ទ្រឹស្ដីភាពឆ្លាតវៃបែបពហុភាពរបស់លោក Howard Gardner​



ពាក្យ​មួយ​ឃ្លា​របស់​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដ៏​សំខាន់​មួយ​រូប​របស់​ពិភពលោក គឺ​លោក អាល់ប៊ឺត អាញស្តាញ ដែល​ពួក​យើង​រាល់​គ្នា​គួរ​ត្រិះរិះ​គិត​ពិចារណា​គឺ "គ្រប់​គ្នា​សុទ្ធតែ​ជា​អ្នក​ប្រាជ្ញ។ យ៉ាងណាមិញ បើ​អ្នក​វាយតម្លៃ​ទៅលើ​ត្រី​មួយ​ក្បាល​ដោយ​សមត្ថភាព​របស់​វា​ក្នុង​ការ​ឡើង​ដើម​ឈើ មួយ​ជីវិត​នេះ​វា​នឹង​ជឿ​ជានិច្ច​ថា​វា​ល្ងង់"។ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​សមត្ថភាព​ពិសេស​ផ្ទាល់​ខ្លួន ហើយ​វា​ពិត​ជា​ចាំបាច់​ណាស់​ក្នុង​ការ​ស្វែងរក​ឲ្យ​ឃើញ​ថា​កំណប់​ទ្រព្យ​របស់​អ្នក​គឺជា​អ្វី ព្រោះ​វា​នេះ​ហើយ​គឺជា​ឧបករណ៍​ដែល​អ្នក​ត្រូវ​ប្រើប្រាស់​ដើម្បី​សម្រេច​នូវ​គោលដៅ​ពិត​ប្រាកដ​នៃ​ជីវិត​របស់​អ្នក​នៅ​លើ​លោក​នេះ។

លោក Howard Gardner ផ្កា​នីមួយៗ​ត្រូវការ​លក្ខខណ្ឌ​មិន​ដូច​គ្នា​នោះ​ទេ​ក្នុង​ការ​ទ្រទ្រង់​វា​ឲ្យ​មាន​ជីវិត​រស់នៅ។ ឧទាហរណ៍ ផ្កា​ខ្លះ​ត្រូវការ​ទីកន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ មាន​ពន្លឺ​ថ្ងៃ​ទើប​អាច​មាន​ជីវិត​រស់នៅ​បាន។ ដោយឡែក​ផ្កា​ផ្សេង​ទៀត ទាល់តែ​ទីណា​មាន​អាកាសធាតុ​ត្រជាក់ មិន​ត្រូវ​ពន្លឺ​ថ្ងៃ​ទើប​អាច​រស់រាន​លូតលាស់​ចេញ​ផ្លែផ្កា​និង​ភាព​ស្រស់​បំព្រង​របស់​វា។ រីឯ​មនុស្ស​ក៏​មិន​ខុស​គ្នា​ដែរ។ ខួរក្បាល​របស់​មនុស្ស​មិន​ដូច​គ្នា​ទេ ភាព​ឆ្លាត​វៃ​ក៏​មាន​ទៅ​តាម​ផ្នែក​មិន​ដូច​គ្នា​ដែរ នេះ​មានន័យ​ថា​វិធីសាស្ត្រ​បង្រៀន​មួយ​ដែល​ជោគជ័យ​ក្នុង​ការ​បណ្ដុះ​ភាព​រីកចម្រើន​ទៅលើ​សមត្ថភាព​របស់​បុគ្គល​ម្នាក់ មិន​ទៀង​ថា​វិធីសាស្ត្រ​ដដែល​នេះ​នឹង​អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​បុគ្គល​ម្នាក់​ផ្សេង​ទៀត​នោះ​ទេ។

ត្រង់​ចំណុច​នេះ យើង​បាន​មើល​ឃើញ​ពី​ភាព​ខ្វះខាត​ដែល​ជា​ចន្លោះ​ប្រហោង​របស់​ប្រព័ន្ធ​អប់រំ​នៅ​ទូទាំង​សកលលោក​ក្នុង​ការ​បណ្ដុះបណ្ដាល​ទំពាំង​ជំនាន់​ក្រោយ​។ ដូច្នេះ​ហើយ​ទើប​មាន​អ្នក​ខ្លះ​ជោគជ័យ​ក្នុង​សាលា តែ​បែរ​ជា​បរាជ័យ​ក្នុង​សង្គម ផ្ទុយទៅវិញ​អ្នក​ខ្លះ​ដែល​រៀន​មិន​ពូកែ​នៅ​ក្នុង​សាលា តែ​បែរ​ជា​បង្កើត​ការ​ផ្លាស់ប្ដូរ​ចំពោះ​ជីវិត​ដែល​ជោគជ័យ​យ៉ាង​គួរ​ឲ្យ​ស្ញប់ស្ញែង​នៅ​ក្នុង​សង្គម​ទៅវិញ។ នៅ​ក្នុង​សៀវភៅ​និពន្ធ​ដោយ​លោក Howard Gardner មាន​ចំណងជើង​ថា Frames of Mind: The Theory of Multiple Intelligences ភាព​ឆ្លាត​វៃ​ទាំងអស់​របស់​មនុស្ស​ត្រូវ​បាន​បែងចែក​ជា​៩​ប្រភេទ ប៉ុន្តែភាពឆ្លាតវៃ៧ផ្នែកដែល​គាត់បានផ្ដោតសំខាន់មាន៖

១) ភាព​ឆ្លាត​វៃ​ផ្នែក​ភាសា (Linguistic intelligence)

ភាព​ឆ្លាត​វៃ​ផ្នែក​ភាសា គឺជា​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់​ភាសា​ទាំង​ការ​សរសេរ​និង​ការ​និយាយ ដើម្បី​បកស្រាយ​ពី​ខ្លួនឯង និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកដទៃ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ បុគ្គល​ទាំងនេះ​ប្រើប្រាស់​ភាសា​ជា​យាន​ដើម្បី​ចងចាំ​ទិន្នន័យ​ផ្សេងៗ និង​ជា​សំខាន់​ដើម្បី​សម្រេច​គោលដៅ​ក្នុង​ជីវិត​របស់​ខ្លួន តួយ៉ាង​ដូចជា​អ្នក​និពន្ធ អ្នក​និយាយ​ជា​សាធារណៈ​ជាដើម។

២) ភាព​ឆ្លាត​វៃ​ផ្នែក​តក្កវិជ្ជា​គណិតសាស្ត្រ (Logical-mathematical intelligence)

បុគ្គល​ទាំងឡាយ​ណា​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​តក្កវិជ្ជា​គណិតសាស្ត្រ ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​គិត​ដោយ​ប្រើប្រាស់​ហេតុផល​បែប​តក្ក និង​ជីក​ឫសគល់​ពី​បញ្ហា​អ្វីមួយ​តាម​បែប​វិទ្យាសាស្ត្រ។

៣) ភាព​ឆ្លាត​វៃ​ផ្នែក​តន្ត្រី (Musical intelligence)

ភាព​ឆ្លាត​វៃ​ផ្នែក​នេះ​គឺជា​សមត្ថភាព​ក្នុង​ការ​កត់សម្គាល់​និង​តាក់តែង​និពន្ធ​បទភ្លេង សំឡេង និង​ចង្វាក់​ភ្លេង រួម​ទាំង​ការ​សម្ដែង​ទាំងឡាយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផ្នែក​សិល្បៈ​នេះ​ផង​ដែរ។

៤) ភាព​ឆ្លាត​វៃ​ផ្នែក​កាយសម្ព័ន្ធ (Bodily-kinesthetic intelligence)

បុគ្គល​ណា​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​កាយសម្ព័ន្ធ​នេះ ពួកគេ​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ដោយ​ប្រើប្រាស់​រូបរាង​កាយ​របស់​ខ្លួន។ បុគ្គល​ប្រភេទ​នេះ​ចេះ​ប្រើប្រាស់​សមត្ថភាព​ផ្នែក​ផ្លូវចិត្ត​ឲ្យ​សហការ​គ្នា​ជាមួយ​នឹង​ការ​ធ្វើ​ចលនា​របស់​រូបរាង​កាយ។

៥) ភាព​ឆ្លាត​វៃ​ផ្នែក​ទំហំ​ឬ​ទីតាំង​នៃ​វត្ថុ (Spatial intelligence)

វា​គឺជា​សមត្ថភាព​ក្នុង​ការ​កំណត់​សម្គាល់​ពី​ទម្រង់​នៃ​លំហ​ដ៏​ទូលំទូលាយ ឬ​ក៏​តំបន់​កំណត់​ជាក់លាក់​មួយ។

៦) ភាព​ឆ្លាត​វៃ​ផ្នែក​ទំនាក់ទំនង​ក្រៅ​ខ្លួន (Intrapersonal intelligence)

គ្រូ​បង្រៀន អ្នក​ដឹកនាំ​ខាង​សាសនា​ឬ​ខាង​នយោបាយ អ្នក​ពិភាក្សា​ផ្ដល់​ដំបូន្មាន​ជាដើម​សុទ្ធតែ​ជា​ឧទាហរណ៍​នៃ​អ្នក​ដែល​មាន​ភាព​ឆ្លាត​វៃ​ផ្នែក​ទំនាក់ទំនង​ក្រៅ​ខ្លួន​នេះ​ហើយ។ ពួកគេ​មាន​សមត្ថភាព​ឆាប់​យល់​ពី​គោលបំណង​របស់​អ្នកដទៃ និង​កម្លាំង​ជំរុញ​ចិត្ត​របស់​អ្នក​ទាំងនោះ​ផង​ដែរ។

៧) ភាព​ឆ្លាត​វៃ​ផ្នែក​ទំនាក់ទំនង​ក្នុង​ខ្លួន (Interpersonal intelligence)

ភាព​ឆ្លាត​វៃ​ផ្នែក​នេះ​គឺ​សំដៅ​ទៅ​ដល់​បុគ្គល​ទាំងឡាយ​ណា​ដែល​ស្គាល់​ច្បាស់​អំពី​ខ្លួនឯង ស្គាល់​ពី​អារម្មណ៍ ភាព​ភ័យខ្លាច​និង​កម្លាំង​ជំរុញ​ចិត្ត​របស់​ខ្លួន​ពិត​ប្រាកដ។

លោក Howard Gardner បាន​លើកឡើង​ថា​មាន​តែ​ភាព​ឆ្លាត​វៃ​ពីរ​ដំបូង​ខាងលើ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រព័ន្ធ​អប់រំ​ក្នុង​សាលា​ឲ្យ​តម្លៃ​និង​ផ្ដោត​សំខាន់​លើ ជាពិសេស​សូម្បី​តែ​ក្នុង​ការ​ធ្វើ​តេស្ត​វាយតម្លៃ​លើ​កម្រិត​ភាព​ឆ្លាត​វៃ​របស់​មនុស្ស (IQ) ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​សកលលោក​និង​តាំង​ពី​យូរយារ​មក​ហើយ​នោះ​ទៀត​សោត ក៏​ប្រើប្រាស់​ប្រព័ន្ធ​តេស្ត​ដែល​វាយតម្លៃ​តែ​ទៅលើ​ភាព​ឆ្លាត​វៃ​ពីរ​ផ្នែក​ដំបូង​នោះ​ដែរ។

បើ​ទោះ​ជា​មាន​មតិ​រិះគន់​ជំទាស់​នឹង​ទ្រឹស្ដី​អំពី​ភាព​ឆ្លាត​វៃ​បែបពហុភាព​របស់​លោក​ក៏​ដោយ ក៏​គំនិត​របស់​លោក​មាន​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​អប់រំ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ឲ្យ​រិះគិត​និង​កែប្រែ​ឡើង​វិញ​ពី​កម្មវិធី​សិក្សា​ចាស់​របស់​ខ្លួន ព្រម​ទាំង​ប្រព័ន្ធ​ដែល​ពួកគេ​ធ្លាប់​ប្រើប្រាស់​ដើម្បី​វាយតម្លៃ​សមត្ថភាព​សិស្ស​ផង​ដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ infed.org

X
5s