូនសញ្ញាមកអ្នកពីអ្វីដែលអ្នកត្រូវធ្វើជាមួយផ្នែកផ្សេងៗនៃរាងកាយ។ ដល់ពេលអ្នកស្លាប់ ខួរក្បាលនឹងបញ្ឈប់បញ្ជូនសញ្ញា ដូច្នេះពេលមនុស្សស្លាប់កាកសំណល់នឹងបញ្ចេញចោលដែលជារឿងធម្មតានោះទេ។
៤) រាងកាយទាំងមូលអាចនឹងស្លាប់ ប៉ុន្តែផ្នែកខ្លះក្នុងរាងកាយនៅមានជីវិតនៅឡើយ៖ នៅពេលមនុស្សស្លាប់ ផ្នែកដំបូងដែលស្លាប់មុនគេបង្អស់នោះគឺជាខួរក្បាល ទើបបន្តគ្នាមកដោយសរីរាង្គផ្សេងទៀត។ ប៉ុន្តែបាក់តេរីដែលមានជីវិតនឹងរស់នៅក្នុងរាងកាយអ្នកនៅឡើយ ហើយក្នុងដំណាក់កាលរាងកាយវិវត្តទៅពុកផុយរលួយ បាក់តេរីទាំងអស់រួមទាំងនៅក្នុងទ្វារធំនឹងចូលរួមដំណាក់កាលនេះដែរ ជាហេតុបង្កជាក្លិនស្អុយចម្លែកនេះឯង សូម្បីតែក្នុងរយៈពេលកន្លះម៉ោងដំបូងក៏ដោយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ everydayhealth