James Watt បិតាបដិវត្តឧស្សាហកម្ម​



បដិវត្ត​ឧស្សាហកម្ម​ដែល​បាន​ចាប់​កំណើត​ឡើង​ដំបូង​នៅ​ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​១៧៦០ បាន​កែប្រែ​មុខមាត់​របស់​ពិភពលោក​សារ​ជាថ្មី ពី​ការ​ដែល​ធ្លាប់​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​កសិកម្ម ទៅ​ជា​ដំណើរការណ៍​ផលិត​ដែល​ចំណាយ​ថាមពល​តិច តែ​ប្រកប​ដោយ​ប្រសិទ្ធភាព​លើស​ពី​មុន​របស់​រោងចក្រ​ឧស្សាហកម្ម ដែល​អាច​ធ្វើការ​ដ៏​អស្ចារ្យ​បែប​នេះ​ទៅ​បាន​ក៏​ដោយសារ​គំនិត​នៃ​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​របស់​លោក James Watt។ តើ James Watt គឺជា​នរណា ?

មាន​ជីតា​ជា​អ្នក​គណិតសាស្ត្រ ឪពុក​ជា​ជាង​ឈើ​និង​អ្នក​សាងសង់​នាវា​ដ៏​មាន​ថ្វីដៃ​ប៉ិនប្រសប់​មួយ​រូប រីឯ​ម្ដាយ​កើត​ចេញ​ពី​គ្រួសារ​ដែល​មាន​ខ្សែស្រឡាយ​ជា​អភិជន ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់ James Watt កើត​នៅ​ក្នុង​ឆ្នាំ​១៧៣៦ ចាប់​កំណើត​ជា​ពលរដ្ឋ​របស់​ស្កុតឡែន ដែល​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភពអង់គ្លេស។ តាំងពី​នៅ​ជា​ក្មេង​ប្រុស​រៀន​ក្នុង​វិទ្យាល័យ គណិតវិទ្យា វិទ្យាសាស្ត្រ និង​វិស្វកម្ម​គឺជា​មុខវិជ្ជា​ជំនាញ​របស់​លោក រួម​ផ្សំ​នឹង​បាន​ជួយ​ការងារ​ឪពុក​ជា​អ្នក​សាងសង់​នាវា​ក្នុង​បន្ទប់​ធ្វើការ​ទៀត​នោះ បាន​នាំ​មក​នូវ​ចំណេះដឹង​ជាច្រើន​ដែល​នឹង​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​របក​គំហើញ​ម៉ាស៊ីន ដែល​ជំរុញ​ឲ្យ​មាន​បដិវត្ត​ឧស្សាហកម្ម​ខាង​មុខ។

ច្បាប់​ធម្មជាតិ​គឺ​អ្វីៗ​តែងតែ​មិន​ទៀងទាត់ គ្រោះ​ធម្មជាតិ​ជា​បន្ត​បន្ទាប់​បាន​បំផ្លាញ​នាវា​ដែល​ជា​កេរ្តិ៍មរតក​របស់​គ្រួសារ ឪពុក​ក៏​ចាប់​ឈឺ​ធ្ងន់ ហើយ​ម្ដាយ​ក៏​ស្លាប់​នៅ​ពេល​លោក​មាន​អាយុ​ទើប​បាន​១៣​ឆ្នាំ។ ចាប់​ពី​ពេល​នោះ​មក លោក​ក៏​បាន​បម្លាស់ទី​ទៅ​ទីក្រុង​ឡុងដុង ដើម្បី​ស្វែងរក​ប្រាក់ ដោយ​ប្រើប្រាស់​ចំណេះ​ពី​ជីតា​និង​ឪពុក ក៏​ក្លាយ​ជា​អ្នក​បង្កើត​ឧបករណ៍​ប្រើប្រាស់​ក្នុង​គណិតវិទ្យា និង​សាងសង់​នាវា។ ១​ឆ្នាំ​ក្រោយ លោក​ត្រូវ​បាន​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Gasglow ផ្ដល់​ការងារ​ឲ្យ​លោក​ជា​អ្នក​ជួសជុល​ឧបករណ៍​នៅ​ក្នុង​អាគារ​សិក្សា​ផ្នែក​តារាសាស្ត្រ។ បន្ថែម​ពី​ចំណូល​នេះ លោក​ថែម​ទាំង​បង្កើត​និង​លក់​នូវ​ឧបករណ៍​តន្ត្រី​ដូចជា វីយោឡុង ខ្លុយ និង​ហ្គីតា​បាន​យ៉ាង​មាន​ថ្វីដៃ​ទៀត​ផង។ អំឡុង​រស់នៅ​ក្នុង​Gasglow លោក​បាន​បង្កើត​ចំណង​មិត្តភាព​ជាមួយ​បិតា​សេដ្ឋកិច្ចវិទូ​មូលធននិយម Adam Smith និង​គីមីវិទូ​ដែល​បាន​រក​ឃើញ​ធាតុគីមី​ម៉ាញេស្យូម Joseph Black​ផង​ដែរ។ ឯ​ការ​ចាប់ផ្ដើម​ស្គាល់​គ្នា​ជាមួយ​សាស្ត្រាចារ្យ John Robinson ​ក្នុង​ឆ្នាំ​១៧៥៨ ដែល​លោក​បាន​រៀបរាប់​អំពី​គំនិត​ដែល​មិន​ដំណើរការណ៍​មួយ​នៃ​ការ​បង្កើត​រថយន្ត​ដើរ​ដោយ​ចំហាយ​ទឹក បាន​ក្លាយ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​សិក្សា​ពិសោធន៍​របស់ James Watt ក្នុង​ការ​ប្រើប្រាស់​គំនិត​នេះ​ឲ្យ​ដំណើរការណ៍។

នៅ​ឆ្នាំ​១៧៦៣ លោក​ត្រូវ​បាន​សាស្ត្រាចារ្យ​ក្នុង​សាកលវិទ្យាល័យ​ស្នើ​ឲ្យ​ជួសជុល​ម៉ាស៊ីន​ដើរ​ដោយ​ចំហាយ​ទឹក​មួយ​ឈ្មោះ​ថា Newcomen ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ខួង​យក​ទឹក​ចេញ​ពី​រ៉ែ​ខនិជ នៅ​អង់គ្លេស​អស់​រយៈពេល​៥០​ឆ្នាំ​មក​ហើយ។ វា​ជា​គំរូ​នៃ​ម៉ាស៊ីន​បុរាណ​មួយ​ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដោយ James Watt សម្គាល់​ឃើញ​ថា​កម្ដៅ​ទាំងអស់​ក្នុង​គំរូ​ម៉ាស៊ីន​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​វិស្វករ​ពីរ​រូប​របស់​អង់គ្លេស​នេះ ខាតបង់​អស់​ជិត​៣​ភាគ​ទៅលើ​ផ្នែក​នៃ​ម៉ាស៊ីន​ដែល​ត្រូវ​ធ្វើឲ្យ​ត្រជាក់​និង​ឡើង​កម្ដៅ​បន្ត​ជា​វដ្ដ​ដដែលៗ​ដើម្បី​ឲ្យ​មាន​ចលនា​មេកានិច ជាជាង​ទៅលើ​ដើម្បី​បញ្ជូន​កម្លាំង​មេកានិច។ ២ឆ្នាំ​ក្រោយ​មក​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ លោក​ក៏​បាន​រក​ឃើញ​ដំណោះស្រាយ​មួយ​ដែល​នឹង​ជំរុញ​ឲ្យ​មាន​បដិវត្ត​ឧស្សាហកម្ម​នោះ​គឺ ការ​បង្កើត​ធុង​ដោយ​ឡែក​មួយ​ដែល​អាច​បង្ហាប់​ចំហាយ​ទឹក​បាន បែប​នេះ​ម៉ាស៊ីន​នឹង​ដំណើរការណ៍​កាន់តែ​លឿន​និង​មាន​ប្រសិទ្ធភាព​ជាង​មុន។ គំនិត​នេះ​ក៏​នាំ​លោក​ទៅ​វិវត្ត​គំរូ​ម៉ាស៊ីន​ចាស់ ហើយ​ក៏​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​នៅ​វ័យ​៣៣​ឆ្នាំ។

បើ​ទោះ​ជា​មាន​គំនិត​ដ៏​អស្ចារ្យ​ហើយ តែ​ឧបសគ្គ​ហិរញ្ញវត្ថុ​បាន​បង្ក​ជា​ការ​លំបាក​យ៉ាង​ច្រើន​ដល់​លោក រហូត​ដល់​ពេល​លោក​ចូល​វ័យ​៤០​ឆ្នាំ​ក៏​បាន​ស្គាល់​អ្នក​ជំនួញ​ម្នាក់​គឺ Matthew Boulton ដែល​បាន​ទិញ​ប័ណ្ណ​កម្មសិទ្ធិ​បញ្ញា​ទៅលើ​ម៉ាស៊ីន​របស់​លោក។ ការ​រួម​សហការ​គ្នា​ដ៏​ល្អ​រវាង​រោងចក្រ​របស់​អ្នក​ជំនួញ​រូប​នោះ​និង​ប្រាជ្ញា​ឈ្លាសវៃ​របស់James Watt​ទៅលើ​វិស្វកម្ម ក៏​នាំ​មក​នូវ​ប្រាក់​ចំណូល​ដ៏​ច្រើន​សម្រាប់​ពួកគេ​ទាំងពីរ។ បន្ទាប់មក​ពួកគេ​ក៏​បាន​បន្ត​យក​មូលដ្ឋាន​នៃ​គំនិត​ដំណើរការណ៍​របស់​ម៉ាស៊ីន​នេះ វិវត្ត​ឲ្យ​មាន​ការ​បង្កើត​ម៉ាស៊ីន​រ៉ូទ័រ ម៉ាស៊ីន​ចម្លង​ក្រដាស ម៉ាស៊ីន​កិន​ម្សៅ ផលិត​អំបោះ និង​ផលិត​ដែក​ផង​ដែរ និង​នៅ​ឆ្នាំ​១៧៨៤​ម៉ាស៊ីន​ប្រើប្រាស់​ក្នុង​រថភ្លើង។ បើ​ទោះ​ជា James Watt បាន​ស្លាប់​នៅ​ឆ្នាំ​១៨១៩ ក្នុង​វ័យ​៨៣​ឆ្នាំ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៨៨២ ខ្នាត​រង្វាស់រង្វាល់​របស់​ថាមពល​អគ្គិសនី​និង​មេកានិច ដែល​គិត​ជាwatt (វ៉ាត់) ត្រូវ​បាន​ប្រើប្រាស់​ជា​សកលលោក​ដើម្បី​ផ្ដល់​កិត្តិយស​ដល់​បិតា​បដិវត្ត​ឧស្សាហកម្ម​រូប​នេះ​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ famousscientists & history

X
5s