កំហុស៥យ៉ាង ធ្វើឲ្យអ្នកសម្រេចចិត្តខុស នាំឲ្យមានវិប្បដិសារីទៅថ្ងៃក្រោយ
ការសម្រេចចិត្តក្នុងការធ្វើអ្វីមួយ គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាមានមនុស្សមួយចំនួនត្រូវរលាយទ្រព្យសម្បត្តិ និង រលាយសុភមង្គលអស់ក៏ដោយសារតែការសម្រេចចិត្តខុសដែរ។ ដូច្នេះហើយមុននឹងសម្រេចចិត្តអ្វីមួយ ត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយសិនទើបជាការប្រសើរ។ ខាងក្រោមនេះ ជាកំហុសសំខាន់ៗ៥យ៉ាង នាំឲ្យអ្នកសម្រេចចិត្តខុស៖
១) មោទនភាពលើខ្លួនឯងជ្រុលពេក៖ បើទោះបីជា ពូកែប៉ុណ្ណោះក៏ដោយ ប៉ុន្តែនៅពេលមនុស្សចាប់ផ្តើមមានមោនភាពលើខ្លួនឯងជ្រុលពេក នោះក៏ជាពេលដែលធ្វើឲ្យពួកគេអាចសម្រេចចិត្តខុសបានដែរ។ មូលហេតុសំខាន់ គឺដោយសារតែការមានមោនភាពលើខ្លួនឯងពេកនេះ ធ្វើឲ្យពួកគេគិតថា គ្មាននរណាអាចមានសមត្ថភាពខ្ពស់ជាងខ្លួន ដូច្នេះរាល់ការសម្រេចចិត្តគឺសុទ្ធតែត្រឹមត្រូវ និង ល្អទាំងអស់ ដែលនាំឲ្យកង្វះការពិគ្រោះគំនិត ឬ ការស្រាវជ្រាវជាដើម ដូច្នេះហើយលទ្ធផលចេញមកគឺខុសពីការគិត។
២) ឆាប់ជឿអ្នកដទៃពេក៖ មនុស្សដែលឆាប់ជឿសម្ដីអ្នកដទៃពេក គឺពិតជាមិនងាយនឹងទទួលបានអ្វីដែលល្អៗ ដូចការចង់បានរបស់ខ្លួននោះឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺត្រូវបានគេបោកញឹកតែម្តង។ ដូច្នេះហើយ បើអ្នកចង់សម្រេចចិត្តអ្វីមួយប្រកបដោយប្រសិទ្ធភាពនោះ អ្នកមិនត្រូវជឿតាមគេនោះឡើយ ពោលគឺត្រូវស្តាប់ឲ្យបានច្រើន ប៉ុន្តែត្រូវពិចារណា និង ស្រាវជ្រាវរកការពិតជាមុនសិន។
៣) មិនសូវពិគ្រោះយោបល់ជាមួយអ្នកដទៃ៖ អ្នកខ្លះមិនមែនជាមនុស្សពូកែអ្វីនោះទេ ប៉ុន្តែចូលចិត្តធ្វើអ្វីទៅតាមការនឹកឃើញរបស់ខ្លួនតែម្តង ជាហេតុនាំឲ្យពួកមិនអាចធ្វើការសម្រេចចិត្តអ្វីមួយបានល្អនោះឡើយ។ ការទម្លាប់ធ្វើអ្វីមួយ ដោយគំនិតតែឯងសុទ្ធ មិនពិភាក្សាជាមួយអ្នកដទៃនោះ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះមនុស្សម្នាក់មិនអាចគិតឃើញគ្រប់ជ្រុងជ្រោយនោះឡើយ។
៤) មិនចេះរៀបចំផែនការ៖ មនុស្សមួយចំនួនមិនមែនពួកគេមានគំនិតអន់នោះទេ ប៉ុន្តែគឺដោយសារតែគ្មានជំនាញ ឬ ភាពប៉ិនប្រសប់ក្នុងការរៀបចំផែនការឲ្យបានល្អ។ ទោះបីជាអ្នកមានគំនិតល្អប៉ុណ្ណោះក៏ដោយ ក៏មិនអាចធ្វើការសម្រេចចិត្តជោគជ័យនោះដែរ ព្រោះមិនដឹងថាគួរដើរផ្លូវណា ដើរទៅនៅពេលណា និង ដើរដោយវិធីណា នាំឲ្យមានភាពច្របូកច្របល់គ្មានទិសដៅច្បាស់លាស់។
៥) ផ្អែកលើបទពិសោធន៍អតីតកាលខ្លាំងពេក៖ បើទោះបីជា ធ្លាប់មានបទពិសោធន៍ធ្វើអ្វីមួយជោគជ័យក៏ដោយ ប៉ុន្តែក៏មិនត្រូវសម្រេចចិត្តប្រើប្រាស់វិធីចាស់ដដែលនោះឡើយ ព្រោះថា អ្វីៗសុទ្ធតែអាចប្រែប្រួលទាំងអស់។ ដូច្នេះហើយ អ្នកគួរតែព្យាយាមស្រាវជ្រាវបន្ថែមទៀត បើទោះបីជាមានបទពិសោធន៍ច្រើនក្តី ដើម្បីកុំឲ្យសម្រេចចិត្តខុស៕
ដោយ៖ អ៊ុន ភក្តី