៣ចំណុចនាំទៅរកការចរចាប្រកបដោយភាពឈ្លាសវៃ
ការចរចាដ៏ល្អគឺនៅពេលដែលភាគីទាំងសងខាងទទួលបាននូវប្រយោជន៍របស់ខ្លួន ក្រោយពីព្រមព្រៀងគ្នារួច។ វាពុំមែនជាការដែលភាគីម្ខាងមានអំណាចលើភាគីម្ខាងទៀត ដោយទទួលបានតែប្រយោជន៍របស់ខ្លួន ចំណែកឯភាគីម្ខាងទៀតមិនទទួលបាននូវអ្វីដែលជាការចង់បានរបស់ខ្លួននោះឡើយ។
ការចរចាដ៏ល្អតែងគិតជានិច្ចអំពីផលប៉ះពាល់ទៅលើទំនាក់ទំនងរវាងគ្នា ជាការចរចាដែលភាគីទាំងសងខាងទទួលបានប្រយោជន៍របស់ខ្លួន ហើយទំនាក់ទំនងរវាងគ្នាកាន់តែវិវត្តទៅប្រសើរជាងមុន។ គ្មាននរណាឈ្នះក៏គ្មាននរណាម្នាក់ចាញ់ដែរ។ តើអ្វីខ្លះដែលអ្នកត្រូវដឹង ដើម្បីសម្រេចបាននូវការចរចាប្រកបដោយឈ្លាសវៃបែបនេះ ?
១) បិទមាត់របស់អ្នកហើយបើកត្រចៀកឲ្យបានច្រើនវិញ៖ មនុស្សយើងគ្រប់គ្នា នរណាមួយក៏ចង់បានការយល់ចិត្តពីអ្នកដទៃដែរ បើមិនទាន់យល់ថាម្នាក់ទៀតព្រួយបារម្ភពីអ្វី តែយ៉ាងហោចណាស់ការទទួលបានអារម្មណ៍គោរពពីអ្នកដទៃដោយគ្រាន់តែអង្គុយស្ដាប់ម្នាក់ទៀតរៀបរាប់ពីកង្វល់របស់ខ្លួន ដោយយកចិត្តទុកដាក់និងស្ងប់ស្ងៀមដែរ លុះបញ្ហានឹងត្រូវបានបកស្រាយឲ្យអស់ចម្ងល់ដល់អ្នក ពេលនោះបញ្ហានឹងឈានដល់ការស្វែងរកដំណោះស្រាយរួមគ្នាដ៏ល្អមួយ។ ទាល់តែអ្នកស្ដាប់អ្នកដទៃមុន ទើបគេនឹងស្ដាប់អ្នកវិញតាមក្រោយ។ ក្រោយពេលគេទទួលដឹងថាអ្នកបានស្ដាប់គេដោយការគោរពហើយ នោះការស្នើសុំរបស់អ្នកនឹងកាន់តែងាយស្រួលសម្រាប់ឲ្យគេទទួលយកមិនខាន។
២) បង្ហាញនូវភាពមានមេត្តាធម៌៖ បើអ្នកពិតជាបានស្ដាប់ភាគីចរចារបស់អ្នកដោយយកចិត្តទុកដាក់មែន នោះអ្នកនឹងអាចសម្គាល់ដឹងបានថាអ្វីជាបញ្ហាពិតប្រាកដ រួមទាំងឫសគល់នៃបញ្ហាផងដែរ។ ការបង្ហាញនូវភាពមានមេត្តាធម៌គឺ នៅពេលដែលអ្នកអាចយល់បានថាពួកគេមានអារម្មណ៍យ៉ាងណា និងសម្ដែងទៅកាន់ពួកគេពីការយល់របស់អ្នកចំពោះគេផងដែរ។ អ្នកអាចធ្វើបែបនេះដោយការនិយាយសង្ខេបឡើងវិញពីអ្វីដែលគេបានរៀបរាប់ប្រាប់អ្នករួចមក ហើយអ្នកគួរតែជួយដោះស្រាយការលំបាកពួកគេជាមុន នោះអ្វីៗដែលមកតាមក្រោយនឹងប្រព្រឹត្តទៅដោយរលូន។
៣) ការព្រមព្រៀងគ្នាប្រកបដោយភាពឈ្លាសវៃ៖ នៅពេលការលំបាកពួកគេត្រូវបានស្វែងរកដំណោះស្រាយហើយ អ្នកអាចស្នើនូវអ្វីដែលអ្នកចង់បានទៅកាន់ពួកគេ ដោយឈរលើគោលជំហរមួយដែលទាល់តែភាគីទាំងសងខាងទទួលបាននូវប្រយោជន៍រៀងខ្លួនៗពីការព្រមព្រៀងនោះ ពុំនោះទេអ្នកអាចទុកវាចោលសិន ហើយត្រឡប់មកជជែកពីវាវិញនៅពេលក្រោយទៀតក៏បាន ក្រោយពេលដែលម្នាក់ៗបានចំណាយពេលពិចារណាបានល្អិតល្អន់ជាងមុន៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ time & forbes