តើគំនិតច្នៃប្រឌិតហូរចេញមកពីពេលអារម្មណ៍ល្អ ឬអារម្មណ៍មិនល្អ ?​



តើ​គំនិត​ច្នៃប្រឌិត​អាច​ហូរ​ចេញ​មក​ពី​ណា ? តើ​វា​ផុស​ឡើង​មក​នៅ​ពេល​អារម្មណ៍​របស់​អ្នក​ឋិត​ក្នុង​សភាព​វិជ្ជមាន ឬ​ក៏​អវិជ្ជមាន ? តើ​សេចក្ដី​សុខ​អាច​នាំ​ឲ្យ​អ្នក​ផលិត​បាន​នូវ​គំនិត​ច្នៃប្រឌិត​ច្រើន​ពិត​មែន​ទេ ?

បើ​អ្នក​គិត​ថា ការណ៍​ដែល​មាន​អារម្មណ៍​ស្រស់ស្រាយ​ល្អ ឬ​ក៏​អ្នក​ចង់​ឲ្យ​ជីវិត​ពោរពេញ​ដោយ​សេចក្ដី​សុខ លុះ​អ្នក​នឹង​មាន​គំនិត​ល្អៗ​និង​ច្នៃប្រឌិត​ប្លែក​ថ្មី​ច្រើន ក៏​ប្រហែល​ជា​ត្រូវ​ដែរ។ ប៉ុន្តែ​បើ​សាក​គិត​ពិចារណា​ពី​ដំណើរ​វិវត្ត​របស់​មនុស្សជាតិ​យើង បើ​កាល​ពី​រាប់​ពាន់​លាន​ឆ្នាំ​កន្លង​មក បុព្វបុរស​របស់​យើង​មិន​បាន​ជួប​ប្រទះ​នឹង​ឧបសគ្គ សំណួរ​លំបាក​ស្មុគស្មាញ​ដ៏​ច្រើន​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ទេ​នោះ ជំនាន់​ក្រោយ​ក៏​មិន​ទទួល​បាន​ហ្សែន​ដែល​មាន​ខួរក្បាល​ភ្ជាប់​ជាមួយ​ឧបករណ៍​សម្រាប់​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ ដែល​មាន​សមត្ថភាព​គិត​វិភាគ​ស៊ីជម្រៅ និង​អាច​ប្រឈម​មុខ​ដោះស្រាយ​ជាមួយ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​បាន​នោះ​ដែរ។

ដើម្បី​ចម្រាញ់​នូវ​គំនិត​ច្នៃប្រឌិត​ណាមួយ​បាន ពិត​ណាស់​ថា​ដំណាក់កាល​ដំបូង​ក្នុង​ការ​ត្រិះរិះ​គិត​រក​ថា​តើ​ដំណោះស្រាយ​បែប​ណា​ខ្លះ​ដែល​អាច​ទៅ​រួច អារម្មណ៍​ស្រស់​ថ្លា​វិជ្ជមាន​មាន​ប្រយោជន៍​សម្រាប់​ដំណាក់កាល​នេះ ពុំ​នោះ​ទេ​ប្រសិន​បើ​អ្នក​កំពុង​តែ​ច្របូកច្របល់ អារម្មណ៍​មិន​នឹងន នោះ​អ្នក​នឹង​មិន​អាច​គិត​ឃើញ​អ្វីៗ​បាន​ល្អ​ឡើយ ហើយ​ផ្លូវ​ដើរ​ក៏​ហាក់​ដូចជា​មិន​មាន​ច្រើន​សម្រាប់​ឲ្យ​អ្នក​ដើរ​ចេញ​ពី​បញ្ហា​នោះ​ដូច​គ្នា។

ដោយឡែក នៅ​ពេល​អ្នក​ប្រមូល​បាន​ចម្លើយ​ដ៏​ច្រើន​ក្នុង​ដៃ ដែល​រក​នឹក​ឃើញ​អំឡុង​ពេល​អារម្មណ៍​ល្អ​ពោរពេញ​ដោយ​សេចក្ដី​សុខ រួច​មក​ដល់​ពេល​ដែល​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​សំណួរ​ថា​តើ​ត្រូវ​ដោះស្រាយ​យ៉ាង​ដូចម្ដេច អារម្មណ៍​វិជ្ជមាន​អាច​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​វិញ។ គំនិត​ច្នៃប្រឌិត​មិន​អាច​កើត​ចេញ​ពី​ផ្លូវ​ដែល​មាន​ភាព​ស្រណុក​សុខ​ស្រួល និង​មិន​មាន​ការ​លំបាក​អ្វី​នោះ​ឡើយ។ បើ​អារម្មណ៍​អ្នក​ល្អ អ្នក​នឹង​គិត​ទៅ​លើ​អ្វីៗ​ក្នុង​ផ្លូវ​ងាយស្រួល​ពេក ដែល​ហាក់​ដូចជា​មើល​ងាយ​បញ្ហា​ពេក អ្នក​នឹង​មាន​អារម្មណ៍​ថា​អ្វីៗ​ក៏​នឹង​អាច​ទៅ​រួច​ដែរ ដែល​ធ្វើឲ្យ​អ្នក​មិន​បាន​គិត​បាន​សព្វ​គ្រប់​ចន្លោះ​ប្រហោង ម្យ៉ាងទៀត​ដំណោះស្រាយ​របស់​អ្នក​ក៏​អាច​នឹង​ពុំ​មាន​អ្វី​ថ្មី​ប្លែក​ខុស​ពី​មុន​ដែរ ដូច្នេះ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ដែល​វា​មិន​ខុស​ពី​មុន​នោះ​ដែរ។

អារម្មណ៍​ល្អ​នឹង​មិន​ជំរុញ​អ្នក​ឲ្យ​ចង់​គិត​ស្មុគស្មាញ វិភាគ វិនិច្ឆ័យ ថ្លឹងថ្លែង​ពី​បញ្ហា​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​មាន​តែ​ការ​គិត​បែប​នេះ​ហើយ​ដែល​នាំ​អ្នក​ទៅ​រក​ភាព​ច្នៃប្រឌិត​បាន ដែល​ជា​សភាព​អារម្មណ៍​តានតឹង ស្មុគស្មាញ​នៅ​លាយឡំ​គ្នា។ ប៉ុន្តែ​នេះ​ក៏​មិនមែន​មានន័យ​ថា​អ្នក​គួរ​តែ​បណ្ដុះ​អារម្មណ៍​របស់​ខ្លួន​ឲ្យ​អវិជ្ជមាន​ក៏​ដើម្បី​តែ​ចង់​ទទួល​បាន​ដំណោះស្រាយ​ប្លែក​ថ្មី​នោះ​ដែរ តែ​វា​គួរ​តែ​ជា​តុល្យភាព​រវាង​អារម្មណ៍​ល្អ​និង​អារម្មណ៍​តានតឹង ពុំ​នោះ​ទេ​គំនិត​របស់​អ្នក​មិន​ត្រឹមតែ​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ តែ​អ្នក​កំពុង​រុញ​ខ្លួនឯង​ទៅ​រក​ហានិភ័យ​នៃ​ដំណើរការណ៍​មិន​ប្រក្រតី​របស់​ស្រទាប់​ខាងក្រៅ​ផ្នែក​ខាង​មុខ​នៃ​ខួរក្បាល ដែល​ពាក់ព័ន្ធ​នឹង​ភាព​ច្នៃប្រឌិត​របស់​មនុស្ស​មិនខាន។

ដូច​អ្នក​វិទ្យាសាស្ត្រ Stephen Hawking ធ្លាប់​ពោល​ក្នុង​កម្មវិធី​របស់ TED Talk ដូច្នេះ​ថា៖ "ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែល​ពិការភាព​របស់​ខ្ញុំ​ពុំ​បាន​ផ្ដល់​ជា​បញ្ហា​លំបាក​អ្វី​ធ្ងន់ធ្ងរ។ ពិត​ប្រាកដ​ណាស់​ថា​វា​បែរ​ជា​បាន​ផ្ដល់​ពេលវេលា​ដល់​ខ្ញុំ​ច្រើន​ជាង​មនុស្ស​ផ្សេង​ទៀត ដើម្បី​ស្វែងរក​ចម្លើយ​ទៅ​កាន់​ចំណេះដឹង និង​អាថ៌កំបាំង​នៃ​សកលលោក​នេះ។"

ប្រែសម្រួល៖​ ស្រីពៅ ប្រភព៖ weforum

X
5s