ពិតទេដែលមនុស្សប្រើប្រាស់បានត្រឹមតែ ១០ភាគរយនៃខួរក្បាលរបស់ខ្លួន?​



ពិត​ទេ​ចំពោះ​ជំនឿ​ដែល​ថា មនុស្ស​ប្រើប្រាស់​បាន​ត្រឹមតែ​១០​ភាគរយ​នៃ​ខួរក្បាល​របស់​ពួកគេ​ទាំងមូល ? បើ​ដូច្នេះ​មែន មនុស្ស​ដែល​អាច​ទាញ​យក​សក្ដានុពល​ដែល​នៅ​សេសសល់​៩០​ភាគរយ​ទៀត​ពី​ធនធាន​ខួរក្បាល​របស់​ពួកគេ នោះ​ប្រហែល​ជា​អ្នក​ទាំងនោះ​អាច​បញ្ជា​វត្ថុ​អ្វីមួយ​បាន​ដោយ​អំណាច​នៃ​ចិត្ត ឬ​រឿង​អស្ចារ្យ​ដទៃៗ​ទៀត​ដែល​បទពិសោធន៍​មនុស្ស​ធម្មតា​មិន​ធ្លាប់​បាន​ទៅ​ដល់​ហើយ។

Brain, Mind, Psychology, Idea, Drawingប្រភពរូប៖ Pixabay

ជំនឿ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ក្រៃលែង គ្រប​ដណ្ដប់​លើ​ផ្នត់​គំនិត​របស់​មនុស្ស​ជាច្រើន រហូត​មក​ទល់​យុគ​សម័យ​បច្ចេកវិទ្យា​វិទ្យាសាស្ត្រ​ជឿនលឿន​នា​បច្ចុប្បន្នភាព​នេះ​ក៏​ដោយ។ វា​មាន​ឫសគល់​ចេញ​មក​ពី​អ្នក​ចិត្តសាស្ត្រ​ជនជាតិ​អាមេរិក​មួយ​រូប​និង​ទស្សនវិទូ លោក William James ក្នុង​ឆ្នាំ​១៩០៨ នៅ​ក្នុង The Enegies of Men ដែល​បាន​លើកឡើង​ដូច្នេះ​ថា "មនុស្ស​យើង​ប្រើប្រាស់​បាន​ត្រឹមតែ​មួយ​ចំណែក​តូច​នៃ​ធនធាន​ខាង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ទាំងអស់​របស់​យើង​ប៉ុណ្ណោះ"

យ៉ាងណាមិញ ពួកគាត់​ក៏​មិន​បាន​ចង្អុល​បង្ហាញ​ដោយ​តួលេខ​ជាក់​ច្បាស់​នៃ​កោសិកា​ប្រសាទ​ខួរក្បាល​ដែល​យើង​ប្រើប្រាស់ ឬ​ភាគរយ​របស់​វា​អ្វី​នោះ​ដែរ។ ចុះ​តើ​ចំនួន​១០​ភាគរយ​នោះ​មាន​ប្រភព​ចេញ​មក​ពី​ណា​វិញ ? ឯកសារ​ស្រាវជ្រាវ​ខ្លះ​បាន​ទម្លាក់​ការ​លើកឡើង​អំពី​ចំនួន​តែ​១០​ភាគរយ​ដែល​មនុស្ស​បាន​ទាញ​យក​មក​ប្រើប្រាស់​ពី​ខួរក្បាល​របស់​ខ្លួន​នេះ​ទៅលើ​អ្នក​រូបវិទ្យា​ដ៏​ល្បីល្បាញ​គឺ លោក អាល់ប៊ឺត អាញស្តាញ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​ជាច្រើន​រក​មិន​ឃើញ​នូវ​ភស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​គឺ​អ្នក​វិទ្យាសាស្ត្រ​រូប​នេះ​ជា​ម្ចាស់​របស់​សេចក្ដី​សន្និដ្ឋាន​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ឡើយ ដែល​ចាត់​ទុក​ថា​នេះ​គ្រាន់តែ​ជា​ជំនឿ​ខុស​ឆ្គង​តៗ​គ្នា​ប៉ុណ្ណោះ។

Meditation, Mindfulness, Reconditioning, Mind, Brainប្រភពរូប៖ Pixabay

ការ​លើកឡើង​ដែល​ថា មនុស្ស​ប្រើប្រាស់​បាន​ត្រឹមតែ​១០​ភាគរយ​នៃ​ខួរក្បាល​របស់​ពួកគេ​នោះ ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​ក្រោយៗ​មក​ទៀត​បញ្ជាក់​ភស្តុតាង​យ៉ាង​សម​ហេតុផល​នូវ​លក្ខណៈ​មិន​ត្រឹមត្រូវ​របស់​ជំនឿ​នេះ។ ជា​មូលដ្ឋាន​ដំបូង​នោះ​គឺ​ថា​តើ​១០​ភាគរយ​ដែល​គេ​និយាយ​នោះ​ចង់​សំដៅ​ទៅលើ​អ្វី ? បើ​គេ​ចង់​សំដៅ​លើ​តំបន់​នៃ​ខួរក្បាល​ចំនួន​១០​ភាគរយ​ដែល​ត្រូវ​បាន​ប្រើប្រាស់ នោះ​អ្នក​វិទ្យាសាស្ត្រ​នឹង​អាច​បញ្ជាក់​ពី​លក្ខណៈ​មិន​ត្រឹមត្រូវ​របស់​ជំនឿ​នេះ​បាន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា functional magnetic reasoning imaging ដែល​អាច​ស្កេន​មើល​ឃើញ​ផ្នែក​ណា​នៃ​ខួរក្បាល​ដែល​មាន​សកម្មភាព​នៅ​ពេល​មនុស្ស​គិត​ឬ​បញ្ចេញ​សកម្មភាព​អ្វីមួយ។

សូម្បី​តែ​សកម្មភាព​តូចតាច​ធម្មតា​មួយ​ក៏​ដោយ ពួកគេ​បង្ហាញ​ថា​មនុស្ស​ប្រើប្រាស់​លើស​ពី​១០​ភាគរយ​នៃ​ខួរក្បាល​របស់​ពួកគេ​ទៅ​ទៀត ឬ​បើ​ទោះ​ជា​ពួកគេ​មិន​ធ្វើ​អ្វី​សោះ​ក៏​ដោយ ក៏​ខួរក្បាល​នៅ​តែ​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក តួយ៉ាង​ដូចជា​ចង្វាក់​បេះដូង និង​ការ​ដក​ដង្ហើម​ជាដើម។ ដោយឡែក ប្រសិន​បើ​១០​ភាគរយ​នោះ​ចង់​សំដៅ​ទៅលើ​កោសិកា​ប្រសាទ​ខួរក្បាល នោះ​ក៏​មិន​ត្រឹមតែ​ដែរ ព្រោះ​ថា​កោសិកា​ប្រសាទ​ខួរក្បាល​ណា​ដែល​ត្រូវ​បាន​ទុក​ចោល​មិន​ប្រើប្រាស់ នោះ​វា​នឹង​ចាស់​រិចរិល​ឬ​ស្លាប់ ហើយ​ដើម្បី​អាច​ឲ្យ​ជាលិកា​ខួរក្បាល​រស់​បាន វា​ទាញ​យក​ធនធាន​អុកស៊ីហ្សែន​ដែល​អ្នក​ស្រូប​បាន​អស់​២០​ភាគរយ​ឯណោះ ដូច្នេះ​វា​មិនមែន​នៅ​ទំនេរ​ឥត​ប្រយោជន៍​ចោល​នោះ​ឡើយ។

ចំណុច​មួយ​ទៀត​ដែល​អាច​នាំ​ទៅ​រក​ការ​យល់​ច្រឡំ​ដែរ​នោះ​គឺ ៩០​ភាគរយ​នៃ​ខួរក្បាល​របស់​មនុស្ស​គឺជា glial cells វា​ជា​កោសិកា​ជំនួយ និង​ជា​ផ្នែក​ពណ៌​ស​ក្នុង​ខួរក្បាល ដែល​ជួយ​ទំនុក​បម្រុង​ផ្លូវកាយ​និង​អាហារូបត្ថម្ភ​ទៅ​ដល់​ផ្នែក​ដល់​នៅ​សល់​ដ៏​សំខាន់​១០​ភាគរយ​ទៀត​នៃ​ខួរក្បាល​គឺជា កោសិកា​ណឺរ៉ូន ជា​ផ្នែក​ពណ៌​ប្រផេះ និង​មាន​នាទី​ត្រួតត្រា​ទៅលើ​ផ្នែក​ទាំងអស់​នៃ​ការ​គិត​របស់​អ្នក។ ហេតុនេះ​ហើយ​មនុស្ស​ភាគច្រើន​អាច​យល់​ច្រឡំ​ការ​ពិត​នេះ​ថា ១០​ភាគរយ​ដែល​ធម្មជាតិ​វា​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​នោះ ផ្នែក​សេសសល់​៩០​ភាគរយ​ទៀត​ដែល​ជា​ផ្នែក​របស់​កោសិកា​ជំនួយ​ក៏​អាច​ទាញ​យក​សក្ដានុពល​វា​មក​ប្រើប្រាស់​បាន​ដែរ។ ប៉ុន្តែ កោសិកា​ណឺរ៉ូន​និង​កោសិកា​ជំនួយ​គឺជា​ផ្នែក​ពីរ​ដែល​បំពេញ​មុខងារ​របស់​វា​ដាច់​ដោយ​ឡែក​ពី​គ្នា ម្យ៉ាងទៀត​វា​ក៏​មិន​អាច​ទៅ​រួច​ដែរ​ដែល​កោសិកា​ជំនួយ​អាច​ផ្លាស់ប្ដូរ​ទៅ​ជា​កោសិកា​ណឺរ៉ូន​បាន​នោះ។ បើ​ទោះ​ជា​ជំនឿ​ដែល​មនុស្ស​មាន​អាច​ទាញ​យក​សក្ដានុពល​ពី​ផ្នែក​ទុក​ចោល​៩០​ភាគរយ​ទៀត អាច​ជា​ជំនឿ​សុទិដ្ឋិនិយម​ម្យ៉ាង ដែល​អាច​ជំរុញ​មនុស្ស​ឲ្យ​ខិតខំ​រុញ​សមត្ថភាព​ខួរក្បាល​របស់​ខ្លួន​ឲ្យ​ដល់​កម្រិត​ខ្ពស់​ក៏​ដោយ ក៏​អ្នក​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​អំពី​ភាព​មិន​ត្រឹមត្រូវ​របស់​វា​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ bbc & scientificamerican

X
5s