នៅពីក្រោមសម្បជញ្ញៈគឺជាចិត្តឥតដឹងខ្លួនដែលបញ្ជាលើជីវិតអ្នកយ៉ាងមានឥទ្ធិពល
តើអ្នកយល់ឃើញដូចម្ដេចចំពោះទស្សនរបស់ Pink Floyd ដែលបានលើកឡើងថា "មានមនុស្សម្នាក់នៅក្នុងខួរក្បាលរបស់ខ្ញុំ ដែលមិនមែនជាខ្ញុំ" និង " នៅខាងក្នុងពួកយើងម្នាក់ៗ មានមនុស្សម្នាក់ទៀតដែលយើងមិនដឹង" ដែលជាទស្សនរបស់ Carl Jung។ ទោះជាយ៉ាងណា ពាក្យពេចន៍ក្នុងការបកស្រាយរបស់ទស្សនដាច់ដោយឡែកទាំងពីរនេះបង្កប់នូវអត្ថន័យម្យ៉ាង ដែលតម្រង់ទៅរកអត្ថន័យតែមួយ។
នៅឆ្នាំ១៨៦២ អ្នកគណិតសាស្ត្រជនជាតិស្កុតឡែន James Clerk Maxwell ដែលបានល្បីល្បាញដោយសារការបង្កើតនូវសមីការមួយដែលបង្រួបបង្រួមចរន្តអគ្គិសនីនិងម៉ាញេទិច បានសារភាពដោយចម្លែកជាលើកចុងក្រោយនៅលើគ្រែស្លាប់របស់លោកថា "គឺមានអ្វីម្យ៉ាងនៅក្នុងខ្លួនគាត់ ដែលបានរកឃើញសមីការដ៏ល្បីល្បាញនេះ មិនមែនគាត់នោះទេ"។ គាត់មិនដឹងថាតើគាត់នឹកឃើញគំនិតនោះបានដោយរបៀបណានោះទេ វាស្រាប់តែរត់មករកគាត់។
មានករណីដែលបំផុសឲ្យមានការវិភាគមួយទៀតរបស់អ្នកនិពន្ធកំណាព្យរបស់អង់គ្លេស Samuel Taylor Coleridge។ គាត់បានចាប់ផ្ដើមប្រើប្រាស់អាភៀនដំបូងក្នុងឆ្នាំ១៧៩៦ ក្នុងគោលបំណងជួយបំបាត់ការឈឺចាប់ធ្មេញនិងការឈឺចាប់នៅលើប្រព័ន្ធប្រសាទផ្ទៃមុខរបស់លោកប៉ុណ្ណោះ។ ប៉ុន្តែ កំណាព្យដ៏ល្បីល្បាញរបស់គាត់ "Kubla Khan" ត្រូវបានតាក់តែងឡើងអំឡុងពេលដែលឥទ្ធិពលរបស់អាភៀនឡើងដល់កម្រិតខ្ពស់ ហើយគាត់រៀបរាប់វាជាអារម្មណ៍មួយប្រភេទដែលមានភាពរវើរវាយនិងសប្បាយរីករាយ។ អ្វីដែលករណីទាំងពីរនេះចង់អូសទាញការយកចិត្តទុកដាក់របស់អ្នក ឲ្យសង្កត់ធ្ងន់ទៅលើនោះគឺ ហេតុអ្វីគំនិតដែលពួកគេទទួលបានមក ហាក់ដូចជាស្ថិតនៅក្នុងសភាពមិនដឹងខ្លួនដូច្នោះ ?
នៅក្នុងសៀវភៅមួយរបស់អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទខួរក្បាលរបស់ Baylor College of Medicine និងជាអ្នកដឹកនាំការពិសោធន៍ The Laboratory of Perception and Action គឺលោក David Eagleman ដែលមានចំណងជើងថា "Incognito: The Secret Lives of the Brain" បានបង្ហាញផ្លូវថា សម្បជញ្ញៈ ឬជាចិត្តដឹងខ្លួនរបស់អ្នកមានចំណែកតិចតួចប៉ុណ្ណោះក្នុងដំណើរការណ៍នៃការគិតទាំងអស់នៅក្នុងខួរក្បាល ក្រៅពីនោះវាសុទ្ធតែជាដំណើរការណ៍នៃផ្នែកដែលចូលទៅជម្រៅក្នុងការគិតរបស់អ្នក ដែលជាផ្នែកចិត្តឥតដឹងខ្លួន ធ្វើការដោយស្វ័យប្រវត្តិ ដែលភាគច្រើនអ្នកមិនដឹងខ្លួន។
តើអ្នកធ្លាប់ទេ ដែលអង្គុយសុខៗក៏ស្រាប់តែនឹកឃើញដល់គំនិតប្លែកមួយដោយចៃដន្យ និងឥតមានព្រាងទុកជាមុនអ្វីសោះ ? ខួរក្បាលរបស់អ្នកមិនមែនសុខៗក៏ស្រាប់តែផុសឡើងគំនិតមួយដោយចៃដន្យបែបនេះនោះទេ ព្រោះខួរក្បាលរបស់អ្នកតែងតែធ្វើការងាររបស់វាដោយស្វ័យប្រវត្តិ។ វាចេញនិងចូលដោយមិនចាំបាច់មានការអនុញ្ញាតពីសម្បជញ្ញៈរបស់អ្នកឡើយ។ វាលួចដំណើរការដោយស្ងាត់ៗជាច្រើនថ្ងៃខែឆ្នាំ ដោយធ្វើការប្រមូលផ្ដុំនូវទិន្នន័យជាច្រើនជុំវិញខ្លួនអ្នក សាកផ្សំផ្គុំព័ត៌មានផ្សេងៗឲ្យមានទំនាក់ទំនងគ្នា ដោយមិនឲ្យសម្បជញ្ញៈរបស់អ្នកដឹងឡើយ។
វាតែងធ្វើការយ៉ាងសស្រាក់សស្រាំជានិច្ច ប៉ុន្តែនៅពេលគំនិតណាមួយក៏ស្រាប់តែផ្ទុះឡើងមក គឺអ្នក (សំដៅលើសម្បជញ្ញៈរបស់អ្នក) ដែលតាមពិតជាមនុស្សតែម្នាក់គត់ដែលបានដឹងគំនិតថ្មីនេះក្រោយគេសោះ ក៏និយាយថាគឺអ្នកជាអ្នកបានរកឃើញគំនិតដ៏អស្ចារ្យមួយនេះ ដែលហាក់ដូចជាបានកេងប្រវ័ញ្ចលើការខិតខំយ៉ាងលំបាកអស់រយៈពេលយូរកន្លងមករបស់ផ្នែកដ៏ជ្រៅនៃចិត្តឥតដឹងខ្លួនយ៉ាងដូច្នោះ។ នៅខាងក្រោយឆាក អ្នកមិនដឹងថាមានរឿងអ្វីខ្លះកើតឡើងនៅក្នុងការគិតដែលដំណើរការដោយស្ងាត់ៗនិងមមាញឹកឥតឈប់ឈរនោះទេ។
ខួរក្បាលជាសរីរាង្គមួយដែលបង្កប់ដោយលក្ខណៈស្មុគស្មាញបំផុតហើយក៏អាថ៌កំបាំងបំផុតដែរ ប៉ុន្តែនេះមិនមែនមានន័យថាសមត្ថភាពយល់ដឹងរបស់មនុស្សមិនអាចឈានទៅដល់ការយល់ដឹងពីធម្មជាតិមួយនេះរបស់មនុស្សនោះទេ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.npr.org