តើភាពជក់ចិត្តចំពោះការងារសុទ្ធ តែនាំមកនូវប្រសិទ្ធភាពការងារខ្ពស់ទាំងអស់មែនទេ ?
តើភាពជក់ចិត្តចំពោះការងាររបស់មនុស្សទាំងអស់សុទ្ធតែជំរុញពួកគេឲ្យទទួលបានលទ្ធផលការងារវិជ្ជមានឬ ? ភាពជក់ចិត្តចំពោះការងារអាចជាថាមពលដ៏ពុះកញ្ជ្រោល ដែលជំរុញបុគ្គលម្នាក់ឲ្យបំពេញការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាទីប៉ងប្រាថ្នារបស់ថ្នាក់លើគ្រប់ៗរូប។ ប៉ុន្តែ ភាពជក់ចិត្តរបស់មនុស្សទាំងអស់មិនមានលក្ខណៈដូចគ្នាទេ។ ជំនក់ចិត្តខ្លះតបស្នងប្រយោជន៍ដ៏វិសេសវិសាលដល់អ្នកបំពេញការងារ ស្របជាមួយគ្នានេះដែរក៏មានជំនក់ចិត្តខ្លះទៀតមានលក្ខណៈហួសហេតុ ដែលតបស្នងជាផលបញ្ច្រាសមកលើអ្នកបំពេញការងាររូបនោះវិញ។
ជំនក់ចិត្តមាន២ប្រភេទ ដែលមួយប្រភេទជាជំនក់ចិត្តដែលមានភាពចុះសម្រុងគ្នា និងមួយប្រភេទទៀតជាជំនក់ចិត្តដែលមានលក្ខណៈជ្រុលហួសហេតុ។ បុគ្គលដែលមានជំនក់ចិត្តដែលមានភាពចុះសម្រុងគ្នា គឺជាបុគ្គលទាំងឡាយណាដែលអាចធ្វើឲ្យគ្រប់ផ្នែកនៃជីវិតរបស់ពួកគេដើរស្របគ្នា ហើយផ្នែកនីមួយៗចុះសម្រុងគ្នា ស៊ីចង្វាក់គ្នានឹងផ្នែកដទៃៗទៀត ឬមានជីវិតប្រកបដោយតុល្យភាពនេះឯង។ ពួកគេដឹងច្បាស់ថាពេលណាខ្លួនត្រូវបំពេញកិច្ចការងារ ហើយពេលណាខ្លួនត្រូវសម្រាកលំហែកាយនិងចិត្ត និងផ្ដល់ភាពសំខាន់ចំណាយពេលវេលាជួបជុំគ្រួសារ។
ពួកគេមិនយកសេចក្ដីសុខរបស់ខ្លួនទៅពឹងផ្អែកទាំងស្រុងទៅលើការងារនោះទេ។ ហេតុនេះ លទ្ធផលការងារដែលមនុស្សប្រភេទនេះទទួលបានតែងតបស្នងមកវិញក្នុងផ្លូវវិជ្ជមាននិងប្រសិទ្ធភាពខ្ពស់ មានអារម្មណ៍ស្រស់ស្រាយ ពោរពេញដោយគំនិតច្នៃប្រឌិត និងអភិវឌ្ឍសមត្ថភាពនិងជំនាញរបស់ខ្លួនកាន់តែខ្ពស់ទៅៗដូចគ្នាដែរ។ ផ្ទុយទៅវិញ បុគ្គលដែលជីវិតការងាររបស់ពួកគេប្រឆាំងជំទាស់ មិនចុះសម្រុងជាមួយផ្នែកផ្សេងៗទៀតនៃជីវិតរបស់ពួកគេ នោះគឺជាបុគ្គលដែលមានជំនក់ចិត្តដែលមានលក្ខណៈជ្រុលហួសហេតុនេះហើយ។ មនុស្សប្រភេទនេះឲ្យតម្លៃការងារស្មើនឹងតម្លៃរបស់ពួកគេ ដែលមានន័យដូចគ្នាថាសេចក្ដីសុខរបស់ពួកគេគឺអាស្រ័យទាំងស្រុងលើលទ្ធផលការងាររបស់ពួកគេដែរ។
ប៉ុន្តែ វាជាជំនក់ចិត្តមួយបែបដែលមានទិសដៅតម្រង់រកលទ្ធផលអវិជ្ជមានទៅវិញ។ នោះក៏មកពីពួកគេផ្ដោតទៅលើការងារជ្រុលហួសហេតុ ធ្វើឲ្យផ្នែកផ្សេងៗប្រព្រឹត្តទៅមិនស៊ីចង្វាក់គ្នា ជាហេតុនាំឲ្យពួកគេបាត់បង់សេចក្ដីសុខក្នុងជីវិត ថែមទាំងលទ្ធផលការងារក៏មិនមានប្រសិទ្ធភាពខ្ពស់ ឆាប់នឿយហត់ រឹងទទឹង មិនមានភាពបត់បែន និងរាំងស្ទះទៅដល់គំនិតច្នៃប្រឌិតផងដែរ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ hbr