បិតាស្ថាបនិកដ៏សំខាន់៣រូបក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក​



ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ដែល​ឥឡូវ​នេះ​ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​នូវ​ភាព​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក ក៏​ធ្លាប់​មាន​អតីតកាល​ជា​ទឹកដី​មួយ​ក្នុង​ចំណោម​ទឹកដី​ដ៏​ច្រើន​លើសលប់​ទៀត​ក្នុង​សកលលោក ដែល​ស្ថិត​នៅ​ក្រោម​នឹម​អាណានិគម​របស់​ប្រវត្តិសាស្ត្រ​នៃ​ចក្រភព​ដ៏​ធំ​ជាងគេ​បំផុត​របស់​អង់គ្លេស នៅ​អំឡុង​រយៈកាល​ពី​ចុង​សតវត្ស​ទី​១៦ ដល់​ដើម​សតវត្ស​ទី១៨។

របៀប​របប​នៃ​ការ​គ្រប់គ្រង​របស់​ពួក​អង់គ្លេស​មិន​តិច​នោះ​ទេ​ដែល​បាន​បង្ក​ជា​ការ​មិន​ពេញចិត្ត​ចំពោះ​ម្ចាស់​ស្រុក ដែល​ជា​ប្រជាជន​អាមេរិក ប៉ុន្តែ​ក្នុង​នោះ​គោលនយោបាយ​ពីរ​របស់​អង់គ្លេស​ពាក់ព័ន្ធ​នឹង​ពន្ធ និង​មួយ​ទៀត​គឺ​ព្រំដែន ដែល​បាន​ដុត​រោល​ភ្លើង​សកម្មភាព​ប្រឆាំង​ជា​បន្តបន្ទាប់ រហូត​នាំ​ឲ្យ​មាន​ការ​មូល​មតិ​គ្នា​ទាមទារ​ឯករាជ្យ​ពី​ពួក​អង់គ្លេស​បាន​សម្រេច​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ឆ្នាំ​១៧៧៦។ នៅ​ពី​ក្រោយ​ភាព​ចម្រើន​រុងរឿង​របស់​សង្គមជាតិ​មួយ តែងតែ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​ដឹកនាំ​ដ៏​មាន​គតិបណ្ឌិត​ជា​គំរូ​ជានិច្ច។ ក្នុង​នោះ​ផង​ដែរ មាន​បុគ្គល​សំខាន់​ៗ​៣​រូប​ដែល​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍ឈ្មោះ​ជា​បិតា​ស្ថាបនិក​របស់​អាមេរិក។

១) George Washington៖ ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​រូប​នេះ​ចាប់​កំណើត​ក្នុង​ឆ្នាំ១៧៣២ នៅ​ក្នុង​ស្រុក Westmoreland នៃ​រដ្ឋ Virginia។ លោក​គឺជា​កូន​ច្បង​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ទី២​របស់​ឪពុក​លោក ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​ពេល​លោក​មាន​អាយុ​១១​ឆ្នាំ។ បើទោះជា​ការ​អប់រំ​ក្នុង​សាលា​មិន​សូវ​ជា​បាន​ជ្រៅជ្រះ យ៉ាងណាមិញ​ការ​បង្ហាត់បង្រៀន​ពី​បងប្រុស​ម្នាក់​របស់​គាត់​ដែល​មាន​តំណែង​ខ្ពស់​មួយ​ក្នុង​ទាហាន​យោធា​ជើងទឹក និង​មាន​ឪពុក​តែ​មួយ​និង​ម្ដាយ​ផ្សេង​គ្នា​នេះ មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​ដំណាក់កាល​ជីវិត​បន្ទាប់​របស់​លោក​ដែល​បាន​ចូល​បម្រើការ​ក្នុង​ផ្នែក​ទាហាន​យោធា​ប្រចាំ​រដ្ឋ Virgina

អាយុ​ត្រឹមតែ​២១​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ទទួល​បាន​ការ​ទុកចិត្ត​ពី​អភិបាល​របស់​រដ្ឋ Virgina បញ្ជូន​ទៅ​ធ្វើ​បេសកកម្ម​នាំ​សារ​ដល់​ទាហាន​បារាំង។ ក្នុង​ឆ្នាំ​១៧៧៤ លោក​បាន​ស្ថិត​ក្នុង​ចំណោម​អ្នក​តំណាង​រដ្ឋ Virgina​ក្នុង The Continental Congress។ ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ដំបូង​គេ​បង្អស់​របស់​អាមេរិក បិតា​ស្ថាបនិក​ម្នាក់​នេះ​បាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ១៧៨៩ និង​អាច​បន្ត​តំណែង​ទៅ​មួយ​អាណត្តិ​ទៀត។ នៅ​ឆ្នាំ​១៧៩៩​ជា​ឆ្នាំ​ដែល​លោក​បាន​រលត់​ជីវិត​ពី​ពិភពលោក​នេះ​ទៅ។

 

២) Benjamin Franklin៖ ជា​អ្នក​វិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត អ្នក​បង្កើត​វត្ថុ​ច្នៃប្រឌិត អ្នក​ការទូត អ្នក​យុទ្ធសាស្ត្រ​ជំនួញ ព្រមទាំង​ជា​អ្នក​រិះគិត​ផ្នែក​នយោបាយ​ដ៏​សំខាន់​មួយ​រូប​របស់​អាមេរិក​រូប​នេះ ថ្វីត្បិតតែ​គាត់​មិន​មាន​ប្រវត្តិសាស្ត្រ​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក ប៉ុន្តែ​បើ​ពុំ​មាន​ចំណែក​ពី​ស្នាដៃ​របស់​លោក​ទេ អាមេរិក​ក៏​មិន​អាច​ក្លាយ​មក​ជា​អស្ចារ្យ​បាន​ដូច្នេះ​ដែរ។

បុរស​ដែល​ចាប់​កំណើត​នៅ​ឆ្នាំ​១៧០៦ នៅ​រដ្ឋ Boston​មួយ​នេះ គឺជា​កូន​ទី​១៥​ក្នុង​ចំណោម​កូន​ទាំង​១៧​របស់​គ្រួសារ​វណ្ណៈ​កណ្ដាល​មួយ។ ក្រៅពី​មាន​ជីវិត​ជា​សហគ្រិន​ដ៏​ជោគជ័យ​ហើយ រួម​នឹង​ធ្វើការ​ពិសោធន៍​លើ​អគ្គិសនី បិតា​ស្ថាបនិក​នេះ​ថែម​ទាំង​មាន​ស្នាដៃ​និពន្ធ​សំខាន់ៗ​មួយ​ចំនួន​ដែល​មាន​ឥទ្ធិពល​អាច​បង្រួបបង្រួម​ភាព​ចម្រុះ​ខុស​គ្នា​នៃ​គំនិត ជាតិសាសន៍​របស់​ប្រជាជន​អាមេរិក​ឲ្យ​មក​រួម​គ្នា​ជា​ធ្លុង​មួយ​បាន។

៣) James Madison៖ ប្រធានាធិបតី​ទី៤​របស់​សហរដ្ឋអាមេរិក លោក James Madison បាន​កើត​នៅ​រដ្ឋ Virgina ក្នុង​ឆ្នាំ១៧៥១។ ជាមួយ​នឹង​ដំណើរការណ៍​សិក្សា​អប់រំ​ក្នុង​សាលា​បាន​យ៉ាង​ល្អ​ប្រសើរ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី The College of New Jersey នៅ​ពេល​ទើប​នឹង​ឈាន​ដល់​វ័យ​២០​ឆ្នាំ​ប៉ុណ្ណោះ។ នៅ​ឆ្នាំ​១៧៧៦ តំណែង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​សន្និបាត​រដ្ឋធម្មនុញ្ញ​របស់​រដ្ឋ Virgina ដែល​ជំរុញ​ឲ្យ​មាន​ការ​ទាមទារ​ឯករាជ្យ​របស់​អាមេរិក​ពី​នឹម​អាណានិគម​របស់​អង់គ្លេស បាន​ធ្លាក់​ទៅ​លើ​ការ​ទទួល​ខុសត្រូវ​របស់​លោក។

រីឯ​រវាង​ឆ្នាំ​១៧៧៧​ដល់​ឆ្នាំ​១៧៧៩ Madison ក៏​បាន​ក្លាយ​ជា​សមាជិក​មួយ​ក្នុង​ក្រុមប្រឹក្សាភិបាល​របស់​រដ្ឋ Virgina​ផង​ដែរ។ ក្នុង​ឆ្នាំ​១៧៨០ គណៈប្រតិភូ​ក្មេង​ខ្ចី​ជាងគេ​ក្នុង​វ័យ​២៩​ឆ្នាំ ត្រូវ​បាន​គេ​តែងតាំង​នៅ The Continental Congress។ លោក​គឺជា​បុគ្គល​ដ៏​សំខាន់​មួយ ដែល​នាំ​មុខ​ឲ្យ​មាន​ការ​សរសេរ​ព្រាង​ឡើង​នូវ​គម្រោងការ​របស់​រដ្ឋ Virginia (Virginia Plan) ដែល​បាន​ក្លាយ​ជា​សសរ​គ្រឹះ​នៃ​រដ្ឋធម្មនុញ្ញ​របស់​អាមេរិក និង​បាន​តាក់តែង​រដ្ឋធម្មនុញ្ញ​មួយ​ចំនួន​ទៀត​ផង​ដែរ និង​ក្នុង​ឆ្នាំ​១៨០៨ ក៏​ត្រូវ​បាន​បោះឆ្នោត​តែងតាំង​ជា​ប្រធានាធិបតី​ទី៤​របស់​អាមេរិក៕

 

ដោយ៖ ស្រីពៅ

X
5s