ហេតុអ្វីចម្លើយរបស់ការស្រាវជ្រាវវិទ្យាសាស្ត្រភាគច្រើនបង្ហាញនៅក្នុងសុបិន ?​



បិតា​រូបវិទ្យា អាល់ប៊ឺត អាញស្តាញ ស្វែងរក​ចម្លើយ​នៅ​ក្នុង​សុបិន​ដោយ​ឃើញ​កសិករ​ប្រើ​ឧបករណ៍​អគ្គិសនី​ឆក់​សត្វ​គោ នាំ​ឲ្យ​លោក​បង្កើត​ជា​ទ្រឹស្ដី​ទំនាក់ទំនង e=mc2 (theory of relativity)។ អ្នកវិទ្យាសាស្ត្រ Friedrich August Kekule កំពុង​តែ​សញ្ជឹង​គិត​ថា​តើ​សមាសធាតុ​គីមី​បង់ហ្សែន​មាន​រចនាសម្ព័ន្ធ​គីមី​ដូចម្ដេច ក៏​ស្វែងរក​ចម្លើយ​ឃើញ​ថា​បង់ហ្សែន​មាន​រចនាសម្ព័ន្ធ​គីមី​រាង​ជា​រង្វង់ នៅ​ពេល​កំពុង​ស្ថិត​ក្នុង​សភាព​រវើរវាយ​សុបិន​ឃើញ​សត្វ​ពស់​មួយ​ក្បាល​កំពុង​វារ​រុំ​ព័ទ្ធ​ជុំវិញ​ខ្លួនឯង​បង្កើត​ជា​រង្វង់ ហើយ​ខាំ​កន្ទុយ​ខ្លួនឯង។ ក្រៅពី​របក​គំហើញ​ដ៏​អស្ចារ្យ​ទាំងពីរ​នេះ ក៏​នៅ​មាន​អ្នក​វិទ្យាសាស្ត្រ​ជាច្រើន​ទៀត​ដែល​ស្វែងរក​ចម្លើយ​របស់​ខ្លួន​នៅ​ក្នុង​សុបិន​ដែរ។ សំណួរ​សួរ​ថា ហេតុអ្វី ?

អ្នក​បណ្ដុះបណ្ដាល​មួយ​រូប Ned Herrmann បាន​បកស្រាយ​ចម្លើយ​នេះ​ជាមួយ​នឹង​ទំនាក់ទំនង​ទៅ​នឹង​សកម្មភាព​ខួរក្បាល។ ខួរក្បាល​គឺជា​សរីរាង្គ​អគ្គិសនី​គីមី​មួយ ដែល​ប្រសិន​ជា​វា​បំពេញ​មុខងារ​បាន​ពេញលេញ នោះ​វា​នឹង​អាច​ផលិត​បាន​ថាមពល​អគ្គិសនី​ស្មើ​នឹង​១០​វ៉ាត់។ ខួរក្បាល​ធ្វើ​សកម្មភាព​ក្នុង​ទម្រង់​៤​ផ្នែក​ខុស​ពី​គ្នា អាស្រ័យ​នឹង​ចំនួន​ប្រេកង់ (frequency) និង​ចំនួន​អំព្លីទុត (amplitude)

ទម្រង់​៤​ផ្នែក​ទាំងនោះ​មាន រលក​បេតា រលក​អាល់ហ្វា រលក​តែតតា និង​រលក​ដែលតា។ រលក​បេតា មាន​ចំនួន​ប្រេកង់​ខ្ពស់​ជាង​គេ​បង្អស់ ចាប់​ពី​១៥​ទៅ​៤០​ជុំ​ក្នុង​១​វិនាទី តែ​មាន​ចំនួន​អំព្លីទុត​ទាប​ជាង​គេ​បង្អស់។ រលក​បេតា​មាន​វត្តមាន​នូវ​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​ការ​គិត​មាន​ភាព​សកម្ម​ខ្លាំង ជា​ពេល​ដែល​អ្នក​មាន​ស្មារតី​ដឹង​ខ្លួន​ពេញលេញ តួយ៉ាង​នៅ​ពេល​អ្នក​កំពុង​ធ្វើការ​សន្ទនា​ជាមួយ​នរណា​ម្នាក់ ឬ​ធ្វើ​បទ​បង្ហាញ​ជាដើម។ ចំនួន​ប្រេកង់​ទាប​ជាង​មុន ចាប់​ពី​៩​ទៅ​១៤​ជុំ​ក្នុង​១​វិនាទី តែ​ចំនួន​អំព្លីទុត​មាន​ខ្ពស់​ជាង​រលក​បេតា ផ្នែក​បន្ទាប់​ដែល​ជា​រលក​អាល់ហ្វា ធ្វើ​សកម្មភាព​យឺត​ជាង និង​មាន​វត្តមាន​នៅ​ពេល​អ្នក​ឋិត​ក្នុង​សភាព​សម្រាក​ធូរស្រាល ដូចជា​នៅ​ពេល​អ្នក​បញ្ចប់​កិច្ចការ​និយាយ​របស់​អ្នក ឬ​នៅ​ពេល​ដើរ​ស្រូប​យក​ខ្យល់​អាកាស​ក្នុង​សួនច្បារ​ជាដើម។

ចំនួន​ប្រេកង់​កាន់​តែ​ទាប​ជាង​មុន​ទៀត រលក​តែតតា មាន​ប្រេកង់​នៅ​ចន្លោះ​៥​ទៅ​៨​ជុំ​ក្នុង​១​វិនាទី រីឯ​ចំនួន​អំព្លីទុត​មាន​កាន់តែ​ខ្ពស់​ជាង​រលក​បេតា និង​អាល់ហ្វា។ គឺ​ក្នុង​ដំណាក់កាល​នេះ​ហើយ ដែល​ចម្លើយ​របស់​អ្នក​វិទ្យាសាស្ត្រ​ភាគច្រើន​រក​ឃើញ​នៅ​ពេល​ស្ថិត​ក្នុង​សភាព​រវើរវាយ​សុបិន ដែល​ជា​ពេល​ដែល​រលក​តែតតា​ធ្វើ​សកម្មភាព​របស់​វា។ វា​កើតឡើង​ដូចជា​នៅ​ពេល​អ្នក​កំពុង​ជិះ​ម៉ូតូ​នៅ​តាម​ដង​ផ្លូវ​ស្ងប់ស្ងាត់ រវើរវាយ​គិត​ពី​រឿង​ផ្សេងៗ​ដោយ​មិន​ដឹង​ខ្លួន។ រវើរវាយ​គិត​អ្វី​ផ្សេង​បាន​ក៏​ព្រោះ​តែ​សកម្មភាព​ជិះ​ម៉ូតូ​បាន​ក្លាយ​ជា​ទម្លាប់​របស់​អ្នក ដូច្នេះ​ស្មារតី​យកចិត្តទុកដាក់​ពី​ផ្លូវ​នៅ​ខាងមុខ និង​ជុំវិញ​ខ្លួន ឬ​របៀប​ដាក់​ដៃ​ដូចម្ដេច​ពេល​បើកបរ​មិន​ចាំបាច់​ធ្វើការ​នោះ​ទេ ព្រោះ​វា​ត្រូវ​បាន​ដំណើរការណ៍​ដោយ​ស្វ័យប្រវត្តិ​ហើយ។

ហេតុនេះ​អ្នក​ក៏​អាច​គិត​ពី​អ្វី​ផ្សេង​បាន ហើយ​នៅ​ត្រង់​រលក​នេះ គំនិត​របស់​អ្នក​នឹង​មក​ជា​លំហូរ​ដូច​ខ្សែ​ទឹក​ហូរ ដែល​ភាគច្រើន​គំនិត​ល្អៗ​និង​ច្នៃប្រឌិត​ក៏​ស្រាប់តែ​ផុស​ឡើង​នេះ​ឯង។ ចូល​មក​ដល់​ផ្នែក​រលក​ចុងក្រោយ ដែល​ជា​រលក​ដែលតា គឺ​នៅ​ពេល​អ្នក​គេង​លង់លក់​ស្កប់ស្កល់ ហើយ​ប្រេកង់​មាន​ទាប​បំផុត ចាប់​ពី​១.៥​ទៅ​៤​ជុំ​ក្នុង​១​វិនាទី តែ​ជា​ផ្នែក​ដែល​មាន​ចំនួន​អំព្លីទុត​ខ្ពស់​ជាង​គេ​បង្អស់។ នៅ​ពេល​អ្នក​លង់លក់​ស្កប់ស្កល់​ក្នុង​ដំណើរការណ៍​យឺតៗ​របស់​រលក​ដែលតា ប៉ុន្តែ​ប្រេកង់​នឹង​ឡើង​ទៅ​កាន់​រលក​តែតតា​វិញ នៅ​ពេល​អ្នក​សុបិន។ ប្រេកង់​នឹង​ឡើង​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់​រហូត​មក​ដល់​រលក​បេតា​វិញ ដែល​ជា​ពេល​អ្នក​ភ្ញាក់​ពី​គេង​បន្ទាប់​ពី​ដំណេក​ស្កប់ស្កល់​ហើយ។ ដូច្នេះ ក្នុង​ពេល​អ្នក​កំពុង​មាន​ស្មារតី​ពេញលេញ ការ​សញ្ជឹង​គិត​ទៅលើ​ដំណោះស្រាយ​បញ្ហា​ណាមួយ​មុន​ពេល​គេង​ជា​ញឹកញយ វា​អាច​នឹង​ផ្ដល់​ចម្លើយ​ដល់​អ្នក​ក្នុង​ពេល​សុបិន​ក្នុង​ដំណាក់កាល​របស់​រលក​តែតតា៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ scientificamerican

X
5s