តើអ្វីដែលធ្វើឲ្យខួរក្បាលមនុស្ស មានលក្ខណៈពិសេសលើសពីខួរក្បាលសត្វដទៃទៀត ?​



តើ​ទម្ងន់​ខួរក្បាល​របស់​សត្វ​លោក​មាន​ទំនាក់ទំនង​ជាមួយ​ភាព​ឈ្លាសវៃ​របស់​ពួកគេ​ដែរ​ឬ​ទេ ? តើ​ទម្ងន់​ខួរក្បាល​ធ្ងន់ មានន័យ​ដូច​គ្នា​ទៅ​នឹង​កម្រិត​នៃ​ភាព​ឈ្លាសវៃ (កាន់តែធំកាន់តែឆ្លាត) ​​ឬ ? បើ​អ្នក​ជឿ​បែប​នេះ ដូច្នេះ​តើ​អ្នក​នឹង​បកស្រាយ​ជំនឿ​របស់​អ្នក​បែប​ណា បើ​អ្នក​ទើប​នឹង​ដឹង​អំពី​ការ​ពិត​ខួរក្បាល​របស់​សត្វ​ដំរី​មាន​ទម្ងន់​៩​ផោន ចំណែក​ឯ​ត្រី​បបែល​មាន​រហូត​ដល់​ទៅ​២០​ផោន ស្រប​ពេល​ដែល​ខួរក្បាល​របស់​សត្វ​ដែល​ជា​សភាវៈ​កម្រិត​ខ្ពស់​និង​វៃ​ឆ្លាត​ជាង​គេ​របស់​មនុស្ស​មាន​ត្រឹមតែ​៣​ផោន​ប៉ុណ្ណោះ ?

សំណួរ​សួរ​ថា តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យ​ខួរក្បាល​ទម្ងន់​៣​ផោន​របស់​មនុស្ស មាន​លក្ខណៈ​ពិសេស​ជាង​គេ​លើស​ពី​សភាវៈ​សត្វ​លោក​ដទៃៗ​ទៀត​ដែល​រស់នៅ​លើ​ភព​ផែនដី​ជាមួយ​គ្នា​នេះ ? នៅ​ក្នុង​ផ្នែក​មួយ​នៃ​ខួរក្បាល​របស់​មនុស្ស​ដែល​គេ​ហៅថា cerebral cortex គឺជា​ស្រទាប់​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​ខួរក្បាល ដែល​មាន​សមត្ថភាព​ប្រតិបត្តិការ​កិច្ចការ​ដែល​ពាក់ព័ន្ធ​នឹង​ការ​គិត​កម្រិត​ខ្ពស់ រៀបចំ​ផែនការ ការ​ដឹង​ខ្លួន ឬ​សតិ​សម្បជញ្ញៈ និង​វិចារណញ្ញាណ។

មាន​ចំនួន​ណឺរ៉ូន​ប្រមាណ​១៦​ពាន់​លាន​ដែល​មាន​វត្តមាន​នៅ​ក្នុង​តំបន់​នេះ ហើយ​អ្វី​ដែល​រឹតតែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ នៅ​ក្នុង​ណឺរ៉ូន​នីមួយៗ​មាន​ទំនាក់ទំនង​ភ្ជាប់​គ្នា​ជាមួយ​ណឺរ៉ូន​ដទៃ​ទៀត​រហូត​ដល់​ទៅ​រាប់​ពាន់​ចំណង នេះ​ត្រឹមតែ​ណឺរ៉ូន​មួយ​ប៉ុណ្ណោះ ដែល​ចំណង​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "សីុណែប"។ ណឺរ៉ូន​និង​ចំណង​សីុណែប​នេះ​ទៀត​សោត ត្រូវ​បាន​ទំនុក​បម្រុង​ដោយ​កោសិកា​ជំនួយ (glia cells) ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ពណ៌​ប្រផេះ​របស់​ខួរក្បាល ដែល​ទទួល​ខុសត្រូវ​ទៅលើ​កិច្ចការ​ដែល​ពាក់ព័ន្ធ​ការ​គិត​កម្រិត​ខ្ពស់​ផង​ដែរ។

នៅ​ក្នុង​ចំណង​សីុណែប​ដ៏​ស្មុគស្មាញ​និង​ច្រើន​អនេក​នៅ​ក្នុង​ខួរក្បាល​នេះ ក៏​មាន​ផង​ដែរ​នូវ​ម៉ូលេគុល​ប្រូតេអ៊ីន។ ម៉ូលេគុល​ប្រូតេអ៊ីន​នេះ​ប្រហែល​ជា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​សម្រាប់​បង្ហាញ​ពី​ភាព​អស្ចារ្យ​របស់​សភាវៈ​គិត​កម្រិត​ខ្ពស់​នៃ​មនុស្ស ក៏​ព្រោះ​តែ​ម៉ូលេគុល​ប្រូតេអ៊ីន​នេះ​ក៏​មាន​នៅ​ក្នុង​សត្វ​ដទៃ​ទៀត​ក្នុង​ចំនួន​ដូច​គ្នា​ផង​ដែរ។ ចុះ​អ្វី​ទៅ​ដែល​អាច​ឲ្យ​ខួរក្បាល​មនុស្ស​មាន​សមត្ថភាព​លើស​ពី​សត្វ​ដទៃ​ក្នុង​ការ​ប្រតិបត្តិ​ការ​គិត​កម្រិត​ខ្ពស់​បាន ? អ្វី​ដែល​ជា​ភាព​ដូច​គ្នា​រវាង​ខួរក្បាល​មនុស្ស​និង​សត្វ​នោះ​គឺជា​ចំនួន​ម៉ូលេគុល​ប្រូតេអ៊ីន ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ខួរក្បាល​មនុស្ស​ខុស​ពី​សត្វ​នៅ​ត្រង់​លក្ខណៈ​ដ៏​ស្មុគស្មាញ​នៅ​ក្នុង​រចនាសម្ព័ន្ធ​របស់​ម៉ូលេគុល​ប្រូតេអ៊ីន​របស់​មនុស្ស។

គឺ​ភាព​ស្មុគស្មាញ​នេះ​ហើយ​ដែល​ធ្វើឲ្យ​មនុស្ស​អាច​មាន​សមត្ថភាព​គិត​លើស​ពី​សត្វ​ដទៃ។ ទំនាក់ទំនង​ខុស​ប្លែក​រវាង​គ្នា​ជាច្រើន​នៃ​ប្រូតេអ៊ីន ការ​ចម្លង​និង​ការ​លុប​ចោល​នៃ​ហ្សែន​ប្រូតេអ៊ីន​ទាំងនេះ​បាន​វិវត្ត​អស់​រយៈកាល​ជាច្រើន​កន្លង​មក​នៅ​ក្នុង​ដំណាក់កាល​វិវត្ត​របស់​មនុស្ស​ពី​បុព្វបុរស​របស់​យើង រហូត​ចុងក្រោយ​ទើប​មាន​បង្ហាញ​ជា​លទ្ធផល​នៃ​ផ្នែក​ដែល​ជា​ស្រទាប់​ស្ថិត​នៅ​ផ្នែក​ខាងក្រៅ​នៃ​ខួរក្បាល និង​គ្រប​ដណ្ដប់​លើ​តំបន់​ខាង​មុខ​នៃ​ខួរក្បាល (prefrontal cortex) ដែល​អាច​ឲ្យ​យើង​ធ្វើការ​អ្វីៗ​ដែល​ទាមទារ​ការ​គិត​ស្មុគស្មាញ រួម​ទាំង​ការ​សម្រេច​ចិត្ត​បាន​ដូច្នេះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ scientificamerican & brainfacts

X
5s