តើអ្វីជាសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល (Copyright and Related Rights)?
តើអ្វីជាសិទ្ធិអ្នកនិពន្ធ? សិទ្ធិអ្នកនិពន្ធជាសិទ្ធិដែលផ្តល់ឱ្យដោយច្បាប់ដល់អ្នកនិពន្ធ សិល្បៈករ ឬអ្នកបង្កើតស្នាដៃផ្សេងៗទៀត ក្នុង ការប្រើប្រាស់និងការពារស្នាដៃរបស់ខ្លួន។ ពាក្យ “កិច្ចការពារ” មានន័យថា ជាសកម្មភាពស្របច្បាប់ណាមួយក្នុង ការបង្ការស្នាដៃពីការចម្លងដោយគ្មានការអនុញ្ញាត ឬការយល់ព្រមជាមុនពីផលិតករ។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែលមានគោលបំណងធានាការគោរពសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល និងការពារនូវ ផលិតផល វប្បធម៌ជាស្នាដៃ អ្នកនិពន្ធ អ្នកសម្តែង ផលិតករហ្វូណូក្រាម និងអង្គភាពទូរផ្សាយ សំដៅធានាការធ្វើ អាជីវកម្មមួយត្រឹមត្រូវស្របច្បាប់លើផលិតផលវប្បធម៌ទាំងនេះ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យវប្បធម៌។ ស្នាដៃដែលទទួលបានកិច្ចការពារ ១-ស្នាដៃអ្នកនិពន្ធសំដៅដល់៖
ក- ស្នាដៃដែលបង្កើតឡើងដោយជនមានសញ្ជាតិខ្មែរ ឬជនដែលមានលំនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាននីតិបុគ្គលហើយត្រូវបានបង្កើតឡើងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការិយាល័យនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។
ខ-ស្នាដៃដែលបានបោះពុម្ពផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬស្នាដៃដែលបានបោះពុម្ព ផ្សាយលើកដំបូងនៅបរទេសហើយដែលត្រូវបានយកមកបោះពុម្ពផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុង ៣០ថ្ងៃ។
គ- ស្នាដៃសោតទស្សន៍ដែលផលិតករមានទីស្នាក់ការ ឬមានទីលំនៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឃ-ស្នាដៃស្ថាបត្យកម្មដែលបានសាងសង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងស្នាដៃសិល្បៈផ្សេងៗ ទៀត ដែលភ្ជាប់ទៅនឹងអាគារឬរចនាសម្ព័ន្ធផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ង- ស្នាដៃដែលព្រះរាជាណាចក្រកម្ពុជា មានកាតព្វកិច្ចការពារក្រោមសន្ធិសញ្ញាអន្តរជាតិ។
២-ស្នាដៃអ្នកសម្តែងសំដៅដល់៖
ក- ស្នាដៃរបស់អ្នកសម្តែងដែលមានសញ្ជាតិខ្មែរ។
ខ- ស្នាដៃរបស់អ្នកសម្តែងដែលពុំមានសញ្ជាតិខ្មែរ តែការសម្តែងនោះ • បានប្រព្រឹត្តឡើងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា • បានថតបញ្ចូលជាហ្វូណូក្រាមដែលស្ថិតក្រោមកិច្ចការពារនៃច្បាប់ ឬ • ពុំទាន់បានថតបញ្ចូលជាហ្វូណូក្រាម ប៉ុន្តែបានផ្សព្វផ្សាយតាមទូរផ្សាយដែលស្ថិតក្រោម កិច្ចការពារនៃច្បាប់។
៣- ហ្វូណូក្រាមសំដៅដល់៖
ក- ហ្វូណូក្រាមរបស់ផលិតករមានសញ្ជាតិខ្មែរ។
ខ- ហ្វូណូក្រាមដែលបានថតបញ្ចូលសូរសម្លេងជាលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គ- ហ្វូណូក្រាមដែលបានថតបញ្ចូលផ្សាយលើកដំបូងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
៤- ការផ្សាយតាមទូរផ្សាយសំដៅដល់៖
ក- ការផ្សាយនៃអង្គភាពទូរផ្សាយដែលមានទីស្នាក់ការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ- ការផ្សាយចេញពីឧបករណ៍ផ្សាយដែលមានទីតាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្នាដៃបន្ត ស្នាដៃបន្តរួមមាន ការបកប្រែ ការយកលំនាំ តាមការសម្រួល ការកែច្នៃ ឬការកែលម្អស្នាដៃផ្សេងទៀត ឬការចងក្រងប្រព័ន្ធទិន្នន័យ ទោះបីជាក្នុងម៉ាស៊ីនដែលអាចអានបាន ឬក៏ជាទម្រង់ផ្សេងទៀត ឬក៏ត្រូវទទួលបាន នូវកិច្ចការពារពីច្បាប់នេះដែរ។ កិច្ចការពារស្នាដៃណាមួយដែលមានចែងខាងលើ មិនធ្វើឱ្យបាត់បង់សិទ្ធិចំពោះកិច្ច ការពារស្នាដៃដើម ដែលត្រូវបានបញ្ចូល ឬប្រើប្រាស់សម្រាប់បង្កើតស្នាដៃថ្មី។
សិទ្ធិអ្នកនិពន្ធស្នាដៃ អ្នកនិពន្ធស្នាដៃដែលទទួលបានកិច្ចការពារ ទទួលបានសិទ្ធិពីរប្រភេទៈ
១- សិទ្ធិបេតិកភ័ណ្ឌ (Economic Rights) សិទ្ធិបេតិកភណ្ឌ ជាសិទ្ធិប្រកបអាជីវកម្មរបស់អ្នកនិពន្ធលើទ្រព្យជាស្នាដៃរបស់ខ្លួនតាមរយៈការផលិតឡើងវិញ ការផ្សព្វផ្សាយជាសារធារណៈ និងការបង្កើតស្នាដៃបន្ត។ អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខធ្វើដោយខ្លួនឯង ឬអនុញ្ញាតឱ្យគេធ្វើកិច្ចការដូចតទៅៈ
ក- ការបកប្រែជាភាសាបរទេសនូវស្នាដៃរបស់ខ្លួន។
ខ- ការយកលំនាំតាម ឬការកែសម្រួលផ្សេងៗទៀតនៃស្នាដៃ។
គ-ការជួលស្នាដៃច្បាប់ដើម ឬច្បាប់ចម្លងស្នាដៃ សោតទស្សន៍ ឬស្នាដៃថត បញ្ចូលជាហ្វូណូ ក្រាម កម្មវិធីកុំព្យូទ័រ ប្រព័ន្ធទិន្នន័យ ឬស្នាដៃតូរ្យតន្ត្រីជាអក្សរភ្លេង។
ឃ-ការចែកចាយជាសធារណៈតាមការលក់ ការជួល ឬតាមធ្សោបាយផ្សេងទៀតនូវច្បាប់ដើម ឬច្បាប់ ចម្លងដែលពុំទាន់បានលក់ ឬផ្ទេរកម្មសិទ្ធិ។
ង- ការនាំចូលក្នុងប្រទេសនូវស្នាដៃចម្លងចេញពីស្នាដៃ របស់សមីខ្លួនដែលជាអ្នកនិពន្ធ។
ច- ការសម្តែងស្នាដៃជាសាធារណៈ។
ឆ- ការផ្សាយស្នាដៃជាសាធារណៈ។
ជ- ការផ្សាយស្នាដៃតាមទូរផ្សាយ។
ឈ-ការផ្សាយស្នាដៃជាសាធារណៈតាមវិធីផ្សេងៗទៀត។ សិទ្ធិដាក់ជួលក្នុងចំនុច “គ” មិនត្រូវអនុវត្ត ចំពោះការជួលកម្មវិធីកុំព្យូទ័រឡើយ ក្នុងករណីដែលកម្មវិធីកុំព្យូទ័រនោះ មិនមែនជាកម្មវត្ថុដ៏សំខាន់សម្រាប់ការដាក់ ជួល។
២- សិទ្ធិសីលធម៌ (Moral Rights) សិទ្ធិសីលធម៌របស់អ្នកនិពន្ធមានបីចំនុចដូចខាងក្រោមៈ
ក- អ្នកនិពន្ធមានសិទ្ធិផ្តាច់មុខក្នុងការសំរេចពីរបៀប និងពេលនៃការផ្សព្វផ្សាយស្នាដៃរបស់ខ្លួនជា សាធារណៈ ព្រមទាំងបែបបទគ្រប់គ្រងការផ្សព្វផ្សាយ។
ខ- អ្នកនិពន្ធមានសិទ្ធិកំណត់ឱ្យគេទទួលស្គាល់ឈ្មោះ ឋានៈ និងស្នាដៃរបស់ខ្លួនសំរាប់ទាក់ទងជាមួយ សាធារណជន។
គ- អ្នកនិពន្ធមានសិទ្ធិជំទាស់នូវគ្រប់រូបភាពនៃការបំផ្លើស ឬការកាត់ចោលខ្លឹមសារ ឬការកែរប្រែខ្លឹម សារ ជាហេតុធ្វើឱ្យខូចកិត្តិយស ឬកេរ្តិ៍ឈ្មោះរបស់ខ្លួន។ សិទ្ធិសីលធម៌របស់អ្នកនិពន្ធគឺជាសិទ្ធិអចិន្ត្រៃយ៍មិនអាច លក់ដូរបាន មិនអាចរឹបអូសបាន និងមិនអាចផុតអាជ្ញាយុកាល។ ការកម្រិតសិទ្ធិអ្នកនិពន្ធ
អ្នកនិពន្ធមិនអាចធ្វើការហាមឃាត់បានចំពោះ៖
ក- ការសម្តែងស្នាដៃជាឯកជនដោយមិនគិតជាកម្រៃ ជាការសម្តែងក្នុងរង្វង់គ្រួសារ ឬញាតិមិត្ត។
ខ- ការរៀបចំទុកក្នុងបណ្ណាល័យនូវសំណៅស្នាដៃណាមួយ ដើម្បីរក្សាទុកឱ្យបានគង់វង្ស ឬដើម្បីទុក សម្រាប់ធ្វើការស្រាវជ្រាវ។
គ- ការប្រើប្រាស់ស្នាដៃសម្រាប់ការសិក្សាដោយគ្នានរកប្រាក់កម្រៃ។
ឃ- ការបកប្រែស្នាដៃពីភាសាខ្មែរទៅជាភាសាជនជាតិភាគតិច ឬបកប្រែពីភាសាជនជាតិភាគតិចមកជា ភាសាខ្មែរ។
ប្រសិនបើមានការបញ្ជាក់យ៉ាងច្បាស់លាស់នូវឈ្មោះរបស់អ្នកនិពន្ធ និងប្រភពនៃស្នាដៃ អ្នកនិពន្ធមិន អាចធ្វើការហាមឃាត់ ចំពោះកិច្ចការទាំងឡាយដូចជាៈ ការវិភាគ និងអាគតដ្ឋានខ្លីៗនៃស្នាដៃដែលបញ្ជាក់ពីការរិះគន់សង្រាមប៉ាកកា គរុកោសល្យ វិទ្យា សាស្ត្រ ឬពត៌មានស្តីពីស្នាដៃនោះ ការផ្សាយទស្សនៈសារពត៌មាន ការផ្សាយទាំងស្រុង ឬភាគខ្លះនៃសន្ទរកថានានា ដែលបានថ្លែងជាសាធារណៈក្នុងសារពត៌មាន ឬទូផ្សាយ ការត្រាប់កំប្លែង ការត្រាប់តាមគំរូ ឬគំនូរត្លុក ដោយផ្អែកតាមលំនាំដើមនៃស្នាដៃ។ ការចម្លងរូបភាពស្នាដៃសិល្បៈក្រាហ្វិក ឬសិល្បៈសូន្យរូប ដែលស្ថិតនៅទីកន្លែងសាធារណៈមួយ លើកលែងតែរូបភាពនោះ ត្រូវបានចាត់ទុកថាជាកម្មវត្ថុសំខាន់នៃការចម្លងបន្ត។ ច្បាប់ក៏អនុញ្ញាតឱ្យស្រង់អាគតដ្ឋានពីស្នាដៃណាមួយជាស្នាដៃដែលបានផ្សព្វផ្សាយត្រឹមត្រូវតាមច្បាប់ បញ្ចូលក្នុងស្នាដៃ មួយផ្សេងទៀត ដោយពុំចាំបាច់សុំការអនុញ្ញាតពីអ្នកនិពន្ធ និងពុំចាំបាច់បង់ប្រាក់កម្រៃ។ ការស្រង់ អាគតដ្ឋាន ត្រូវបញ្ជាក់អំពីប្រភព និងឈ្មោះអ្នកនិពន្ធ បើនៅក្នុងប្រភពនោះមានឈ្មោះអ្នកនិពន្ធច្បាស់លាស់។ ការស្រង់អាគតដ្ឋានេះ មិនត្រូវធ្វើឱ្យហួសពីគោលដៅដែលត្រូវបំពេញនោះឡើយ។
សកម្មភាពដូចខាងក្រោមត្រូវបានអនុញ្ញាឱ្យអនុវត្តន៍បានដោយពុំចាំបាច់មានការយល់ព្រមពីសិទ្ធិវ័ន្ត និងពុំចាំបាច់បង់ប្រាក់កម្រៃ៖
ក. សេចក្តីរាយការណ៍ស្តីពីបច្ចុប្បន្នភាព ក្នុងល័ក្ខខ័ណ្ឌដែលសេចក្តីរាយការណ៍នោះ បានដកស្រង់ជាផ្នែក ខ្លីៗ ពីការសម្តែង ឬពីខ្លឹមសារហ្វូណូក្រាម ឬពីក្នុងការផ្សព្វផ្សាយតាមទូរផ្សាយ។
ខ. ការថតចម្លង ដែលធ្វើឡើងសម្រាប់តែប្រើប្រាស់ ក្នុងផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ។
គ. ការថតចម្លង សម្រាប់បម្រើក្នុងក្របខ័ណ្ឌនៃការសិក្សាលើកលែងតែការសម្តែង ឬហ្វូណូក្រាមដែល ផលិតសម្រាប់តែគោលបំណងនៃការសិក្សា។
ឃ. អាគតដ្ឋានជាសម្រង់ខ្លីៗពីការសម្តែង ឬហ្វូណូក្រាម ឬកម្មវិធីចាក់ផ្សាយតាមទូរផ្សាយសមស្របតាម ទម្លាប់ល្អ ដើម្បីប្រើប្រាស់ក្នុងទិសដៅព័ត៌មាន។
ង. ការប្រើប្រាស់ផ្សេងៗទៀតដែលជាករណីលើកលែង ពិសេសចំពោះស្នាដៃនានា ដែលទទួលបាននូវ កិច្ចការពារសិទ្ធិអ្នកនិពន្ធ ដោយអនុលោមតាមច្បាប់នេះ។
ច. ការចាប់យករូបភាព និងសម្លេង ដើម្បីផ្សព្វផ្សាយបន្តទាំងស្រុង ឬភាគខ្លះដោយអង្គភាពទូរផ្សាយស្តីពី បច្ចុប្បន្នភាពនៃពិធីបុណ្យ អង្គប្រជុំ ឬព្រឹត្តការណ៍នានារបស់ជាតិពីស្ថានីយដើមក្នុងពេលតែមួយ។
រយៈពេលនៃកិច្ចការពារ +រយៈពេលកិច្ចការពារសិទ្ធិនេះត្រូវប្រព្រឹត្តទៅអស់មួយជីវិត អ្នកនិព្ធព្រមទាំងប្រព្រឹត្តទៅ ៥០ (ហាសិបឆ្នាំ) ក្រោយថ្ងៃទទួលមរណភាពរបស់អ្នកនិពន្ធ។
+កិច្ចការពារសិទ្ធិបេតិកភណ្ឌលើស្នាដៃសហការប្រព្រឹត្តទៅអស់មួយជីវិតអ្នកនិព្ធ ដែលរស់នៅចុងក្រោយគេ ព្រមទាំងប្រព្រឹត្តទៅរយៈពេល ៥០ (ហាសិប) ឆ្នាំ ក្រោយថ្ងៃទទួលមរណភាពរប់សអ្នកនិពន្ធចុងក្រោយនេះ។
+ រយៈពេលនៃកិច្ចការពារអ្នកសម្តែងគឺ ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតិទិននៃការថត បញ្ចូលក្នុងហ្វូណូក្រាម ឬក្នុងករណីដែលពុំបានថតការសម្តែងបញ្ចូលក្នុងហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតិទិនដែលការសម្តែងបានប្រព្រឹត្តទៅ។
+រយៈពេលនៃកិច្ចការពារផលិតករហ្វូណូក្រាម គឺ៥០ (ហាសិប) ឆ្នាំ គិតចាប់ពីដំណាច់ឆ្នាំប្រក្រតិទិន ដែលបានបោះផ្សាយហ្វូណូក្រាម ឬក្នុងករណីដែលពុំបានបោះផ្សាយហ្វូណូក្រាម គឺគិតចាប់ពីដំណាច់ឆ្នាំប្រក្រតិទិន ដែលបានថតសម្លេងបញ្ចូលក្នុងហ្វូណូក្រាម។
+ រយៈពេលនៃកិច្ចការពារកម្មវិធីផ្សាយរបស់អង្គភាពទូផ្សាយ គឺ ៥០ (ហាសិប) ឆ្នាំគិតចាប់ពីដំណាច់ឆ្នាំ ប្រក្រតិទិន ដែលកម្មវិធីបានផ្សាយ។
ដោយ៖ ប៉ុម ទូច
ប្រភព៖ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជកម្ម