តើអ្នកធ្លាប់ឆ្ងល់ឬ សង្ស័យអ្វីដែលខ្លួនឯងកំពុងជឿថាពិតដែរទេ?​



គ្រប់​ពេល​ដែល​មនុស្ស​ទស្សន៍ទាយ​ពី​ព្រឹត្តិការណ៍​អ្វីមួយ​នា​ពេល​ខាង​មុខ ពួកគេ​តែង​យល់​ថា​អ្វី​ដែល​ពួកគេ​កំពុង​ទស្សន៍ទាយ​នោះ​មាន​ផល​ចេញ​ពី​ការ​វិនិច្ឆ័យ​ប្រកប​ដោយ​ភាព​មាន​ហេតុ​មាន​ផល។   ប៉ុន្តែ​តាម​ការ​ពិត ពួកគេ​មិន​មែន​កំពុង​ប្រើប្រាស់​វិចារណញ្ញាណ​ដើម្បី​ទស្សន៍ទាយ​ពី​អ្វី​ដែល​នឹង​កើតឡើង​នា​ពេល​ខាង​មុខ​នោះ​ទេ តែ​គឺជា​បទពិសោធន៍​ពី​មុនៗ​របស់​ពួកគេ​ទៅវិញ​ទេ។ លោក Amos Bronson Alcott អ្នកនិពន្ធអាមេរិកបានលើកឡើងថា៖ «ល្ងង់ខ្លៅ​ចំពោះ​ភាព​ល្ងង់ខ្លៅ​របស់​ខ្លួនឯង គឺជា​ជំងឺ​បង្ក​ឲ្យ​មាន​ភាព​ល្ងង់ខ្លៅ»។ 

ពេលអ្នក​សម្លឹង​មើល​លើ​មេឃ​ក៏​សង្កេត​ឃើញ​ថា វា​ប្រែ​ជា​ពណ៌​ស្រទំ ពពក​បាំង​ពន្លឺ​ព្រះអាទិត្យ​ជិត​អស់។ អ្នក​អាច​នឹង​ទស្សន៍ទាយ​ថា​បន្តិច​ទៀត វា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​មិនខាន ដោយ​ផ្អែក​តាម​បទពិសោធន៍​ពី​មុន ដែល​អ្នក​សម្គាល់​ថា​ឲ្យ​តែ​មេឃ​ប្រែ​ជា​លក្ខណៈ​ដូចនេះ គឺ​វា​តែងតែ​មាន​ភ្លៀង​ធ្លាក់​ហើយ។ តើ​អ្នក​មាន​ដែរ​ចាប់​អារម្មណ៍​ថា​ការ​គិត​របស់​អ្នក​តែង​មាន​ទំនោរ​ទៅ​រក​ទម្លាប់​របៀប​នេះ​ទេ ? ពិត​ហើយ​នេះ​គឺជា​ធម្មជាតិ​របស់​មនុស្ស។ ប៉ុន្តែ​សួរ​ថា​តើ​ទៀង​ដែរ​ទេ​ថា​លើក​នេះ​វា​នឹង​មាន​ភ្លៀង​ធ្លាក់​មក​ដូច​លើក​មុនៗ?

នេះ​គឺជា​វិធី​ដែល​មនុស្ស​យើង​បង្កើត​ការ​ពិត​របស់​ខ្លួន ចេញ​ពី​ជំនឿ​ដែល​អ្នក​ជឿ​ទៅលើ​ការ​ចងចាំ​ចេញ​ពី​បទពិសោធន៍​មុនៗ ដែល​តាម​ពិត​មិន​ប្រាកដ​ថា​នឹង​ត្រឹមត្រូវ​នោះ​ទេ។ នៅ​ពេល​ជំនឿ​ដែល​មាន​ចំពោះ​បទពិសោធន៍​ពី​មុន​មាន​កម្រិត​កាន់តែ​ខ្លាំង នោះ​ការ​គិត​របស់​អ្នក​នឹង​ស្ថិត​ក្នុង​សភាព​ប្រឆាំង ឬ​មិន​ស្រប​គ្នា នៅ​ពេល​ដែល​ជំនឿ​ដ៏​មុតមាំ​របស់​អ្នក​នេះ​ទទួល​ការ​ប្រឆាំង​ពី​ព័ត៌មាន​ថ្មី​ដែល​មិន​ស្រប​គ្នា​នឹង​ជំនឿ​របស់​អ្នក។ មក​ដល់​ចំណុច​នេះ មនុស្ស​ភាគច្រើន​ជ្រើសរើស​ធ្វើ​យ៉ាងណា​ដើម្បី​ការពារ​នូវ​ជំនឿ​របស់​ខ្លួន​ដោយ​ព្យាយាម​ប្រមូល​ព័ត៌មាន​ផ្សេងៗ​ដែល​ស្រប​នឹង​ជំនឿ​របស់​ពួកគេ ហើយ​បញ្ជាក់​ថា​អ្វី​ដែល​ខ្លួន​កំពុង​ជឿ​ទើប​ជា​ការ​ពិត។

នេះ​គឺជា​ភាព​លម្អៀង​ក្នុង​ការ​គិត​របស់​មនុស្ស ទើប​ធ្វើឲ្យ​មាន​ការ​បែងចែក​ដោយ​អ្នក​ខ្លះ​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គំនិត​បែប​នេះ ទំនៀមទម្លាប់​បែប​នេះ ឬ​ទម្រង់​នៃ​ការ​ដឹកនាំ​ប្រទេស​បែប​ក្រុម​មួយ​នេះ​ជាដើម។ មនុស្ស​យើង​តែង​មាន​ភាព​លម្អៀង​ក្នុង​ការ​គិត ប៉ុន្តែ​តែង​យល់​ថា​ជំនឿ​របស់​ខ្លួន​មាន​ប្រភព​ចេញ​ពី​ការ​គិត​ប្រកប​ដោយ​ការ​ថ្លឹងថ្លែង​សព្វ​គ្រប់​ជ្រុងជ្រោយ មាន​ហេតុផល​ត្រឹមត្រូវ និង​ជា​ការ​ពិត។ យ៉ាងណាមិញ បុគ្គល​ជា​អ្នក​រិះគិត​វិភាគ អ្នក​ប្រាជ្ញ បណ្ឌិត​និង​ទស្សនវិទូ​ទាំងឡាយ មិន​មាន​ភាព​ជ្រុល​និយម​ប្រកាន់​យក​ជំនឿ​ណាមួយ​ឡើយ ឬ​ក៏​បែងចែក​ខ្លួនឯង​ទៅ​ក្នុង​ក្រុម​ជាក់លាក់​ណាមួយ​នៅ​ក្នុង​សង្គម ឬ​ប្រកាន់​យក​សាសនា​ជាក់លាក់​មួយ ហើយ​បដិសេធ​រិះគន់​សាសនា​ដទៃ​ទៀត​នោះ​ដែរ។

ពួកគេ​គិត​ក្នុង​ទស្សនៈ​ទូលំទូលាយ​គ្រប់​ជ្រុងជ្រោយ អ្វី​ដែល​ពួកគេ​ខ្វល់ខ្វាយ​ពិត​ប្រាកដ​គឺជា​ការ​ព្យាយាម​ស្វែងយល់​ពី​ចំណេះដឹង​ពិត​អំពី​ធម្មជាតិ​នៃ​មនុស្ស ទើប​ពួកគេ​អាច​ស្វែងរក​ការ​ពិត​បាន។ ផ្លូវ​ដែល​ត្រូវ​ដើរ​ដើម្បី​ឆ្ពោះ​ទៅ​រក​ឃើញ​សេចក្ដី​ពិត នោះ​គឺជា​"ការ​ជជីក​សួរ​ខ្លួនឯង" (self-interrogating)។ សិល្បៈ​នៃ​ការ​ជជីក​សួរ​ខ្លួនឯង​នេះ គឺជា​ការ​ចោទ​សួរ​មក​លើ​ទស្សនៈ​របស់​ខ្លួន​ដែល​មាន​ចំពោះ​ការ​ពិត ជជីក​រក​ទៅ​ដល់​ឫសគល់​ជា​ហេតុ​ដែល​បង្ក​ជា​ផល​នៃ​អ្វីមួយ​ឡើង ជាជាង​ទទួល​យក​ជឿ​ជំនឿ​មួយ​នោះ​ដោយ​ឥត​មាន​ការ​ត្រួតពិនិត្យ។ កាលណា​អ្នក​មើល​ឃើញ​ពិភពលោក​នៅ​ក្នុង​រូបភាព​មួយ​ដ៏​ទូលំទូលាយ នោះ​អ្នក​នឹង​អាច​រក​ឃើញ​អាថ៌កំបាំង​ដែល​បង្កប់​នៅ​ក្នុង​ការ​ពិត៕

អត្ថបទផ្សេងទៀត៖ ចំណេះដឹងទូទៅ៖ កេរដំណែលសំខាន់ៗ​ ៣របស់ក្រិកបុរាណដែលមានឥទ្ធិពលមកទល់ពេលបច្ចុប្បន្ន មេរៀនដ៏មានតម្លៃ៤ចំណុច​ដែល​អ្នក​អាច​រៀន​សូត្រ​​​ពី​សៀវភៅ «អ្នក​មាន​បំផុត​នៅ​បាប៊ីឡូន»

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ fractalenlightenment

X
5s