តើ​អ្នក​ទុកចិត្ត​ញាណ​ទាំង​៥​របស់​អ្នក​ក្នុង​ការ​បកស្រាយ​ពី​ការ​ពិតក្នុង​លោក​នេះ​ទេ ?​



តើ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត និង​រាងកាយ​ដែល​ជា​តំណាង​ឲ្យ​ញាណ​ទាំង​៥​របស់​មនុស្ស អាច​ជា​យាន​ចម្លង​នូវ​ចំណេះដឹង​ដែល​អ្នក​ទទួល​បាន​តាមរយៈ​បទពិសោធន៍​ខាងក្រៅ ប្រកប​ដោយ​ភាព​សុក្រឹត​ត្រឹមត្រូវ​ទៅ​តាម​អ្វី​ដែល​ជា​ធាតុ​ពិត​នៃ​វត្ថុ​អ្វី​មួយ​ទេ ? ឬ​ក៏​បែប​នេះ​ថា តើ​អ្នក​ទុកចិត្ត​ញាណ​ទាំង​៥​របស់​អ្នក​ក្នុង​ការ​បកស្រាយ​ពី​ការ​ពិត​នៃ​អ្វី​មួយ​ក្នុង​លោក​នេះ​ទេ ?

ឧទាហរណ៍​ជាក់ស្ដែង​ដ៏​សាមញ្ញ​មួយ តើ​ភ្នែក​របស់​អ្នក​ធ្លាប់​មើល​មនុស្ស​ច្រឡំ​ដែរ​ទេ ? នៅ​ពេល​នរណា​ម្នាក់​ឋិត​នៅ​ចម្ងាយ​ឆ្ងាយ​ពី​ភ្នែក​អ្នក ធ្វើឲ្យ​វត្ថុ​ដែល​ធ្វើ​ពី​កែវ​ណាមួយ​ធ្លាក់​បែក តើ​ពិត​ដែរ​ទេ​ដែល​គ្រាន់តែ​បាន​ឮ​សំឡេង​ពី​ចម្ងាយ មិន​បាន​ឃើញ​នឹង​ភ្នែក​ដោយ​ផ្ទាល់ ការ​សន្និដ្ឋាន​របស់​អ្នក​ថា​ជា​ចាន ឬ​ក៏​កែវ​អាច​ត្រឹមត្រូវ​ពិត​ប្រាកដ​នោះ ?

បើ​មុជ​ចូល​ឲ្យ​កាន់តែ​ជ្រៅ​ទៅ​ក្នុង​បញ្ហា​នេះ​ទៅ​ទៀត តើ​ភស្តុតាង​ដែល​អ្នក​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ពិត​ថា​អាច​គួរ​ឲ្យ​ជឿ​ទុកចិត្ត​បាន​ថា​ជា​ការ​ពិត​ហើយ​ឬ ? ភាព​សង្ស័យ​និយម​បែប​នេះ​ហើយ​គឺជា​លក្ខណៈ​នៃ​អត្តចរិត​របស់​អ្នក​សង្ស័យ​និយម (Skepticism)។ ទស្សនវិជ្ជា​ដែល​មាន​ឥទ្ធិពល​ខ្លាំងក្លា​ក្នុង​រយៈកាល​ជា​ច្រើន​សតវត្ស​ក្រោយ​ពី​នេះ មាន​ឫសគល់​ចេញ​មក​ពី​ទស្សនវិទូ​ក្រិក​បុរាណ​មួយ​រូប​ក្នុង​ឆ្នាំ៣៦១​ដល់​ឆ្នាំ​២៧០​មុន​គ.ស មាន​ឈ្មោះ​ថា Pyrrho

គោលដៅ​ដ៏​ចម្បង​ដែល​ជា​ទិសដៅ​តម្រង់​ផ្លូវ​របស់​អ្នក​សង្ស័យ​និយម គឺជា​ការ​ស្វែងរក​នូវ​ភាព​សុខ​ស្ងប់​នៃ​ចិត្ត។ អ្នក​ដើរ​តាម​ទស្សនវិជ្ជា​របស់​សង្ស័យ​និយម​ទាំងឡាយ ចោទ​ជា​ចម្ងល់​ទៅលើ​ទស្សនវិទូ​ល្បីល្បាញ​មុនៗ​របស់​ក្រិក​បុរាណ​ដូចជា អារីស្តូត និង​ផ្លាតុង​ក្នុង​ការ​ដែល​ពួកគេ​ជោគជ័យ​ក្នុង​ការ​ស្វែងរក​ពី​ការ​ពិត​នៃ​ពិភពលោក​នេះ។ ទិសដៅ​របស់​ទស្សនវិទូ​គឺ​ដើម្បី​ស្វែងរក​នូវ​ការ​ពិត​អំពី​ធម្មជាតិ​នៃ​ពិភពលោក។ អ្នក​មាន​គំនិត​សំខាន់ៗ​ជា​ច្រើន​រូប​របស់​ក្រិក បាន​បកស្រាយ​ការ​ពិត​នោះ​ទៅ​តាម​ការ​យល់​ឃើញ និង​ការ​អង្កេត​របស់​ខ្លួន។

ម្នាក់​បកស្រាយ​បែប​នេះ ឯ​ម្នាក់​ទៀត​បកស្រាយ​បែប​នោះ ជាហេតុ​នាំឲ្យ​មិន​ដឹង​ថា​ការ​បកស្រាយ​ណាមួយ​ជា​ការ​ពិត​នោះ​ឡើយ។ ដូច្នេះ​ហើយ ទើប​ទស្សនវិជ្ជា​នៃ​ភាព​សង្ស័យ​និយម​ចំពោះ​ការ​អះអាង​ថា​អ្វីមួយ​ជា​ការ​ពិត ត្រូវ​បាន​ចាប់​កំណើត​ឡើង​ដើម្បី​ស្វែងរក​នូវ​សេចក្ដី​ស្ងប់​នៃ​ចិត្ត។ ពួកគេ​បាន​បែងចែក​អ្នក​ស្វែងរក​ការ​ពិត​ទាំងអស់​ជា​៣​ក្រុម។ មនុស្ស​ក្រុម​ទី១​គឺជា​អ្នក​ដែល​គិត​ថា​ពួកគេ​បាន​រក​ឃើញ​ការ​ពិត​ហើយ។ មនុស្ស​ក្រុម​ទី២​គឺជា​អ្នក​ដែល​សារភាព​ថា​ខ្លួន​មិន​ទាន់​រក​ឃើញ​ការ​ពិត ហើយ​ការ​ពិត​ក៏​មិន​អាច​រក​ឃើញ​បាន​ដែរ។

រីឯ​មនុស្ស​ក្រុម​ទី៣​វិញ​គឺជា​អ្នក​ដែល​នៅ​តែ​បន្ត​ស្វែងរក​ការ​ពិត ហើយ​មនុស្ស​ក្រុម​ទី​៣​នេះ​ហើយ​គឺជា​គោលដៅ​របស់​អ្នក​សង្ស័យ​និយម គឺ​ពួកគេ​នឹង​នៅ​តែ​ស្ថិត​ក្នុង​ដំណើរការណ៍​នៃ​ការ​ចោទ​ជា​ចម្ងល់​ចំពោះ​រាល់​ការ​បកស្រាយ​ទាំងឡាយ​ទៅលើ​ការ​ពិត។ គោលការណ៍​ជា​មូលដ្ឋាន​របស់​អ្នក​សង្ស័យ​និយម​ទាំងនេះ​គឺ ចំពោះ​រាល់​គំនិត​ដែល​មាន​លើក​ឡើង​ទាំងអស់ គំនិត​ប្រឆាំង​នឹង​មាន​លើក​ឡើង​មក​ស្មើ​គ្នា​ដែរ ព្រោះ​ថា​ការ​អះអាង​ដែល​ប្រឆាំង​គ្នា​ទៅវិញ​ទៅមក មាន​កម្លាំង​ប្រឆាំង​ស្មើៗ​គ្នា ដូច្នេះ​ការ​បកស្រាយ​ណាមួយ​ក៏​អាច​ស្ថិត​ក្នុង​ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​ពិត​ដែរ។

ត្រង់​គោលការណ៍​នេះ​ហើយ ដែល​ពួកគេ​ពន្យារពេល​ចំពោះ​ការ​សន្និដ្ឋាន​របស់​ខ្លួន​ទៅលើ​អ្វីមួយ និង​ចៀសវាង​ទទួល​យក​ភ្លាមៗ​ថា​ការ​អះអាង​ណាមួយ​ថា​ពិត​ឬ​មិន​ពិត។ តាម​របៀប​នេះ​មនុស្ស​នឹង​អាច​នៅ​ឆ្ងាយ​ពី​សភាព​នៃ​ចិត្ត​រំខាន​ទាំងឡាយ និង​អាច​សម្រេច​បាន​នូវ​ភាព​សុខ​ស្ងប់​នៃ​ចិត្ត៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ សៀវភៅ Philosophy History and Problems (by Samuel Enoch Stumpf and James Fieser)

X
5s