អ្នកវិទ្យាសាស្ត្ររកឃើញថារចនាសម្ព័ន្ធនៃខួរក្បាលអាចបកស្រាយពីអត្តចរិតរបស់មនុស្សបាន
តើរចនាសម្ព័ន្ធនៃខួរក្បាលមានឥទ្ធិពលកំណត់ទៅលើអត្តចរិតរបស់មនុស្សដែរឬទេ ? បើពិតជាបែបនេះមែន វាអាចជាការចង្អុលបង្ហាញថាអត្តចរិតរបស់មនុស្សមានជាប់ពាក់ព័ន្ធជាមួយនឹងហ្សែនរបស់ពួកគេតាំងពីចាប់កំណើតមកក្នុងផ្ទៃម្ដាយម្ល៉េះ។
បើទោះជាការសន្និដ្ឋានចំពោះអត្តចរិតមនុស្សមានជាប់ពាក់ព័ន្ធគ្នាជាមួយនឹងហ្សែនពីកំណើតរបស់ពួកគេស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ ប៉ុន្តែរចនាសម្ព័ន្ធនៃខួរក្បាលរបស់មនុស្សពិតជាមានឥទ្ធិពលកំណត់ទៅលើអត្តចរិតរបស់មនុស្សមែន។ យោងទៅតាមការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវអន្តរជាតិមួយដែលបានចេញផ្សាយក្នុង Social Cognitive and Affective Neuroscience បានធ្វើការវិភាគទៅលើខួរក្បាលរបស់មនុស្សដែលមានសុខភាពល្អជាង៥០០នាក់ មានអាយុចន្លោះពី២២ឆ្នាំដល់៣៦ឆ្នាំ។
ដើម្បីអាចធ្វើការបែងចែកអត្តចរិតរបស់អ្នកចូលរួមនីមួយៗទៅតាមអត្តចរិតទាំង៥ប្រភេទធំៗមានដូចជា អន្ទះសា (neuroticism) ចូលចិត្តទំនាក់ទំនងក្នុងសង្គម (extraversion) ចិត្តទូលាយ (openness) យោគយល់ (agreeableness) និងចេះបែងចែកខុសត្រូវ (conscientiousness) ពួកគេប្រើប្រាស់ប្រព័ន្ធវាយតម្លៃអត្តចរិតមួយឈ្មោះថា NEO five factor inventory។ ការស្រាវជ្រាវបានរកឃើញថា លក្ខណៈរចនាសម្ព័ន្ធនៃខួរក្បាលរបស់មនុស្សដែលមានអត្តចរិតអន្ទះសា មានស្រទាប់ខាងក្រៅបង្អស់នៃជាលិកាសរសៃប្រសាទខួរក្បាលក្រាស់ និងមានផ្ទៃតូចនិងការបត់ផ្នត់នៃខួរក្បាលតិចតួច។
ដោយឡែក សម្រាប់មនុស្សដែលមានអត្តចរិតចិត្តទូលាយវិញ ជាអត្តចរិតដែលមាននៅក្នុងបុគ្គលដែលចូលចិត្តងឿងឆ្ងល់ច្រើន និងពោរពេញដោយគំនិតច្នៃប្រឌិតនោះ គេសង្កេតឃើញថា ស្រទាប់ខាងក្រៅបង្អស់នៃជាលិកាសរសៃប្រសាទខួរក្បាលពួកគេមានសភាពស្ដើង ហើយផ្ទៃមានលក្ខណៈទូលាយនិងមានការបត់ផ្នត់នៃខួរក្បាលច្រើន។ លទ្ធផលនៃការសិក្សានេះជាការចង្អុលបង្ហាញថា ភាពខុសគ្នានៃអត្តចរិតរបស់មនុស្សគឺជាលទ្ធផលទទួលបានពីភាពខុសគ្នានៃកម្រាស់ខួរក្បាល ផ្ទៃនិងការបត់ផ្នត់របស់វា។
ចាប់តាំងពីការចាប់កំណើតនៅក្នុងពោះម្ដាយរហូតដល់ពេញមួយជីវិត ស្រទាប់ខាងក្រៅបង្អស់នៃជាលិកាសរសៃប្រសាទខួរក្បាលរបស់មនុស្សនឹងលូតលាស់កាន់តែវែងហើយស្ដើង ហើយវាក៏បត់បែនជាច្រើនផ្នត់ដើម្បីសម្របទំហំវាឲ្យអាចស្ថិតនៅក្នុងលលាដ៍ក្បាលបាន។ ដូច្នេះហើយបានជាក្មេងតូចៗមានអត្តចរិតអន្ទះសា ក៏ដោយសារតែស្រទាប់ខាងក្រៅបង្អស់នៃជាលិកាសរសៃប្រសាទខួរក្បាលរបស់ពួកគេមានលក្ខណៈក្រាស់ និងមានផ្ទៃតូចនិងការបត់ផ្នត់តិចតួច។ លុះដល់ពេលចម្រើនវ័យធំឡើង ស្រទាប់ខាងក្រៅនោះក៏លូតលាស់កាន់តែវែងហើយស្ដើង បង្កជាផ្ទៃធំទូលាយ និងមានការបត់ផ្នត់ច្រើន ដែលជាហេតុនាំឲ្យមនុស្សពេញវ័យចេះយោគយល់បានច្រើននិងបែងចែកខុសត្រូវបានល្អ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ weforum