ទ្រឹស្ដីខ្សែបន្ទាត់បែងចែក (The Divided Line) របស់ផ្លាតុង
ប្រៀបទៅនឹងដងថ្លឹងដែលគេប្រើប្រាស់សម្រាប់ថ្លឹងវត្ថុពីរដើម្បីឲ្យដឹងថាតើវត្ថុមួយណាធ្ងន់ជាងមួយណា ឬវត្ថុទាំងពីរមានទម្ងន់ស្មើគ្នា ហើយស្រមៃថារវាងវត្ថុទាំងពីរនេះ វត្ថុនៅចុងម្ខាងតំណាងឲ្យចំណេះដឹងពិតប្រាកដ និងចុងម្ខាងទៀតតំណាងឲ្យចំណេះដឹងដែលមនុស្សមាន។ មនុស្សយើងភាគច្រើននៅពេលយល់ឃើញទៅលើអ្វីមួយ តែងជឿជាក់ថាដងថ្លឹងដែលថ្លឹងទម្ងន់រវាងវត្ថុដែលតំណាងចំណេះដឹងពិតប្រាកដ និងវត្ថុដែលតំណាងចំណេះដឹងដែលពួកគេមានទៅលើអ្វីដែលខ្លួនកំពុងយល់ឃើញនោះ មានលំនឹងស្មើគ្នា ឬមានន័យថាអ្វីដែលពួកគេកំពុងគិតគឺជាការពិតនោះឯង។
ប្រភពរូប៖ Wikiquote
យ៉ាងណាមិញ ផ្លាតុង ជាអ្នកប្រាជ្ញទស្សនវិជ្ជារបស់ក្រិកក្នុងសម័យកាលពីឆ្នាំ៤២៨មុនគ.ស ដល់ឆ្នាំ៣៤៨មុនគ.ស មានការឈ្វេងយល់ដូច្នេះថា មនុស្សយើងភាគច្រើនរស់នៅពេញមួយជីវិតរបស់ពួកគេជាមួយនឹងចំណេះដឹងរបស់ពិភពលោកក្រោមរូបភាពបំភ័ន្តភ្នែកប៉ុណ្ណោះ។ ដើម្បីគាំទ្រទស្សនរបស់ខ្លួន ផ្លាតុងលោកបានបង្កើតឡើងនូវទ្រឹស្ដីចំណេះដឹងមួយ មានឈ្មោះថា "ខ្សែបន្ទាត់បែងចែក" ឬ (The Divided Line) ដែលមានបកស្រាយនៅក្នុងស្នាដៃ "សាធារណរដ្ឋ" របស់លោក និងអមដំណើរជាមួយអត្ថប្បដិរូបដ៏ល្បីល្បាញមួយអំពីល្អាង (The Allegory of Cave) ។ ដើម្បីយល់ពីទ្រឹស្ដីរបស់លោក អ្នកអាចប្រើការស្រមៃដោយមានជួរឈរបែងចែកជាពីរផ្នែកគឺ វត្ថុទាំងឡាយដែលយើងមើលឃើញ និងសភាពនៃការគិតរបស់យើង។ រីឯពីរផ្នែកទៀតស្ថិតនៅជួរដេកគឺ ពិភពនៃរូបភាពខាងក្រៅ និងពិភពនៃបញ្ញាញាណ។ ពីមួយកម្រិតទៅមួយកម្រិតមិនមែននៅដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែគឺជាកាំជណ្ដើរសម្រាប់ឲ្យមនុស្សព្យាយាមបង្កើនបញ្ញាញាណរបស់ខ្លួនឡើងពីភាពល្ងង់ខ្លៅឆ្ពោះទៅកម្រិតកាន់តែខ្ពស់ទៅៗ។
ពិភពនៃរូបភាពខាងក្រៅនេះទៀតសោតគឺជាការទទួលដឹងក្នុងកម្រិតទាបពីចំណេះដឹងរបស់ពិភពលោក និងបែងចែកជាពីរផ្នែកតទៅទៀត។ កម្រិតដ៏ទាបបំផុតនោះគឺនៅពេលការគិតស្ថិតក្នុងសភាពជាការស្រមៃរវើរវាយ ដែលមើលឃើញរូបភាពពិតបានត្រឹមតែជារូបភាពបំភ័ន្តភ្នែកប៉ុណ្ណោះ ប្រៀបដូចជាមើលឃើញវត្ថុដែលប៉ះនឹងពន្លឺព្រះអាទិត្យបង្កើតជារូបភាពនៃវត្ថុនោះក្រោមរូបភាពជាស្រមោល ហើយសន្មតថាស្រមោលនោះជារូបភាពពិតដូច្នោះ។ ចំណេះដឹងដែលមនុស្សទទួលបានក្នុងកម្រិតនេះ ហាក់ដូចជាការពិត ប៉ុន្តែគ្រាន់តែជារូបភាពនៃការចម្លងតាមពីរូបភាពនៃការពិត ដែលបំភ័ន្តភ្នែកយើងប៉ុណ្ណោះ។ ផ្នែកខ្ពស់បន្ទាប់តែស្ថិតក្នុងកម្រិតទាបនៃចំណេះដឹងរបស់ពិភពលោកនេះដដែល នោះគឺពេលការគិតស្ថិតក្នុងសភាពជាជំនឿ ដែលអាចទទួលដឹងថារូបភាពដែលទទួលបានពីពន្លឺព្រះអាទិត្យចាំងចំនឹងវត្ថុគ្រាន់តែជាស្រមោល មិនមែនជារូបភាពពិតនោះឡើយ។
ប៉ុន្តែវានៅតែជាចំណេះដឹងក្នុងកម្រិតទាប ដែលមិនបានឆ្លងកាត់វិចារណញ្ញាណ និងបញ្ញាញាណនៅឡើយ។ ឡើងមកកាន់កាំជណ្ដើរមួយកាំបន្ទាប់ក្នុងផ្នែកពិភពនៃបញ្ញាញាណ ក៏មានបែងចែកជាពីរផ្នែកទៀតដែរ។ កម្រិតទី៣គឺជាកម្រិតដែលមនុស្សប្រើប្រាស់វិចារណញ្ញាណរបស់ខ្លួន និងមើលទៅកាន់ពិភពលោកដោយយល់បានតាមបែបគណិតសាស្ត្រ និងវិចារណញ្ញាណ មានហេតុផល ដែលអាចកើតឡើងបាននៅពេលមនុស្សយល់ព្រមចាកចេញពីល្អាងដែលធ្លាប់ជាទីស្រណុកសុខស្រួលរបស់ខ្លួន ធ្វើដំណើរស្វែងរកការពិត ប្រឈមនឹងពន្លឺព្រះអាទិត្យចាំងចំភ្នែកដែលមិនធ្លាប់ត្រូវពន្លឺសោះឡើយ។
ចំណេះដឹងដែលទទួលបានក្នុងកម្រិតនេះគឺជាការមកដល់សេចក្ដីសន្និដ្ឋានចុងក្រោយដ៏ត្រឹមត្រូវ និងហេតុផលដែលជាមូលដ្ឋានទូទៅពិតដែលអាចបកស្រាយហេតុការណ៍ជាក់លាក់ផ្សេងៗបានត្រឹមត្រូវ ដែលទីនេះហើយគឺជាកន្លែងដែលទ្រឹស្ដីទាំងឡាយតាំងលំនៅរបស់ខ្លួន។ កម្រិតដ៏ខ្ពស់បំផុតនៃចំណេះដឹងរបស់ពិភពលោក ជាការមើលឃើញការពិត ដោយប្រើប្រាស់វិចារណញ្ញាណតាមបែបទស្សនវិជ្ជា ជាការណ៍ដែលសាំុជាមួយនឹងពន្លឺព្រះអាទិត្យ ជាការយល់ដឹងថាគឺព្រះអាទិត្យនេះហើយដែលជាប្រភពបំភ្លឺឲ្យពួកគេអាចមើលឃើញអ្វីៗនៅក្នុងពិភពជាក់ស្ដែងបាន។ ផ្លាតុងក៏បានលើកឡើងដែរថា នៅពេលមនុស្សឈានមកដល់ត្រង់ចំណុចនេះ ពួកគេនឹងអាចមើលឃើញថាអ្វីៗគ្រប់យ៉ាងសុទ្ធតែជាប់ពាក់ព័ន្ធគ្នាទាំងអស់។ វាគឺជាចំណេះដឹងសកលលោក ជាចំណេះដឹងដែលបរិសុទ្ធ ជាការពិតផ្ដាច់ព្រ័ត្រ។ ចុងបញ្ចប់គំនិតមួយលើកឡើងដោយអ្នកនិពន្ធអៀរឡង់ George Bernard Shaw មានសេចក្ដីថា៖ "ចូរប្រុងប្រយ័ត្នជាមួយចំណេះដឹងខុស វាមានគ្រោះថ្នាក់ជាងភាពល្ងង់ខ្លៅទៅទៀត"៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ atanystreetcorner