រឿង ៣ យ៉ាងដែលអ្នកត្រូវធ្វើរាល់ពេលដែលអ្នកពិបាកចិត្ត
ក្នុងមួយឆាកជីវិតតើអ្នកណាដែលមិនធ្លាប់ពិបាកចិត្ត កើតទុក្ខហើយមិនសប្បាយចិត្តនោះ? វាជាការពិតមិនអាចប្រកែកបាននោះទេថាមនុស្សគ្រប់គ្នាតែងតែមានពេលមួយដែលពិបាកចិត្តឬមានអារម្មណ៍មិនល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការមិនសប្បាយចិត្តគឺជារឿងធម្មជាតិរបស់មនុស្សនោះទេ។ ប៉ុន្តែ រយៈពេលនៃការកើតទុក្ខនោះគឺអាស្រ័យទាំងស្រុងទៅលើអ្នក ស្ថានភាពនិងរបៀបដែលអ្នកដោះស្រាយ។
ខាងក្រោមនេះគឺជាគន្លឹះដែលអាចជួយអ្នកបាននៅពេលដែលអ្នកមិនសប្បាយចិត្ត៖
១) ស្វែងយល់ពីអារម្មណ៍និងមូលហេតុ
ការយល់ច្បាស់ពីអារម្មណ៍អាចជួយឲ្យអ្នកស្វែងយល់និងទទួលស្គាល់ខ្លួនឯង។ អ្នកខ្លះនៅតែមិនព្រមទទួលស្គាល់ការពិតនៅពេលដែលមូលហេតុនោះពិបាកនឹងទទួលយក។ ប្រសិនជាអ្នកមិនសប្បាយចិត្ត ស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត ហើយក្រោយពេលដែលអ្នករកឃើញហើយ កុំរស់នៅក្នុងអតីតកាលទៀត ចាប់ផ្តើមថ្ងៃថ្មីដោយសកម្មភាពថ្មីៗ។ ចូរចងចាំថាអ្នកត្រូវតែបន្តដំណើរទៅមុខ។
២) ដកខ្លួនចេញពីភាពអន់ចិត្ត
នៅពេលដែលអ្វីៗមិនកើតឡើងតាមអ្វីដែលអ្នកប្រាថ្នាឬអ្នកទទួលបានភាពបរាជ័យណាមួយ អ្នកមិនសប្បាយចិត្តនោះទេ ប៉ុន្តែចូរកុំបោះបង់ឲ្យសោះ។ ចូរចងចាំថាអ្នកអាចសាកល្បងម្តងហើយម្តងទៀតដូចសុភាសិតអង់គ្លេសមួយបានពោលថា៖ «There is always next time» ឬ «អ្នកតែងតែមានឱកាសធ្វើវាម្តងទៀត។» ដូច្នេះហើយ កុំឆាប់បោះបង់ពេកហើយងាកមកពង្រឹងសមត្ថភាពរបស់អ្នកឲ្យល្អជាងមុនសម្រាប់លទ្ធផលលើកក្រោយ។
៣) រកមិត្តភ័ក្ដិ
កុំខ្មាស់អៀនអី ប្រសិនជាអ្នកមិនសប្បាយចិត្ត អ្នកគួរតែរកមិត្តភ័ក្ដិមកចែករំលែក។ មនុស្សខ្លាំងឬរឹងមាំយ៉ាងណាក៏ដោយតែងតែមានពេលវេលាមួយដែលពួកគេត្រូវការជំនួយ ការលួងលោមឬការគាំទ្រពីអ្នកដទៃ។ ពេលខ្លះ អ្នកគ្រាន់តែត្រូវការមនុស្សម្នាក់មកស្តាប់បញ្ហារបស់អ្នកតែប៉ុណ្ណោះ បើទោះបីជាពួកគេមិនអាចជួយអ្វីដល់អ្នកក៏ពិតមែន ប៉ុន្តែ ការមានអ្នកយល់ចិត្តម្នាក់គឺពិតជាមានតម្លៃខ្លាំងណាស់។ ថាមិនត្រូវ អ្នកអាចនឹងមានអារម្មណ៍ល្អក្រោយបានចែករំលែកទៀតផង៕
ប្រែសម្រួល៖ អុឹង មុយយូ
ប្រភព៖ kidhealth.org