​អ្វី​ជា​​​ភាព​ខុសគ្នា​​រវាង​​​ការ​ចាប់​អារម្មណ៍​ និង ​​ការ​ផ្ចង់​អារម្មណ៍​?​



នៅ​ពេល​មនុស្ស​មិន​យល់​ពី​អ្វី​មួយ ពួកគេ​នឹង​មាន​សេចក្ដី​ទោមនស្ស​ជាមួយ​នឹង​អ្វី​មួយ​នោះ​មិនខាន។ តួយ៉ាង ការ​ពិត​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ត្រង់​ថា មនុស្ស​មិន​យល់​ពី​ដំណើរការណ៍​ធម្មជាតិ​នៃ​ការ​គិត​របស់​ខ្លួនឯង ជាហេតុ​នាំឲ្យ​ពួកគេ​វិលវល់​តែលតោល​វង្វេងវង្វាន់ មាន​សេចក្ដី​ទោមនស្ស​ជាមួយ​ជីវិត​របស់​ខ្លួន ក៏​ព្រោះ​តែ​មិន​យល់​ពី​ធម្មជាតិ​របស់​ខ្លួនឯង​នេះ​ហើយ។ អ្វី​ក៏​ដោយ​កើតឡើង​ជា​ផល​តែង​មាន​ហេតុ​របស់​វា​មក​ជាមួយ​ជានិច្ច។

ព្រះពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​ប្រាប់​មនុស្សលោក​ថា៖ «អ្នក​នឹង​ក្លាយ​ជា​អ្វី​ដែល​អ្នក​គិត អ្នក​នឹង​ស្រូប​ទាញ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍ ហើយ​អ្នក​នឹង​បង្កើត​នូវ​អ្វី​ដែល​អ្នក​ស្រមៃ»។ នេះ​មាន​សេចក្ដី​ថា ការ​គិត​របស់​អ្នក​គឺជា​ប្រភព​នៃ​ការ​កកើត​អ្វីៗ​ទាំងឡាយ។ គំនិត​នេះ​មិនមែន​បកស្រាយ​ដោយ​រវើរវាយ​តាម​បែប​សាសនា​នោះ​ទេ ព្រោះ​ថា​សូម្បី​តែ​វិទ្យាសាស្ត្រ​ដែល​សិក្សា​ពី​ចិត្តសាស្ត្រ​មនុស្ស​ក៏​បាន​គាំទ្រ​នឹង​គោលការណ៍​ធម្មជាតិ​របស់​សកលលោក​នេះ​ផង​ដែរ។

យ៉ាងណាមិញ ជា​ដំបូង​អ្នក​គួរ​ប្រាកដ​ជាមួយ​ភាព​ខុសគ្នា​រវាង​ការ​ចាប់​អារម្មណ៍​លើ​អ្វី​មួយ​និង​ការ​ផ្ចង់​អារម្មណ៍​ជាមុន​សិន។ វា​ហាក់​ដូចជា​គ្មាន​ភាព​ខុសប្លែក​គ្នា​អ្វី​នោះ​ទេ និង​តែង​ត្រូវ​បាន​គេ​ប្រើ​ឆ្លាស់​គ្នា​តម្រង់​រក​អត្ថន័យ​តែ​មួយ។ ប៉ុន្តែ នៅ​ពេល​អ្នក​កាន់តែ​ផ្ចង់​អារម្មណ៍​ខ្លាំង​ទៅលើ​អ្វី​មួយ អ្នក​នឹង​កាន់តែ​មិន​ចាប់​អារម្មណ៍​យកចិត្តទុកដាក់​លើ​អ្វីៗ​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក​ខ្លាំង​ប៉ុន​នោះ​ដែរ។ ខួរក្បាល​របស់​អ្នក​ត្រូវការ​ជំនួយ​ពី​ញាណ​ទាំង​៥ ដើម្បី​អាច​ឲ្យ​អ្នក​ចាប់​អារម្មណ៍​លើ​អ្វី​មួយ​បាន។

ឧទាហរណ៍​ថា អ្នក​កំពុង​ចាប់​អារម្មណ៍​លើ​វត្ថុ​មួយ​នៅ​ក្នុង​ទេសភាព​ដ៏​ស្រស់​ស្អាត​មួយ បើ​ទោះ​ជា​អ្នក​កំពុង​ជក់ចិត្ត​នឹង​វត្ថុ​នោះ​ក៏​ពិត​មែន ប៉ុន្តែ​អ្នក​នៅ​តែ​អាច​ចាប់​អារម្មណ៍​ពី​អ្វីៗ​ដែល​កំពុង​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក ដោយ​មាន​ការ​រួម​ចំណែក​ពី​ញាណ​ដទៃៗ​ទៀត។ ម្យ៉ាងទៀត ដំណើរការណ៍​នៃ​ការ​ចាប់​អារម្មណ៍​លើ​អ្វីមួយ​ក៏​ងាយ​នឹង​ត្រូវ​បាន​រំខាន​ដោយ​កត្តា​ផ្សេងៗ​ដែរ។ ដោយឡែក នៅ​ពេល​អ្នក​ផ្ចង់​អារម្មណ៍​ចំពោះ​អ្វី​មួយ​វិញ វា​ប្រៀប​បាន​ទៅ​នឹង​អំពូល​ភ្លើង​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​បញ្ចាំង​ក្នុង​បន្ទប់​ងងឹត​ដូច្នោះ គឺ​អ្វីៗ​គ្រប់យ៉ាង មាន​ញាណ​ទាំង៥​របស់​អ្នក អារម្មណ៍ ការ​គិត ការ​ស្រមៃ​បង្កើត​រូបភាព​ក្នុង​គំនិត ការ​និយាយ​ជាមួយ​ខ្លួនឯង ភាព​ងឿងឆ្ងល់​ក្នុង​គំនិត ប្រមូល​ផ្ដុំ​គ្នា​ផ្ដោត​ទៅលើ​ប្រធានបទ​អ្វីមួយ​តែ​ម្យ៉ាង​ដែល​អ្នក​កំពុង​ផ្ចង់​អារម្មណ៍​នោះ និង​មិន​ងាយ​ត្រូវ​បាន​រំខាន​ដោយ​កត្តា​ផ្សេងៗ​ឡើយ។

អ្វី​ដែល​សំខាន់ និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​អ្នក​ក្នុង​ការ​ផ្លាស់ប្ដូរ​ជីវិត​អ្នក នោះ​គឺជា​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​នេះ​ឯង ព្រោះ​ថា​នៅ​ពេល​សម្បជញ្ញៈ​របស់​អ្នក​ដាក់​ចិត្ត​ផ្ចង់​អារម្មណ៍​ចំពោះ​អ្វីមួយ​ហើយ អនុ​សម្បជញ្ញៈ​ដែល​ប្រៀប​បាន​នឹង​កូនចៅ​ក្រោម​បង្គាប់​ស្ដាប់​តាម​សម្បជញ្ញៈ​នឹង​ឆ្លើយតប​ទៅ​កាន់​សម្បជញ្ញៈ​វិញ​ដោយ​ព្យាយាម​ប្រមូល​ផ្ដុំ​ការ​ចងចាំ អារម្មណ៍ និង​ការ​គិត​ទាំងឡាយ​ដែល​មាន​ទំនាក់ទំនង​នឹង​អ្វី​ដែល​សម្បជញ្ញៈ​កំពុង​ផ្ចង់​អារម្មណ៍​នោះ​ឯង។ នេះ​ហើយ​ដែល​អត្ថន័យ​ដែល​ថា​អ្នក​នឹង​ស្រូប​ទាញ​នូវ​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ចង់​បង្ហាញ​នោះ។ នោះ​មានន័យ​ថា​នៅ​ក្នុង​រូបភាព​ធំ​មួយ នៅ​ពេល​អ្នក​ផ្ដោត​ទៅលើ​ផ្នែក​អវិជ្ជមាន​របស់​វា នោះ​អ្នក​ក៏​នឹង​មាន​អារម្មណ៍​មិន​ល្អ ហើយ​ការ​ប្រព្រឹត្ត​របស់​អ្នក​ក៏​ស្ដែង​ចេញ​ដោយ​អវិជ្ជមាន​ដែរ នោះ​អ្នក​នឹង​ស្រូប​ទាញ​យក​នូវ​អ្វីៗ​ដែល​អកុសល​ចូល​មក​ក្នុង​ជីវិត​អ្នក​ដូច​គ្នា​ដែរ។ ដូច្នេះ ប្រសិន​ជា​អ្នក​ចង់​ផ្លាស់ប្ដូរ​ផល​ក្នុង​ជីវិត​អ្នក អ្នក​ត្រូវ​ចាប់ផ្ដើម​ដោយ​ផ្លាស់ប្ដូរ​ហេតុ​របស់​អ្នក ដែល​ជា​ការ​គិត នោះ​គឺជា​ការ​ផ្លាស់ប្ដូរ​ការ​ផ្ចង់​អារម្មណ៍​របស់​អ្នក​ជាមុន​នេះ​ឯង៕

អត្ថបទល្អៗផ្សេងទៀត៖ តើនៅក្រោមការគ្រប់គ្រង​របស់ស្ដេចក្រិកបុរាណរូបណា ដែលធ្វើឲ្យទឹកដីនេះបានស្គាល់ពីភាពរុងរឿង ? ហេតុអ្វី​នាំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​បងប្អូន​សែស្រឡាយ​​​គ្នា ហើយ​វា​ប៉ះពាល់​អ្វី​ខ្លះ?

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mindset-habits

X
5s