តើអ្នកអាចធ្វើអ្វីបានខ្លះជាមួយនឹងសញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេស ?
ចម្ងល់របស់សិស្សជាច្រើននៅតែមិនទាន់ដាច់ស្រឡះថាតើពួកគេអាចធ្វើអ្វីបានខ្លះជាមួយនឹងសញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេសរបស់ខ្លួន ? កម្រិតសញ្ញាប័ត្រអង់គ្លេសផ្ដល់អាទិភាពសំខាន់ទៅលើជំនាញសរសេរនិងទំនាក់ទំនងជាចម្បង ម្យ៉ាងទៀតដោយសារជំនាញនេះមិនមែនជាជំនាញបែបវិជ្ជាជីវៈ សិស្សជាច្រើនបានលើកកម្ពស់ឱកាសការងារដែលល្អប្រសើរសម្រាប់ខ្លួនតាមរយៈការស្វែងរកបទពិសោធន៍បន្ថែមទៅតាមមជ្ឈដ្ឋានការងារដែលពាក់ព័ន្ធ ក្នុងនោះរួមមាន៖
១) ការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ ផ្នែកប្រព័ន្ធផ្សព្វផ្សាយគ្របដណ្ដប់លើការងារទាំងអស់រាប់ចាប់តាំងពីអ្នកថតភាពយន្ត រហូតដល់អ្នកកាន់ប៉ុស្តិ៍ទូរទស្សន៍ អ្នកកាសែតរហូតដល់អ្នកសរសេរប្លុកព័ត៌មាន អ្នកផ្សព្វផ្សាយរហូតដល់អ្នកទំនាក់ទំនងអន្តរជាតិជាដើម។
២) ការងារផ្នែកបោះពុម្ពផ្សាយ៖ អ្នកអាចធ្វើការនៅផ្នែកបោះពុម្ពផ្សាយតាមបែបបុរាណ (traditional print publishing) ឬផ្នែកបោះពុម្ពផ្សាយតាមប្រព័ន្ធឌីជីថលដូចជា e-books និងសារព័ត៌មានអេឡិចត្រូនិច (electronic journal) ហើយអ្នកអាចត្រូវជាប់ពាក់ព័ន្ធជាមួយផ្នែកផ្សេងៗទៀតដូចជា ផ្នែករដ្ឋបាល ផលិតកម្ម បទវិចារណកថា ទីផ្សារ ទំនាក់ទំនងអន្តរជាតិ និងផ្នែកលក់ផងដែរ។ អ្នកអាចធ្វើជាអ្នកហាត់ការនៅរោងពុម្ពណាមួយ ថែមទាំងត្រូវមានចំណេះដឹងអំពីការបោះពុម្ពតាមបែបបុរាណ និងការបោះពុម្ពតាមប្រព័ន្ធឌីជីថលក្នុងសម័យទំនើបនេះដែរ។
៣) ការងារជាគ្រូបង្រៀន ឬពាក់ព័ន្ធផ្នែកអប់រំ៖ បើអ្នកមានគោលដៅបម្រើការជាគ្រូបង្រៀន អ្នកចាំបាច់ត្រូវមានគុណសម្បត្តិនិងបទពិសោធន៍បន្ថែម។ យ៉ាងណាមិញសញ្ញាប័ត្រអក្សរសាស្ត្រអង់គ្លេសនឹងអាចជួយពង្រីកចំណេះដឹងផ្នែកភាសា រួមទាំងជំនាញទំនាក់ទំនងដល់អ្នកផងដែរ។ អ្នកអាចស្វែងរកបទពិសោធន៍បង្រៀន ធ្វើការជាមួយក្មេងៗនិងយុវជន ឬចូលរួមចំណែកទៅនឹងគម្រោងស្រាវជ្រាវផ្សេងៗ។
៤) ការងារក្នុងផ្នែកច្បាប់៖ ការងារផ្នែកនេះតម្រូវឲ្យអ្នកមានចំណាប់អារម្មណ៍ខ្លាំងក្លាទៅលើប្រព័ន្ធច្បាប់ និងព្រឹត្តិការណ៍នយោបាយ និងការយល់ដឹងពាក់ព័ន្ធនឹងភាសាប្រើប្រាស់ក្នុងផ្នែកច្បាប់ជាចាំបាច់។
៥) ការធ្វើមុខជំនួញ ឬគណនេយ្យករ ឬផ្នែកហិរញ្ញវត្ថុ៖ បើសិនជាអ្នកគិតថាអ្នកមានសមត្ថភាពទាំងផ្នែកអក្សរនិងតួលេខ អ្នកអាចអភិវឌ្ឍខ្លួនឯងបន្ថែមដោយចូលប្រឡូកក្នុងវិស័យជំនួញបាន តែអ្នកត្រូវប្រាកដថាអ្នកមានចំណេះដឹងជ្រៅជ្រះផ្នែកគណិតវិទ្យា និងហិរញ្ញវត្ថុជាមុនសិន។ អ្នកត្រូវមានសមត្ថភាពខ្ពស់ធ្វើការជាមួយតួលេខ មានបទពិសោធន៍ដឹកនាំក្រុមក្នុងសាលា ឬធ្វើការជាក្រុម យល់ដឹងពីធាតុផ្សំសំខាន់ៗក្នុងវិស័យជំនួញដូចជាការលក់ បទពិសោធន៍ផ្នែករដ្ឋបាល និងចំណាប់អារម្មណ៍ក្នុងការយល់ដឹងពីបម្រែបម្រួលសេដ្ឋកិច្ច និងទីផ្សារនាពេលបច្ចុប្បន្ន។
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ topuniversities